JO ព្យុងឆាង ៖ គីមជុងអ៊ុន អញ្ជើញប្រធានាធិបតីកូរ៉េខាងត្បូង ទៅព្យុងយ៉ាង
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៧:០៨
ក្នុងខណៈដែលវិញ្ញាសាប្រកួតកីឡាដណ្តើមមេដាយ បាននិងកំពុងចាប់ផ្តើម វិញ្ញាសាការទូតអូឡាំពិកក៏បាននិងកំពុងបន្តសកម្មភាពរបស់ខ្លួនយ៉ាងសកម្មដែរ។ លោកប្រធានាធិបតីកូរ៉េខាងត្បូង ម៉ូន ចែអ៊ីន បានជួបសន្ទនាជាមួយតំណាងប្រតិភូជាន់ខ្ពស់ពិសេសរបស់កូរ៉េខាងជើង រួមមាន លោកស្រី គីម យូជុង ប្អូនស្រីពៅរបស់ប្រមុខគីមជុនអ៊ុន និងប្រធានសភាជាតិ លោក គីម យ៉ុងណាម នៅវិមានប្រធានាធិបតី នៅថ្ងៃសៅរ៍ទី ១០ កុម្ភៈ ២០១៨។ លោក ម៉ូន ចែអ៊ីន បានថែមទាំងបានទទួលការអញ្ជើញពីសំណាក់ប្រមុខគីម អ៊ុនជុន ឱ្យទៅបំពេញទស្សនកិច្ចនៅព្យុងយ៉ាងទៀតផង។
បន្ទាប់ពីបានចាប់ដៃតំណាងប្រតិភូកូរ៉េខាងជើង ជាសាធារណៈ កាលពីថ្ងៃម្សិលមិញ ក្នុងកម្មវិធីបើកប្រកួតកីឡាអូឡាំពិក នៅថ្ងៃនេះ ប្រធានាធិបតីកូរ៉េខាងត្បូង ម៉ូន ចែអ៊ីន បានទទួលជួបពិភាក្សាជាមួយលោក គីម យ៉ុងណាម ប្រធានសភាជាតិ ដែលជាតាមពិធីការជាប្រមុខរដ្ឋកូរ៉េខាងជើង (តួនាទីកិត្តិយស) និងជាពិសេសលោកស្រី គីម យ៉ូជុង ជាប្អូនស្រីរបស់បុរសខ្លាំងកូរ៉េខាងជើង នៅវិមានប្រធានាធិបតី នាទីក្រុងសេអ៊ូល។
ខាងកូរ៉េខាងត្បូង គេឃើញមានវត្តមាន ទីប្រឹក្សាសន្តិសុខជាតិរបស់ប្រធានាធិបតី លោក ជុង អើយ៉ុង Chung Eui-yong នាយកការិយាល័យប្រធានាធិបតី លោក លីម ចុងសើក Lim Jong-seok និងរដ្ឋមន្ត្រីក្រសួងបង្រួបបង្រួមកូរ៉េទាំងពីរ លោក Cho Myong-gon។
លោកស្រី គីម យ៉ូជុង តំណាងពិសេសរបស់កូរ៉េខាងជើង
នេះជាជំនួបជាន់ខ្ពស់បំផុត ដែលកូរ៉េខាងត្បូងមានជំនក់ចិត្តតាមដានបំផុត ព្រោះនេះជាលើកទីមួយហើយ ដែលតំណាងគ្រួសារអ្នកកាន់អំណាចផ្ទាល់នៅកូរ៉េខាងជើងបានធ្វើដំណើរមកភាគខាងត្បូង គិតចាប់តាំងពីកូរ៉េទាំងពីរបានបែកគ្នាមក។ ជាជំនួបប្រកបដោយភាពរាក់ទាក់ រីករាយស្រស់ស្រាយ អបដោយពិធីពិសារអាហារថ្ងៃត្រង់រួមគ្នា។ កិច្ចពិភាក្សា មានរយៈពេលប្រមាណបីម៉ោង។
ថ្វីបើលោកស្រី គីម យ៉ូជុង មានតួនាទីតាមផ្លូវពិធីការទាបជាង លោក គីម ជុងណាម មែន ប៉ុន្តែដំណើរមកកាន់ក្រុងសេអ៊ូលរបស់លោកស្រី មានតម្លៃជានិម្មិតរូបខ្លាំងអស្ចារ្យមែនទែន ព្រោះលោកស្រីជាសមាជិកគ្រួសារត្រកូលគីម ដំបូងគេបង្អស់ ដែលបានដាក់ជើងជាន់ដីកូរ៉េខាងត្បូង គិតចាប់តាំងពីសង្គ្រាមបែងចែងកូរ៉េជាពីរមក មិនតែប៉ុណ្ណោះ លោកស្រី ដែលមានវ័យទើបប្រមាណ២៨ឆ្នាំ និងដែលទើបត្រូវបានបងប្រុសគីមជុងអ៊ុន ប្រគល់តួនាទីជាសមាជិកការិយាល័យនយោបាយ កាលពីខែតុលា ២០១៧ ជាអ្នកដឹកនាំនាយកដ្ឋានឃោសនានយោបាយរបស់បក្សពលករកូរ៉េខាងជើង។ គីមជុងអ៊ុន និងគីម យ៉ូជុង ជាកូនសំណព្វចិត្តរបស់លោកគីមជុងអ៊ីល។ លោកស្រីគឺជាតំណាងពិសេស និងដ៏សក្តិសមរបស់ប្រមុខគីមជុងអ៊ុន។ នាឱកាសទទួលទានអាហារពិភាក្សាគ្នានេះ លោកស្រី បានប្រគល់លិខិត របស់លោក គីម ជុងអ៊ុន អញ្ជើញលោក ម៉ូន ចែអ៊ីន ទៅព្យុងយ៉ាង ដើម្បីជួបចរចាគ្នាស្តារទំនាក់ទំនងរវាងកូរ៉េទាំងពីរបានប្រសើរឡើង។
បើតាមអ្នកនាំពាក្យវិមានប្រធានាធិបតីកូរ៉េខាងត្បូង ប្រមុខដឹកនាំព្យុងយ៉ាងចង់ឱ្យរៀបចំឱ្យមានជំនួបរវាងលោក ម៉ូន ចែអ៊ីន និងលោក គីមជុងអ៊ុន នៅក្នុងពេលដ៏ឆាប់ៗខាងមុខ តាមដែលអាចធ្វើទៅបាន។ ក៏ប៉ុន្តែលោកប្រធានាធិបតីកូរ៉េខាងត្បូង មិនទាន់បានផ្តល់ចម្លើយតបវិញទេ។ លោក ម៉ូន ចែអ៊ីន បានត្រឹមតែ ទទួលយកសំណើនេះ ប្រកបដោយការពេញចិត្ត និងផ្តល់សញ្ញាវិជ្ជមាន ថាកូរ៉េទាំងពីរនឹងបន្តខិតខំធ្វើរួមគ្នា ដើម្បីធ្វើយ៉ាងណាស្វែងរកលក្ខខណ្ឌឱ្យបានគ្រប់គ្រាន់សម្រួលឱ្យមានជំនួប នៅព្យុងយ៉ាង សម្រេចបានដូចបំណង។
ប្រសិនបើលោក ម៉ូន ទៅបំពេញទស្សនកិច្ចនៅព្យុងយ៉ាង ដើម្បីមានជំនួបជាមួយប្រមុខគីម ជុងអ៊ុន មែន នោះពិតជាព្រឹត្តិការណ៍ដ៏កម្របំផុត និងជាលើកទីមួយ គិតចាប់តាំងពីឆ្នាំ២០០៧មក ដែលប្រមុខដឹកនាំកូរ៉េខាងជើងនិងខាងត្បូងបានជួបគ្នា និងជាលើកទីបីប៉ុណ្ណោះក្នុងប្រវត្តិជម្លោះកូរ៉េ។ ជំនួបរវាងប្រមុខដឹកនាំប្រទេសទាំងពីរ ធ្លាប់ប្រព្រឹត្តទៅពីរលើកដែរ នៅទីក្រុងព្យុងយ៉ាង ទីមួយ គឺរវាងលោក គីម ជុងអ៊ីល ជាឪពុក ជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក Kim Dae-jungកាលពីឆ្នាំ ២០០០ និងជាមួយប្រធានាធិបតី លោក Roh Moo-Hyun នៅឆ្នាំ២០០៧។
ប្រសិនបើលោកម៉ូន ទៅព្យុងយ៉ាងមែន នោះក៏ជាតំណាងជោគជ័យនៃនយោបាយការទូតរបស់លោកប្រធានាធិបតី ដែលសន្យាប្រកាន់នយោបាយបើកចំហទៅរកកូរ៉េខាងជើង។
ជំហររឹងចែសរបស់សហរដ្ឋអាមេរិក
ជាប់ឆ្នោតជាប្រធានាធិបតីកូរ៉េខាងត្បូង កាលពីខែឧសភា ឆ្នាំ២០១៧ លោក ម៉ូន ចែអ៊ីន មាននិន្នាការនយោបាយគាំទ្រជានិច្ចការចរចាជាមួយនឹងខាងជើង ! លោកមិនបានសំចៃកិច្ចខិតខំប្រឹងប្រែងរបស់លោក ដើម្បីប្រែក្លាយឱកាសនៃការរៀបចំកីឡាអូឡាំពិករដូវរងា នៅព្យុងឆាង ពីថ្ងៃទី ៩ ដល់ថ្ងៃ២៥កុម្ភៈ សម្រាប់បន្ធូរបន្ថយសម្ពាធក្នុងឧបទ្វីប ដែលបង្កឡើងដោយមហិច្ឆតានុយក្លែអ៊ែរ និងបាលីស្ទិករបស់ព្យុងយ៉ាងទេ។ ប៉ុន្តែលោកអាចនឹងត្រូវប្រឈមនឹងភាពមិនចុះសម្រុងជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលមួយរយៈកាលចុងក្រោយនេះ បានប្រើពាក្យជេរទ្រគោះបោះបោកចំៗ គំរាមចង់ធ្វើសង្គ្រាមនុយក្លេអ៊ែរជាមួយត្រកូលគីម។
អាមេរិក មិនបានសារទនឹងអ្វីដែលកូរ៉េខាងត្បូងកំពុងប្រឹងធ្វើនេះទេ ! សហរដ្ឋអាមេរិក តំណាងដោយលោកអនុប្រធានាធិបតី Mike Pence ក៏បាននិងកំពុងបង្ហាញវត្តមាននៅព្យុងឆាង កន្លែងប្រកួតកីឡាអូឡាំពិករដូវរងាដែរ។ ប៉ុន្តែលោក Mike Pence បានឆ្លៀតយកឱកាសនេះ សម្រាប់ធ្វើការរិះគន់ ជាច្រើនលើកច្រើនសាការរំលោភសិទ្ធិមនុស្សនៅកូរ៉េខាងជើង។
ក្នុងកម្មវិធីបើកកីឡាអូឡាំពិកម្សិលមិញ លោក បានបដិសេធមិនចាប់ដៃ ប្រតិភូ និងអ្នកទទួលខុសត្រូវ កូរ៉េខាងជើង ដែលអង្គុយពីក្រោយលោកទេ។ លោក បានធ្វើគ្រប់យ៉ាង បញ្ចៀសមិនឱ្យមានការជួប ឬទាក់ទងជាមួយនឹងតំណាងកូរ៉េខាងជើងឡើយ។ លោកថែមទាំងបានបដិសេធ មិនងើបឈរ ស្វាគមន៍ នៅពេលឃើញអត្តពលករកូរ៉េទាំងពីរ ដើរដង្ហែក្បួនរួមគ្នា ក្រោមទង់ប្រទេសកូរ៉េបង្រួបបង្រួមទេ។ កាយវិការនេះបានធ្វើឱ្យម្ចាស់ផ្ទះ អាក់អន់ចិត្តយ៉ាងខ្លាំង។
យប់មិញ លោក Pence ក៏បានធ្វើពហិការមិនចូលរួមក្នុងកម្មវិធីទទួលទានអាហារពេលល្ងាច ដែលម្ចាស់ផ្ទះរៀបចំទទួលប្រមុខរដ្ឋ -រដ្ឋាភិបាលទាំងឡាយ ព្រោះមិនចង់ឃើញមុខប្រតិភូកូរ៉េខាងជើង។ ការធ្វើពហិការរបស់លោកអនុប្រធានាធិបតី បានរកការបកស្រាយ ខំមិនយ៉ាងខ្លាំងក្នុងទំព័រសារព័ត៌មានក្នុងស្រុក។
លោកអនុប្រធានាធិបតី ហាក់បានបញ្ជាក់ជំហរ ដាច់ខាត របស់អាមេរិកចំពោះសំណុំរឿងកូរ៉េខាងជើង ដោយ មិនឱ្យតម្លៃ យ៉ាងចំហចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រធានាធិបតីកូរ៉េខាងត្បូង ក្នុងបន្ធូរបន្ថយសម្ពាធជាមួយកូរ៉េខាងជើង។ ឥរិយាបថបែបនេះបំផុសឱ្យមានការរិះគន់ និងអត្ថាធិប្បាយខ្លាំង នៅកូរ៉េខាងត្បូង។
នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អាមេរិក NBC លោកបានទន្ទេញពាក្យដដែល បង្ហាញជំនឿទុកចិត្តរបស់លោក និងរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ លើរូបលោក ម៉ូនចែអ៊ីន ថានឹងរក្សាជំហរម៉ឺងម៉ាត់ ដាក់គំនាបលើរបបព្យុងយ៉ាងរហូតដល់ទីបំផុត ដោយ យកការរំលាយអាវុធនុយក្លេអ៊ែរ ជាលក្ខខណ្ឌមុននឹងឈានដល់ជំនួបរវាងកូរ៉េទាំងពីរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ