អានតួអត្ថបទ
ហ្វីលីពីន-អសប

ប្រធានឧត្តម​ស្នងការ​សិទ្ធិ​មនុស្ស៖ លោកឌុយទែរតេ​ត្រូវការ​ការត្រួតពិនិត្យផ្នែក​​ផ្លូវចិត្ត

ប្រធាន​ផ្នែក​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ នៅ​ថ្ងៃ​សុក្រ​ទី​៩​មីនាបាន​និយាយ​ថា ប្រធានាធិបតី​ហ្វីលីពីន លោក​ឌុយទែរតេ ត្រូវការ ការត្រួតពិនិត្យ​វាយតម្លៃ ពី​គ្រូពេទ្យ​ជម្ងឺ​ផ្លូវចិត្ត។ ប្រធាន​ផ្នែកសិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ បាន​មាន​ប្រសាសន៍​យ៉ាងដូច្នេះ នៅបន្ទាប់​ពី លោក​បានជួប​ពិភាក្សា​ជាមួយ ប្រេសិត​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​កិច្ចការ​សិទ្ធិមនុស្ស​នៅ​ហ្វីលីពីន នៅថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស។ 

ប្រធាន​ឧត្តមស្នងការសិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ លោក​Zeid Ra'ad al-Husseinធ្វើ​សន្និសីទ​កាសែត នៅថ្ងៃទី​៩​មីនា ២០១៨ នៅទីស្នាក់កណ្តាល​នៅទីក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស
ប្រធាន​ឧត្តមស្នងការសិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ លោក​Zeid Ra'ad al-Husseinធ្វើ​សន្និសីទ​កាសែត នៅថ្ងៃទី​៩​មីនា ២០១៨ នៅទីស្នាក់កណ្តាល​នៅទីក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស ©REUTERS/Denis Balibouse
ផ្សាយពាណិជ្ជកម្ម

ការមិនចុះ​សម្រុងគ្នា អម​ដោយ​សង្រ្គាម​ពាក្យ​សំដី កំពុង​ធ្វើ​ឲ្យ​មន្រ្តី​អង្គការ​សហប្រជាជាតិ និង​រដ្ឋាភិបាល​ហ្វីលីពីន​របស់​លោកប្រធានាធិបតី ឌុយទែរតេ កាន់តែ​ដើរ​ឃ្លាតឆ្ងាយ ពីគ្នា។ នៅ​ថ្ងៃ​សុក្រ​នេះ ប្រធាន​ផ្នែកសិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ លោក​Zeid Ra Ad Al Hussein នៅ​បាន​វាយតម្លៃថា លោក​ប្រធានាធិបតី​ហ្វីលីពីន​ត្រូវការ​ចូល​ខ្លួន​ទៅ​ឲ្យ​គ្រូពេទ្យ​ចិត្តសាស្រ្ត​ត្រួតពិនិត្យ វាយតម្លៃ​ស្ថានភាព​ផ្លូវចិត្ត​របស់​លោក។

 

នៅថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ នៅក្នុង​កិច្ចប្រជុំ​របស់​ក្រុម​ប្រឹក្សា សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ នៅទីក្រុង​ហ្សឺណែវ លោក​ប្រធាន​ផ្នែក​សិទ្ធិមនុស្ស​បាន​និយាយ​ទៅដល់​ការចុះផ្សាយ​របស់​កាសែត ហ្វីលីពីន ដែល​បាន​ស្រង់​សំដី​របស់​លោកឌុយទែរតេ ដែល​បាន​គំរាម​ចង់​ទះកំភ្លៀង លោកស្រី Agnes Callamard អ្នករាយការណ៍​ពិសេស របស់​អង្គការ​សហប្រជាជាតិ។

 

លោក​ស្រី Agnes Callamard ដែល​ស៊ើបអង្កេត​ទៅលើ​ការសម្លាប់ក្រៅ​​ផ្លូវច្បាប់ នៅ​ហ្វីលីពីន បាន​ក្លាយ​ជា​ផ្ទាំងស៊ីប វាយប្រហារ​របស់​លោកឌុយទែរតេ ដោយសារ​តែ​លោកស្រី​បាន​ រិះគន់ រដ្ឋាភិបាល​លោកឌុយទែរតេ ថា រំលោភច្បាប់ រំលោភសិទ្ធិមនុស្ស នៅក្នុង​ប្រតិបត្តិការ​បង្រ្កាប​ប្រឆាំង​ក្រុមគ្រឿងញៀន។

 

ប្រធាន​ឧត្តមស្នងការ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​បានលើក​ផងដែរ ករណី​របស់​អ្នករាយការណ៍​ពិសេស ម្នាក់​ទៀត របស់​អង្គការ​សហប្រជាជាតិ ដែល​ទើប​ត្រូវ​បាន​ក្រសួង​មហាផ្ទៃ ហ្វីលីពីន ដាក់​បញ្ចូល​ឈ្មោះ ទៅក្នុង​បញ្ជី​ឈ្មោះ ពួកឧទ្ទាម កុម្មុយនិស្ត ដែល​រដ្ឋាភិបាល​របស់​លោកឌុយទែរតេ ចាត់​ទុក​ជា​ក្រុម​ភេរវនិយម។ លោកស្រី Victoria Tauli Carpuz ត្រូវ​បាន ជ្រើសតាំង នៅ​ឆ្នាំ ២០១៤ជា​អ្នករាយការណ៍​ពិសេស របស់​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក ផ្នែក​ជនជាតិ​ភាគតិច។ នៅ​ខែមុន​នេះ លោកស្រី​ត្រូវ​បាន​ក្រសួង​យុត្តិធម៌​ហ្វីលីពីន​ចោទ​ប្រកាន់ ប្តឹង​ទៅ​តុលាការ តំបន់ ពី​បទភេរវកម្ម។

 

តាមប្រធាន​ឧត្តមស្នងការ​សិទ្ធិមនុស្ស អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ លោកស្រី​ Victoria Tauli Carpuz ស្ថិតក្នុង​បញ្ជី​ខ្មៅ​របស់​រដ្ឋាភិបាល ដោយសារ​ តែ​លោកស្រី​បាន​អត្ថាធិប្បាយ​រិះគន់ ពី​ការសម្លាប់​រង្គាល​ទៅលើ​ក្រុមជនជាតិ​ភាគតិច នៅ​តំបន់​មីនដាណាវ ជាទី​ដែល​ប្រធានាធិបតី​ហ្វីលីពីន​បាន​ប្រកាស​ដាក់​ក្រោម​ច្បាប់​អាជ្ញាសឹក ក្នុង​គោលដៅ​ប្រយុទ្ធប្រឆាំង​នឹង​ក្រុមភេរវនិយម កាលពី​ឆ្នាំ ២០១៧៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ