ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 21/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 21/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 21/08 12h00 GMT
អាស៊ី

ការសិក្សា​អាមេរិក​ថា ចិន​កំពុង​ទទួល​ជោគជ័យ​នៅ​ក្នុង​សង្រ្គាមប្រឆាំង​ផ្សែងពុល​បរិយាកាស

media  
ការសិក្សា​អាមេរិក​ថា ចិន​កំពុង​ទទួល​ជោគជ័យ​នៅ​ក្នុង​សង្រ្គាមប្រឆាំង​ផ្សែងពុល​បរិយាកាស REUTERS/Jason Lee

នៅ​ក្នុង​ប្រទេស​ចិន លទ្ធផល​នៃ​ការ​សិក្សា​មួយ​របស់​សាកលវិទ្យាល័យ Chicago នៅ​អាមេរិក​ចេញ​ផ្សាយ​ជា​សាធារណៈ​នា​ថ្ងៃ​អង្គារ ទី១៣ មីនា​ឲ្យ​ដឹង​ថា ចិន​ដែល​ជា​ប្រទេសទី១​បំពុល​បរិយាកាស​លើ​លោក​បាន និង​កំពុង​ទទួល​ជោគជ័យ​នៅ​ក្នុង​យុទ្ធនាការ​ប្រឆាំង​ផ្សែងពុល​បរិយាកាស។ ផ្អែក​តាម​លទ្ធផល​នៃ​ការ​សិក្សា​ដដែល ជោគជ័យ​នេះ​នឹង​អាច​ជួយ​បង្កើន​អាយុកាល​រស់នៅ​ជា​មធ្យម​របស់​ពលរដ្ឋ​ចិន​ជាង ២ឆ្នាំ​បន្ថែម​ទៀត។

 

គឺ​ដោយ​ផ្អែក​លើ​ទិន្នន័យ​បាន​មក​ពី​ឧបករណ៍​ស្ទង់​ចំនួន ២០០ ដាក់​តាំង​នៅ​ទូទាំង​ប្រទេស​ចិន​ដែល​សាកលវិទ្យាល័យ Chicago ហ៊ាន​សន្និដ្ឋាន​ថា ចិន​កំពុង​ទទួល​បាន​ជោគជ័យ​នៅ​ក្នុង​យុទ្ធនាការ​ប្រឆាំង​ផ្សែង​ពុល​បរិយាកាស។ តាម​សាកលវិទ្យាល័យ Chicago អត្រា​នៃ​សារធាតុ​ល្អិតឆ្មារ​ដែល​គ្រោះថ្នាក់​ខ្លាំង​ដល់​ជីវិត​បាន​ថយ​ចុះ​ចំនួន ៣២% ក្នុង​ចន្លោះ​ឆ្នាំ ២០១៣ និង ២០១៧។ តាម​លទ្ធផល​នៃ​ការ​សិក្សា​ដដែល បើ​អត្រា​សារធាតុ​ល្អិតឆ្មារ​នឹង​បន្ត​ធ្លាក់​ចុះ​ក្នុង​កម្រិត​ដដែល​នា​ពេល​ខាង​មុខ​ទៀត នោះ​អាយុកាល​រស់នៅ​ជា​មធ្យម​របស់​ពលរដ្ឋ​ចិន​នឹង​មាន​ការ​កើន​ឡើង​ជិត ២ឆ្នាំ​កន្លះ។

លោក Michael Greenstone ដែល​ជា​អ្នក​ដឹកនាំ​ការ​សិក្សា​នេះ​បាន​ថ្លែង​ថា ចិន​ជា​ប្រទេស​គំរូ​ទី១ ដែល​ទទួល​បាន​ជោគជ័យ​ឆាប់​រហ័ស​នៅ​ក្នុង​យុទ្ធនាការ​ប្រឆាំង​ផ្សែងពុល​បរិយាកាស។ នៅ​អាមេរិក គេ​ត្រូវ​ការ​ពេល​វេលា​ជាង ១០ឆ្នាំ​ទើប​អាច​សម្រេច​គោលដៅ​ស្មើ​នឹង​ចិន បន្ទាប់​ពី​អាមេរិក​បាន​អនុម័ត​ច្បាប់​ស្តីពី​ខ្យល់​ក្នុង​ឆ្នាំ ១៩៧០ នេះ​ជា​ការ​បញ្ជាក់​បន្ថែម​របស់​លោក Greenstone។ សូម​ជម្រាប​ជូន​ថា គឺ​ដោយ​មាន​សម្ពាធ​របស់​មហាជន​ចិន​ដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ចេញ​ផែនការ​ប្រឆាំង​នឹង​ផ្សែងពុលបរិយាកាស​ក្នុង​ឆ្នាំ ២០១៣។

គោលដៅ​នៃ​ផែនការ​នោះ គឺ​កាត់​បន្ថយ​ឲ្យ​បាន ១ភាគ៤ នូវ​កំហាប់​សារធាតុ​ល្អិតឆ្មារ​ក្នុង​បរិយាកាស​នៅ​តាម​តំបន់​សំខាន់ៗ​មួយ​ចំនួន​ស្ថិត​ជុំវិញ​ទីក្រុង​ប៉េកាំង និង​ទីក្រុង​សៀងហៃ។ នយោបាយ​ប្រឆាំង​ផ្សែងពុល​បរិយាកាស​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​សង្គម និង​ខាត​បង់​សេដ្ឋកិច្ច​ជា​ច្រើន ព្រោះ​រដ្ឋអំណាច​បាន​បញ្ជា​ឲ្យ​បិទទ្វារ​រោងចក្រ​ជា​ច្រើន​ពាន់​ដែល​ស្ថិត​ក្បែរ​ទីក្រុង​ខ្លាំង​ពេក។ បន្ទាប់​មក​នា​ដំណាច់​ឆ្នាំ ២០១៧ រដ្ឋអំណាច​ចិន​ក៏​បាន​ប្រកាស​លែង​ឲ្យ​ប្រើប្រាស់​ម៉ាស៊ីនកម្តៅ​ខែ​រងារ​ដែល​ដើរ​ដោយ​ធ្យូង។

លោក Greenstone បាន​ផ្តល់​ចំណាប់​អារម្មណ៍​ដោយ​កត់សម្គាល់​ថា ចិន​មិន​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ប្រទេស​ប្រជាធិបតេយ្យ​ទេ តែ​រដ្ឋាភិបាល​មាន​សុឆន្ទៈ និង​សេចក្តីក្លាហាន​ចាត់​វិធានការ​តាម​ការ​ទាមទារ​របស់​មហាជន៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ