ប្រធានឧត្តមស្នងការសិទ្ធិមនុស្ស៖ លោកឌុយទែរតេត្រូវការការត្រួតពិនិត្យផ្នែកផ្លូវចិត្ត
ប្រធានផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ នៅថ្ងៃសុក្រទី៩មីនាបាននិយាយថា ប្រធានាធិបតីហ្វីលីពីន លោកឌុយទែរតេ ត្រូវការ ការត្រួតពិនិត្យវាយតម្លៃ ពីគ្រូពេទ្យជម្ងឺផ្លូវចិត្ត។ ប្រធានផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានមានប្រសាសន៍យ៉ាងដូច្នេះ នៅបន្ទាប់ពី លោកបានជួបពិភាក្សាជាមួយ ប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការសិទ្ធិមនុស្សនៅហ្វីលីពីន នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:១០
ការមិនចុះសម្រុងគ្នា អមដោយសង្រ្គាមពាក្យសំដី កំពុងធ្វើឲ្យមន្រ្តីអង្គការសហប្រជាជាតិ និងរដ្ឋាភិបាលហ្វីលីពីនរបស់លោកប្រធានាធិបតី ឌុយទែរតេ កាន់តែដើរឃ្លាតឆ្ងាយ ពីគ្នា។ នៅថ្ងៃសុក្រនេះ ប្រធានផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លោកZeid Ra Ad Al Hussein នៅបានវាយតម្លៃថា លោកប្រធានាធិបតីហ្វីលីពីនត្រូវការចូលខ្លួនទៅឲ្យគ្រូពេទ្យចិត្តសាស្រ្តត្រួតពិនិត្យ វាយតម្លៃស្ថានភាពផ្លូវចិត្តរបស់លោក។
នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ នៅក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សា សិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ លោកប្រធានផ្នែកសិទ្ធិមនុស្សបាននិយាយទៅដល់ការចុះផ្សាយរបស់កាសែត ហ្វីលីពីន ដែលបានស្រង់សំដីរបស់លោកឌុយទែរតេ ដែលបានគំរាមចង់ទះកំភ្លៀង លោកស្រី Agnes Callamard អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ។
លោកស្រី Agnes Callamard ដែលស៊ើបអង្កេតទៅលើការសម្លាប់ក្រៅផ្លូវច្បាប់ នៅហ្វីលីពីន បានក្លាយជាផ្ទាំងស៊ីប វាយប្រហាររបស់លោកឌុយទែរតេ ដោយសារតែលោកស្រីបាន រិះគន់ រដ្ឋាភិបាលលោកឌុយទែរតេ ថា រំលោភច្បាប់ រំលោភសិទ្ធិមនុស្ស នៅក្នុងប្រតិបត្តិការបង្រ្កាបប្រឆាំងក្រុមគ្រឿងញៀន។
ប្រធានឧត្តមស្នងការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានលើកផងដែរ ករណីរបស់អ្នករាយការណ៍ពិសេស ម្នាក់ទៀត របស់អង្គការសហប្រជាជាតិ ដែលទើបត្រូវបានក្រសួងមហាផ្ទៃ ហ្វីលីពីន ដាក់បញ្ចូលឈ្មោះ ទៅក្នុងបញ្ជីឈ្មោះ ពួកឧទ្ទាម កុម្មុយនិស្ត ដែលរដ្ឋាភិបាលរបស់លោកឌុយទែរតេ ចាត់ទុកជាក្រុមភេរវនិយម។ លោកស្រី Victoria Tauli Carpuz ត្រូវបាន ជ្រើសតាំង នៅឆ្នាំ ២០១៤ជាអ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ ទទួលបន្ទុក ផ្នែកជនជាតិភាគតិច។ នៅខែមុននេះ លោកស្រីត្រូវបានក្រសួងយុត្តិធម៌ហ្វីលីពីនចោទប្រកាន់ ប្តឹងទៅតុលាការ តំបន់ ពីបទភេរវកម្ម។
តាមប្រធានឧត្តមស្នងការសិទ្ធិមនុស្ស អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ លោកស្រី Victoria Tauli Carpuz ស្ថិតក្នុងបញ្ជីខ្មៅរបស់រដ្ឋាភិបាល ដោយសារ តែលោកស្រីបានអត្ថាធិប្បាយរិះគន់ ពីការសម្លាប់រង្គាលទៅលើក្រុមជនជាតិភាគតិច នៅតំបន់មីនដាណាវ ជាទីដែលប្រធានាធិបតីហ្វីលីពីនបានប្រកាសដាក់ក្រោមច្បាប់អាជ្ញាសឹក ក្នុងគោលដៅប្រយុទ្ធប្រឆាំងនឹងក្រុមភេរវនិយម កាលពីឆ្នាំ ២០១៧៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ