អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អាមេរិក-កូរ៉េខាងជើង៖​ហេតុអ្វី​បាន​ជា​លោក​ដូណាល់ ត្រាំ និង​លោក​គីម ជុងអ៊ុន​យល់ព្រម​ជួប​គ្នា?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​សហរដ្ឋអាមេរិក លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ​បាន​ទទួល​យក​សំណើ​សុំ​ជួប​មួយ​ទល់​មួយ​ពី​មនុស្ស​ខ្លាំង​កូរ៉េខាងជើង​លោក​គីម ជុងអ៊ុន។ ដំណឹង​មួយ​នេះ​ត្រូវ​បាន​ប្រកាស​ដោយ​លោក Chung Eui-yong ទីប្រឹក្សាសន្តិសុខជាតិ​កូរ៉េខាងត្បូង​នា​យប់​ថ្ងៃ​ព្រហស្បតិ៍ ទី៨ មីនា​បន្ទាប់​ពី​លោក​បាន​ជួប​សន្ទនា​ជាមួយ​លោក​ដូណាល់ ត្រាំ​នៅ​សេតវិមាន។ ជប៉ុន​បាន​សាទរ​លើ​គម្រោង​ជំនួប​ត្រាំ និង​គីម ចិន​បាន​អំពាវនាវ​ឲ្យ​មាន​ភាព​ក្លាហាន​នយោបាយ ហើយ​រុស្ស៊ី​បាន​ចាត់​ទុក​គម្រោង​ជំនួប​រវាង​បុរស​ខ្លាំង​ទាំង​ពីរ​ថា ជា​ការ​បោះ​មួយ​ជំហាន​ក្នុង​ទិសដៅ​ដ៏​ល្អ។ យ៉ាង​ណា​ក៏​ដោយ គេ​នៅ​មិន​ទាន់​ដឹង​ពី​ទីកន្លែង និង​ថ្ងៃ​ជួប​ជា​ផ្លូវការ​នៅ​ឡើយ​ទេ។

លោក​គីម ជុងអ៊ុន និង​លោក​ដូណាល់ ត្រាំ
លោក​គីម ជុងអ៊ុន និង​លោក​ដូណាល់ ត្រាំ REUTERS/KCNA handout via Reuters
ផ្សាយពាណិជ្ជកម្ម

បន្ទាប់​ពី​បាន​ប្រមាថ និង​ដៀមដាម​ដាក់​គ្នា​ជា​ហូរហែ​មក លោក​គីម ជុងអ៊ុន​បែរ​ជា​សុំ​ជួប​លោក​ដូណាល់ ត្រាំ ហើយ​លោក​ត្រាំ​ក៏​យល់ព្រម​ភ្លាមភ្លែត។ នេះ​ពិត​ជា​ដំណឹង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល និង​គ្មាន​នរណា​ម្នាក់​បាន​រង់ចាំ​ទាល់​តែ​សោះ។ តើ​មាន​នរណា​ម្នាក់​នឹក​ស្មាន​ដល់​ទេ​ថា នៅ​សុខៗ លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​វ័យ ៧១ឆ្នាំ និង​ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុងអ៊ុន​វ័យ ៣០ឆ្នាំ​ប្លាយ​បែរ​ជា​យល់​ព្រម​អង្គុយ​ជជែក​ទល់​មុខ​គ្នា​ទៅ​វិញ។ ពិត​ណាស់​ថា លោក​គីម ជុងអ៊ុន​ជា​អ្នក​បោះដៃ​រក​លោក​ដូណាល់ ត្រាំ​មុន​គេ​ដោយ​ផ្ញើ​សម្តី​តាម​រយៈ​លោក Chung Eui-yong ទីប្រឹក្សាសន្តិសុខជាតិ​កូរ៉េខាងត្បូង​ដែល​លោក​គីម ជុងអ៊ុន​បាន​ជួប​សន្ទនា​ក្នុង​ទីក្រុង​ព្យុងយ៉ាង។

តែ​គេ​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា ការ​ប្តូរ​ជំហរ ១៨០អង្សារ​របស់​មនុស្សខ្លាំង​កូរ៉េខាងជើង​គីម ជុងអ៊ុន​ពេល​នេះ គឺ​ជា​លទ្ធផល​បាន​មក​ពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង​មូន ចៃអ៊ីន។ តាំង​ពី​ថ្ងៃ​ឡើង​កាន់​តំណែង លោក​មូន ចៃអ៊ីន​បាន​បញ្ជាក់​ពី​ជំហរ​ចង់​បង្រួបបង្រួម​កូរ៉េ​តែ​មួយ​ដោយ​បោះដៃ​ទៅ​រក​លោក​គីម ជុនអ៊ុន។ បន្ទាប់​មក ការ​រំកិល​រក​គ្នា​កាន់​តែ​ជិត​រវាង​បងប្អូន​បង្កើត​គូសត្រូវ​ទាំង​ពីរ​កូរ៉េខាងត្បូង និង​កូរ៉េខាងជើង​ក៏​បាន​ធ្វើ​ឡើង​តាម​រយៈ​ការ​ចូលរួម​របស់​ក្រុម​កីឡាករ​កូរ៉េខាងជើង​នា​ឱកាស​កីឡាអូឡាំពិក​រៀបចំ​ក្នុង​ទឹកដី​កូរ៉េខាងត្បូង ជំនួប​ថ្នាក់​យោធា និង​ជំនួប​រវាង​លោក Chung Eui-yong និង​លោក​គីម ជុងអ៊ុន។

កាយវិការ និង​ការ​បន្ទន់​ជំហរ​ដាក់​គ្នា​រវាង​កូរ៉េ​ទាំង​ពីរ​នា​រយៈពេល​ចុង​ក្រោយ​នេះ ជា​កត្តា​អំណាចផល​នាំ​ឲ្យ​មាន​គម្រោង​ជំនួប​ជា​ប្រវត្តិសាស្រ្ត​រវាង​លោក​ប្រធានាធិបតី​អាមេរិក និង​ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង​នា​ពេល​ខាង​មុខ។ តែ​នៅ​មុន​ជំនួប​មួយ​ទល់​មួយ​ជាមួយ​លោក​ដូណាល់ ត្រាំ លោក​គីម ជុងអ៊ុន​គ្រោង​ជួប​មួយ​ទល់​មួយ​ជាមួយ​សមភាគី​កូរ៉េខាងត្បូង​លោក​មូន ចៃអ៊ីន​ក្នុង​រង្វង់​ខែ​មេសា។

បិទបញ្ចប់​កម្មវិធី​នុយក្លេអ៊ែរ​កូរ៉េខាងជើង​ជា​ប្រធានបទ​នៃ​ជំនួប​រវាង​លោក​ត្រាំ និង​លោក​គីម

ដំណឹង​នៃ​គម្រោង​ជំនួប​រវាង​លោក​ដូណាល់ ត្រាំ និង​លោក​គីម ជុងអ៊ុន​ពេល​នេះ​ត្រូវ​បាន​ប្រកាស​ឲ្យ​ដឹង​ដោយ​លោក​ទីប្រឹក្សាសន្តិសុខជាតិ​កូរ៉េខាងត្បូង Chung Eui-yong បន្ទាប់​ពី​លោក​បាន​ជួប​សន្ទនា​ជាមួយ​លោក​គីម ជុងអ៊ុន​ក្នុង​ទីក្រុង​ព្យុងយ៉ាង និង​ជាមួយ​លោក​ដូណាល់ ត្រាំ​នៅ​សេតវិមាន​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន។ មួយ​វិញ​ទៀត ការ​សុំ​ជួប​លោក​ដូណាល់ ត្រាំ​ពី​លោក​គីម ជុងអ៊ុន​បាន​ធ្វើ​ឡើង​តាម​ពាក្យសម្តី ពោល​មិន​មែន​តាម​សំបុត្រ​ផ្លូវការ​ទេ ហើយ​ការ​ឆ្លើយ​យល់ព្រម​របស់​លោក​ត្រាំ​ក៏​ធ្វើ​ឡើង​តាម​ពាក្យ​សម្តី​ដែរ។

បើ​តាម​លោក Chung Eui-yong និង​លោក​ដូណាល់ ត្រាំ សំណុំរឿង​ដែល​លោក​គីម ជុងអ៊ុន​ត្រៀមខ្លួន​នឹង​លើក​ទៅ​ជជែក គឺ​ទាក់ទង​នឹង​ការ​បិទ​បញ្ចប់​កម្មវិធី​នុយក្លេអ៊ែរ​កូរ៉េខាងជើង​នៅ​ឧបទ្វីប​កូរ៉េ​ទាំង​ស្រុង ពោល​មិនមែន​ផ្អាក ឬ​ព្យួរ​តែ​មួយ​រយៈ​ទេ។ អ្វី​ដែល​បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​ភ្ញាក់​ផ្អើល​កាន់​តែ​ខ្លាំង​ទៀតនោះលោក​គីម ជុងអ៊ុន​សុខ​ចិត្ត​លើក​យក​បញ្ហា​ដ៏​ចម្រូងចម្រាស​មួយ​នេះ​ទៅ​ជជែក​ដោយ​មិន​បាន​ដាក់​លក្ខខណ្ឌ​អ្វី​ទាំង​អស់។ ម្យ៉ាង​ទៀត លោក​គីម ជុងអ៊ុន​បាន​សន្យា​ថា ចាប់​ពី​ពេល​នេះ​ទៅ​ដល់​ថ្ងៃ​ជួប លោក​នឹង​មិន​ធ្វើ​ការ​សាកល្បង​នុយក្លេអ៊ែរ ឬ​បាញ់​សាកល្បង​គ្រាប់មីស៊ីល​បាលីស្ទិក​អ្វី​ទាំង​អស់។

គួរ​ជម្រាប​ជូន​ថា​កន្លង​មក កូរ៉េខាងជើង​ធ្លាប់​បាន​សុំ​ចរចា​មួយ​ទល់​មួយ​ជាមួយ​អាមេរិក​ដើម្បី​ដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ តែ​អាមេរិក​បាន​ដាក់​លក្ខខណ្ឌ​ជា​មុន​ថា កូរ៉េខាងជើង​ត្រូវ​បោះបង់​ចោល​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​ជា​មុន​សិន។ បន្ទាប់​មក នៅ​មាន​រឿង​សមយុទ្ធ​ប្រចាំ​ឆ្នាំ​រវាង​ទ័ព​កូរ៉េខាងត្បូង និង​អាមេរិក​ដែល​ក្រុង​ព្យុងយ៉ាង​តែង​បរិហារ​ដោយ​ចាត់​ទុក​ជា​ការ​ត្រៀម​ជើងព្រួល​ចូល​វាយប្រហារ​កូរ៉េខាងជើង។ ក្នុង​រឿង​នេះ ក៏​លោក​គីម ជុងអ៊ុន​មិន​បាន​លើក​ឡើង​ជា​លក្ខខណ្ឌ​នៃ​គម្រោង​ជំនួប​ជាមួយ​លោក​ដូណាល់ ត្រាំ​នា​ពេល​ខាង​មុខ​ដែរ។ សរុប​ទៅ លោក​គីម ជុងអ៊ុន​បាន​បោះដៃ​រក​លោក​ដូណាល់ ត្រាំ​ដោយ​គ្មាន​ដាក់​លក្ខខណ្ឌ​អ្វី​ទាំង​អស់។

លោក​គីម ជុនអ៊ុន​មាន​ប្រៀប​លើ​លោក​ដូណាល់ ត្រាំ

គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​សំណើ​របស់​គីម ជុងអ៊ុន​ចំពោះ​លោក​លោក​ដូណាល់ ត្រាំ​ពេល​នេះ​ជា​សំណើ​ស្មោះត្រង់​បង្កប់​ដោយ​ឆន្ទៈ​ពិត ឬ​មួយ​ក៏​មាន​លាក់កំបាំង​អ្វី​មួយ​ទេ។ ជាមួយ​នរណា​មិន​ដឹង​ទេ តែ​បើ​ជា​មួយ​កូរ៉េខាងជើង អ្វីៗ​អាច​នឹង​មាន​ការ​ផ្លាស់ប្តូរ​គ្រប់​ពេល និង​តែ​មួយ​ប៉ប្រិច​ភ្នែក​ប៉ុណ្ណោះ។ ថ្ងៃ​នេះ​និយាយ​អ៊ីចេះ និង​ថ្ងៃ​ស្អែក​និយាយ​អ៊ីចុះ គឺ​ជា​ជំនាញ​របស់​កូរ៉េខាងជើង។ អ៊ីចឹង​ហើយ​បាន​ជា​នៅ​ក្នុង​ប្រតិកម្ម​ឆ្លើយ​តប​នឹង​សំណើ​សុំជួប​របស់​លោក​គីម ជុងអ៊ុន លោក​ដូណាល់ ត្រាំ​បាន​បញ្ជាក់​ពី​ការ​បន្ត​រក្សា​គំនាប និង​ទណ្ឌកម្ម​លើ​កូរ៉េខាងជើង​រហូត​ដល់​មាន​កិច្ចព្រមព្រៀង​បិទបញ្ចប់​កម្មវិធី​នុយក្លេអ៊ែរ​កូរ៉េខាងជើង​ទាំង​ស្រុង។

ជំហរ​របស់​លោក​ដូណាល់ ត្រាំ​របៀប​នេះ​ក៏​មាន​ពី​ខាង​ភាគី​កូរ៉េខាងត្បូង និង​ពី​ជប៉ុន​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​អាមេរិក។ ចំណែក​នៅ​ខាង​ចិន និង​រុស្ស៊ី​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​កូរ៉េខាងជើង​បាន​ចូល​រួម​សាទរ និង​ចាត់​ទុក​គំនិត​ផ្តួចផ្តើម​ជំនួប​រវាង​លោក​ត្រាំ និង​លោក​គីម​ថា ជា​ការ​បោះ​មួយ​ជំហាន​ទៅ​មុខ​នៅ​ក្នុង​វិវាទ​រវាង​ក្រុង​ព្យុងយ៉ាង និង​ក្រុង​វ៉ាស៊ីនតោន។ យ៉ាង​ណា​ក៏​ដោយ និង​អ្វី​ដែល​គ្រប់​គ្នា​ចង់​ដឹង​ពេល​នេះ គឺ​ថ្ងៃ និង​ទីកន្លែង​រៀបចំ​ជំនួប​ដែល​នៅ​មិន​ទាន់​បាន​បញ្ជាក់​ជា​ផ្លូវការ។ អ្វី​ដែល​គេ​ដឹង ជំនួប​រវាង​លោក​ដូណាល់ ត្រាំ និង​លោក​គីម ជុងអ៊ុន​នឹង​ធ្វើ​ឡើង​ក្នុង​រង្វង់​ខែ​ឧសភា ពោល​នៅ​ក្រោយ​ជំនួប​រវាង​លោក​គីម ជុនអ៊ុន និង​លោក​មូន ចៃអ៊ីន​ក្នុង​រង្វង់​ខែ​មេសា។

ទាក់ទង​នឹង​ទីកន្លែង គឺ​នៅ​បន្ត​ស្រពិចស្រពិល​ដោយ​មាន​ការ​លើក​ឡើង​ថា អាច​រៀបចំ​នៅ​ក្រុង​ព្យុងយ៉ាង នៅ​ក្រុង​វ៉ាស៊ីនតោន នៅ​តំបន់​គ្មាន​កងទ័ព​ដែល​ខ័ណ្ឌ​ចែក​កូរ៉េ នៅ​ទីក្រុង​ប្រទេស​ទី៣ ដូច​យ៉ាង​នៅ​ប៉េកាំង ឬ​នៅ​ហ្សឺណែវ ឬ​មួយ​ក៏​នៅ​ទីស្នាក់ការ​អង្គការ​សហប្រជាជាតិ​ក្នុង​ទីក្រុង​ញូយ៉ក។ តែ​បើ​រៀបចំ​នៅ​ក្រៅ​ឧបទ្វីប​កូរ៉េ គឺ​តម្រូវ​ឲ្យ​លោក​គីម ជុងអ៊ុន​ធ្វើ​ដំណើរ​ចាក​ចេញ​ពី​ប្រទេស​ដែល​លោក​មិន​ធ្លាប់​ធ្វើ​ទេ​តាំង​ពី​ឡើង​កាន់​តំណែង​នា​ដំណាច់​ឆ្នាំ ២០១១។ គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​កាយវិការ​របស់​លោក​គីម ជុងអ៊ុន​ពេល​នេះ​ស្មោះត្រង់ ឬ​មួយ​ក៏​មាន​បង្កប់​ស្អី​មួយ។

អ្វី​ដែល​គេ​អាច​និយាយ​បាន លោក​គីម ជុងអ៊ុន​ហាក់​មាន​ប្រៀប​ជាង​លោក​ដូណាល់ ត្រាំ។ មាន​ប្រៀប​នៅ​ត្រង់​ថា លោក​គីម ជុងអ៊ុន​ដែល​ទើប​មាន​វ័យ ៣០ឆ្នាំ​ប្លាយ និង​ជា​ប្រទេស​ឯកោ​មួយ​ក្នុង​លោក បែរ​ជា​អាច​សុំ​ជួប​លោក​ដូណាល់ ត្រាំ​វ័យ ៧១ឆ្នាំ​ដែល​ជា​ប្រធានាធិបតី​មហាអំណាច​ក្នុង​លោក។ នេះ​ស បញ្ជាក់​ឲ្យ​ឃើញ​ថា លោក​ត្រាំ​បាន​ចាត់​ទុក និង​ផ្តល់​កិត្តិយស​ឲ្យ​លោក​គីម ជុងអ៊ុន​ដូច​ជា​ថ្នាក់ដឹកនាំ​របស់​ប្រទេស​មួយ​ចំនួន​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ