អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

សេអ៊ូល៖ កូរ៉េខាងជើង​នឹង​លះបង់​ចោល​អាវុធ​នុយក្លេអ៊ែរ បើសិន​មាន​ការធានា

ចុះផ្សាយ​នៅ​ថ្ងៃ៖

មេដឹកនាំ​កូរ៉េខាងជើង លោកគីម ជុងអ៊ុន នៅ​ថ្ងៃ​ចន្ទ បាន​ទទួល​ជួប រាក់ទាក់ គណៈប្រតិភូ​កូរ៉េខាងត្បូង នៅ​ទីក្រុង​ព្យុងយ៉ាង។ នៅក្រោយ​ជំនួប​ជាលើក​ទី១ ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង លោក​គីម ជុងអ៊ុន គណៈប្រតិភូ​កូរ៉េខាងត្បូង នៅថ្ងៃ​អង្គារ​បាន​និយាយ​ថា កូរ៉េខាងជើង​នឹង​លះបង់​ចោល​អាវុធ​នុយក្លេអ៊ែរ បើសិន​មាន​ការធានា​ពី​ការរស់រាន​មាន​ជីវិត​របស់​របប​ក្រុងព្យុងយ៉ាង ហើយ​និង​ការធានា​ថា នឹង​គ្មាន​ការរំលោភឈ្លានពាន លើ​កូរ៉េខាងជើង។ 

មេដឹកនាំ​កូរ៉េខាងជើង​លោកគីម ជុងអ៊ុន​ចាប់ដៃ​ជាមួយ​ប្រធានគណៈប្រតិភូ​កូរ៉េខាងត្បូង​លោក​ Chung Eui-yong​នៅទីក្រុង​ព្យុងយ៉ាង នៅថ្ងៃទី​៦​មីនា ២០១៨
មេដឹកនាំ​កូរ៉េខាងជើង​លោកគីម ជុងអ៊ុន​ចាប់ដៃ​ជាមួយ​ប្រធានគណៈប្រតិភូ​កូរ៉េខាងត្បូង​លោក​ Chung Eui-yong​នៅទីក្រុង​ព្យុងយ៉ាង នៅថ្ងៃទី​៦​មីនា ២០១៨ ©Yonhap via REUTERS
ផ្សាយពាណិជ្ជកម្ម

នៅពេល​ត្រលប់​ពី​ក្រុង​ព្យុងយ៉ាងវិញ លោកជុង អ៊ី យុង ប្រធាន​គណៈប្រតិភូ​កូរ៉េខាង​ត្បូង​បាន និយាយ​នៅថ្ងៃ​អង្គារ​ថា កូរ៉េខាងជើង​នឹង​លះបង់​ចោល​អាវុធ​នុយក្លេអ៊ែរ​របស់ខ្លួន បើសិន​មាន​ការធានា​សន្តិសុខ ឲ្យ​របប​កុម្មុយនិស្ត​ព្យុងយ៉ាង។ ដំណឹង​សំខាន់​មួយទៀត គឺ ប្រទេស​ទាំងពីរ​នឹង​បើក​ឲ្យ​មានជំនួប​កំពូល​កូរ៉េ នៅចុង​​ខែ​មេសា​ខាងមុខ នៅភូមិ Panmunjomដែល​ស្ថិតនៅ​ជាប់​ព្រំដែន​កូរ៉េ​ទាំងពីរ។ បើសិន​ជា​ជំនួប​កំពូល​កើត​មាន​មែន នេះ​ជាលើកទី​៣ ដែលថ្នាក់ដឹកនាំ​កូរ៉េ​ទាំងពីរ​ជួបពិភាក្សា​គ្នា ចាប់តាំង​ពី​ចប់​សង្រ្គាម​កូរ៉េ នៅឆ្នាំ ១៩៥៣។ ជំនួប​ពីរ​លើក​មុន ធ្វើឡើង​នៅ​ឆ្នាំ ២០០០ និង​ឆ្នាំ ២០០៧ ដែល​ដឹកនាំ​ដោយ​មេដឹកនាំ​កូរ៉េខាងជើង លោក​គីម ជុងអ៊ីល ឪពុក​របស់​លោក​គីម ជុងអ៊ុន។

មួយវិញទៀត តាមប្រមុខដឹកនាំ​គណៈប្រតិភូ​កូរ៉េខាងត្បូង ភាគី​ទាំងពីរ​យល់ព្រម​ឲ្យ​មានខ្សែទូរស័ព្ទ ក្រហម​មួយ ដែល​លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង មូន ចៃអ៊ីន​អាច​និយាយ​ទាក់ទង​ដោយ​ផ្ទាល់​ទៅមេដឹកនាំ​កូរ៉េខាងជើង ដើម្បី បញ្ជៀស​កុំ​ឲ្យ​មាន​ការប្រឈម​​អាវុធ​ដាក់គ្នា​រវាង​កូរ៉េទាំងពីរ។

KCNA លោកគីម ជុងអ៊ុន​ទទួល​យ៉ាងរាក់ទាក់ គណៈប្រតិភូ​កូរ៉េខាងត្បូង

លោកគីម ជុងអ៊ុន មេដឹកនាំ​កូរ៉េខាងជើង បាន​ជួប​ពិភាក្សា ជិត​៤ម៉ោង ជាមួយ​គណៈប្រតិភូ​កូរ៉េ​ខាង​ត្បូង នៅ​ថ្ងៃ​ចន្ទ​ទី​៥​មីនា នៅ​ទីក្រុង​ព្យុងយ៉ាង។ តាមទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងជើង KCNA លោក​គីម ជុងអ៊ុន​បានទទួល​យ៉ាង​កក់ក្តៅ គណៈប្រតិភូ​ដឹកនាំ​ដោយ​លោក ជុង អ៊ី យុង ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​លោក​ប្រធានាធិបតី កូរ៉េខាងត្បូង។ លោកគីម ជុងអ៊ុន បាន​ផ្តល់​កិត្តិយស ខ្ពស់ ដល់​គណៈប្រតិភូ​កូរ៉េខាងត្បូង ដោយ​បាន​ទទួល​ពួកគេ​ឲ្យ​លាងភោជនីយ​អាហារ នៅ​ទីស្នាក់ការ​កណ្តាល​របស់​បក្សកុម្មុយនិស្ត​កូរ៉េខាងជើង នៅទីក្រុង​ព្យុងយ៉ាង។

កាសែត​រដ្ឋ​កូរ៉េខាងជើង​បាន​ចុះផ្សាយ​ព្រោងព្រាត​នៅទំព័រមុខ រូបថត​ជាច្រើន​សន្លឹក ដែល​បង្ហាញ​លោក​គីម ជុងអ៊ុន ឈរ​អម​ដោយ​ប្រេសិត កូរ៉េខាងត្បូង និង​លោក គីម ជុងអ៊ុន​ញញឹម​យ៉ាងពព្រាយ នៅពេល​និយាយ​ទៅកាន់​គណៈប្រតិភូ​កូរ៉េខាងត្បូង។

សូមអាន៖ JO ព្យុងឆាង ៖ គីមជុងអ៊ុន អញ្ជើញ​ប្រធានាធិបតី​កូរ៉េខាងត្បូង ទៅព្យុងយ៉ាង

ក្រៅតែ​ពី​កីឡាករ​បាល់បោះ​អាមេរិកាំង Dennis Rodman ហើយ​និង​អតីត​មន្រ្តី​ជាន់ខ្ពស់ ចិន នេះ​ជាលើក​ទី១ ដែល​មេដឹកនាំ​កូរ៉េខាងជើង ជួប និយាយ​ទល់មុខ គ្នា​ជាមួយ​គណៈ​ប្រតិភូ​បរទេស។ នេះ​ជា​លើកទី១ ដែល​គណៈប្រតិភូ​កូរ៉េខាងត្បូង​ចូលជួប ជាមួយ​ថ្នាក់​ដឹកនាំ​កំពូល​កូរ៉េខាងជើង។ តាំង​ពី​ចូល​កាន់​តំណែង​ជាមេដឹកនាំ​កំពូល​របស់​កូរ៉េខាងជើង នៅ​ឆ្នាំ ២០១១ លោក គីម ជុងអ៊ុន ជាផ្លូវការ គឺ​កម្រ​នឹង​ជួប​ពិភាក្សា​ជាមួយ​គណៈប្រតិភូ បរទេស​ណាស់។ ទទួល​ជួប​គណៈប្រតិភូ​មក​ពី​កូរ៉េខាងត្បូង រឹតតែ​ក្រខ្សត់ទៅទៀត ដោយសារ​​តែ​ប្រទេស​កូរ៉េ​ទាំងពីរ នៅ​ប្រឈមមុខ​តានតឹង​នឹងគ្នា ដោយសារ​តែ​កម្មវិធី​ផលិត​អាវុធ​នុយក្លេអ៊ែរ និង​មីស៊ីល​របស់​កូរ៉េខាងជើង។

វត្តមាន​របស់​គណៈប្រតិភូ​កូរ៉េខាងត្បូង នៅទីក្រុង​ព្យុងយ៉ាង ជាលទ្ធផល​នៃ​ភាពធូស្រាល​រវាង​កូរ៉េទាំងពីរ ដែល​ចាប់កើតមាន​តាំង​ពី​ដើម​ឆ្នាំនេះ។ នៅក្នុង​សារ​ស្វាគមន៍​ឆ្នាំ ២០១៨ មេដឹកនាំ​វ័យក្មេង កូរ៉េខាងជើង លោក​គីម ជុងអ៊ុន ដែល​បាន​ប្រកាស​ថា កូរ៉េខាងជើង​បាន​សម្រេច​ផលិត​បាន​មីស៊ីល បាញ់​ដល់​ទឹកដី​អាមេរិក និង​ក្លាយ​ជា​មហាអំណាច​នុយក្លេអ៊ែរ​មួយ​នឹង​គេ​ដែរ​នោះ ស្រាប់តែ​បង្ហាញ​ពី​ចេតនា​ធ្វើ​នយោបាយ​ចង់​ផ្សះផ្សារ​ជាមួយ កូរ៉េខាងត្បូង។ លោកគីម ជុងអ៊ុន បាន​ធ្វើ​ឲ្យ​គេ​ភ្ញាក់ផ្អើល នៅពេល​លោក​បញ្ជូន គណៈប្រតិភូ​កូរ៉េខាងជើង ទៅក្នុង​ការប្រកួតកីឡាអូឡាំពិក នៅ​ព្យុងឆាង នៅ​កូរ៉េខាង​ត្បូង ដែល​នៅក្នុង​នោះ​មាន​ផងដែរ ប្អូនស្រី​ជំនិត​របស់លោក​គីម ជុងអ៊ុន។

តាមទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងជើង KCNA មេដឹកនាំ​កូរ៉េខាងជើង បាន​និយាយ​ប្រាប់​គណៈប្រតិភូ​កូរ៉េខាងត្បូង​ថា លោក​មាន​ឆន្ទៈ​រឹងមាំ ក្នុង​ការជំរុញ​ឲ្យ​ទំនាក់ទំនង​កូរ៉េ​ទាំងពីរ​ល្អប្រសើរ​ឡើងវិញ។ មេដឹកនាំ​របស់​កូរ៉េខាងជើង​បាន​និយាយ​ប្រាប់​ប្រេសិត​កូរ៉េខាងត្បូង​ដែរថា លោក​ចង់​សរសេរ​ប្រវត្តិសាស្រ្ត​ថ្មី ស្តីពី​ការបង្រួបបង្រួម​ជាតិ​ជាមួយ​កូរ៉េខាងត្បូង។

នៅ​មុន​ឡើង​យន្តហោះទៅ​ទីក្រុង​ព្យុងយ៉ាង លោក​ជុង អ៊ី យុង ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​ប្រធានាធិបតី​កូរ៉េខាងត្បូង ធ្លាប់​បាន​និយាយ​ប្រាប់​អ្នកកាសែត ថា លោក​នឹង​នាំ​សារ សំបុត្រ​របស់​ប្រធានាធិបតី មូន ចៃអ៊ីន ទៅ​ប្រាប់​ភាគី​កូរ៉េខាងជើង។ សារ​របស់​ប្រធានាធិបតី​កូរ៉េខាងត្បូង គឺ​ ការចង់​ធ្វើ​ឲ្យ​ប្រសើរ​ឡើង រវាង​ទំនាក់ទំនង​កូរ៉េ​ទាំងពីរ។ ទិសដៅ​របស់​គណៈ​ប្រតិភូ គឺ​ជំរុញ​ផងដែរ ឲ្យ​មាន​ជំនួប កំពូល មិន​ត្រឹម​រវាង​កូរ៉េ​ទាំងពីរ ប៉ុន្តែ មាន​ផង​ដែរ ជំនួប​កូរ៉េខាងជើង ហើយ​និង​អាមេរិក។ ចំណុច​សំខាន់​មួយ​ទៀត ដែល​គណៈប្រតិភូ​សន្យា​ថា នឹង​និយាយ​ជាមួយ​ភាគី​កូរ៉េខាងជើង គឺ​ការលុបបំបាត់​អាវុធ​នុយក្លេអ៊ែរ។

លោកដូណាល់ ត្រាំ៖ នឹង​ចរចា​បើសិន​កូរ៉េខាងជើង​លះបង់​ចោល​អាវុធ នុយក្លេអ៊ែរ​ជាមុនសិន

កូរ៉េខាងជើង ធ្លាប់​បាន​បញ្ជាក់​ហើយថា ខ្លួន​ចង់​ឲ្យ​មានជំនួប​ពិភាក្សា​ជាមួយ​ភាគី​អាមេរិក។ កូរ៉េខាងជើង មិន​បាន​ដាក់​លក្ខខណ្ឌអ្វី​ទេ ប៉ុន្តែ ភាគី​អាមេរិក​វិញ ជាពិសេស​លោក​ដូណាល់ ត្រាំ តែម្តង បាន​បញ្ជាក់​ជាថ្មី នៅថ្ងៃ​ចន្ទ ថា អាមេរិក​ចរចា​បាន​ជាមួយ​កូរ៉េខាងជើង នៅពេលណាដែល​ កូរ៉េខាងជើង លះបង់​ចោល​អាវុធ​នុយក្លេអ៊ែរ​ជាមុន​សិន។

កូរ៉េខាងជើង ធ្លាប់​បាន​លើកឡើង​ជាច្រើនដងថា ខ្លួន​នឹង​មិនលះបង់​ចោល​អាវុធ​នុយក្លេអ៊ែរ​ដែល​ជា​ទ្រព្យសំណព្វចិត្ត ដួងព្រលឹង​តែមួយ សម្រាប់​ការពារ​កូរ៉េខាងជើង ពីការឈ្លានពាន​របស់​អាមេរិក។ ប៉ុន្តែ តាម​ប្រេសិត​របស់​កូរ៉េខាងត្បូង ដែល​ទើប​ត្រលប់មក​ពី​ទីក្រុង​ព្យុងយ៉ាង នៅ​ថ្ងៃអង្គារ កូរ៉េខាងជើង បាននិយាយ​ប្រាប់​គណៈប្រតិភូ​កូរ៉េខាងត្បូង​ថា កូរ៉េខាងជើង​នឹង​លះបង់ចោល​អាវុធ​នុយក្លេអ៊ែរ​របស់ខ្លួន បើសិន​មាន​ការចេញមុខ​ធានា​ការពារ​សន្តិសុខ ការរស់រាន​មានជីវិត​របស់​របប​ព្យុងយ៉ាង និង​គ្មាន​ការឈ្លានពាន​យោធា​ណាមួយ ទៅលើ​កូរ៉េខាងជើង។

បើសិន​ការលើកឡើង​របស់​គណៈប្រតិភូ​កូរ៉េខាងត្បូង​ជា​រឿងពិត នេះ​ជាការវិវឌ្ឍន៍​ថ្មី​មួយ សំខាន់ នៅក្នុង​វិបត្តិ​នុយក្លេអ៊ែរ​កូរ៉េខាងជើង។ គេ​នឹង​នៅ​រង់ចាំ​មើលថា តើ​អាមេរិក​នឹង​ធ្វើ​អ្វី​បន្ត ទៅទៀត នៅក្រោយ​ចម្លើយ​វិជ្ជមាន​របស់​កូរ៉េខាងជើង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ