អានតួអត្ថបទ
ចិន

អំពើ​​ពុករលួយ៖​អតីត​​មន្ត្រី​​​​​​ជាន់ខ្ពស់​ត្រួតពិនិត្យបណ្តាញ​​​​​​​​អ៊ីនធ័រនែត​​​ចិន​​ ខ្ទាត​ចេញ​​ពី​​បក្ស​​កុម្មុយនិស្ត​​​ ​​​​​

លោក Lu Wei លូ វ៉ី ជា​អតីត​អ្នកគ្រប់គ្រង​​​​ត្រួតពិនិត្យ​បណ្តាញ​អ៊ីនធ័រនែត​ក្នុង​ស្រុក​ចិន ត្រូវបាន​បក្ស​កុម្មុយនិស្ត​ចិន​បណ្តេញ​ចេញ​ពី​បក្ស ហើយ​ក៏ត្រូវ​ដកចេញ​ពី​​​រាល់មុខងារ​សាធារណៈ​ផ្សេងទៀតដែរ។ នេះ​បើយោងតាម​ខាង​​ស្ថាប័ន​ប្រឆាំង​អំពើ​ពុករលួយ​ចិន។ លោក Lu Wei​ ជាប់ចោទ​ថា ទទួលសំណូក​ ​បំពានអំណាច​ និង​បោកប្រាស​រដ្ឋាភិបាល។

លោក Lu Wei ជាប់ចោទ​ថា បំពានអំណាច ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន។​
លោក Lu Wei ជាប់ចោទ​ថា បំពានអំណាច ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន។​ AFP PHOTO / JOHANNES EISELE
ផ្សាយពាណិជ្ជកម្ម

លោក Lu Wei ដែល​ត្រូវ​បក្ស​កុម្មុយនិស្ត​ចិនបណ្តេញចេញ ត្រូវគេស្គាល់​ថា ជា​អតីត​អ្នកដឺកនាំ​បណ្តាញ​អ៊ីនធ័រនែត​ និង​ធ្លាប់ធ្វើជា​អ្នកទទួលខុសត្រូវមួយរូប​ខាង​​ផែ្នក​ព័ត៌មាន​​ក្នុង​គណៈកម្មការ​កណ្តាល​បក្ស​កុម្មុយនិស្ត។ ឆ្នាំ២០១៥ ​ទស្សនាវដ្តី​អាមេរិក Time បាន​​​ចាត់ទុក​លោក​ជា​បុគ្គល​​ម្នាក់​ ក្នុង​ចំណោម​បុគ្គល​១០០នាក់ដែល​មាន​ឥទ្ធិពល​ខ្ពស់​បំផុត​ក្នុង​ពិភពលោក។ សូម្បីតែ​ខាង​ក្រុមហ៊ុនអ៊ីនធ័រនែត​អាមេរិក​ធំៗ ដូចជា​ហ្វេសប៊ុក ​ក៏​ធ្លាប់តាម​​​យកចិត្ត​លោកដែរ ដើម្បី​អាច​ចែចូវ​ទីផ្សារ​ចិន។

តែ​ក្រោយ​មានការ​ស៊ើបអង្កេត​ពី​ខាងស្ថាប័ន​អំពើ​ពុករលួយ​​ ​ពេលនេះ ​លោកលោក Lu Wei លែង​មា​នតួនាទី​អ្វីទាំងអស់​។ អាជ្ញាធរ​ចិន​បាន​​​​ប្រកាស​​ស៊ើបអង្កេត​លោក Lu Wei តាំង​ពី​​ចុងឆ្នាំ​២០១៧ គឺ​មិន​យូរ​ប៉ុន្មានទេ ក្រោយ​​ការរៀបចំ​​សមាជ​បក្ស​កុម្មុយនិស្ត​ចប់សព្វគ្រប់។ ​ ​លោក Lu Wei រង​ការចោទប្រកាន់​ថា ធ្វើខុសសីលធម៌ បំពាន​អំណាច ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន។ លោក​រងការ​ចោទ​ប្រកាន់​ទៀតថា បាន​ក្បត់បក្ស បានរិះគន់​គោលនយោបាយ​និង​ការ​សម្រេច​ផ្សេងៗ​របស់​បក្ស ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់។ លោក​ជាប់ចោទថា ​ចូលចិត្ត​ភាព​ហ៊ឺហា ចូលចិត្ត​ទៅ​ក្លឹបប្រណីតៗ​។

ដើមសប្តាហ៍​នេះដែរ មន្ត្រី​ជាន់ខ្ពស់​ចិន​មួយរូបទៀត ក៏​ទើបត្រូវ​បាន​តុលាការ​​​ចោទប្រកាន់​ពីបទ​ពុករលួយ​ដែរ។ នោះ​គឺលោក Sun Zhengcai ​​​ដែល​ជា​មនុស្ស​សំខាន់​បំផុត​មួយរូប​ក្នុង​ការិយាល័យ​បក្ស។ លោក​ជាប់ចោទ​ថា ទទួលសំណូក​ជាលុយកាក់ និង​ទ្រព្យសម្បត្តិ​ជាច្រើន ពេល​លោក​កាន់កាប់​មុខងារ​ផ្សេងៗ រយៈពេល​១៥ឆ្នាំ នៅ Chongqing ​​ប៉េកាំង និង​ខែត្រ​ Jilin។

តាំងពី​ឡើង​កាន់អំណាច​ឆ្នាំ​២០១២មក ប្រធានាធិបតី​ស៊ី ជីនពីង ធ្វើយុទ្ធនាការ​កំចាត់អំពើពុករលួយ​យ៉ាងផុសផុល ទំលាក់​​មន្ត្រី​ជាន់ខ្ពស់​ជាង​១លាននាក់ហើយ។ ​ប៉ុន្តែ មាន​ការសង្ស័យដែរ​ថា លោក​ស៊ី ប្រហែល​​ជាធ្វើបែបនេះ ដើម្បី​​​វាយប្រហារ​គូប្រជែង​នយោបាយ​​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ