អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

រងការបំពាន ឬ​អត់​ការងារ​ធ្វើ ​ជម្រើស​ដ៏​អាក្រក់របស់ពលករ​ហ្វីលីពីន

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រោយ​ហេតុការណ៍​ឃាតកម្ម​លើ​ស្ត្រី​អ្នក​បម្រើ​តាម​ផ្ទះជាតិ​ហ្វីលីពីន នៅ​កូវ៉ែត​មក មាន​ស្ត្រី​ហ្វីលីពីន​ជា​ច្រើន​រយ​នាក់​ផ្សេង​ទៀត បាន​សម្រេច​ចិត្ត​ត្រលប់​មក​ផ្ទះ​វិញ​ ជាមួយ​នឹង​ការ​រៀប​រាប់​ដ៏​ជូរចត់។ ខ្លះ​ត្រូវ​រង​ទុក្ខ​វេទនា​ដោយ​ការ​ធ្វើ​បាប លើ​រាងកាយ​ បង្អត់​អាហារ​ ... ពី​សំណាក់​ថៅកែ​ជា​ម្ចាស់​ផ្ទះ។​ ខ្លះ​ត្រូវ​បង្ខំ​ចិត្ត​រត់​​ចេញ​ទៅ​រស់​នៅ​ដោយ​ខុសច្បាប់ ...​ ស្តាប់​ទៅ​គួរ​ឱ្យ​អាសូរ ! ប៉ុន្តែ​ស្ត្រី​ហ្វីលីពីន​ទាំង​នោះ​ភាគ​ច្រើន​ គ្មាន​ជម្រើស​អ្វី​ក្រៅ​ប៉ង​ត្រលប់​ទៅ​ផ្សង​សំណាង​នៅ​បរទេស​ទៀត​ទេ។

ពលករ​ហ្វីលីពីននៅ​កូវ៉ែត ​បង្ហូរ​ទឹក​ភ្នែក​នៅ​ពេល​អ្នកកាសែត​ជួប​សម្ភាសន៍​ពេល​មក​ដល់​ព្រលាន​យន្តហោះ​ក្រុង​ម៉ានីល
ពលករ​ហ្វីលីពីននៅ​កូវ៉ែត ​បង្ហូរ​ទឹក​ភ្នែក​នៅ​ពេល​អ្នកកាសែត​ជួប​សម្ភាសន៍​ពេល​មក​ដល់​ព្រលាន​យន្តហោះ​ក្រុង​ម៉ានីល © Reuters
ផ្សាយពាណិជ្ជកម្ម

​ហេតុការណ៍​មរណៈ​របស់​នាង ហ្សូអាណា ដេម៉ាហ្វេលី Joanna Demafelis ពលករ​​ហ្វីលីពីន​ដែល​បាន​ស្លាប់​ និង​ដែល​គេ​បាន​រក​ឃើញ​សាក​សព​នៅ​ក្នុង​ទូរ​ទឹកកក កាលពី​ដើម​ខែ​កុម្ភៈ នៅក្នុង​ផ្ទះ​ថៅកែកូវ៉ែតម្នាក់ បាន​ឆ្លុះ​បញ្ចាំង និង​បំផុស​​ឱ្យ​ឃើញ​អំពី​​លក្ខខណ្ឌ​ជីវិត​ ​​រងគ្រោះរបស់​កម្មករ​បម្រើការ​តាម​ផ្ទះ​ នៅ​បរទេស។

ប្រធានាធិបតី​ហ្វីលីពីន លោក ឌុយទែរតេ បាន​ចេញ​មុខ​ការពារ​ប្រជាពលរដ្ឋ និង​បាន​ចោទ​ក្រុម​ថៅកែ​កូវ៉ែត ថាតែង​តែ​​រំលោភបំពាន​ផ្លូវ​ភេទ​ស្ត្រី​អ្នក​បម្រើ​ហ្វីលីពីន បង្ខំ​ឱ្យ​ធ្វើ​ការ​ ដល់​ទៅ ២១​ម៉ោង ក្នុង​មួយ​ថ្ងៃ និង​​ឱ្យ​ញ៉ាំ​តែ​​អាហារ​​សំណល់​។ ជា​មួយ​នឹង​ការ​ចោទ​សួរ​ថា​តើ​ពេលណា​ក្រុមថៅកែ​បញ្ឈប់​សកម្មភាព​អមនុស្សធម៌​លើ​ពលករ​ហ្វីលីពីន លោក​ឌុយទែរតេ បាន​ចេញ​ក្រិត្យ​ហាម​ទាំង​ស្រុង មិន​ឱ្យ​ពលរដ្ឋ​ហ្វីលីពីន​ចុះ​កិច្ច​សន្យា​​ថ្មី​ទៅ​ធ្វើ​ការ​បម្រើ​តាម​ផ្ទះ​នៅ​រាជាណាចក្រ​កូវ៉ែត​នេះ​ទៀត​ទេ ហើយ​កំពុង​ស្វែង​រក​មធ្យោបាយ​ពង្រឹង​ការ​ការពារ​កម្មការិនី​ ដែល​នៅ​លើ​ទឹកដី​នោះ​ស្រាប់​។ រដ្ឋាភិបាល​ហ្វីលីពីន​​បាន​ចាត់​វិធានការ​ធ្វើ​មាតុភូមិ​និវត្ត ដោយ​ឥត​គិត​ថ្លៃ​ ​នូវ​រាល់​ពលករ​ដែល​ចង់ត្រលប់​មក​មាតុ​ប្រទេស​វិញ​។ ១៧០០​នាក់ បាន​មក​ដល់​ហ្វីលីពីន​កាលពី​ថ្ងៃ​ចុង​សប្តាហ៍​កន្លង​ទៅ ក្នុងនោះអ្នក​ជា​ពលករ​ធ្វើ​ការ​ខុស​ច្បាប់ ដែល​​​រដ្ឋាភិបាល​កូវ៉ែតសុខ​ចិត្ត​លាង​ទោស​​ឱ្យ​​តែត្រលប់​ទៅ​​ផ្ទះ​ ឱ្យ​បាន​មុន​ថ្ងៃទី ២២​កុម្ភៈ​២០១៨។

​ដូច​បូស​ធ្លាយ ពលករ​ ធ្វើការ​នៅកូវ៉ែត ប្រមាណ​២៥២០០០​នាក់ ភាគ​ច្រើន​ជា​អ្នក​បម្រើ​តាម​ផ្ទះ បាន​ផ្តល់​សក្ខីកម្ម ចុះ​ផ្សាយ​យ៉ាង​ផុសផុល​ក្នុង​ទំព័រ​សារព័ត៌មាន រៀប​រាប់​អំពី​បទ​ពិសោធន៍​ជីវិត​ដ៏​ជូរចត់​ ៖ រង​ការ​បំពារបំពាន​ផ្លូវ​ភេទ កេង​​កម្លាំង​ឥត​អាសូរ វាយ​ដំពី​ថៅកែ​ផ្ទាល់ ពី​ក្រុមគ្រួសារ ...

ម៉ារីសា (អាយុ​៤០​ឆ្នាំ) មីហ្សែល(អាយុ​៣៤​ឆ្នាំ) ឡូរ៉េនហ្សា(អាយុ​៣៧​ឆ្នាំ) ព្រមទាំង​ពលករ​បម្រើការ​តាម​ផ្ទះ​ជា​ច្រើន​ទៀត​ដែល​ទើប​បាន​មក​ដល់​ផ្ទះ​វិញ​ជា​សាក្សី​។ ពួក​គេ​សុទ្ធ​តែ​ត្រូវ​បាន​ថៅកែ​វាយ​ដំ​ធ្វើ​បាប​ បង្អត់​អាហារ​ ខ្លះ​ទ្រាំ​បាន ខ្លះ​ទ្រាំ​មិន​បាន​ក៏​រត់គេច​ទៅ​ធ្វើ​ការ​នៅ​កន្លែង​ផ្សេង​ ដែល​មាន​លក្ខខណ្ឌ​ជីវិត​ប្រសើរ​ជាង​ តែជា​ការងារ​​ខុស​ច្បាប់ ​ហើយ​ត្រូវ​ប្រឈម​នឹង​ប៉ូលិស រស់​លាក់ពួន​ក្នុង​ភាព​ភ័យភិត​រហូត ... ប៉ុន្តែ​ទោះ​ជា​យ៉ាង​ដូច្នេះក្តី​ ក៏​ពួក​គេ​ត្រៀម​ខ្លួន​ជា​ស្រេច​នឹង​ត្រលប់​ទៅកូវ៉ែត ឬ​ទៅ​ប្រទេស​ផ្សេងបើ​មាន ដើម្បី​ផ្សង​សំណាង​ទៀត​ដដែល។ ហេតុ​អ្វី ? ចម្លើយ​មាន​តែ​មួយ ! ពលករ​ទាំង​នេះ​ ខ្លះ​ត្រលប់​មក​ស្រុក​វិញ​គ្មានលុយ​ក្នុង​ហោបៅ​ទេ ព្រោះ​ប្រាក់​ខែ​ដែល​បាន​ត្រូវ​បញ្ជូន​មក​កូន​និង​គ្រួសារ​រាល់​ខែអស់​ទៅហើយ ហើយ​នៅហ្វីលីពីនជា​ស្រុក​កំណើត ជា​ជំរក​ដ៏​កក់ក្តៅ​មួយ​នេះ​ គ្មាន​ទេ​ទស្សនវិស័យ​ការងារ​ស្ថិតស្ថេរ។ គ្មាន​ការងារធ្វើ​ តើធ្វើ​ដូចម្តេច​​អាច​រស់​បាន ?!

មិន​ខុស​អ្វី​ពី​ពាក្យ​ចាស់​បុរាណ​ខ្មែរ ចុះ​ទឹក​ក្រពើ ឡើង​លើ​ខ្លា តើ​ត្រូវ​ទៅ​ផ្លូវណា ? រវាងមាន​សុខ​គេង​អត់បាយ ​ និង​រងទុក្ខ​បាន​ប្រាក់ខ្លះ តើ​ត្រូវ​ជ្រើស​យក​មួយ​ណា ? មិន​ទេ ! គ្មាន​នរណា​​ត្រូវការ​ទេ​ជម្រើស​បែប​នេះទេ ប៉ុន្តែ​សម្រាប់​ស្ត្រី​ហ្វីលីពីន សេចក្តី​ត្រូវ​ការ​របស់​គ្រួសារ នៅ​ក្នុង​ប្រទេស​ មាន​ទម្ងន់​ធ្ងន់​ជាង​លក្ខខណ្ឌ​ជីវិត​របស់​ពួក​គេ​ផ្ទាល់​ម្នាក់​ឯង​ខ្លាំង​ណាស់ បើ​ទោះ​បី​ជា​ពេល​ខ្លះ​ជីវិត​នោះ​មាន​ជួប​ភាព​ព្រៃផ្សៃ រត់​លូន​លាក់​ខ្លួន​ពី​ប៉ូលិស​ក៏​ដោយ។

ម្យ៉ាង​វិញ​ទៀត សម្រាប់​ហ្វីលីពីន អ្នក​ដែល​បាន​ទៅ​ធ្វើការ​នៅ​បរទេស ត្រូវ​បាន​ចាត់​ទុក​ជា​វីរបុរស ជា​អ្នក​ដែលបាន​ចូល​រួម​ចំណែក​លើក​ស្ទួយ​សេដ្ឋកិច្ច​ជាតិ។ ព័ត៌មាន​ទាក់ទង​នឹង​​លក្ខខណ្ឌ​ជីវិតរង​ទុក្ខ រង​ការ​ធ្វើ​បាប​​​​របស់​ពលករ គឺ​ជា​ប្រធាន​បទ​​នយោបាយ​ដ៏​រសើប​មួយ​ តែមិន​បាន​បំបាក់​ទឹក​ចិត្ត​ហ្វីលីពីន​ឱ្យ​ចាក​ចេញ​ទៅ​រក​ការ​ធ្វើ​នៅ​បរទេស​ឡើយ។

ជា​សរុប​ មាន​ជនជាតិ​ហ្វីលីពីន​ប្រមាណ​ជា ១០​លាន​នាក់​ ចេញ​ទៅ​​ធ្វើការ​នៅ​បរទេស​ ក្នុង​វិស័យ​ផ្សេងៗ ក្នុង​នោះ​មួយ​ភាគ​ធំជា​ស្ត្រី​បម្រើ​តាម​ផ្ទះ។ បើ​តាម​តួលេខរបស់​ធនាគារ​កណ្តាល​ហ្វីលីពីន ប្រាក់​​​ចំណូលរបស់​គេ​ គឺ​ជា​ប្រភព​​ចំណូល​សេដ្ឋកិច្ច​ដ៏​ចំបងនៅ​មូលដ្ឋាន ដោយ​បាន​ប្រមូល​ថវិកា​ប្រមាណ​ ជាង ២៨​ពាន់​លាន​​ដុល្លារ​ សម្រាប់​ឆ្នាំ​២០១៧៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ