អានតួអត្ថបទ

អាមេរិក​បញ្ជាក់​លក្ខខណ្ឌ​នៃជំនួប​រវាងលោកត្រាំនិង​លោក​គីមជុងអ៊ុន

វ៉ាស៊ីនតោន និង​ប៉េកាំង បាន​ដាក់​លក្ខខណ្ឌ​នៅ​ថ្ងៃ​សុក្រ​ម្សិលមិញថា ជំនួប​ជា​ប្រវត្តិសាស្ត្រ​រវាង​លោក​ ដូណាល់ ត្រាំ និង​លោក គីម ជុងអ៊ុន នឹង​សម្រេច​ទៅ​បាន​ ដរាប​ណា​តែ​កូរ៉េខាង​ជើង​ គោរព​ពាក្យ​សន្យា​របស់​ខ្លួន​ឱ្យ​បាន​ខ្ជាប់​ខ្ជួន ក្នុង​ការ​រំសាយ​អាវុធ​នុយក្លេអ៊ែរ​ទាំង​ស្រុង និង​បញ្ចប់​រាល់​គ្រប់​ការ​សាក​ល្បង​នុយក្លេអ៊ែរ ឬ​មីស៊ីល​។

ទាហាន​កូរ៉េខាង​ត្បូង​ងាក​មើល​ទូរទស្សន៍​ដែល​ជូន​ដំណឹង​អំពី​ជំនួប​រវាង​លោក​ត្រាំ និង​លោក គីម ជុងអ៊ុន​
ទាហាន​កូរ៉េខាង​ត្បូង​ងាក​មើល​ទូរទស្សន៍​ដែល​ជូន​ដំណឹង​អំពី​ជំនួប​រវាង​លោក​ត្រាំ និង​លោក គីម ជុងអ៊ុន​ AFP
ផ្សាយពាណិជ្ជកម្ម

លោក ដូណាល់ ត្រាំ បាន​ហៅ​ទូរស័ព្ទ​ទៅ​សមភាគីចិន លោក​ស៊ី ជីនពីង ! ប្រមុខ​ដឹកនាំ​ទាំង​ពីរ​បាន​សាទរ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​អំពី​ទស្សនៈ​វិស័យ​នៃ​ការ​ចរចា​​រវាង​អាមេរិក​និង​កូរ៉េខាង​ជើង និង​បាន​ព្រមព្រៀង​គ្នា​រក្សា​សម្ពាធ​និង​ទណ្ឌកម្ម​លើ​របប​ព្យុងយ៉ាង​យ៉ាង​ខ្លាំង​ដដែល​​រហូត​ណា​ទាល់​តែ​កូរ៉េខាង​ជើង​សម្រេច​ចិត្ត​ច្បាស់​លាស់បោះបង់​ចោល​ទាំង​ស្រុង​​។ នេះ​បើ​តាម​សេចក្តី​ពន្យល់​បំភ្លឺ​របស់​សេតវិមាន បញ្ជាក់​អំពី​ខ្លឹម​សារ​នៃ​កិច្ច​ពិភាក្សា​តាម​ទូរស័ព្ទ​របស់​មេ​ដឹកនាំ​ទាំ​ងពីរ។

ទណ្ឌកម្ម​ដ៏​ធ្ងន់ធ្ងរ​របស់​អាមេរិក​ និ​ងយុទ្ធសាស្ត្រ​ដាក់​ព្យុងយ៉ាង​ឱ្យ​ឯកា​ចាប់​មាន​ប្រសិទ្ធិភាព​​ហើយ ! ដូច្នេះគេ​ត្រូវ​តែ​បន្ត​និង​រក្សា​គំនាប​នេះ​រហូត​ទល់​តែ​កូរ៉េខាង​ជើង មាន​សកម្មភាព​ជាក់​ស្តែង​ក្នុង​ការ​រំសាយ​អាវុធ​នុយក្លេអ៊ែរ ! នេះ​ជា​ការ​បញ្ជាក់​បន្ថែម​របស់​លោកអនុប្រធានាធិបតី​អាមេរិក។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃ​ព្រហស្បតិ៍ លោក​ដូណាល់ត្រាំ បាន​សម្រេច​ទទួល​យក​សំណើ​របស់​លោក គីម ជុងអ៊ុន​ តាម​រយៈ​អន្តរការី​ជាន់​ខ្ពស់​របស់​កូរ៉េខាង​ត្បូង។​ ប៉ុន្តែ​នៅ​ថ្ងៃ​ទី ៩ មីនា ទើប​អ្នក​នាំពាក្យ​សេតវិមាន​បាន​បញ្ជាក់​ ​ថា​ជំនួប​នោះ​អាច​ប្រព្រឹត្ត​ទៅ​បានក្នុង​​លក្ខខណ្ឌតែ​កូរ៉េខាង​ជើង​សន្យា​ច្បាស់​លាស់​បោះបង់​នុយក្លេអ៊ែរ មិន​សាក​ល្បងមីស៊ីល មិន​សាកល្បងនុយក្លេអ៊ែរ និង​ទទួល​យក​ការ​ធ្វើ​សមយុទ្ធ​ទ្វេភាគី​អាមេរិកកូរ៉េខាង​ត្បូង ដែល​តែង​រៀប​ចំ​ធ្វើ​ជាញឹកញាប់។

សេចក្តី​សម្រេច​ចិត្ត​ដ៏​លឿន​រហ័ស​​របស់​លោក​ត្រាំ ក៏​បាន​ធ្វើ​ឱ្យ​រដ្ឋមន្ត្រី​ការបរទេស លោក Tillerson ដែល​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​អាហ្វ្រិក​ ភ្ញាក់​ក្រញ៉ាង​ខ្លាំងនិង​លុប​ចោល​កម្មវិធី​ខ្លះ ដោយ​សុខភាព​មិន​អនុគ្រោះ ព្រោះ​តែ​បាន​​ប្រឹងផ្តោត​ការងារ​លើសំណុំ​រឿង​កូរ៉េខាង​ជើងខ្លាំង​ពេក។ សម្រាប់​លោក Tillerson ពេល​នេះ​ គេត្រូវ​ចាប់​គិត​គូរ​ពី​រយៈ​ពេល​នៃ​ជំនួប​លើក​ដំបូង​ ព្រោះ​អាច​ប្រើពេលច្រើន​សប្តាហ៍​ទើប​រៀប​ចេញ​។ ប៉ុន្តែ​គ្មាន​ព័ត៌មាន​លម្អិតទាក់ទង​នឹង​ជំនួប​រវាងលោក​ត្រាំ​និង​លោក​គីម ត្រូវ​លេច​ធ្លាយ​មក​ក្រៅ​ទេ ​កាលបរិច្ឆេទក៏​គ្មាន និងទីកន្លែងក៏​មិន​ទាន់​កំណត់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ