ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 22/07 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/07 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 22/07 12h00 GMT
អាស៊ី

ការ​​លក់​បង្ខូច​​តម្លៃ​​ដែកថែប​៖​​ចិន​​បដិសេធ​​ការចោទ​​ប្រកាន់​​របស់​​កាណាដា​​

media  
កម្មករ​ម្នាក់ នៅ​រោងចក្រ​ដែកថែប ខែត្រ​ Hubei ប្រទេស​ចិន។ Getty Images

ថ្ងៃ​អង្គារ​នេះ ចិន​បាន​​ប្រកាស​បដិសេធ​ការ​ចោទប្រកាន់​របស់​កាណាដា ដែល​ថា​ចិន​លក់​​បង្ខូច​តម្លៃ​​ដែកថែប។ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន​លើកឡើង​ថា​ ចិន​បាន​ចាត់វិធានការ​ដើម្បី​កាត់​បន្ថយ​ការ​ផលិត​លើសលុប​របស់​ខ្លួន។ ​​បញ្ហា​នៃ​ការ​ផលិត​​​​លើសលុប​ក្នុង​ពិភពលោក​ គ្មាន​ប្រទេស​ណាអាច​​ដោះស្រាយ​​បាន​តែ​ឯង​នោះទេ។ ​​​​

ចិន​បដិសេធ​ការចោទប្រកាន់​របស់​នាយករដ្ឋមន្ត្រី​កាណាដា ដែល​ចោទ​ថា​ ចិន​លក់​បង្ខូច​តម្លៃ​​ដែកថែប។ ថ្ងៃចន្ទ​កន្លងទៅ លោក​ជូស្ទីន ទ្រូដូ ​បាន​ចោទ​ថា ចិន​បាន​លក់​បញ្ចុះ​ថ្លៃ​ដែកថែប និង​អាលុយមីញ៉ូម ក្នុង​ទីផ្សារ​ពិភពលោក។ បញ្ហា​នេះ​នាំអោយ​មាន​ការ​ប្រកួតប្រជែង​មិនស្មោះត្រង់​ក្នុង​ឧស្សាហកម្ម​ដែក​អាមេរិក​ខាងជើង។

​ថ្ងៃអង្គារ លោក​លូ កាង ជា​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន ​លើកឡើង​ថា ចិន​បាន​ចាត់​វិធានការ​​ជាក់ស្តែង ​​កាត់បន្ថយ​​ការផលិត​ដែកថែប​ដ៏​លើសលុប​ក្នុងស្រុក។ ​ចិន​សង្ឃឹម​ថា ​គ្រប់ប្រទេស​ដែល​ផលិត​ដែកថែប​អាច​​សន្យាថា ខំ​​ប្រឹងប្រែង​កាត់បន្ថយ​សមត្ថភាព​ផលិត​របស់​ខ្លួន។ ចិន​លើកឡើង​ថា​ ​​បញ្ហា​បង្កឡើង​ដោយ​ការ​ផលិត​លើសលុប​នេះ ជា​បញ្ហា​ពិភពលោក ​​ប្រទេស​តែ​មួយ​មិនអាច​ដោះស្រាយបានតែ​ឯងទេ ទាល់តែ​មា​នការ​សហការ​ជា​អន្តរជាតិ។

កាណាដា​ចោទ​ប្រកាន់​ថា ចិន​លក់បង្ខូច​តម្លៃ​ដែកថែប​និង​អាលុយមីញ៉ូម​ដូច្នេះ បន្ទាប់​ពី​សហរដ្ឋ​អាមេរិក​សម្រេច​​យកពន្ធ​គយ​ធ្ងន់ធ្ងរ​លើការនាំចូល​​ដែកថែប​និង​អាលុយមីញ៉ូមក្នុងទឹកដី​សហរដ្ឋ​អាមេរិក។ ដែកថែប​ដែល​ចិន​ផលិត មាន​បរិមាណ​​ប្រហែល​ពាក់កណ្តាល​ដែកថែប​ផលិត​ក្នុង​ពិភពលោក​។ ​ចិនធ្លា​ប់​​សន្យា​កាត់​បន្ថយ​ការ​ផលិត​​អោយ​ធ្លាក់​មក​​ត្រឹម​១៥០លានតោន​មែន​ ប៉ុន្តែ ឆ្នាំ​២០១៦ ​ការផលិត​របស់​ចិន​បាន​កើនហួស​ពី​១ពាន់​១រយ​លាន​តោន​ទៅទៀត។ ទោះយ៉ាងនេះ​ក្តី អាជ្ញាធរ​ចិន​ថា ទិសដៅ​កាត់បន្ថយ​នេះ​អាច​នឹង​សម្រេច​ ​​នៅឆ្នាំ​២០១៨​នេះ​ហើយ។ ​ចិន​អះអាង​ថា​ ឆ្នាំ​២០១៧​កន្លងទៅ ​បាន​កាត់បន្ថយ​​ការផលិត​បាន​ជាង​៥០លាន​តោន។ ប៉ុន្តែ អង្គការ​World Steel Association ដែល​ជា​សហព័ន្ធ​អន្តរជាតិ​វិស័យ​មួយនេះ ​លើកឡើងដូចជា​​ខុសពីចិន​ គឺ​លើកឡើង​ថា ចិន​បាន​បង្កើន​ការផលិត​ដែកថែប ​៥,៧ភាគរយ ក្នុង​ឆ្នាំ​២០១៧ ត្រូវនឹង​ជាង​៨៣១លានតោន។ ​

ទោះយ៉ាង​នេះ​ក្តី ​ការនាំចេញ​ដែកថែបចិន​​ទៅ​ក្រៅប្រទេស​ ​​បានថយ​ចុះ​​៣០ភាគរយ​ ក្នុង​ឆ្នាំ​២០១៧ ដោយសារ​ក្នុងស្រុក ​មាន​តំរូវការ​ច្រើន។ ​​ដោយឡែក រដ្ឋាភិបាល​ចិន​មិនបាន​លើកឡើង​​ពីការ​ផលិត​អាលុយមីញ៉ូម ដែល​កាណាដា​ចោទ​ថា​ចិន​លក់​បញ្ចុះ​ថ្លៃ​ទេ។ សប្តាហ៍​មុន អង្គការ​​ ​OCDE បរិហារ​​ថា រដ្ឋាភិបាល​ប្រទេស​ខ្លះ​នៅ​​បន្ត​ឧបត្ថម្ភ​ឧស្សាហកម្ម​ដែកថែប ​ធ្វើអោយ​​ ​តំរូវការ​និង​ការ​ផលិត​គ្មាន​តុល្យភាព៕ ​ ​   ​

 

 

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ