អានតួអត្ថបទ
ស្រីលង្កា

ព្រះសង្ឃ​ស្រីលង្កា​ធ្វើ​បាតុកម្មបរិហារ​ថ្កោលទោស ​កុប្បកម្ម​ប្រឆាំង​ជនជាតិ​អ៊ីស្លាម

ព្រះសង្ឃ រាប់រយ​អង្គ និង​សកម្មជន​ការពារ​សិទ្ធិមនុស្ស​ស្រីលង្កា នៅថ្ងៃ​សុក្រ​ម្សិលមិញ បាន​ចុះថ្នល់ ធ្វើ​បាតុកម្ម ដើម្បី​ថ្កោលទោស បរិហារ​កុប្បកម្ម ប្រឆាំង​អ៊ីស្លាម ដែល​បាន​សម្លាប់​មនុស្ស ៣​នាក់ នៅ​សប្តាហ៍​នេះ។ កុប្បកម្ម​ដ៏​ហិង្សា ប្រឆាំង​អ៊ីស្លាម បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ស្រីលង្កា សម្រេច​ដាក់​ប្រទេស​ក្នុង​ស្ថានភាព​ប្រកាស​អាសន្ន​រយៈពេល ១០​ថ្ងៃ។

ទាហាន​ស្រីលង្កា​នៅ​សហគមន៍​អ៊ីស្លាម​ដែល​រងការវាយប្រហារ​ដុតបំផ្លាញ នៅក្នុង​កុប្បកម្ម​ប្រឆាំង​អ៊ីស្លាម នៅថ្ងៃទី ៦​មីនា ២០១៨
ទាហាន​ស្រីលង្កា​នៅ​សហគមន៍​អ៊ីស្លាម​ដែល​រងការវាយប្រហារ​ដុតបំផ្លាញ នៅក្នុង​កុប្បកម្ម​ប្រឆាំង​អ៊ីស្លាម នៅថ្ងៃទី ៦​មីនា ២០១៨ ©REUTERS/Stringer
ផ្សាយពាណិជ្ជកម្ម

នៅថ្ងៃ​សុក្រ ថ្ងៃ​សូត្រធម៌​សំខាន់​របស់​អ្នកកាន់​សាសនា​អ៊ីស្លាម ចលនា​ព្រះសង្ឃ​ពុទ្ធសាសនា នៅ​ស្រីលង្កា បាន​បង្ហាញ​សាមគ្គីភាព ជាមួយ សហគមន៍​អ្នកកាន់សាសនា​អ៊ីស្លាម នៅ​៤​ថ្ងៃ​ក្រោយ ដែល​កុប្បកម្ម ប្រឆាំង​អ៊ីស្លាម បាន​សម្លាប់​មនុស្ស​៣នាក់។ សម្រាប់​ចលនា​ព្រះសង្ឃ​ពុទ្ធសាសនា កុប្បកម្ម​ប្រឆាំង​អ៊ីស្លាម កំពុង​បំផ្លាញ ការរួបរួម​ជាតិ នៅ​ស្រីលង្កា។ នៅថ្ងៃ​សុក្រ ប៉ូលិស ទាហាន​ស្រីលង្កា​ត្រូវ​បាន​ពង្រាយ​នៅ​គ្រប់ច្រកល្ហក នៅ​តាម​ ទីប្រជុំជន និង​វិហារ អ៊ីស្លាម ដើម្បី​ការពារ ក្រែង​កើតមាន​ផ្ទុះ សាជាថ្មី កុប្បកម្ម​ប្រឆាំង​សហគមន៍​អ៊ីស្លាម។

រដ្ឋាភិបាល​ស្រីលង្កា នៅថ្ងៃ​អង្គារ បាន​ប្រកាស​ដាក់​ប្រទេស​ក្នុង​ស្ថានភាព​អាសន្ន ១០​ថ្ងៃ។ ប៉ុន្តែ រហូត​មកដល់​ថ្ងៃ​ព្រហស្បតិ៍ ផ្ទះសម្បែង ហាងជំនួញ និង​វិហារ​អ៊ីស្លាម ជាង​២០០​កន្លែង​របស់​ប្រជាជន​ស្រីលង្កា កាន់សាសនា​អ៊ីស្លាម ត្រូវ​បាន​កុប្បករ​ដុត​បំផ្លាញ នៅទូទាំងប្រទេស ស្រីលង្កា។ នៅ​ថ្ងៃ​សុក្រ រដ្ឋាភិបាល​បាន​បើក​ឲ្យ​មាន​ឡើងវិញ បណ្តាញ​អ៊ីនធ័រនែត ប៉ុន្តែ នៅ​បន្ត​បិទ បណ្តាញ​សង្គម​ហ្វេសប៊ុក បន្ទាប់​ពី​ប៉ូលិស​ស្រីលង្កា​រកឃើញ​ថា ក្រុមពុទ្ធសាសនា​ជ្រុលនិយម បាន​ប្រើ​បណ្តាញ​ហ្វេសប៊ុក ដើម្បី​ផ្សព្វផ្សាយ លើកទឹកចិត្ត​ឲ្យ​គេ​ប្រព្រឹត្ត​អំពើហិង្សា​ប្រឆាំង​សហគមន៍​អ៊ីស្លាម នៅទូទាំង​ប្រទេស​ស្រីលង្កា។

នៅក្នុង​សន្និសីទ​កាសែត នៅ​ថ្ងៃ​ព្រហស្បតិ៍ អ្នកនាំពាក្យ​របស់​ប៉ូលិស​ស្រីលង្កា បាន​និយាយថា គេ​បាន​ចាប់ឃាត់​ខ្លួន​មនុស្ស ១៤៥​នាក់ ដែល​មាន​ជាប់​ពាក់ព័ន្ធ ប្រព្រឹត្ត​អំពើហិង្សា នៅក្នុង​កុប្បកម្ម ប្រឆាំង​អ៊ីស្លាម ដែល​នៅក្នុង​នោះ មាន​ម្នាក់​ជា​មេភ្លើង (Amith Weerasinghe ) ជា​ពុទ្ធសាសនិក ជ្រុលនិយម ដែល បាន​ញុះញង់ អុជអាល ឲ្យ​មាន​គេ​ស្អប់ វាយប្រហារ​ទៅ​លើ​សហគមន៍​អ្នកកាន់​សាសនា​អ៊ីស្លាម។

នៅ​ស្រីលង្កា ប្រជាជន​៧៥ភាគរយ កាន់​ពុទ្ធ​សាសនា នៅក្នុង​ពេល​ប្រជាជន​កាន់​សាសនា​អ៊ីស្លាម​មាន​ប្រមាណ​តែ​១០ភាគរយ​ប៉ុណ្ណោះ។ ស្រីលង្កា ក៏​ដូច​ភូមា កំពុង​ស្គាល់​ការកើន​ឡើង​នៃ​ចលនា​សង្ឃ​ជ្រុលនិយម ដែល​ស្អប់​អ្នកកាន់​សាសនា​អ៊ីស្លាម។ ក្រុមសង្ឃ​ជ្រុលនិយម កំពុង​ប្រឈម​នឹង​ការជំនុំជម្រះ នៅតុលាការ សម្រាប់​ការចូលរួម​របស់​ពួកគេ នៅក្នុង​អំពើហិង្សា ទៅលើ​អ្នកកាន់​សាសនា​អ៊ីស្លាម ដែល​បាន​សម្លាប់​មនុស្ស​៤​នាក់ កាលពី​ឆ្នាំ ២០១៤។

មួយវិញទៀត សន្តិសុខ​ដ៏ផុយស្រួយ ដោយសារ​កុប្បកម្ម​ដ៏​ហិង្សា ផ្ទុះ​ដំបូងគេ នៅ​ស្រុក​កណ្ឌី កំពុង​ធ្វើ​ឲ្យ​អ្នកជំនួញ ព្រួយបារម្ភ​ពីការធ្លាក់ចុះ​នៅ​ស្រុក​ទេសចរណ៍ មួយនេះ ដែល​មាន​ប្រាសាទ តម្កល់ធ្មេញ របស់​ព្រះពុទ្ធ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ