អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

កូរ៉េខាងជើង​​ពិតជា​​​​ចង់ចរចា​​ជាមួយ​​​អាមេរិកមែនរឺ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

តាំងពី​ថ្ងៃ​បើក​ការប្រកួត​កីឡា​អូឡាំពិក​ព្យុងឆាង​​ រហូត​ដល់​ថ្ងៃ​បិទបញ្ចប់​ទៅវិញ​ម្សិលមិញ​ ក៏​តំណាង​ប្រតិភូ​អាមេរិក និង​កូរ៉េខាងជើង​ ដែល​មា​នវត្តមាន​នៅ​កូរ៉េខាងត្បូង មិនដែល​ធ្វើការ​ទំនាក់ទំនង​គ្នា​ផ្ទាល់​ណាមួយទេ។ តែ​​ថ្ងៃអាទិត្យ​​ម្សិលមិញ ខាង​រដ្ឋាភិបាល​កូរ៉េខាងត្បូង​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ ​លើកឡើង​ថា ប្រតិភូ​ក្រុងព្យុងយ៉ាង​យល់ស្រប​ថា ការចរចា​​រវាង​កូរ៉េទាំង២ និង​ទំនាក់ទំនង​រវាង​កូរ៉េខាងជើង​ជាមួយ​អាមេរិក ត្រូវតែ​​​ប្រសើរឡើង​ក្នុង​ពេល​ជាមួយគ្នា។

លោកអនុប្រធានាធិបតី​អាមេរិក Mike Pence នៅ​លើវេទិកា​កិត្តិយស​​ក្នុង​កម្មវិធី​បើក​កីឡាអូឡាំពិក​នៅ​ព្យុងឆាង
លោកអនុប្រធានាធិបតី​អាមេរិក Mike Pence នៅ​លើវេទិកា​កិត្តិយស​​ក្នុង​កម្មវិធី​បើក​កីឡាអូឡាំពិក​នៅ​ព្យុងឆាង © Yonhap via REUTERS
ផ្សាយពាណិជ្ជកម្ម

តើ​កូរ៉េខាងជើង​ពិតជាត្រៀមខ្លួន​ចរចា​​​ជាមួយ​អាមេរិក​មែនរឺយ៉ាងណា​? ​រដ្ឋាភិបាល​កូរ៉េខាងត្បូង​បាន​ប្រាប់ថា ​ក្នុងពេល​ជួប​ជជែក​ជាមួយ​តំណាង​ប្រតិភូ​កូរ៉េខាងជើង ដែល​មាន​វត្តមាន​ក្នុងពិធី​ប្រកួត​​កីឡា​អូឡាំពិក​ព្យុងឆាង ប្រតិភូ​កូរ៉េខាងជើង​បាន​បង្ហាញ​បំណង​ថា ចង់ចរចា​ជាមួយ​អាមេរិក។ មិនដឹងថា តើ​គេអាច​ជឿ​បាន​រឺទេ ព្រោះ​ថា តាំងពី​ថ្ងៃបើក​ការប្រកួត​កីឡា​អូឡាំពិក នៅ​ព្យុងឆាង រហូត​ដល់​ថ្ងៃ​បិទបញ្ចប់​ទៅវិញ​ហើយ​ក៏ដោយ ក៏​គេមិនបាន​ឃើញ​តំណាង​ប្រតិភូ​អាមេរិក និង​កូរ៉េខាងជើង​មានទំនាក់ទំនង​គ្នា​ដោយ​ផ្ទាល់ដែរ ទោះ​ជា​ពួកគេ​មានវត្តមាន​ក្បែរគ្នា​ អាច​ចាប់ដៃ​គ្នា​ក៏ដោយ។

លើសពីនេះ​ទៀត មុននឹង​កូរ៉េខាងត្បូង​ចេញ​សេចក្តីថ្លែងការណ៍​ថា ​កូរ៉េខាងជើង​ចង់ចរចា​ជាមួ​យអាមេរិក​នេះ កូរ៉េខាងជើង​និង​អាមេរិ​កទើបតែទាស់សំដី​គ្នា​ប៉ុណ្ណោះ។ ដូច្នេះ ​អាចថា កូរ៉េខាងត្បូង​ប្រកាស​ដូច្នេះ ដើម្បី​​​បន្ធូរបន្ថយ​ស្ថានភាព​តានតឹង​ទេដឹង?​ ភាពតានតឹង​ទាស់គ្នានេះ មានប្រភព​ចេញ​មកពី​​​លោកដូណាល់ ត្រាំ ​តាំងពីថ្ងៃសុក្រសប្តាហ៍​មុនមក។ គឺ​លោក​ដូណាល់​ ត្រាំ បាន​ប្រកាស​​ទណ្ឌកម្មឯកតោភាគី ​​ធ្ងន់​មិនធ្លាប់មាន​ ​ថែមទៀត ​ទៅលើ​កូរ៉េខាងជើង។ ជា​ទណ្ឌកម្ម​​ទៅលើ​​​ក្រុមហ៊ុន​ជាង​​៥០​ដែល​គេសង្ស័យថា បាន​ជួយ​កូរ៉េខាងជើង​អោយ​បង្វែរ​ទណ្ឌកម្ម​​អន្តរជាតិ។​

ថ្ងៃសៅរ៍​កូរ៉េ​ខាងជើង​ប្រតិកម្ម​ចោទ​ទៅ​អាមេរិ​កថា ចង់​​បង្ក​រឿង​ក្នុង​ឧបទ្វីប។ កូរ៉េខាងជើង​ចាត់ទុកថា ទណ្ឌកម្ម​នេះ​ជាការបិទផ្លូវ​ពីសំណាក់​អាមេរិក ប្រៀបបាន​នឹង​សកម្មភាព​សង្គ្រាម​ប្រឆាំង​កូរ៉េខាងជើង​ដូច្នោះដែរ។ ទំនាក់ទំនង​តានតឹង​មួយទៀត​ដែរនោះ គឺ​រវាង​អនុប្រធានាធិបតី​អាមេរិក លោក​ Mike Pence និង​ប្អូនស្រី​លោក​គឹម ជុងអ៊ុន គឺ​លោកស្រី​Kim Yo Jong។ លោក​​ Mike Pence បាន​ប្រកាស​ថា លោកស្រី​គឹម នេះ​ជា​សសរ​គ្រឹះ​​នៃ​របប​ឃោរឃៅ​បំផុត​​ក្នុង​ពិភពលោក។ អនុប្រធានាធិបតី​អាមេរិក​ប្រហែល​ជា​ខឹង​នឹង​កូរ៉េខាងជើង​ដែល​បានសម្រេច​​​លុបចោល​ជំនួប​ជាមួយ​ខ្លួន នៅ​ព្យុងឆាង​​ ក្នុង​នាទី​ចុងក្រោយ ខណៈ​គ្រប់គ្នា​កំពុង​ទន្ទឹង​ចាំអន្ទះសា មើល​ជំនួប​ប្រវត្តិសាស្ត្រ​នេះ​។

​បើ​​កូរ៉េខាងជើង​​​ចង់​ចរចា​ ហេតុអ្វី​ក៏លុបចោល​ជំនួប​នេះ អាមេរិ​កប្រាប់ថា ​មកពី​ក្រុងព្យុងយ៉ាង​​​សង្ឃឹមថា អនុប្រធានាធិបតី​អាមេរិក​អាច​បន្ទន់​សារ ចំពោះ​កូរ៉េខាងជើង តែ​ដល់តែ​អាមេរិ​កនៅតែ​ចង់​និយាយ​ពិ​បញ្ហា​នុយក្លេអ៊ែរ និង​បន្ត​រិះគន់​បញ្ហា​សិទ្ធិមនុស្ស ក្រុងព្យុងយ៉ាង​មិនសប្បាយចិត្ត​ទេ។ តែ​ខាង​អាមេរិ​កវិញ ហេតុអ្វី​ក៏មិនបន្ទន់​ជំហរ​ខ្លះទៅ ក្រែង​ដឹងដែរ​តើ​ថា កូរ៉េខាងជើង​​ក៏ចង់ចរចា​ជាមួយ​ខ្លួន​ដែរ ហេតុអ្វី​ក៏នៅតែ​​តឹងតែង ​និង​បន្ត​បន្ថែម​ទណ្ឌកម្ម​ទៅវិញ? កូរ៉េខាងជើង​បាន​សម្រេច​បញ្ជូន​កីឡាករ ​មក​ព្យុងឆាង បញ្ជូន​ទាំង​ប្រតិភូ​ មានទាំងប្អូនស្រី​លោក​គឹម ជុងអ៊ុន​ផ្ទាល់ មានទាំង​​​​តំណាង​អ្នកទទួល​បន្ទុក​កិច្ចការអាមេរិក​ទៀត សបង្ហាញ​ថា កូរ៉េខាងជើង​ចង់​ប្រាប់​អន្តរជាតិ​ថា ​សុខចិត្ត​បន្ទន់ជំហរ​ ត្រៀមចរចា​​ដោះស្រាយ​បញ្ហា។ ប៉ុន្តែ ខាង​អាមេរិ​កបែរ​ជានៅតែ​តឹងតែ​ដាក់​ទណ្ឌកម្ម​ទៅវិញ។

យោងតាម​ក្រុមជំនាញ​ បញ្ហា​គឺមកពី​អាមេរិ​កនៅ​មិនទាន់​ទុកចិត្ត​កូរ៉េខាងជើង​ ថា​កូរ៉េខាងជើង​ព្រមបោះបង់​កម្មវិធី​នុយក្លេអ៊ែរ។ ដោយសារតែ​មិនទុកចិត្ត​នេះហើយ ទើប​អាមេរិក​នៅតែ​បន្ត​រិះគន់ និង​ដាក់ទណ្ឌកម្ម​លើ​ក្រុងព្យុងយ៉ាង ដើម្បី​ជំរុញ​អោយ​ក្រុងព្យុងយ៉ាង​​​​​បោះបង់​នុយក្លេអ៊ែរ​និង​មីស៊ីល។ ​

ក្នុង​ពេល​មាន​កីឡាអូឡាំពិក​នៅ​កូរ៉េខាងត្បូង​ ​អាមេរិក​និង​កូរ៉េខាងជើង​ដែល​ស្ទើរ​តែ​​អាច​ឆក់ឱកាស​ចរចាគ្នា ចាប់ដៃគ្នា​​បាន​ទៅហើយ ព្រោះ​ខាង​ក្រុងព្យុងយ៉ាង​ក៏ដូច​ជា​បាន​ត្រៀមខ្លួន ហើយ​ខាង​អាមេរិ​កដូចគ្នា។ ​ តែ​ភាគី​ម្ខាងៗ​ក៏​នៅ​តែ​ខ្លាំង​ដាក់គ្នា​រៀងខ្លួន។ ​ថ្ងៃអាទិត្យ​កន្លងទៅ​ ​​​ កូរ៉េខាងជើង​ប្រកាស​ថា គ្មាន​ការចរចា​ផ្ទាល់ជាមួយ​បណ្តាជន​ដែល​មើលងាយ​ភាពថ្លៃថ្នូរ​មេដឺកនាំ​​កូរ៉េខាងជើង​ទេ។ ​ថ្ងៃចន្ទ​ម្សិលមិញ ប្រធានាធិបតី​​កូរ៉េខាងត្បូង​ លោក​ មូន ចែអ៊ីន ​បាន​ទាមទារ​អោយ​សហរដ្ឋ​អាមេរិក​កុំអោយទាមទារ​ខ្លាំងពេក ​កុំអោយ​​​តឹងតែ​ង​ខ្លាំងពេក​​ជាមួយ​កូរ៉េខាងជើង ក្នុង​រឿង​ចរចា​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ