សភាបោះឆ្នោតបើកផ្លូវឲ្យលោកស៊ី ជីនពីងក្លាយជាប្រធានាធិបតីចិនដោយគ្មានកាលកំណត់
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:៣៣
ដូចការរំពឹងទុក សភាប្រជាជនចិន នៅថ្ងៃអាទិត្យទី ១១មីនា បានបោះឆ្នោត អនុម័ត ឲ្យលុបចោល ការកំណត់ពីរអាណត្តិរបស់ប្រធានាធិបតីចិន។ ជាមួយ នឹងសំឡេងគាំទ្រ ២៩៥៨ និងប្រឆាំងតែ២សំឡេង សមាជិកសភាប្រជាជនចិន បានបោះឆ្នោតគាំទ្រ កំណែទម្រង់រដ្ឋធម្មនុញ្ញ ដែលនឹងបើកផ្លូវឲ្យលោកស៊ី ជីនពីង ប្រធានាធិបតីបច្ចុប្បន្នរបស់ចិន អាចនៅបន្ត កាន់អំណាច អស់មួយជីវិត។
ការបោះឆ្នោតរបស់សភាប្រជាជនចិន នៅថ្ងៃនេះ គ្រាន់តែជានិមិត្តរូបតែប៉ុណ្ណោះ ព្រោះគេដឹងមុនហើយថា សភាប្រជាជនចិននឹងបោះឆ្នោត ទៅតាមការកំណត់ផ្លូវ ចង់បានរបស់បក្សកុម្មុយនិស្តចិន ដែលមានលោកប្រធានាធិបតីស៊ី ជីនពីង ជាអគ្គលេខាធិការបក្ស។ ជាមួយនឹងសំឡេងគាំទ្រ ២៩៥៨ ប្រឆាំង ២ ហើយនិងអនុប្បវាទ ចំនួន៣ សភាប្រជាជនចិនបានលុបចោលមាត្រាដែលកំណត់អាណត្តិរបស់ប្រធានាធិបតី។ ទៅតាមកំណែទម្រង់រដ្ឋធម្មនុញ្ញ គេបានបញ្ចូលផងដែរ ទស្សនៈកម្មុយនិស្ត របស់លោកស៊ី ជីនពីង ទៅក្នុងរដ្ឋធម្មនុញ្ញទៀត ដែលនេះ ជាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ដែលពុំធ្លាប់មានសម្រាប់ថ្នាក់ដឹកនាំ ចិន ណា ក្រៅតែពី លោក ម៉ៅ សេងទុង។ នៅថ្ងៃអាទិត្យ គេបានបញ្ចូលផងដែរពីតួនាទីរបស់ថ្នាក់ដឹកនាំបក្សកុម្មុយនិស្តទៅក្នុងរដ្ឋធម្មនុញ្ញចិន។ ចំណាត់ការនេះអាចធ្វើឲ្យគេកាត់យល់ថា អាជ្ញាធរចិននឹងអាចយកលេសបង្រ្កាប អ្នកប្រឆាំងនឹងរបបកុម្មុយនិស្ត នៅក្នុងបទចោទប្រកាន់រំលោភច្បាប់ ក្នុងរដ្ឋធម្មនុញ្ញ។
តាមធម្មតា លោកស៊ី ជីនពីង អាយុ ៦៤ឆ្នាំ ត្រូវបញ្ចប់អាណត្តិទី២របស់លោក នៅឆ្នាំ ២០២៣។ ប៉ុន្តែ នៅពីរសប្តាហ៍មុននេះ បក្សកុម្មុយនិស្តបានប្រកាសដំណឹងគួរឲ្យភ្ញាក់មើលមួយ នោះ គឺបក្សបានសម្រេចឲ្យគេលុបចោលមាត្រាដែលមានចែងពីការកំណត់អាណត្តិប្រធានាធិបតី។ គេដឹងច្បាស់ណាស់ថា គំនិតនេះ គឺចេញមកពីលោកស៊ី ជីនពីង ព្រោះលោកជាអគ្គលេខាធិការបក្សកុម្មុយនិស្តចិន ដែលជាតំណែងដឹកនាំកំពូលរបស់ចិន។
សកម្មជនប្រឆាំងរបស់ចិន គឺលោក ហ៊ូ ជា នៅថ្ងៃអាទិត្យ បានប្រតិកម្ម និយាយប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង AFPថា នៅសតវត្សរ៍ ទី២១ នៅសករាជអ៊ីនធ័រនែត និងសកលភាវូបនីយកម្ម មេដឹកនាំផ្តាច់ការដូចជាម៉ៅ សេទុង បានកើតមានជាថ្មី នៅប្រទេសចិន។
សូមអាន៖ លោក ស៊ី ជីនពីង បុរសខ្លាំងថ្មីនៃបក្សកុម្មុយនិស្តចិន
ពីការដឹកនាំរបស់បក្ស មកជាការដឹកនាំផ្តាច់មុខរបស់បុគ្គលប្រធានាធិបតីចិន
ដោយនៅចង់បន្តកាន់អំណាច គ្មានកាលកំណត់ លោកស៊ី ជីនពីង កំពុងទាត់ចោលគំរូនយោបាយ ដែលបក្សកុម្មុយនិស្តចិន បានអនុវត្ត នៅបីទសវត្សរ៍មកនេះ។ នៅទសវត្សរ៍ឆ្នាំ ១៩៩០ បិតាកំណែទម្រង់ចិន លោកតេង ស៊ាវពីង បានបង្កើតគំរូនយោបាយមួយ ដោយបានកំណត់ឲ្យប្រធានាធិបតីចិន កាន់អំណាចតែពីរអាណត្តិ រយៈពេល១០ឆ្នាំ។ ធ្វើដូច្នេះ គឺដើម្បី ជៀសវាងកុំឲ្យប្រទេសធ្លាក់ទៅក្នុងដៃគ្រប់គ្រងរបស់បុគ្គលផ្តាច់ការ ដូចជាលោកម៉ៅ សេទុង ដែលបានដឹកនាំគ្រប់គ្រងចិន រយៈពេល ២៧ឆ្នាំ រហូតដល់ថ្ងៃស្លាប់របស់លោកនៅឆ្នាំ ១៩៧៦។ សម្រាប់លោកតេងស៊ាវពីង ចិនត្រូវតែដឹកនាំគ្រប់គ្រងដោយកម្លាំងរួមរបស់បក្ស ដើម្បី ជៀសវាងការប្រមូលផ្តុំអំណាចលើបុគ្គលតែម្នាក់។
ទៅតាមគំរូនយោបាយរបស់លោកតេងស៊ាវពីង ប្រទេសចិន នៅជាង៣ទសវត្សរ៍មកនេះ ជាប្រទេសប្រកាន់យករបបដឹកនាំបែបឯកបក្ស គ្រប់គ្រងដោយបក្សតែមួយ គឺបក្សកុម្មុយនិស្តចិន។ ទៅតាមន័យនេះ អំនាចពិតប្រាកដរបស់លោកស៊ី ជីនពីង មិនមែនកើតចេញមកពីតំណែងប្រធានាធិបតីទេ ប៉ុន្តែ កើតចេញពីតំណែងជាអគ្គលេខាធិការបក្សកុម្មុយនិស្ត និងពីតំណែងជាប្រធានគណៈកម្មាធិការកងទ័ពមជ្ឈិមបក្ស ដែលជាអំណាចកំពូលខាងកងទ័ព។
លោកស៊ី ជីនពីងរៀបចំត្រួសត្រាយផ្លូវ ដើម្បីក្លាយជាប្រធានាធិបតីដែលមានអំណាចផ្តាច់មុខ
ចាប់តាំងពីចូលកាន់អំណាចពេញដៃ ក្នុងនាមជាអគ្គលេខាធិការបក្ស នៅចុងឆ្នាំ ២០១២ លោកស៊ី ជីនពីងបានពង្រឹងអំណាចបុគ្គលរបស់លោក ដោយបានសម្រិតសម្រាំងមុខមាត់របស់លោក ខ្លាំង មិនថា នៅក្នុងពាក្យឃោសនា ឬក្នុងប្រព័ន្ធផ្សព្វផ្សាយ។
សូមអាន៖ តើចិនក្រោមការដឹកនាំរបស់លោកស៊ី ជីនពីង និងលី ខឺឈាំងនឹងមានមុខមាត់យ៉ាងម៉េច?
លោកបានបញ្ចេញមុខមាត់ស្នាដៃ ក្នុងនាមជាបុគ្គល ប៉ុន្តែ មិនមែនជាស្នាដៃរបស់បក្សនោះទេ។ ជាក់ស្តែង យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ របស់លោក បានធ្វើឲ្យមតិមហាជនចិន ស្គាល់លោកថា ជាមេដឹកនាំចិន លេចធ្លោ។ ដោយបោះឆ្នោត លុបចោលកាលកំណត់អាណត្តិប្រធានាធិបតី សភាប្រជាជនចិនបានបើកផ្លូវផងដែរ ឲ្យ លោកស៊ី ជីនពីង រុះរើ កែប្រែទម្លាប់របស់បក្ស ដើម្បី កាន់អំណាចអស់មួយជីវិត ឬ ទៅតាមចិត្តចង់របស់លោក។ អាចថា ពីពេលនេះតទៅ ថ្នាក់ដឹកនាំកំពូលរបស់ចិន លែងជាបក្សកុម្មុយនិស្ត ទៀតហើយ ប៉ុន្តែ ជាបុគ្គល គឺលោកប្រធានាធិបតីស៊ី ជីនពីង
សញ្ញាមិនល្អសម្រាប់សង្គមចិន
តាមកាសែតចិន ការលុបចោលមាត្រា ដែលចែងពីការកំណត់អាណត្តិប្រធានាធិបតី មិនមែនមានន័យថា លោកស៊ី ជីនពីងនឹងធ្វើជាប្រធានាធិបតីចិនអស់មួយជីវិតនោះទេ។ ម្យ៉ាងទៀត វាជាតម្រូវការចាំបាច់ ដើម្បី ធានាការរស់ឡើងវិញ សង្គមចិន។
លោកស៊ី ជីនពីង នៅពេលចូលកាន់តំណែងជាប្រធានាធិបតីចិន នៅឆ្នាំ ២០១២ ធ្លាប់បាននិយាយដូច្នេះមែន ថា លោកសុបិន្តចង់ឃើញចិន ក្លាយជាប្រទេសមានបាន ជាប្រទេសមហាអំណាច ទាំងសេដ្ឋកិច្ច និងយោធា និងជាប្រទេសមោទនភាព។ ដើម្បីសម្រេចតាមកក្តីសុបិន្តនេះ អាណត្តិដឹកនាំតែរយៈពេល១០ឆ្នាំ មិនគ្រប់គ្រាន់នោះទេ។ លោកស៊ី ជីនពីង ចង់នៅបន្តកាន់តំណែង ប្រធានាធិបតីលើសពី២អាណត្តិ ព្រោះលោកចង់សម្រេចឲ្យបាននយោបាយសេដ្ឋកិច្ច ផ្លូវមួយ ខ្សែក្រវ៉ាត់ របស់ចិន នៅ ឆ្នាំ ២០៣០ ដែលនឹងនាំផលប្រយោជន៍សេដ្ឋកិច្ចច្រើនដល់ប្រជាជនចិន។
ការប្រមូលផ្តុំអំណាចមកនៅក្នុងដៃរបស់មនុស្សម្នាក់ មិនមែនជារឿងវិជ្ជមាននោះទេ។ ចិន ដែលមានប្រជាជនជាង ១ពាន់ ៣រយលាននាក់ បានស្គាល់សុខសន្តិភាព បីទសវត្សរ៍មកនេះ ដោយសារតែការគ្រប់គ្រង ដឹកនាំរួម របស់បក្សកុម្មុយនិស្តចិន។ ចិនក្រោម ការដឹកនាំផ្តាច់មុខរបស់មនុស្សតែម្នាក់ គឺលោកម៉ៅ សេទុង ធ្លាប់បានស្គាល់ចលាចល ម្តងហើយ កាលពីអតីតកាល។ ដើម្បីពង្រឹងអំណាចរបស់ខ្លួន ម៉ៅ សេទុង បានបង្កើតបដិវត្តវប្បធម៌ ដើម្បី បោសសម្អាតក្រុមប្រឆាំង នឹងខ្លួន ក្នុងផ្ទៃបក្ស រហូតជំរុញឲ្យមានការងើបបះបោរប្រឆាំងតបវិញ ពីប្រជាជន និងសមាជិករបស់បក្ស។ គេខ្លាចថា លោកស៊ី ជីនពីងនឹងអាចធ្វើឲ្យចិន ដើរត្រលប់ថយក្រោយ និងអាចដើរតាមជាន់ដានចាស់ របស់ម៉ៅសេទុង ពោលគឺមិនរារែកនឹងប្រើអំណាចផ្តាច់ការ បង្រ្កាបអ្នកដែលប្រឆាំងនឹងខ្លួន។ ការនៅក្រាញចង់កាន់តំណែងប្រធានាធិបតីគ្មានកាលកំណត់យ៉ាងដូច្នេះ នឹងអាចធ្វើឲ្យលោកស៊ី ជីនពីង ចង់ ឬមិនចង់ ជួបប្រឈមនឹងការតវ៉ា នៅថ្ងៃណាមួយ ពីប្រជាជន ចិន ដែលនៅសតវត្សរ៍ ទី ២១ លែងចង់បានតទៅទៀត ការរស់នៅក្រោមការគាបសង្កត់បិទសេរីភាព របស់មេដឹកនាំផ្តាច់ការ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ