បារាំងចុះកិច្ចព្រមព្រៀង អនុញ្ញាតឲ្យឥណ្ឌា ប្រើមូលដ្ឋានទ័ពបារាំង នៅមហាសមុទ្រឥណ្ឌា
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:៤៣
កិច្ចព្រមព្រៀង និងកិច្ចសន្យាវិនិយោគចំនួន ២០ ដែលមានតម្លៃ ១៣ពាន់លានអឺរ៉ូ ត្រូវបានចុះហត្ថលេខា នៅថ្ងៃសៅរ៍នេះ នៅក្នុងអំឡុងទស្សនកិច្ចរបស់ប្រធានាធិបតី បារាំង លោកអេម៉ានុយអែល ម៉ាក្រុង បារាំង នៅប្រទេសឥណ្ឌា។ នៅក្រោយការទទួលយ៉ាងរាក់ទាក់ពី លោកនាយករដ្ឋមន្រ្តី ឥណ្ឌា ណារិនដ្រា ម៉ូឌី នៅទីក្រុងញូវដេលី លោកប្រធានាធិបតីបារាំង បានចុះហត្ថលេខា លើកិច្ចព្រមព្រៀង ពង្រឹងការសហការយោធា ឥណ្ឌា និងបារាំង នៅ មមហាសមុទ្រឥណ្ឌា។
នៅក្នុងសន្និសីទកាសែតជាមួយនាយករដ្ឋមន្រ្តីឥណ្ឌា ណារិនដ្រា ម៉ូឌី នៅថ្ងៃដំបូង នៃទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសឥណ្ឌា លោកប្រធានាធិបតី បារាំងបានប្រកាស ថា លោកចង់ឲ្យបារាំង ក្លាយជាប្រទេសដៃគូ ល្អជាងគេរបស់ឥណ្ឌា នៅសហភាពអឺរ៉ុប។ នៅមុនធ្វើដំណើរទៅប្រទេសឥណ្ឌា នៅថ្ងៃសុក្រម្សិលមិញ ប្រមុខរដ្ឋបារាំង បាននិយាយប្រាប់ទស្សនាវដ្តីឥណ្ឌា India Today លោកចង់បានឥណ្ឌាជាប្រទេសដៃគូយុទ្ធសាស្រ្តសំខាន់ជាងគេរបស់បារាំង នៅអាស៊ី។ ប្រធានាធិបតីបារាំង ដែលឆ្លៀតពេលដែលអង់គ្លេស ដើរចេញពីសហភាពអឺរ៉ុប ចង់ឲ្យបារាំងជំនួសកន្លែង របស់អង់គ្លេស និងរុស្ស៊ី ក្នុងនាមជាប្រទេសដៃគូសំខាន់របស់ឥណ្ឌា។
នៅខែមករា លោកប្រធានាធិបតីបារាំងបានធ្វើទស្សនកិច្ចទៅប្រទេសចិន មហាអំណាចសេដ្ឋកិច្ចទី២ និងប្រទេសដែលមានប្រជាជនច្រើនជាងគេលើលោក។ លោកអេម៉ានុយអែល ម៉ាក្រុងបានជ្រើសរើសឥណ្ឌា បន្ទាប់ពីចិន ដើម្បីទៅធ្វើទស្សនកិច្ចផ្លូវរដ្ឋ។ បើនិយាយពីសេដ្ឋកិច្ច ឥណ្ឌា មិនមែនជាដៃគូ នាំមុខរបស់បារាំង នោះទេ។ ការដោះដូរពាណិជ្ជកម្មរវាងបារាំង និងចិន មានទំហំ ទឹកប្រាក់ច្រើនជាងការដោះដូរពាណិជ្ជកម្មបារាំង និងឥណ្ឌាឆ្ងាយណាស់។ ប៉ុន្តែ លោកប្រធានាធិបតីបារាំង លោកចង់បានឥណ្ឌា ជាប្រទេសដៃគូសំខាន់ របស់បារាំង នៅអាស៊ី។ លោកម៉ាក្រុងចង់សំដៅ ទៅដល់ការសហការ ចាប់ដៃគូរវាងប្រទេសទាំងពីរ នៅក្នុងវិស័យ ការពារ សន្តិសុខទៅវិញទេ។
ចូរកុំភ្លេចថា ទំនាក់ទំនងបារាំង ឥណ្ឌា គឺបោះជំហានទៅមុខ ច្រើន ក្នុងវិស័យការពារសន្តិសុខនេះឯង។ បារាំង រហូតមកបានទៅចែចង់ លក់សព្វាវុធរបស់ខ្លួន ដល់ឥណ្ឌា ដែលជាប្រទេសទិញ នាំចូលអាវុធច្រើនជាងគេនៅក្នុងលោក។ នៅឆ្នាំ ២០១៦ ឥណ្ឌា បានចុះកិច្ចសន្យាទិញ យន្តហោះចម្បាំងRafale ដ៏ល្បីឈ្មោះរបស់បារាំង ៣៦គ្រឿង ហើយនិងនាវាមុជទឹក៦គ្រឿង ដែលដើរដោយថាមពលនុយក្លេអ៊ែរ។ តាមរយៈទស្សនកិច្ចរបស់លោកម៉ាក្រុងទៅ ឥណ្ឌាលើកនេះ រដ្ឋាភិបាលបារាំងសង្ឃឹមនឹងបញ្ចុះបញ្ចូលឲ្យឥណ្ឌាទិញបន្ថែមទៀត ឧទ្ធម្ភាគចក្រចម្បាំង និងនាវាមុជទឹកជាច្រើនគ្រឿងទៀត។
បារាំងនឹងអនុញ្ញាតឲ្យនាវាចម្បាំងឥណ្ឌាចូលប្រើមូលដ្ឋានទ័ពរបស់បារាំង នៅ កោះRéunion របស់បារាំង
បារាំងទោះជាជាប់ចំណាត់ថ្នាក់ ជាប្រទេសមហាអំណាចសេដ្ឋកិច្ច នៅក្រោយឥណ្ឌាទៅទៀតនោះ ប៉ុន្តែ បារាំង ត្រូវបានឥណ្ឌា របស់លោកនាយករដ្ឋមន្រ្តីណារិនដ្រា ម៉ូឌី ចាត់ទុកជាប្រទេសដៃគូយុទ្ធសាស្រ្តយោធាដ៏សំខាន់របស់ឥណ្ឌា នៅមហាសមុទ្រឥណ្ឌា។
នៅថ្ងៃសៅរ៍នេះ បារាំង និងឥណ្ឌាសម្រេចចុះបានកិច្ចព្រមព្រៀង ដើម្បីពង្រឹងការសហការរវាងប្រទេសទាំងពីរនៅក្នុងមហាសមុទ្រឥណ្ឌា។ ទៅតាមកិច្ចព្រមព្រៀង ដែលចុះហត្ថលេខាដោយប្រធានាធិបតីបារាំង និងនាយករដ្ឋមន្រ្តី ឥណ្ឌា ប្រទេសទាំងពីរយល់ព្រមបើកមូលដ្ឋានទ័ព ឲ្យកប៉ាល់ចម្បាំង ឥណ្ឌា និងបារាំង អាចចូលចត បានគ្រប់ពេល។
នៅស្ថានភាពជាក់ស្តែង ឥណ្ឌា នឹងអាចចូលទៅប្រើមូលដ្ឋានទ័ពរបស់បារាំង ដែលមាននៅកោះRéunion ឬមូលដ្ឋានទ័ព បារាំង នៅប្រទេសជីប៊ូទី។ អ្នកជំនាញជាច្រើនវាយតម្លៃថា ដោយចូលប្រើមូលដ្ឋានទ័ពរបស់បារាំង នៅមហាសមុទ្រឥណ្ឌាំ ឥណ្ឌាចង់បង្កើនវត្តមាននាវាចម្បាំង របស់ខ្លួន ដើម្បីប្រឈមទប់ទល់នឹងការពង្រីកឥទ្ធិពលយោធារបស់ចិន នៅមហាសមុទ្រឥណ្ឌា និងនៅសមុទ្រចិនខាងត្បូង។
នៅពេលចូលកាន់តំណែងជានាយករដ្ឋមន្រ្តីឥណ្ឌា លោកណារិនដ្រា ម៉ូឌី បាននិយាយថា ការពង្រីកឥទ្ធិពលរបស់ឥណ្ឌា នៅក្នុងតំបន់ជិតខាងរបស់ឥណ្ឌា គឺជាអាទិភាពរបស់រដ្ឋាភិបាលរបស់លោក។ ការបើកភ្លើងខៀវ ពីប្រធានាធិបតី បារាំង ដើម្បី ឲ្យនាវាចម្បាំងឥណ្ឌា បានចូលចត នៅមូលដ្ឋានទ័ពបារាំង គឺប្រៀបបាននឹងអំណោយដ៏ថ្លៃថ្លា សម្រាប់លោកនាយករដ្ឋមន្រ្តីម៉ូឌី ដែលកំពុងសំលឹងចង់កាន់តំណែងជានាយករដ្ឋមន្រ្តីឥណ្ឌាមួយអាណត្តិបន្តទៀត។ អ្នកវិភាគនយោបាយឥណ្ឌាមួយចំនួននិយាយថា ជាមួយ នឹងដំណឹងវិជ្ជមាននៅក្នុងអំឡុងទស្សនកិច្ចរបស់លោកប្រធានាធិបតី បារាំង លោកម៉ូឌី ដែលត្រូវបញ្ចប់អាណត្តិនៅឆ្នាំ ២០១៩ អាចនឹងមានអំណះអំណាងច្រើន ដើម្បីការពារនយោបាយជាតិនិយមរបស់លោក នៅក្នុងអំឡុងឃោសនាបោះឆ្នោត។ ដើម្បីកុំឲ្យអ្នកបោះឆ្នោតឥណ្ឌា ភ្លេចពីដំណឹងល្អនេះ លោកណារិនដ្រា ម៉ូឌី អាចប្រកាសរំលាយសភា ដើម្បីបោះឆ្នោតមុនកាលកំណត់ក៏អាចថាបាន។
បារាំងចង់ចែចង់លក់បច្ចេកវិទ្យា ថាមពលនុយក្លេអ៊ែរ ដល់ឥណ្ឌា
បារាំងចង់ជំរុញការចរចាលក់សព្វាវុធបន្ថែម ដល់ប្រទេសឥណ្ឌា ប៉ុន្តែ វិមានប្រធានាធិបតីបារាំង មិនបានលើកឡើងពីកិច្ចសន្យាលក់សព្វាវុធ នៅក្នុងដំណើរទស្សនកិច្ចរបស់លោកម៉ាក្រុង ទៅឥណ្ឌានោះទេ។ កិច្ចសន្យា និងកិច្ចព្រមព្រៀង ចំនួន ២០ ដែលមានតម្លៃ ១៣ពាន់លានអឺរ៉ូ ដែលបារាំង និងឥណ្ឌាបានចុះជាមួយគ្នា នៅថ្ងៃ សៅរ៍នេះ ភាគច្រើនគឺផ្តោតលើវិស័យថាមពល ហេដ្ឋារចនាសម្ព័ន្ធ ហើយនិងបច្ចេកវិទ្យា។ នៅឥណ្ឌា បារាំងមិនសង្ឃឹមផ្តោតសំខាន់តែលើការលក់អាវុធឲ្យឥណ្ឌានោះទេ។
ឥណ្ឌា ដែលមានប្រជាជន ១ពាន់ ២រយលាននាក់ ជាប្រទេសដែលកំពុងអភិវឌ្ឍ ជាទីផ្សារដ៏សំខាន់ សម្រាប់ផលិតផល និងអ្នកវិនិយោគរបស់បារាំង។ ឥណ្ឌារបស់លោកណារិនដ្រា ម៉ូឌី កំពុងត្រូវការធនធាន ចំណេះជំនាញធ្វើ និងបច្ចេកវិទ្យា សម្រាប់បំពាក់ ហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវរទេះភ្លើង ឬសម្រាប់ បង្កើន បង្កើតថាមពល ដែលឥណ្ឌាត្រូវការសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចរបស់ខ្លួន។ បារាំង មានជំនាញខាងបង្កើតរោងចក្រអគ្គសនីដើរដោយថាមពលនុយក្លេអ៊ែរ ហើយនិងថាមពលព្រះអាទិត្យ។ ជំនាញនេះ ឆ្លើយតបតែម្តង ទៅនឹងតម្រូវការរបស់ឥណ្ឌា។ ឥណ្ឌា ដែលជាប្រទេសធំទី ២ ខាងបញ្ចេញផ្សែងពុលបរិយាកាស កំពុងចង់ដោះដៃ ពីថាមពលដើរដោយធ្យូងថ្ម។ ឥណ្ឌា ដែលបានឃើញច្បាស់ពីផលប៉ះពាល់នៃផ្សែងពុល ហើយនិងការប្រែប្រួលអាកាសធាតុទៅលើដំណាំកសិកម្ម បានប្តេជ្ញាចិត្ត ចូលរួមជាមួយបារាំង ដើម្បីធ្វើជាម្ចាស់ផ្ទះ រៀបចំសន្និសីទ ជំនួបកំពូលស្តីពីសម្ព័ន្ធ ដើម្បីថាមពលមិនចេះរីងស្ងួត ដែលត្រូវបើកធ្វើ នៅថ្ងៃអាទិត្យ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ