ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 22/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 21/08 12h00 GMT
អាស៊ី

ប៉ាឡេស្ទីន​រំពឹង​លើ​ឥណ្ឌា សម្រាប់​ផ្តល់​សន្ទុះ​ដល់​ការចរចា​សន្តិភាព​ជាមួយ​អ៊ីស្រាអែល

media  
លោក​នាយក​រដ្ឋមន្ត្រី​ Narendra Modi ពេល​ទៅ​ដល់​ក្រុង​ Ramallah ដែនដី​ប៉ាឡេស្ទីន ថ្ងៃទី ១០ កុម្ភៈ ២០១៨ REUTERS/Mohamad Torokman

ប្រធានរដ្ឋ​អំណាច​ប៉ាឡេស្ទីន លោក ម៉ះមូដ អាបាស់ Mahmoud Abbas បាន​អះអាង​កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ ថា រំពឹង​លើ​ ឥណ្ឌា ក្នុង​ការ​ដើរ​តួនាទី​ជាអ្នក​ផ្តល់​សន្ទុះ​ឡើង​វិញ ដល់​ការ​ចរចា​សន្តិភាព​ជាមួយ​អ៊ីស្រាអែល។ ប្រសាសន៍​ប្រកប​ដោយ​ក្តី​សង្ឃឹម​នេះ ធ្វើ​ឡើង​ ក្រោម​វត្តមាន​របស់​លោកនាយក​រដ្ឋមន្ត្រី​ឥណ្ឌា ណារិន្ត្រា ម៉ូឌី Narindra Modi ដែល​បាន​មក​បំពេញ​ទស្សនកិច្ច​ជា​ប្រវត្តិសាស្ត្រ​នៅ​តំបន់​ស៊ីហ្សកដានី​។

លោក ម៉ូឌី ជា​ប្រមុខ​រដ្ឋាភិបាល​ឥណ្ឌា​ដំបូង​គេ​បង្អស់​ ដែល​ធ្វើ​ដំណើរ​ទៅ​កាន់​ដែនដី​ប៉ាឡេស្ទីន ក្នុង​ក្របខ័ណ្ឌនៃ​ទស្សនកិច្ចមួយ​ជុំ​នៅ​តំបន់​ដើម​បូព៌ា។ ហេតុ​ដូច្នេះហើយ​បាន​ជា​លោក​ម៉ះមូដ អាប៉ាស ចាត់​ទុក​ដំណើរ​ទស្សនកិច្ច​នេះ ថា​មាន​លក្ខណៈ​ជា​ “ប្រវត្តិសាស្ត្រ”។ ជាង​នេះទៅ​ទៀត លោក​ប្រធានអាជ្ញាធរ​ប៉ាឡេស្ទីន បាន​ប្រកាស​រំពឹង​លើ​ឥណ្ឌា​ដែល​ជា​មហាអំណាច និងដែល​មាន​តួនាទី​ជា​ប្រវត្តិសាស្ត្រ សម្រាប់ដឹកនាំ​ការ​ចរចាស្វែង​រក​សន្តិភាព​ជាមួយ​អ៊ីស្រាអែល ! ប៉ាឡេស្ទីន មិន​បាន​បដិសេធ ហើយ​ក៏​នឹង​មិន​បដិសេធ ទេ ដំណោះស្រាយ​តាម​ផ្លូវចរចា ប្រសិន​បើ​មាន​ការ​រៀប​ចំ​សន្និសីទ​អន្តរជាតិ​ និង​ការ​រៀប​ចំ​យន្តការ​ពហុភាគី​ ។ នេះ​ជា​ការ​បញ្ជាក់​បន្ថែម​លោក​ម៉ះមូដ អាបាស ទៅ​កាន់​លោក​ម៉ូឌី។

លោក ម៉ូឌី ក៏បាន​បង្ហាញ​​សង្ឃឹម​ដូច​គ្នា​ថា ប៉ាឡេស្ទីន​នឹង​អាច​ក្លាយ​ជា​ប្រទេស​មួយ​មាន​សិទ្ធិ​សេរីភាព​ពេញ​លេញ​ និង​បាន​សន្យា​ចាត់​ទុក​ការ​មើល​ថែ​ប្រយោជន៍​ប្រជាពលរដ្ឋ​ប៉ាឡេស្ទីន ជា​អាទិភាព​មួយ​នៃ​នយោបាយការ​បរទេស​ឥណ្ឌា។

សូម​បញ្ជាក់​ថា កាលពី​ខែ​ធ្នូ ឥណ្ឌា​ក៏​ដូច​ជា​បណ្តា​ប្រទេស​ភាគ​ច្រើន​ក្នុង​សហគមន៍​អន្តរជាតិ​បាន​បដិសេធ​មិន​គាំទ្រ​សេចក្តី​សម្រេច​ជា​ឯកតោ​ភាគី​របស់​អាមេរិក​ទទួល​ស្គាល់​ហ្សេរុយសាឡិម​ជា​រដ្ឋធានី​របស់​អ៊ីស្រាអែល​ឡើយ។ ឥណ្ឌា​ជឿជាក់​ថា​នឹង​មាន​ដំណោះស្រាយ​ជា​និរន្ត​មួយ​សម្រាប់​ប៉ាឡេស្ទីន តាម​រយៈ​ការ​ចរចា និង​ទស្សនៈ​វិស័យ​វែង​ឆ្ងាយ។ ​កាលពី​ប៉ុន្មាន​សប្តាហ៍​មុន​នេះ លោក​នាយក​រដ្ឋមន្ត្រីឥណ្ឌា ក៏​​បាន​ទទួល​ស្វាគមន៍​សមភាគី​អ៊ីស្រាអែល​យ៉ាង​គគ្រឹកគគ្រេងដែរ។

បន្ទាប់ពី​ដែនដី​ប៉ាឡេស្ទីន លោក ម៉ូឌី ត្រូវ​បន្ត​ដំណើរ​ទៅ​កាន់​ប្រទេស​អូម៉ង់ និង​អេមៀរ៉ាត់អារ៉ាបរួម។ តំបន់​យុទ្ធសាស្ត្រ​របស់​ឥណ្ឌា ទាំង​ផ្នែកផ្គត់ផ្គង់​​ថាមពល​ ក៏​ដូច​ទីផ្សារ​ការងារ​របស់​ពលករ និង​លំហូរ​សាច់​ប្រាក់​រាប់​ពាន់​លានដុល្លារ​ក្នុង​មួយ​ឆ្នាំៗ​ដល់​ប្រទេស៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ