អានតួអត្ថបទ

ជប៉ុន​រក្សា​ទុក​ស្ថានីយ៍​មួយ សម្រាប់​ដឹក​អ្នក​ដំណើរ​តែ​ម្នាក់ ទៅ​​វិទ្យាល័យ

ក្រុមហ៊ុន​អយស្ម័យយាន​ជប៉ុន Japan Railways បាន​រក្សា​ទុកស្ថានីយ៍​មួយ​ ក្នុង​តំបន់​ដាច់​ស្រយាល​បំផុត ​តាំង​ពី​បីឆ្នាំ​មក​ហើយ សម្រាប់​ដឹក​អ្នក​ដំណើរ​តែ​ម្នាក់​គត់ ៖ សិស្សវិទ្យាល័យ ភេទ​ស្រី។ ពេល​នេះ​យុវតី បាន​ប្រលង​ជាប់​បាក់ឌុប​ហើយ​ ក្រុមហ៊ុន​ក៏​បិទ​ស្ថានីយ៍​នោះ​ទៅ។ ថ្ងៃ​នេះ សារព័ត៌មាន​ជប៉ុន​ទាំង​ឡាយ​ បាន​នាំ​គ្នា​ចុះ​ផ្សាយ​ស្វាគមន៍​ទង្វើ​របស់​ក្រុមហ៊ុន​​ ដែលហ៊ាន​​​ប្រឈម​នឹង​ការ​ខាត។

រទេះភ្លើង​មួយ​របស់​ក្រុមហ៊ុន Japan Railways.
រទេះភ្លើង​មួយ​របស់​ក្រុមហ៊ុន Japan Railways. REUTERS/Thomas White
ផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន​អយស្ម័យយាន​ជប៉ុន Japan Railways បាន​កា្លយ​ជា​​ក្រុមហ៊ុនឯកជនចំនួន​​២៥​ឆ្នាំហើយ ! តែ​ក្រុមហ៊ុន​បាន​សម្រេច​ចិត្ត​មិន​លុប​បណ្តាញ​និង​ស្ថានីយ៍​ នៅ​ភាគ​ខាង​ជើងបំផុត​នៃ​​ប្រទេស​ ក្នុង​កោះ​ហុកកៃដូទេ ​ បើ​ទោះ​បី​ជា​គ្មាន​ក្រុមហ៊ុន​​ណា​អាច​រក​ចំណេញ​ក៏​ដោយ។ មូលហេតុគឺ​ ដើម្បីផ្តល់​សំណាង​ដល់​យុវតី​ម្នាក់​ ដែល​រស់​ក្នុង​តំបន់​ដាច់​ស្រយាល​ មាន​សត្វ​ច្រើន​ជា​មនុស្ស អាចធ្វើ​ដំណើរ​ទៅ​​បន្ត​ការ​សិក្សា​ រហូត​ទទួល​បាន​សញ្ញាប័ត្រ​ទុតិយភូមិ។

Japan Railways បាន​ប្រកាន់​ពាក្យ​សន្យា​របស់​ខ្លួន ! រថភ្លើង​បាន​ទៅ​ឈប់​នៅ​ស្ថានីយ៍​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ ព្រឹក​ម៉ោង ៧ និង​០៤​នាទី និង​ល្ងាច​ម៉ោង​៥ និង០៨​នាទី ដឹកអ្នក​ដំណើរ​តែ​ម្នាក់​គត់ រយៈ​ពេល​បី​ឆ្នាំ​គត់ រហូត​ទាល់តែ​យុវតី​បាន​ប្រលង​ជាប់​សញ្ញាប័ត្រ​បញ្ចប់​ការ​សិក្សា​នៅ​វិទ្យាល័យ។ នេះ​ទំនង​ជា​សេចក្តី​សម្រេច​ចិត្ត​តែ​មួយ​គត់​លើ​លោក​ និង​ដែល​បាន​ធ្វើឲ្យ​​អ្នក​សារព័ត៌មានជប៉ុនមាន​ការ​ងឿង​ឆ្ងល់​ និង​​​ចាប់​អារម្មណ៍​ខ្លាំង។ បើ​តាម​សារព័ត៌មាន​ទាំង​នោះ ក្រុមហ៊ុន Japan Railways ឬ JR ​ សុខ​ចិត្ត​រក្សា​សេវាកម្ម​របស់​ខ្លួន ដោយ​មិន​ចង់​រង​ការ​ចោទ​ប្រកាន់​​ថា ​ជា​ដើម​ហេតុ​ធ្វើ​យុវតី​ កាលណោះ​ទើប​អាយុ​១៦​ឆ្នាំ​មិន​បាន​ទទួល​ការ​សិក្សា។

បច្ចុប្បន្ន​នេះ ជប៉ុន​កំពុង​ជួប​វិបត្តិ​ពលរដ្ឋថយចុះ និង​មានចំនួន​ក្មេង​ពេញ​វ័យ​ទៅ​សាលារៀន​​ធ្លាក់​ចុះ​ គួរ​ឱ្យ​ព្រួយ​បារម្ភ។ ដូច្នេះ​បើ​ក្រុមហ៊ុន​រក្សា​ទុក​សេវាដឹកជញ្ជូន​ផ្លូវ​ដែក​របស់​ខ្លួន​ គឺ​ដូច​បាន​ចូល​រួម​ចំណែក​ទាក់ទាញយុវវ័យ​ឱ្យ​ទៅ​សិក្សា។ សិស្ស​តិច ការ​ប្រកួត​ប្រជែង​ចូល​មហាវិទ្យាល័យ​ក៏​លែង​សូវ​ចង្អៀត ក្មេង​ជប៉ុន​ក៏​លែង​សូវ​មាន​ឆន្ទៈ​ចង់​ឈ្នះ​នៅ​សាលា​ដែរ។

នេះ​ក៏​ជា​ការ​ផ្សាយ​ពាណិជ្ជកម្ម​ដើម្បី​មុខមាត់​​ល្អ​របស់​ក្រុមហ៊ុន​ដែរ។ យុវតី​បាន​ជាប់​បាក់ឌុប​យូរ​ហើយ ប៉ុន្តែ​សេចក្តី​រីករាយ​អបអរនៅ​តាម​បណ្តាញ​សង្គម​ មិន​ធ្លាក់​ចុះ​ទេ។ គ្រប់​គ្នា​បន្ត​កោត​សរសើរ​ឆន្ទៈ​របស់​ជប៉ុន តាម​រយៈ​​​ក្រុមហ៊ុន​ ដែល​មិន​បោះបង់​ប្រជាជន​រស់​នៅ​ក្នុង​តំបន់​ដាច់​ស្រយាល ទោះ​បី​តិច​តួច​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ។

ចេញ​ពី​ស្ថានីយ៍ Kami-Shirataki ​ យុវតី Kana Harada អាច​​ជួប​មិត្ត​រួម​ថ្នាក់​បួន​ដប់​នាក់​ផ្សេង​ទៀត នៅពេលទៅ​ដល់​ស្ថានីយ៍​បន្ទាប់​ជិត​ខាង ដែល​ពួក​គេ​នេះ​ជា​ធម្មតា​អាច​មាន​រទេះ​ភ្លើង​បី​ខ្សែ​ឆ្លង​កាត់​ដឹក​មក​ផ្ទះ​វិញ។

នៅ​ពេល​ក្រុមហ៊ុន​ JR សម្រេច​ចិត្ត​រក្សា​ស្ថានីយ៍​របស់​នាង និង​ស្ថានីយ៍​ជិតៗ​នោះ​ពីរ​ទៀត ក្រុមហ៊ុន​ហាក់​បាន​ដាក់​សម្ពាធ​ឱ្យយុវជន​​ថា​ត្រូវ​តែ​ប្រលង​ឱ្យ​ជាប់។ នេះ​ក៏​អាច​ជា​វិធី​ជំរុញ​នាង​ឲ្យ​ប្រឹង​រៀន​ដើម្បី​បាន​ទទួល​សញ្ញាប័ត្រ​ដែរ។ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ដោយ​សារ​តែ​ចំនួន​ប្រជាពល​រដ្ឋ​ធ្លាក់​ចុះ​ខ្លាំង កោះ​ហុកកៃដូ​បាន​លុប​ខ្សែ​រថភ្លើង​អស់​២០​ខ្សែ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ