អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

សភាប្រជាជនចិន បើក​ប្រជុំ​ពេញ​អង្គ​ដើម្បី​ដម្កើង​កិត្តិយសកំពូល​​ជូន​លោក ស៊ី ជីនពីង

ចុះផ្សាយ​នៅ​ថ្ងៃ៖

សម័យ​ប្រជុំ​សភា​ប្រជាជន​ចិន​ ពេញ​អង្គ​ប្រចាំ​ឆ្នាំ​​ ដែល​ជា​ការ​ណាត់​នយោបាយ​​ដ៏​ធំ​ របស់​ប៉េកាំង បាន​ចាប់​បើក​នៅ​ថ្ងៃ ចន្ទ​ទី ៥ មីនា ២០១៨។ ជា​រៀង​រាល់​ឆ្នាំ នៅរវាង​ដើម​ខែ​មីនា និង​ក្នុង​រយៈ​ពេល​ប្រមាណ​ពីរ សប្តាហ៍ សមាជិក​សភា​ជាតិសរុប ជាង ២៨៨៧​រូប តែង​តែ​​មក​ជួប​ជុំ​ជជែក​ពិភាក្សា​គ្នា​អំពី​ជោគ​វាសនា​អនាគត​ប្រទេស​ ដូច​ជា​ការ​កំណត់​ផែនការ​សេដ្ឋកិច្ច យោធា បរិស្ថាន ... ប៉ុន្តែ​ឆ្នាំ​នេះ សភា​ប្រជាជន​ចិន​ត្រូវ​ធ្វើ​​សម្រេច​ដ៏​ចម្បង​ និង​មិន​ធ្លាប់​មាន ​មួយ​ នោះ​គឺ​ ការ​សម្រេច​បើក​ផ្លូវ​ឱ្យ​លោក ស៊ី​ ជីនពីង កាន់​តំណែង​លើស​ពីពីរ​អាណត្តិ។

លោក​ប្រធានាធិបតី​ចិន ស៊ីជីនពីង និង​លោក​នាយក​រដ្ឋមន្ត្រី លី ខឺឈាំង នៅ​ក្នុង​សភា​ ក្រុង​ប៉េកាំង ថ្ងៃទី ៥ មីនា ២០១៨
លោក​ប្រធានាធិបតី​ចិន ស៊ីជីនពីង និង​លោក​នាយក​រដ្ឋមន្ត្រី លី ខឺឈាំង នៅ​ក្នុង​សភា​ ក្រុង​ប៉េកាំង ថ្ងៃទី ៥ មីនា ២០១៨ REUTERS/Jason Lee
ផ្សាយពាណិជ្ជកម្ម

ដូច​ទម្លាប់ សម័យ​ប្រជុំ​សភា​ពេញ​អង្គ​ដែល​ជា​ជំនួប​នយោបាយ​ប្រចាំ​ឆ្នាំ​ដ៏​ធំ ត្រូវ​បាន​បើក​​នៅ​ថ្ងៃ​ចន្ទ​នេះ ដោយ​សុន្ទរកថា​របស់​នាយក​រដ្ឋមន្ត្រី ​ ព្រោះ​សម័យ​ប្រជុំ​សភានេះ ក៏​ជាឱកាស​ដែល​​រដ្ឋាភិបាល​ត្រូវ​ធ្វើ​តុល្យការ​ឆ្នាំ​ចាស់​ផង និង​លើកបង្ហាញ​​កម្មវត្ថុ​សម្រាប់​ឆ្នាំ​ថ្មី​ ២០១៨​ផង។

អ្វី​ដែល​អ្នក​សង្កេត​ការណ៍​នយោបាយ​ រង់​ចាំ​ខ្លាំង​គេ គឺ​កម្មវត្ថុ​សេដ្ឋកិច្ច។ ពេល​នេះ ចិនដែល​​​កំពុងស្ថិ​តក្នុង​​អន្តរកាល ឆ្លង​ពី​កំណើន​សេដ្ឋកិច្ច​លឿន​រហ័ស​ ទៅ​ប្រកាន់​យក​គំរូ​សេដ្ឋកិច្ច ដែល​មាន​លក្ខណៈ​​អភិវឌ្ឍន៍​យូរអង្វែង ដោយ​ឈរ​លើ​មូលដ្ឋាន​ការពារ​បរិស្ថាន ទំនើប​កម្ម​បច្ចេកវិទ្យា និង​កាត់​បន្ថយ​បំណុល បាន​សម្រេច​កំណត់​កម្មវត្ថុ​រក្សាកំណើន​សេដ្ឋកិច្ច​​ត្រឹម​តែ​៦,៥% ដូច​ឆ្នាំ​កន្លង​ទៅ ! នេះ​បើ​តា​ម​សុន្ទរកថា​របស់​លោកប្រមុខ​រដ្ឋាភិបាល លី ខឺឈាំង។ មាន​ន័យ​ថា ចិន​មិន​បាន​ប្តូរ​ទិសដៅ​នយោបាយ​សេដ្ឋកិច្ច​របស់​ខ្លួន​ទេ​។

នៅ​ក្នុង​សមាជ​បក្ស​កាលពី​ខែ​តុលា​កន្លង​ទៅ រដ្ឋាភិបាល​ធ្លាប់​បាន​​អះអាង​ថា ផ្តល់​អាទិភាព​ទៅ​លើ​គុណភាព​ជាង​បរិមាណ។ មើល​ទៅ​ពាក្យ​សំដី​នេះ​កំពុង​កា្លយ​ជា​ការ​ពិត ព្រោះ​លោក​នាយក​រដ្ឋមន្ត្រី​បាន​បង្ហាញ​កម្មវត្ថុ​ដូច​ឆ្នាំ​ទៅ​ក្នុង​ការ​ទប់​ស្កាត់​កំរិត​ឱនភាព​តម្លៃ ​ត្រឹម​៣% និង​​ស្ថិរភាព​ប្រាក់​យ័ន ត្រឹម​កំរិត​ដ៏​សមរម្យ​និង​មាន​លំនឹង​។ លោក លី​ខឺឈាំង ​ក៏​បាន​សន្យា​គ្រប់គ្រង​ឱ្យ​​បាន​វិបត្តិ​បំណុល​ជាតិ តែ​មិន​បាន​បញ្ជាក់​អំពី​មធ្យោបាយ​ ដែល​ត្រូវ​ប្រើ​ដើម្បី​សម្រេច​កម្មវត្ថុ​នេះ​ទេ។

​​បង្កើន​ថវិកា​យោធា ​ជាង​៨%​

កញ្ចប់​ថវិកា​យោធា​ចិន ដែល​ជាប្រទេស​ចំណាយ​ច្រើន​ជាង​គេ​ទីពីរ នៅ​លើ​ពិភពលោក​បន្ទាប់​ពី​សហរដ្ឋ​អាមេរិក នឹង​កើន​ឡើង​៨,១% នៅ​ឆ្នាំ​២០១៨។ ជា​ការ​​ដំឡើងបន្ថែម​​ពី​កញ្ចប់​ថវិកា​យោធា​ឆ្នាំ​២០១៧ ដែល​បាន​ឡើង​៧%​ម្តង​រួច​​ទៅហើយ​។

នៅ​ឆ្នាំ​២០១៧ ចិន​បាន​ចំណាយក្នុង​វិស័យ​​យោធា អស់​១៥១​ពាន់​លាន​ដុល្លារអាមេរិក នេះ​បើ​តាម​របាយការណ៍​របស់​វិទ្យាស្ថាន​សិក្សា​យុទ្ធសាស្ត្រ​អន្តរជាតិ IISS។ ជា​ចំណាយ​ដែល​តិច​​ជាង​អាមេរិក​ (៦០៣ពាន់​លាន)ដល់​ទៅ​បួន​ដង តែ​ច្រើន​ឆ្ងាយ​ដាច់​ពី​អារ៉ាប៊ីសាអូឌីត (៧៧​ពាន់​លាន​) រុស្ស៊ី (៦១ពាន់​លាន) ឥណ្ឌា (៥៣​ពាន់​លាន) អង់គ្លេស (៥១​ពាន់​លាន) ​ឬ ត្រឹម​តែ​៤៩ពាន់​លាន​ចំពោះ​បារាំង។

តាំង​ពី​ជាង​៣០​ឆ្នាំចុងក្រោយ​មកនេះ ប៉េកាំង​បាន​បង្កើន​ថវិកា​យោធា​ជា​រៀង​រាល់​ឆ្នាំ ដើម្បី​ធ្វើ​ទំនើប​កម្ម​យោធា ដែល​ស្គាល់​ភាព​យឺត​យ៉ាវ​ខ្លាំង​នៅ​ឡើយ។ កំណើន​ថវិកា​យោធា​ចិន កើន​ឡើង​ប្រមាណ​ជា​១៨%​បើ​ប្រៀប​ទៅ​នឹង​ឆ្នាំ​២០០០។ ហើយ​នៅ​ប៉ុន្មាន​ឆ្នាំ ចុងក្រោយ​នេះ កំណើន​ថវិកា​យោធា​តែ​ង​តែ​សមមាត្រ​ទៅ​នឹង​កំណើន​សេដ្ឋកិច្ច​ជាតិ។

លោក ស៊ីជីនពីង បាន​អំពាវនាវ កាលពី​ខែ​តុលា ​ឱ្យ​ចិនបញ្ចប់​ការធ្វើ​ទំនើប​កម្ម​យោធា នៅ​ឆ្នាំ​២០៣៥ និង​​ប្រែក្លាយ​​ចិន​ជា​កងទ័ព​ជួរ​មុខ​​​ពិភពលោក​នៅ​ឆ្នាំ​២០៥០។ បច្ចុប្បន្ន​នេះ​ ចិនបង្ហាញ​វត្តមាន​យោធា​តិច​តួច​ណាស់ លើ​ឆាក​អន្តរជាតិ ៖ ចិន​មាន​ចំណែក​តែ​នៅ​ក្នុង​បេសកកម្ម​មួក​ខៀវ​អង្គការ​សហប្រជាជាតិ​ និង​មាន​ទាហាន​តែ​២៤០​នាក់​ ប្រចាំ​ការ​នៅ​ក្នុង​មូល​ដ្ឋាន​ទ័ព​នៅ​បរទេស​​​តែ​មួយ​គត់បង្កើត​ឡើង​នៅ​ឆ្នាំ​២០១៧ នៅ​Djibouti​ ​និងទ័ព​មួយ​ក្រុម​កំពុង​ធ្វើ​ប្រតិបត្តិការ​​ឈូង​សមុទ្ធ​Aden ​ប្រយុទ្ធ​ប្រឆាំង​នឹង​ចោរ​សមុទ្ទ។ ជាការ​​ប្រៀប​ធៀប ​អាមេរិកមាន​កងទ័ព​ជាង​២០​ម៉ឺន​នាក់ ដាក់​ពង្រាយ​នៅ​ជាង​៤០​ប្រទេស លើ​​គ្រប់​ទ្វីប​ទាំង​អស់​នៃ​ភពផែនដី។

ការ​ពង្រឹង​ពង្រីក​វិស័យ​យោធា ត្រូវបាន​បញ្ជាក់​កាន់​តែ​ច្បាស់​នារយៈ​ពេល​១២​ខែ​ចុងក្រោយ​នេះ ដោយ​ចិន​មាន​នាវា​ចម្បាំង​ថ្មី មាន​យន្តហោះ​ប្រដេញ​ និង​ទំនង​កំពុង​សាង​សង់​នាវា​ផ្ទុក​យន្តហោះ​ទៀតផង។

​លោក ស៊ី​ ជីនពីង​ កំពូល​បុរស​ខ្លាំង​ចិន

​ជា​លើក​ទី​មួយ គិត​តាំង​ពី​១៤​ឆ្នាំ​មក នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ សមាជិក​សភា​ទាំង ២៩៨០​រូប បាន​ទទួល​ឯកសារ​​ លម្អិត​អំពី​ការ​កែប្រែ​រដ្ឋធម្មនុញ្ញ ស្នើ​ឡើង​ដោយ​បក្ស​ហើយ ដើម្បី​លើក​ស្ទួយ​ លោក ស៊ីជីនពីង ឱ្យ​ក្លាយ​ជា​មេ​ដឹកនាំ​​​​កំពូល ដ៏​យូរ​អង្វែង​ តាម​ដែល​លោក​ចង់។

សភា​ប្រជាជន​ចិន​ត្រូវ​ផ្តល់​សេចក្តី​សម្រេច​ ជា​ប្រវត្តិសាស្ត្រ​ ! ដោយ​ត្រូវ​សម្រេច​លុប​ចោល​ ការ​កំរិត​ចំនួន​អាណត្តិ​ត្រឹម​តែ​ពីរ ឬ​ត្រឹម​តែ​១០​ឆ្នាំ​របស់​ប្រធានាធិបតី ​ចេញពី​រដ្ឋធម្មនុញ្ញ ស្រប​តាម​សំណើ​របស់​គណបក្ស​កុម្មុយនិស្ត​ចិន។

​គេ​នៅ​មិន​ទាន់​ដឹង​​ការ​បោះឆ្នោត​នេះ ប្រព្រឹត្ត​ទៅ​នៅ​ចំ​ថ្ងៃ​ណា​ឱ្យ​ប្រាកដ​ទេ នៅក្នុង​​​រយៈ​ពេល​ពីរ​សប្តាហ៍​នេះ។ គ្រាន់​តែ​ថា បើ​ទោះ​បី​នៅ​ក្នុង​ពេល​ប្រជុំសភា​ពេញ​អង្គ ដែល​សមាជិក​សភា​និង​ព្រឹទ្ធសភា​មក​ចូល​រួម​ទាំង​អស់​គ្នា មាន​ការជជែក​ពិភាក្សាតស៊ូ​មតិ​គ្នា​ខ្លះ​ក៏​ដោយ ក៏​វា​ប្រព្រឹត្ត​ទៅ​ដោយ​មាន​កំរិត​​បំផុត​ ហើយ​ម្យ៉ាង​ទៀត ដោយ​ហេតុ​តែ​សភា​ប្រជាជាតិ​ស្ថិត​ក្រោម​អំណាច​របស់​បក្ស​កុម្មុយនិស្ត លទ្ធផល​នៃ​ការ​បោះឆ្នោត​អនុម័ត​ ទោះ​ធ្វើ​នៅ​ថ្ងៃ​ណា ក៏​គ្មាន​ការ​ភ្ញាក់​ផ្អើល​ដែរ។ សភា​ប្រជាជន​នឹង​សម្របខ្លួន​អនុម័ត​​ទៅ​តាម​អ្វី​ដែល​គណបក្ស​ចង់​បាន ដោយ​គ្មាន​អ្វី​សង្ស័យ​ឡើយ។

សភា​ប្រជាជន​ចិន ក៏​នឹង​ត្រូវ​អនុម័ត​ទទួល​ស្គាល់ និង​កត់​បញ្ចូល​ ទស្សនៈ​របស់​លោក ស៊ីជីនពីង ទៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញ​ទៀត។ ជា​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​បំផុត ដែល​ពុំ​ធ្លាប់​មាន​ប្រធានាធិបតី​ចិនណា ក្រៅ​ពី លោក​ ម៉ៅ សេងទុង​ បាន​ទទួល​ឡើយ។

ក្រោយ​ការ​បិទ​បញ្ចប់​​សម័យ​ប្រជុំ​សភា​ពេញ​អង្គ រដ្ឋាភិបាលចិន​ថ្មី​នឹង​ត្រូវ​ប្រកាស​ឱ្យ​ដឹង ! មនុស្សជំនិតៗ​របស់​លោកស៊ី ជីនពីង ដែល​ទើប​ត្រូវ​បាន​ដំឡើង​ថាន្តរសក្តិ​ ឱ្យ​កាន់​តួនាទី​ជាន់​ខ្ពស់​ក្នុង​ជួរ​បក្ស នាឱកាស​​សមាជបក្ស​កាល​ពី​ខែ​តុលា ក៏​នឹង​ត្រូវ​មានតំណែង​​សំខាន់ៗ​ក្នុង​រដ្ឋាភិបាល​។ មាន​ន័យ​ថា អ្វីៗ​បាន​ត្រៀម​​រួច​ជា​ស្រេច​ទៅ​ហើយ សម្រាប់​លើក​លោក ស៊ី ជីនពីង ឱ្យ​​ក្លាយ​ជា​បុរស​ខ្លាំង​បំផុត​របស់​ចិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ