ឥណ្ឌូណេស៊ីជំរុញឱ្យសហភាពអឺរ៉ុបបន្ទន់ជំហរជុំវិញឧស្សាហកម្មដូងប្រេង
ឥណ្ឌូណេស៊ី ដែលជាប្រទេសដាំដូងប្រេងលំដាប់លេខមួយនៅលើពិភពលោក កំពុងខិតខំចរចាសុំសហភាពអឺរ៉ុបឱ្យឈប់ប្រកាន់យកបទដ្ឋានបរិស្ថានអឺរ៉ុបដ៏តានតឹង ប្រឆាំងនឹងឧស្សាហកម្មដូងប្រេង។ សម្រាប់សហភាពអឺរ៉ុប ឧស្សាហកម្មដូងប្រេង ជាចំណែកមួយនៃការកាប់បំផ្លាញព្រៃឈើ។ អឺរ៉ុបគ្រោងនឹងហាមឃាត់ការចម្រាញ់ប្រេងពីដំណាំដូងប្រេងនេះចាប់ពីឆ្នាំ២០២១ទៅ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:១០
សហភាពអឺរ៉ុបនិងឥណ្ឌូណេស៊ី ដែលជាមហាអំណាចសេដ្ឋកិច្ចប្រចាំតំបន់អាស៊ីអាគ្នេយ៍កំពុងបើកកិច្ចចរចាផ្តោះប្តូរពាណិជ្ជកម្មរវាងគ្នា ដែលអាចមានទំហំទឹកប្រាក់ដល់ទៅដល់ទៅ ៣៥ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ។ ជាចរចាដំណាក់កាលចុងក្រោយផង។ ឆ្លៀតក្នុងឱកាសនេះ ឥណ្ឌូណេស៊ី បានស្នើសុំទៅសហភាពអឺរ៉ុប ឱ្យប្រកាន់យកច្បាប់ របស់ឥណ្ឌូណេស៊ី ស្តីអំពីការគោរពបទដ្ឋានអភិវឌ្ឍន៍បរិស្ថាន និងឈប់ប្រើច្បាប់ដ៏តឹងរឹងរបស់អឺរ៉ុប ទាក់ទងនឹងឧស្សាហកម្មដូងប្រេង ដូចដែលសហភាពបានស្នើឡើងកាលពីខែមេសាមុន។ នេះបើតាមឯកសារសម្ងាត់ដែលភ្នាក់ងារព័ត៌មានបារាំងទទួលបាន។
ជាប់លំដាប់លេខមួយពិភពលោកខាងនាំចេញផលិតដូងប្រេង ឥណ្ឌូណេស៊ីបានដុតបំផ្លាញព្រៃរាប់រយពាន់ហិចតារក្នុងមួយឆ្នាំៗ ភាគច្រើនដោយខុសច្បាប់ ដើម្បីវាតដីដាំដូងប្រេង ដែលជាវិស័យយុទ្ធសាស្ត្រផ្នែកនាំចេញរបស់ប្រទេស និងមានបទដ្ឋានសុវត្ថិភាពបរិស្ថានធូររលុងខ្លាំង ហើយមិនសូវមានគោរពតាមទៀត។
ប៉ុន្តែសម្រាប់សហភាពអឺរ៉ុប ដំណាំដូងប្រេង បានទាំងបំផ្លាញព្រៃត្រូពិក និងគំរាមកំហែងការផុតពូជនៃសត្វព្រៃមួយចំនួនដូចជា សត្វស្វាអ៊ូរ៉ង់អ៊ូតង់ និងសត្វខ្លាស៊ូម៉ាត្រា ជាដើម។ ហេតុដូច្នេះហើយ បានសភាអឺរ៉ុប ចង់ហាមឃាត់ការធ្វើឧស្សាហកម្មដូងប្រេងដើម្បីចម្រាញ់ជាប្រេងឥន្ធនៈចាប់ពីឆ្នាំ២០២១ទៅ។
ឥណ្ឌូណេស៊ីនិងម៉ាឡេស៊ីដែលក៏ជាប្រទេសនាំចេញផលិតផលដូងប្រេងដ៏សំខាន់មួយដែរ ធ្លាប់បានសម្តែងការប្រឆាំងនឹងគម្រោងច្បាប់អឺរ៉ុបរួចហើយ ដោយពន្យល់ថាការហាមឃាត់ដំណាំដូងប្រេងនឹងប៉ះពាល់ខ្លាំងដល់ប្រជាសហគមន៍ក្រីក្រតាមជនបទ។ នៅពេលនេះ ក្រៅអំពីស្នើសុំឱ្យសហភាពអឺរ៉ុបបន្ធូរបន្ថយជំហរ ហ្សាការតាក៏បានសុំឱ្យអឺរ៉ុបចាត់វិធានការបិទបញ្ចប់ការឃោសនាអវិជ្ជមានថាដូងប្រេងមានឥទ្ធិពលមិនល្អចំពោះសុខភាព។
សូមបញ្ជាក់ថាផលិតផលដូងប្រេង អាចប្រើបានច្រើនយ៉ាង ចម្រាញ់ជាប្រេងឥន្ធនៈ និងដោយទូលំទូលាយជាគ្រឿងផ្សំប្រេងក្នុងចំណីអាហារ ជាផលិតផលកែសម្ផស្ស ដែលអឺរ៉ុបបានកាត់បន្ថយការប្រើប្រាស់ទៅហើយ ក្រោមសម្ពាធអ្នកបរិស្ថាន។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឥណ្ឌូណេស៊ីនិងតំណាងសហភាពអឺរ៉ុប បានបដិសេធមិនធ្វើអត្ថាធិប្បាយអ្វីទាំងអស់ទាក់ទងនឹងប្រធានបទនេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ