អានតួអត្ថបទ

ថៃ ៖ មហាសេដ្ឋី​វ័យ​ក្មេង​ម្នាក់​បង្កើត​បក្ស​នយោបាយ​ផ្ចាញ់​​របប​សឹក

នយោបាយ​ថៃ​កំពុង​ស្គាល់​ជំនោរ​ខ្យល់​ថ្មី ! នៅ​ថ្ងៃព្រហស្បតិ៍​ទី ១៥ មីនា ២០១៨ នេះ អ្នក​ជំនួញ​វ័យ​ក្មេង​ម្នាក់​បាន​ប្រកាស​បង្កើត​បក្ស​នយោបាយ​ ដ៏​ថ្មីស្រឡាង ដែល​មាន​ឈ្មោះថា ​« Future Forward » អនាគត​ទៅមុខ។ ជា​បក្ស ដែល​​ប្រមូល​ផ្តុំ​យុវជន​ជំនាន់​ថ្មី​ និង​មាន​គោលការណ៍​ផ្សះផ្សា​ជាតិ ចេញ​ពី​ភាព​​វិល​វល់​ក្នុង​វិបត្តិ​អស់​រយៈ​ពេល​ជិត​១៥​ឆ្នាំ។ អ្នក​ជំនាញ​នយោបាយ​យល់​ថា បក្ស​ថ្មី​នេះ​ អាច​ដើរ​តួនាទី​ ដ៏​សំខាន់​នៅ​ក្នុង​ការ​បោះឆ្នោត​សភថៃ ដែល​គ្រោង​ធ្វើ​នៅ​ខែ​កុម្ភៈ ២០១៩។

លោក Thanathorn Juangroongruangkit ស្ថាបនិកគណ​បក្ស Future Forward ថ្ងៃទី ១៥​មីនា ២០១៨
លោក Thanathorn Juangroongruangkit ស្ថាបនិកគណ​បក្ស Future Forward ថ្ងៃទី ១៥​មីនា ២០១៨ REUTERS/Athit Perawongmetha
ផ្សាយពាណិជ្ជកម្ម

ក្នុង​វ័យ​៣៩​ឆ្នាំ មហាសេដ្ឋី​វ័យ​ក្មេង លោក ថាណាថន ចឹងរូងរឿងកិច (Thanathorn Juangroongruangkit) ដែលជា​អ្នក​ស្នង​មរតក​នៃ​ក្រុមហ៊ុន​លក់​គ្រឿង​បំលាស់​រថយន្ត​ដ៏​ធំ​មួយនៅ​ប្រទេស​ថៃ​ គ្មាន​បទ​ពិសោធន៍​​ក្នុង​នយោបាយទេ។ ប៉ុន្តែ​លោក​មាន​ឆន្ទៈ​ចង់សំអិត​សំអាង​​មុខ​មាត់​នយោបាយ​ថៃ​ឡើង​វិញ។ ដើម្បី​សម្រេច​បំណង​នេះ លោក បាន​អំពាវនាវ​ និង​ប្រមែប្រមូលសិល្បករ អ្នក​ច្បាប់ អ្នកការពារ​លទ្ធិ​ប្រជាធិបតេយ្យ និង​សកម្មជន​សិទ្ធិមនុស្ស​ឱ្យ​មក​ចូលរួម​បង្កើត​បក្ស​ជាមួយ​លោក។

“ខ្ញុំ​អាច​មាន​សំណាង​ច្រើន​នឹង​ចូល​ពន្ធនាគារ ... ប៉ុន្តែ​នេះ​ជា​គ្រោះ​ហានិភ័យ​ដែល​ខ្ញុំ​ត្រៀម​ទទួល​ជា​ស្រេច​ហើយ”។ នេះ​ជា​ប្រសាសន៍​របស់​លោក ថាណាថន ចឹងរូងរឿងកិច ក្នុងសន្និសីទកាសែត​​​បង្កើត​គណបក្ស​នា​ទីក្រុង​បាងកក ដោយ​បាន​បញ្ជាក់​ជំហរ​យ៉ាង​ច្បាស់​លាស់​ បរិហារ​ដោយ​ចំៗរដ្ឋាភិបាល​​ដែលបាន​ឡើង​កាន់​អំណាច​​​ដឹកនាំ​ប្រទេស​ដោយ​អាវុធ។ ​ជា​ពាក្យ​វាយប្រហារ​ដែល​សំដៅ​លើ​របប​សឹក​ ដែល​បាន​ធ្វើ​រដ្ឋប្រហារ​​ កាលពី​ឆ្នាំ​២០១៤ ដើម្បី​បាន​ក្តាប់​អំណាច​រហូត​មក​ទល់​ថ្ងៃ​នេះ។ ក្រៅ​អំពី​រិះគន់​រដ្ឋប្រហារ​ជាច្រើន​លើក​ច្រើន​សា លោកថាណាថន ក៏​បាន​លើក​ឡើង​ដែរ​អំពី​វិសមភាព​​សង្គម​ និង​កង្វះ​ឯករាជ្យ​​ផ្នែក​ប្រព័ន្ធ​តុលាការ។

សម្រាប់​ប្រជាពលរដ្ឋ​ថៃ​ជា​ច្រើន ដែល​ធុញ​ទ្រាន់​នឹង​​មុន​មេដឹកនាំ​យោធា​ចាស់ៗ និង​មេក្លោង​នយោបាយ​ដដែលៗ ការ​បង្កើត​បក្ស​ Future Forward​ “អនាគត​ទៅមុខ” របស់​លោក​ថាណាថន ប្រៀប​ដូច​ជា​បាន​ផ្តល់​កម្លាំង​និង​ពន្លក​នៃ​ក្តី​សង្ឃឹម​ថ្មី។ អ្នក​ជំនាញ​​នយោបាយ​មួយចំនួន​ គិត​ថា​បក្ស​នេះ មាន​គ្រប់​លក្ខណៈ​សម្រាប់​ទាក់ទាញ​ម្ចាស់​ឆ្នោតក្មេងៗ​ និង​ជា​តំណាង​បក្ស​នយោបាយ​​ដ៏​សក្តិសម​នៅ​ក្នុង​ការបោះឆ្នោត​សភា ដែល​គ្រោង​ជា​គោលការណ៍​រៀប​ចំ​ធ្វើ​នៅ​ខែ​កុម្ភៈ​២០១៩។ បក្ស​នេះ​ខុស​ប្លែក​ពី​បក្ស​ថ្មីៗជា​ច្រើន​ផ្សេង​ទៀត ដែល​ភាគ​ច្រើន រណបមេ​ដឹកនាំ​​យោធា។ អ្នក​វិភាគ​ខ្លះ​ទៀត សំលឹង​ឃើញ​ថា​លោក​ថាណាថន ជា​លោក​ថាក់ស៊ីន​ថ្មី​ ព្រោះ​គ្រាន់​តែ​ចូល​ប្រលូក​នយោបាយ​ភ្លាម លោក​ក៏​បាន​ទទួល​ប្រជាប្រិយភាពខ្ពស់​​នៅ​តាម​តំបន់​ជនបទ តាម​រយៈ​កម្មវិធី​នយោបាយ​ជួយ​សង្គម។

មាន​បក្ស​នយោបាយ​ថ្មីៗ​ជា​ច្រើនទើប​​ត្រូវ​បាន​បង្កើត​ឡើង​ ដោយ​អ្នក​នយោបាយ​ថ្មីថ្មោង ជា​អ្នក​ជំនួញ ជា​បញ្ញាវន្ត ជា​កសិករ ឬ​តារា​យូថូបផង សម្រាប់​ចូល​បោះឆ្នោត​នៅ​ឆ្នាំ​ក្រោយ មានជា​អាទិ៍​បក្ស​ប្រជាធិបតេយ្យ​Siam បក្ស​បង្រួបបង្រួម​ថៃ ... ។ល។ និង។ល។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ