អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ជប៉ុន​​បារម្ភ​​​​​ភាព​​ឯកា​ការទូត​ ដោយសារ​​​គម្រោង​​ជំនួបកំពូល​​​​លោក​​ត្រាំ​ និង​​លោក​​គឹម ជុងអ៊ុន​​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ជប៉ុន​​​ខកចិត្ត​ជាខ្លាំង ដោយសារ​តែ​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ ព្រម​ជួប​ពិភាក្សា​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង​ គឹម ជុងអ៊ុន។ ពេលនេះ​ ជប៉ុន​កំពុង​បារម្ភ​ឯកា​ក្នុង​តំបន់ ឯកា​ការទូត ដោយសារ​តែ​សម្ព័ន្ធមិត្ត​អាមេរិក​ងាក​ទៅ​ចាប់អារម្មណ៍​តែ​ពី​ឧបទ្វីប​កូរ៉េ។ ថ្ងៃអង្គារ​នេះ ប្រភព​ព័ត៌មាន​មិនបញ្ចេញ​ឈ្មោះ​នៃ​រដ្ឋាភិបាល​ជប៉ុន​បាន​ប្រាប់ថា ​នាយករដ្ឋមន្ត្រី​ស្ហ៊ីនហ្សូ អាបេ ​ចង់​​ជួបជាមួយ​​​លោក​គឺម ជុងអ៊ុនដែរ។ ​

នាយករដ្ឋមន្ត្រី​ជប៉ុន លោក​ស្ហ៊ីនហ្សូ អាបេ​​
នាយករដ្ឋមន្ត្រី​ជប៉ុន លោក​ស្ហ៊ីនហ្សូ អាបេ​​ REUTERS/Jorge Silva
ផ្សាយពាណិជ្ជកម្ម

ជប៉ុន​មិនដែល​គិតថា ​លោក​ដូណាល់ ត្រាំ ដែល​តែង​​ជេរប្រមាថ​គ្នា​ទៅវិញទៅមក ជាមួយ​លោក​គឺម ជុងអ៊ុន ​អាច​នឹង​​សម្រេចចិត្ត​ជួប​លោក​គឺម ជុងអ៊ុន បាន​ស្រួលៗ​យ៉ាង​នេះទេ។ ដំណឹង​គម្រោង​ជំំនួប​កំពូល​មេដឺកនាំ​អាមេរិក និង​មេដឺកនាំ​កូរ៉េខាងជើង​ ត្រូវបាន​​លោក​ទីប្រឹក្សា​សន្តិសុខ​ជាតិ​កូរ៉េខាងត្បូង​ប្រកាស​អោយដឺង បន្ទាប់​ពី​​ទីប្រឹក្សា​រូបនេះ​បាន​ជួប​លោក​គឺម ជុងអ៊ុន នៅ​ព្យុងយ៉ាង និង​ជួប​លោក​ដូណាល់ ត្រាំ ​នៅ​សេតវិមាន។ លោក​ត្រាំ ចង់​ជួប​លោក​គឹម និយាយ​ពី​រឿង​នុយក្លេអ៊ែរ​កូរ៉េខាងជើង នៅ​ខែ​ឧសភា​ខាងមុខ។ ​

មិនអោយ​ជប៉ុន​ខកចិត្ត​ជាមួយ​អាមេរិក​យ៉ាង​ម៉េច​បាន បើជប៉ុន​ជា​សម្ព័ន្ធ​មិត្ត​ជិតដិត​របស់​អាមេរិក តែ​​​ប្រធានាធិបតី​អាមេរិក លោក​ដូណាល់ ត្រាំ បែរ​ជា​ព្រម​ជួប​លោក​គឹម ជុងអ៊ុន ដោយ​មិនសួរ​យោបល់​ជប៉ុន​ សូម្បី​តែមួយម៉ាត់។ កន្លងមក ជប៉ុន​ខំ​យកចិត្ត​អាមេរិក​ខំ​យកចិត្ត​​លោក​ដូណាល់ ត្រាំ សម្បើម​ណាស់។ ​​នាយក​រដ្ឋមន្ត្រី​ស្ហ៊ីនហ្សូ អាបេ ខំ​ស្កាត់​ទៅ​ជួប​លោក​ត្រាំ សរសើរ​លោក​ត្រាំ ដែលបាន​ជាប់ឆ្នោត​ជាប្រធានាធិបតី តាំងតែ​ពិ​ខែវិច្ឆិកា​ ឆ្នាំ​២០១៦ ដើម្បី​គាំទ្រ​ការ​ពង្រឹង​​​ទំនាក់ទំនង​ទ្វេភាគីពិសេស​ទំនាក់ទំនង​​ការពារ​ជាតិ​តែម្តង ​ប្រឈម​​នឹង​ការគំរាម​កំហែង​ពី​កូរ៉េខាងជើង។

ជប៉ុន​អនុម័ត​សំណើអង្គការសហប្រជាជាតិ ដាក់ទណ្ឌកម្ម​សម្បើម​ទៅលើ​ក្រុងព្យុងយ៉ាង ស្របតាម​បំណង​របស់​​លោកដូណាល់ ត្រាំ។ ជប៉ុន​​ថែមទាំង​បញ្ជូន​រដ្ឋមន្ត្រី​ការទូត​ខ្លួន​ទៅសិង្ហបុរី ដើម្បីជំរុញ​អោយ​ប្រទេស​អាស៊ី​អាគ្នេយ៍​បន្ថែម​ទណ្ឌកម្ម​លើ​ក្រុងព្យុងយ៉ាង។ តែ​ទីបំផុត​​ ​លោក​ដូណាល់ ត្រាំ មិនបាន​មើលឃើញ​ការខំប្រឺងប្រែង​យកចិត្ត​របស់​ជប៉ុន​ទេ បែរជា​ទីបំផុត ព្រមជួប​ជាមួយ​លោក​គឺម ជុងអ៊ុន ទៅវិញ។ លោក​ដូណាល់ ត្រាំ ធ្វើដូច្នេះ​ទៅកើត ទាំង​ដឹងថា កូរ៉េខាងជើង​ចូលចិត្ត​គំរាម​ និងធ្លាប់​បាញ់​មីស៊ីល​រំលង​ទឹកដី​ជប៉ុន​កន្លងមក​ផង។

ជប៉ុន​មិនចាំបាច់​ខកចិត្ត​អ្វី​ជាមួយ​លោ​កដូណាល់ ត្រាំ ទេ ព្រោះ​កុំថាឡើយ​សួរ​យោបល់​ជប៉ុន សូម្បី​តែ​សួរ​យោបល់​រដ្ឋបាល​អាមេរិក​របស់​លោក ថា ត្រូវ​ជួប រឺ​ក៏​មិនជួប​លោក​គឺម ជុងអ៊ុន ក៏​លោក​ដូណាល់ ត្រាំ មិនខ្ចី​សួរ​ផង កុំថាឡើយ​សួរ​ជប៉ុន។ ​រឿង​នេះ​មិនសំខាន់​ទេ។ អ្វីដែល​ជប៉ុន​បារម្ភ​ពេលនេះ គឺ​ថា ជប៉ុន​អាច​នឹង​ត្រូវ​គេធី​បចោល​ក្នុង​តំបន់ ដោយសារ​តែ​អាមេរិក​កំពុង​ចា​ប់អារម្មណ៍​ចរចា​ជាមួយ​កូរ៉េខាងជើង រឿង​នុយក្លេអ៊ែរ​។ រឿង​នុយក្លេអ៊ែរ​កូរ៉េខាងជើង ធ្វើអោយកូរ៉េខាងជើង​ជាសត្រូវ​នឹង​ជប៉ុន​កាន់តែ​លេចធ្លោ។ បើ​ការចរចា​អាមេរិក​-កូរ៉េខាងជើង​ត្រូវរ៉ូវគ្នា​ច្រើន ​កូរ៉េខាងជើង​​អាច​ទទួលបាន​ការ​អបអរ​ស្វាគមន៍​ច្រើន​​ពី​​អន្តរជាតិ។ ​​

​កូរ៉េខាងត្បូង រឺ​ក៏ចិន​ដែលជា​សម្ព័ន្ធមិត្ត​កូរ៉េខាងជើង ក៏កាន់តែ​​​​លេចមុខ​គួរសម​ដែរ​ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​នុយក្លេអ៊ែរ​នេះ ព្រោះ​ប្រទេស​ទាំង​២នេះគាំទ្រ​ការចរចា​ការទូត ជា​ជាង​ការ​ប្រើ​កម្លាំង​យោធា។ ​ហើ​យអាមេរិក​ក៏អាច​ឆ្លៀត​ឱកាស​នេះ ដើម្បី​ចាប់យក​ប្រយោជន៍​​នៅ​អាស៊ី​ដែរ។ ​ដូច្នេះ ជប៉ុន​បារម្ភ​ថា ខ្លួន​ដែល​មិន​សូវ​ជាត្រូវគ្នា​ជាមួយ​បងប្អូន​កូរ៉េទាំង២ រឺ​ក៏​ចិន ​ក្នុង​តំបន់ អាច​នឹង​ក្លាយជា​ប្រទេស​ឯកោ​ការទូត។ ​ម្យ៉ាងទៀត បើ​គេដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង​បាន​ស្រួលបួល ជប៉ុន​លែង​អាច​​យក​កូរ៉េខាងជើងជា​លេស​​ ដើម្បី​​​​​សម្រេច​​​​​​មហិច្ឆតា​​បង្កើន​កម្លាំង​យោធា​​ខ្លួនឯង​ដែរ។

ឥឡូវ ជប៉ុន​មិនអាច​ធ្វើអ្វី​ក្រៅតែសម្រប​ខ្លួន​តាម​ស្ថានការណ៍តំបន់​​ទេ។ លោក​នាយករដ្ឋមន្ត្រី​ស្ហ៊ីនហ្សូ​ អាបេ ខំ​បន្ទរ​​សរសើរ​ពី​ការផ្លាស់ប្តូរ​របស់​កូរ៉េខាងជើង។ ហើយ​បើ​តាម​ប្រភព​ព័ត៌មាន​រដ្ឋាភិបាល​ជប៉ុន​មួយ​ដែល​សុំ​​មិនបញ្ចេញ​ឈ្មោះ​​ លោក​អាបេ​ថែមទាំង​ចង់មាន​ជំនួប​កំពូល​ជាមួយ​លោក​គឹម ជុងអ៊ុន​ នឹងគេ​ដែរ។ លោក​អាបេ ធ្លាប់តែ​មិនជឿ​​​​បំណង​ចរចា​ហ្មត់ចត់​របស់​ក្រុងព្យុងយ៉ាង ​ឥឡូវ​បែរ​ជា​ចង់ចរចា ហើយ​បានទាំង​​លើកឡើង​ថា ​លោក​មិនជឿថា កូរ៉េខាងជើង​​ចង់​យកជំនួប​កំពូល​ជាមួយ​កូរ៉េខាងត្បូង​និង​អាមេរិក ទៅ​​ពន្យារ​ពេល​អភិវឌ្ឍន៍​នុយក្លេអ៊ែរទេ។ ​ជប៉ុន​​​គ្រោង​ធ្វើការ​​ជាមួយ​កូរ៉េខាងត្បូង​និង​អាមេរិក ក្នុង​ការ​ដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរកូរ៉េខាងជើង។ លើស​នេះទៀត ​តូក្យូ​​បាន​​​​​ស្នើ​ចេញថវិកា​៣០០លាន​ដុល្លារ​​ ​​ករណី​​មាន​ការ​​​សម្រេច​អោយ​ទីភ្នាក់ងារ​បរមាណូ​អន្តរជាតិ ​ធ្វើការ​​ត្រួតពិនិត្យទីតាំង​នុយក្លេអ៊ែរ​កូរ៉េខាងជើង​។

ដោយឡែក ​គេមើលឃើញ​ដែរថា នៅពីក្រោយ​បំណង​ជួប​លោក​គឺម ជុងអ៊ុន លោក​ស្ហ៊ីនហ្សូ អាបេ ប្រហែល​ជា​ចង់​ជជែក​​ជាមួយ​កូរ៉េខាងជើង​ពី​សំណុំរឿង​ភ្នាក់ងារ​កូរ៉េខាងជើង​ចាប់ជំរិត​ជនជាតិ​ជប៉ុន ក្នុងទស្សវត្ស​ឆ្នាំ​១៩៧០-១៩៨០​ដែរ ព្រោះ​វា​បញ្ហាក្តៃៅគគុក​ដែល​មិនទាន់​​ដោះស្រាយរួច​៕ ​ ​​​ ​ ​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ