អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អាមេរិក​​ហ៊ាន​​​​ដាក់​​ទណ្ឌកម្ម​​ធ្ងន់​​លើ​​​​វិស័យ​​ដែកថែប​​ចិន​ តាម​​ការ​​លើក​​គំរាម​​របស់​​​​ខ្លួន​​​ទេ​?​​​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្មីៗ​នេះ ក្រសួង​ពាណិជ្ជកម្ម​អាមេរិក​បាន​ផ្តល់​អនុសាសន៍​អោយ​លោក​ដូណាល់ ត្រាំ អនុម័ត​វិធានការ​ធ្ងន់ធ្ងរ​លើ​ការនាំចូល​ដែកថែប​និង​អាលុយមីញ៉ូម​ចិន ចូល​ទឹកដី​សហរដ្ឋ​អាមេរិក។ ជាវិធានការ​ក្រោម​ហេតុផល​ថា ដើម្បី​ការពារ​សន្តិសុខជាតិ​អាមេរិក និង​ការពារ​ការងារ​ធ្វើ នៅសហរដ្ឋ​អាមេរិក។ អង្គការ​ពាណិជ្ជកម្ម​ពិភពលោក OMC ​បានព្រមាន​អាមេរិក​ពី​គ្រោះថ្នាក់ នៃ​ការសម្រេច​បែប​ឯកតោភាគី។

ទីតាំង​ផលិត​ដែកថែប​ចិន​មួយកន្លែង
ទីតាំង​ផលិត​ដែកថែប​ចិន​មួយកន្លែង ( Photo : Reuters )
ផ្សាយពាណិជ្ជកម្ម

អានុសាសន៍​ដែល​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក​ដាក់ទៅ​អោយ​លោកដូណាល់​ ត្រាំ សម្រេច​អារកាត់​នោះ មិនមែន​ដើម្បី​តែ​ចាត់ការ​វិស័យ​ដែកថែប​ចិន​​ទេ តែ​ក៏​​ជា​ការ​រឹតបន្តឹង​​ឧស្សាហកម្ម​ដែកថែប​បណ្តាប្រទេស​ផ្សេងៗ​ទៀតដែរ។ គ្រាន់តែថា​ គេឃើញ​អាមេរិក​ដូចជា​ចង់​ផ្តោត​ខ្លាំង​តែ​ទៅលើ​ចិន។ ក្រសួង​ពាណិជ្ជកម្ម​អាមេរិក ចង់​អោយ​លោក​ដូណាល់ ត្រាំ ផ្តោត​ទៅលើ​ការ​យកពន្ធ​លើ​ការនាំចូល​ដែកថែប​និង​អាលុយមីញ៉ូម​ពីបរទេស។​ រដ្ឋបាល​អាមេរិក​ចង់​​យកពន្ធ​លើ​​ការនាំចូល​ដេកថែប និង​អាលុយមីញ៉ូម ទោះ​នាំពី​ប្រទេស​ណា​ក៏ដោយ គឺ​ត្រូវ​យកពន្ធ​​​​យ៉ាងហោច​២៤ភាគរយ។

តែ​​សម្រាប់​ប្រទេស​ចំនួន​១២ មាន​ចិន រុស្ស៊ី ប្រេស៊ីល រឺ​ក៏​កូរ៉េខាងត្បូង អាមេរិក​​ចង់​​យកពន្ធ​ធ្ងន់ជាងនេះ គឹ​យក​យ៉ាងហោច​៥៣ភាគរយ។ ​រីឯ​ខាង​ការនាំចូល​អាលុយមីញ៉ូមវិញ រដ្ឋបាល​អាលមេរិក​ចង់​យកពន្ធ​​យ៉ាងហោច ​៧,៧ភាគរយ​ដែរ ​តែ​ពន្ធនេះ​នឹងឡើង​ដល់​២៣,៦ភាគរយ ​សម្រាប់​ការនាំចូល​អាលុយមីញ៉ូម​ពី​ចិន ហុងកុង រុស្ស៊ី រឺ​ក៏​វៀតណាម។ បើ​យកពន្ធ​ធ្ងន់​ដូច្នេះ គឺ​អាច​ជួយ​ការពារ​សន្តិសុខ​​ជាតិ​ ការពារ​​ផលិតកម្ម​ដែកថែប​ក្នុងស្រុក​អាមេរិក ក៏​ដូចជា​ការពារ​ការងារធ្វើ​នៅ​អាមេរិក​ដែរ។ នេះ​ជា​ការ​អះអាង​របស់​​​ក្រសួង​ពាណិជ្ជកម្ម​​អាមេរិក។​

អនុសាសន៍​ក្រសួងពាណិជ្ជកម្ម​មើលទៅ ​ស្រប​តា​មបំណង​ប្រធានាធិបតី​​​អាមេរិក​​ខ្លាំងណាស់។ មុន​មាន​អនុសាសន៍​ទាំងនេះ​ លោក​ដូណាល់ ត្រាំ ​ធ្លា​ប់​​លើកឡើង​​ថា ឧស្សាហកម្ម​​ដែកថែប​និង​អាលុយមីញ៉ូម​អាមេរិក ​ត្រូវបាន​បំផ្លាញ​ដោយសារ​តែ​ការនាំចូល​ផលិតផល​​ទាំងនេះ ពី​បរទេស​​ចូល​ស្រុក​អាមេរិក ព្រោះថា ផលិតផល​បរទេស​ទាំងនេះ លក់​ក្នុង​តម្លៃ​ថោក។ ​​លោក​ដូណាល់ ត្រាំ ត្រូវសម្រេច​​សំណុំរឿង​នេះ អោយបាន​រួចរាល់​នៅខែ​មេសា​ខាងមុខ​នេះ។

ចំពេល​អាមេរិក​កំពុង​តានតឹងជាមួយ​ចិន ​គេកំពុង​សួរថា តើ​ប្រធានាធិបតី​​អាមេរិក​ហ៊ាន​ធ្វើបាប​ចិន ហ៊ាន​យកពន្ធ​ធ្ងន់​លើ​ដែកថែប​និង​អាលុយមីញ៉ូម​ចិន​ដែរទេ​ ព្រោះគេឃើញ​ថា ​​វិធានការ​របស់​ក្រសួង​ពាណិជ្ជកម្ម​ដូចជា​ចង់​វាយប្រហារ​​​ចិន​គួរសម​ដែរ។ កន្លងមក ​អាមេរិក​ធ្លាប់​ចាត់វិធានការលើ​ផ្នែក​​សន្លឹក​អាលុយមីញ៉ូម​ចិន​រួចហើយ​ដែរ។ អាមេរិក​ដូចជា​ចង់​តាម​រករឿង​ជាមួយចិន ខណៈ​ចិន​មិនមែន​ជា​ប្រទេស​ចំបង​​លក់ដែកថែប​ទៅអោយ​អាមេរិក​ផងនោះ។

កាណាដា ប្រេស៊ីល រឺ​ក៏​កូរ៉េខាងត្បូង​ទៅវិញទេ ដែល​ជា​​ប្រទេស​ដៃគូ​ធំៗ នាំ​ដែកថែប​អោយ​ទៅ​អាមេរិក​នោះ។ ​ប៉ុន្តែ​ រដ្ឋបាល​អាមេរិកចោទថា ១ខែៗ បរិមាណ​ដែកថែប​ដែល​​ចិន​ផលិត​​ជាមធ្យម គឺ​ស្ទើរ​ស្មើ​នឹង​បរិមាណ​ដែកថែប​ដែល​សហរដ្ឋ​អាមេរិក​ត្រូវការ​សម្រាប់​រយៈពេល​ដល់​ទៅ​១ឆ្នាំ។ ​តែ​ខាង​អាមេរិក​ខ្លួនឯងវិញ បែរ​ជា​ថា ចាត់វិធានការ​យកពន្ធ​បែបនេះ គឺដើម្បី​អោយ​ការផលិត​ដែកថែប​ក្នុងស្រុក​អាមេរិក​ អាច​ឡើងពី​៧៣ភាគរយ ទៅដល់​៨០ភាគរយ​ដែរ មានន័យថា ​អាមេរិក​ខ្លួនឯង​ដូចជា​ផលិត​ច្រើនគួរសម​ដែរតើ !​ ចិនព្រមាន​អាមេរិក​ហើយថា នឹង​ចាត់​វិធានការ​តបវិញ ​បើអាមេរិក​​ដាក់​ទណ្ឌកម្ម​លើ​​ចិន។​

ក្រុមជំនាញ​មើលឃើញថា ក្នុង​ពេល​ខាងមុខ បើ​លោកដូណាល់ ត្រាំ ​​​អារកាត់​ថា ត្រូវ​យកពន្ធ​អោយធ្ងន់​តាម​អនុសាសន៍​​ក្រសួងពាណិជ្ជកម្ម​អាមេរិក នោះ​បញ្ហា​មិនមែន​ត្រឹមតែ​ធ្វើអោយ​ផ្ទុះ​​ជម្លោះ​ជាមួយចិន​ទេ តែ​ក៏​អាច​បង្ក​ជាជម្លោះរវាង​សហរដ្ឋ​អាមេរិក ​​ជាមួយ​ប្រទេស​ដៃគូ​ផ្នែកដែកថែបផ្សេងៗ​ទៀតដែរ ដូចជា​​កូរ៉េខាងត្បូង រឺ​ក៏​ប្រេស៊ីល​ជាដើមនោះ។ នេះ​នៅ​មិននិយាយ​ពី​រុស្ស៊ី ដែល​តានតឹង​ស្រាប់​ជាមួយ​អាមេរិ​កផង។ អញ្ចឹង វា​ជាជម្លោះ​ដែល​ភាគី​រករឿង​កេ​​មា​នតែ​មួយប្រទេស គឺ​សហរដ្ឋ​អាមេរិក​ ប្រឈម​នឹង​ភាគី​ដែល​ទទួលផលវិបាក​ច្រើនប្រទេស មាន​ចិន​ រុស្ស៊ី កូរ៉េខាងត្បូង រឺ​ក៏​ប្រេស៊ីល​ជាដើម។ 

បើ​មាន​ជម្លោះ​ទៀតសោត អង្គការពាណិជ្ជកម្ម​ពិភពលោក OMC ​ក៏ពិបាក​នឹង​សម្រេច​​ដោះស្រាយ​ជម្លោះ​ប្រទេស​សមាជិក​ដែរ ព្រោះ​អង្គការ OMC ​ខ្លួនឯង​កំពុង​​ផុយស្រួយ​​​ស្រាប់ផង។ ក្រោយ​អាមេរិក​លើកឡើង​ពី​វិធានការ​យកពន្ធ​ធ្ងន់​លើ​ដែកថែប​និង​អាលុយមីញ៉ុម​បែបនេះ ​លោក​ Roberto Azevedo ​ជា​នាយក​អង្គការ​ OMC ​បាន​ព្រមានអាមេរិក​​​​ ពីគ្រោះថ្នាក់ ​ក្នុង​ការ​សម្រេច​ចិត្ត​បែប​ឯកតោ​ភាគី។ ​​ ករណី​​មាន​ជម្លោះ​ពាណិជ្ជកម្ម រវាង​ប្រទេស​សមាជិក​ ​OMC គ្មាន​លទ្ធភាព​​ដោះស្រាយ​ទេ។ ​

​បញ្ហា​គឺថា មួយរយៈ​មកនេះ អាមេរិក​​​រករឿង​ ​OMC គួរសម​ដែរ។ អាមេរិក​ចោទថា OMC ​មិនជួយ​ប្រទេស​ជឿនលឿន​ទេ បែរ​ជា​ជួយ​សម្រួលតែ​​ប្រទេស​​​កំពុង​អភិវឌ្ឈន៍​ទៅវិញ។ កន្លងមក អាមេរិ​កបាន​បង្ក​ការរាំងស្ទះ ដំណើរការ​ជ្រើសរើស​ចៅក្រម​របស់​ OMC។ ​​​សព្វថ្ងៃ ​សល់តែ​​ចៅក្រម​៤នាក់ប៉ុណ្ណោះ ​​បម្រើការ​​​នៅ​ OMC ក្នុង​ចំណោម​ចៅក្រម​៧នាក់។ ចៅក្រម​ខ្លះ​ក៏​ជិត​ផុតអាណត្តិ​ការងារ​ទៀត។ ដូច្នេះ គឺ​ពិបាក​ដោះស្រាយ​វិវាទ​ពាណិជ្ជកម្ម​ប្រទេស​សមាជិក​ OMCណាស់។ ​នាយក OMC ចង់​រកវិធានការ​បែប​ផ្សេង​​ ដើម្បី​​​​​ដោះស្រាយ​វិវាទ​ពាណិជ្ជកម្ម​​​​​ប្រទេស​សមាជិក៕  ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ