អានតួអត្ថបទ
អង្គការ​សហប្រជាជាតិ

អង្គការ​សហប្រជាជាតិ​ស្វែងរក​ថវិកា ១ពាន់​លាន​ដុល្លារ សម្រាប់​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា

មន្រ្តី អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​បង់ក្លាដែស​បាន​និយាយ​នៅថ្ងៃអាទិត្យ​ទី​១១​មីនាថា គេ​ត្រូវការ​ថវិកា​ប្រមាណ ១ពាន់​លាន​ដុល្លារ សម្រាប់​ចិញ្ចឹម និង​ថែទាំ​សុខភាព​របស់​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា ដែល​កំពុង​រស់នៅ កកកុញគ្នា នៅក្នុង​ជំរំ​ជនភៀសខ្លួន ក្នុង​ទឹកដី បង់ក្លាដែស។ ជនភាគតិច​រ៉ូហ៊ីងយ៉ា កាន់​សាសនា​អ៊ីស្លាម​ប្រមាណ ៧សែននាក់ បាន​រត់ភៀសខ្លួន គេចចេញ ពី​អំពើហិង្សា នៅ​រដ្ឋរ៉ាឃីន ភាគខាងលិច​ប្រទេស​ភូមា។ 

កុមារ​រ៉ូហ៊ីងយ៉ា​នៅជំរំភៀសខ្លួន​នៅក្នុងទឹកដី​បង់ក្លាដែស
កុមារ​រ៉ូហ៊ីងយ៉ា​នៅជំរំភៀសខ្លួន​នៅក្នុងទឹកដី​បង់ក្លាដែស ©REUTERS/Andrew RC Marshall
ផ្សាយពាណិជ្ជកម្ម

អង្គការ​សហប្រជាជាតិ​ត្រូវការ​ថវិកា ៩៥០​លាន​ដុល្លារ សម្រាប់​ផ្តល់​ជំនួយ​មនុស្សធម៌​ដល់​ជនភាគតិច​រ៉ូហ៊ីងយ៉ា ដែល​កំពុង​រស់នៅក្នុង​ជំរំភៀសខ្លួន ក្នុង​ទឹកដី​បង់ក្លាដែស។ តាម​មន្រ្តី អង្គការ​សហប្រជាជាតិ​ប្រចាំ​ប្រទេស​បង់ក្លាដែស ៩៥០​លាន​ដុល្លារ ជា​ថវិកា​ដែល​គេ​ត្រូវការ​សម្រាប់​តែការចំណាយ នៅ​ឆ្នាំ ២០១៨ និង​ដែល​គេ​សង្ឃឹម​ប្រមូល​រៃអង្គាស​បាន​នៅក្នុង​អំឡុង​សន្និសីទ​របស់​អង្គការ​សហប្រជាជាតិ នៅ​ទីក្រុង​ហ្សឺណែវ នៅ​សប្តាហ៍នេះ។

នៅ​ខែ​តុលា​ឆ្នាំមុន អង្គការ​សហប្រជាជាតិ​បាន​ប្រកូកប្រកាស ស្វែងរក​ជំនួយ ថវិកា ៤៣៤​លាន​ដុល្លារ ដើម្បី​អាច​ផ្តល់​ជំនួយ​មនុស្សធម៌ ដល់​ប្រជាជន​រ៉ូហ៊ីងយ៉ា រហូត ដល់​ខែ​កុម្ភៈ។ អាហារ ការព្យាបាល​ជម្ងឺ និង​ជំរក​ជា​តម្រូវការ​ចាំបាច់​របស់​ជនភាគតិច​រ៉ូហ៊ីងយ៉ា ដែល​បាន​រត់ភៀសខ្លួន ពី​រដ្ឋរ៉ាឃីន ទៅជ្រកកោន ក្នុង​ទឹកដី​បង់ក្លាដែស ជាប់ព្រំដែន​ភូមា។ លោកស្រី Mia Seppo​ប្រធាន​អង្គការ​សហប្រជាជាតិ​ប្រចាំ​បង់ក្លាដែស នៅ​ថ្ងៃ​អាទិត្យ​បាននិយាយថា នៅពេល​រដូវភ្លៀង​មូសុង​ខិតចូល​ជិតមកដល់ តម្រូវការ បន្ទាន់ ជាងគេ​គឺ​ទីកន្លែង និង​សំពត់តង់ ជ្រក​ទឹកភ្លៀង សម្រាប់​ជនភៀសខ្លួន រ៉ូហ៊ីងយ៉ា ១សែននាក់ ដែល​កំពុង​រស់នៅ ក្នុង​តំបន់​លិចទឹក នៅ​ស្រុក Cox’s Bazar របស់​បង់ក្លាដែស។ អង្គការ​ក្នុង​ស្រុក មួយចំនួន ដែល​ទទួល​ជំនួយ​ពី​អង្គការ​សហប្រជាជាតិ​បាន​លើកឡើង​ផងដែរ​ពី​តម្រូវការ​ថវិកា​សម្រាប់​យុទ្ធនាការ​ចាក់ថ្នាំ​បង្កា ដល់​ជនភៀសខ្លួន ដែលកំពុង​ប្រឈម​នឹង​ជម្ងឺឆ្លង និង​រាតត្បាត នៅក្នុង​ជំរំភៀសខ្លួន។

សូមអាន៖ ភូមា និង​បង់ក្លាដែស​បាន​ព្រមព្រៀង​គ្នា​រៀបចំ​ការ​វិលត្រឡប់​របស់​ពលរដ្ឋ​រ៉ូហ៊ីងយ៉ា​ទៅ​ភូមា​វិញ

សម្រាប់​មន្រ្តី​អង្គការ​សហប្រជាជាតិ មួយភាគបួន នៃ​ថវិកា​សរុប ៩៥០​លាន​ដុល្លារ នឹង​ប្រើ​ផងដែរ សម្រាប់​ជា​សំណង​ជម្ងឺចិត្ត​ដល់​ប្រជាជន​បង់ក្លាដែស នៅ​ស្រុក Cox’s Bazar ដែល​រងប៉ះពាល់ បាត់បង់​ដីធ្លី ដោយសារ​លំហូរជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា។

ជនភាគតិច​រ៉ូហ៊ីងយ៉ា ប្រមាណ ៧សែននាក់ បាន​រត់ឆ្លង​ចូល​ទឹកដី​បង់ក្លាដែស ដើម្បី គេច​ចេញពី​ហិង្សា ដែល​អង្គការ​សហប្រជាជាតិ បាន​ទម្លាក់​ការទទួល​ខុសត្រូវ​ទៅលើ​ទាហាន​ភូមា។ នៅដើម​សប្តាហ៍នេះ ទីប្រឹក្សា​សន្តិសុខ​ជាតិ​ភូមា​បាន​ទាត់ចោល​ការចោទប្រកាន់​របស់​អង្គការ​សហប្រជាជាតិ ដែល​ថា យោធា​ភូមា​កំពុង​ធ្វើ​នយោបាយ​បោសសម្អាតជនជាតិ​ភាគតិច រ៉ូហ៊ីងយ៉ា។ នៅ​ខែ​វិច្ឆិកាឆ្នាំមុន បង់ក្លាដែស និង​ភូមា​បាន​យល់ព្រមព្រៀង​គ្នា ដើម្បី​ធ្វើ​មាតុភូមិនិវត្តន៍​របស់​ជនភាគតិច​រ៉ូហ៊ីងយ៉ា​ទៅ​រដ្ឋរ៉ាឃីន។ ប៉ុន្តែ ដំណើរការ​ត្រូវជាប់គាំង ហើយគេ​មិនដឹងថា តើ​ពេលណា​នឹង​អាច​ចាប់ផ្តើម​ពិតប្រាកដ​នោះ​ទេ។ មេទ័ព​ភូមា ធ្លាប់​បាន​ប្រកាស​រួចហើយ​ថា នឹង​មិនទទួល​យក​វិញ ជនជាតិ រ៉ូហ៊ីងយ៉ា ដែល​មិនមែន​ជាជនជាតិ​ភាគតិច​ស្របច្បាប់​នៅ​ភូមា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ