អានតួអត្ថបទ

ហ្វីលីពីន ប្រកាស​ដកខ្លួន​ចេញ​ពី​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ

​នៅ​ថ្ងៃពុធ​នេះ លោក ឌុយទែរតេ ប្រធានាធិបតី​ហ្វីលីពីនបាន​ប្រកាស​ថា​ ហ្វីលីពីន​នឹង​ដក​ខ្លួន​​ចេញ​ពី​សមាជិកភាពនៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ក្រុង​ឡាអេ ភ្លាម​តែ​ម្តង ព្រោះ​ ហ្វីលីពីន​កំពុង​ក្លាយ​ជា​ជន​​គ្រោះ រង​ការ​វាយប្រហារ​និង​រំលោភ​សិទ្ធិ​ពី​សំណាក់​ស្ថាប័នតុលាការ​​​អន្តរជាតិ​មួយ​នេះ។ តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ដែ​លកំពុង​ចាប់​ផ្តើម​​បើក​អង្កេត​បឋម​យុទ្ធនាការ​ប្រឆាំង​គ្រឿង​ញៀន​ នៅ​ហ្វីលីពីន។

លោក Rodrigo Duterteប្រធានាធិបតី​ហ្វីលីពីន​ប្រកាស​ដក​ប្រទេស​ចេញ​ពី​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ
លោក Rodrigo Duterteប្រធានាធិបតី​ហ្វីលីពីន​ប្រកាស​ដក​ប្រទេស​ចេញ​ពី​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ © Reuters
ផ្សាយពាណិជ្ជកម្ម

“ខ្ញុំ​សូម​ប្រកាស​ថា... ហ្វីលីពីនសុំ​ដក​ខ្លួន​ចេញ​ពី​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ! សេចក្តី​សម្រេច​នេះ ត្រូវ​ចូល​ជា​ធរមាន​ភ្លាម ...” នេះ​បើ​តាម​​សេចក្តី​ថ្លែងការណ៍របស់​លោក​ឌុយទែរតេ​ កម្រាស​១៥​ទំព័រ ចុះ​ថ្ងៃទី ១៣​មីនា ដែលអ្នក​សារព័ត៌មាន​ទទួល​បាន។

សម្រាប់​លោក​ ឌុយទែរតេ ​មូលហេតុនៃ​ការ​ដក​សមាជិកភាព​ខ្លួន​​នេះ គឺ​បណ្តាល​មក​ពី តុលាការ​ព្រហ្មទណ្ឌអន្តរជាតិ​បានធ្វើ​ការ​​វាយប្រហារ​ ដោយ​គ្មាន​មូលដ្ឋាន​គ្រឹះ និង​ដោយ​មិន​ធ្លាប់​មាន​ ព្រម​ទាំង​​បែប​ជេរ​ប្រទេច​មក​លើ​រូប​លោក​ប្រធានាធិបតី​ផ្ទាល់​ផង និង​មក​រដ្ឋាបាល​របស់​លោក​ទៀត។ រដ្ឋអាជ្ញា​របស់​តុលាការ​ព្រហ្មទណ្ឌ​ បាន​ប៉ុន​ប៉ង​ប្រើ​អំណាច​និង​សមត្ថកិច្ច​​ ប្រឆាំង​នឹង​រូប​លោក ដោយទាំង​​រំលោភ​បំពាន​លើដំណើរការ​នីតិវិធី និង​មិន​គោរព​ភាព​ថា​គ្មាន​ទោស​របស់​អ្នក​ជាប់​បណ្តឹង។ នេះ​បើ​តាម​ការ​អះអាង​របស់​លោក​ឌុយទែរតេ។

សូម​បញ្ជាក់​ថា​ ​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៩៨ តាម​រយៈ​សន្ធិសញ្ញាក្រុង​រ៉ូម តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ មាន​បន្ទុក​កាត់​ក្តី​លើ​សំណុំ​រឿង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ ឧក្រិដ្ឋកម្ម​សង្គ្រាម​ និង​ប្រល័យ​ពូជសាសន៍។ ហ្វីលីពីន បានក្លាយ​ជា​សមាជិក​របស់​តុលាការ​ តាម​រយៈ​​ចុះហត្ថលេខា​ផ្តល់​សច្ចាប័ន​លើ​សន្ធិសញ្ញា​ ​​នៅ​ឆ្នាំ ២០១១ កាលហ្វីលីពីន​ស្ថិត​ក្រោម​អាណត្តិ​ដឹកនាំ​របស់​លោក បេនីញ៉ូ អាគីណូ បើក​សិទ្ធិ​ឱ្យ​តុលាការ​អាច​បើក​អង្កេត​ផ្សេង​លើ​ទឹក​ដី​ហ្វីលីពីន។

កាលពី​ថ្ងៃ​ទី ៨ កុម្ភៈ ​ បន្ទាប់​ពី​បាន​ទទួល​ពាក្យ​បណ្តឹង​របស់​មេធាវី​ហ្វីលីពីន​ម្នាក់ ប្រឆាំង​លោក​ឌុយទែរតេ ពី​បទ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ តុលាការ​​ព្រហ្មទណ្ឌ​អន្តរជាតិ​ ក៏​បាន​បើក​អង្កេត​បឋម លើ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញ​ដូរ​គ្រឿង​ញៀន​របស់​លោក​ឌុយទែរតេ។

យុទ្ធនាការ​ដែល​សហគមន៍​អន្តរជាតិ​បាន​រិះគន់​​យ៉ាង​ខ្លាំង ! ព្រោះ​គិត​ចាប់​តាំង​ពី​ខែ​មិថុនា ២០១៦​មក អ្នក​ជួញ​ដូរ និង​ប្រើប្រាស់​គ្រឿង​ញៀន ប្រមាណ​៤១០០​នាក់ ត្រូវ​បាន​ប៉ូលិស​ហ្វីលីពីន​សម្លាប់ ក្នុង​ក្របខ័ណ្ឌ​នៃ​ប្រតិបត្តិការ​ផ្លូវការ​កម្ចាត់​គ្រឿង​ញៀន​របស់​ប្រធានាធិបតី។ ប៉ុន្តែ​ប៉ូលិស​ហ្វីលីពីន​បាន​ប្រកាស​ថា​គ្មាន​ពាក់​ព័ន្ធ​នឹង​ក្រុមយោធា​​ដែល​បាន​សម្លាប់​អ្នក​ប្រព្រឹត្ត​ និង​លក់​បន្ត​គ្រឿង​ញៀន ជាង ២៣០០​នាក់​ផ្សេង​ទៀត​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ