អានតួអត្ថបទ
កូរ៉េខាងជើង-ស៊ុយអែត

ប្រមុខ​ការបរទេស​កូរ៉េខាងជើង​ធ្វើដំណើរ​ទៅ​ប្រទេស​ស៊ុយអែត

រដ្ឋមន្រ្តី​ការបរទេស​កូរ៉េខាងជើង លោក​រី យុងហូ Ri Yong Ho​បាន​ឆ្លងកាត់​ក្រុង​ប៉េកាំង នៅថ្ងៃ​ព្រហស្បតិ៍នេះ មុន​នឹង​ដំណើរ​បន្ត​ទៅ​ទីក្រុង​ស្តុកខូម ប្រទេស​ស៊ុយអែត។ ក្រសួង​ការបរទេស​ស៊ុយអែត​វិញ បាន​បញ្ជាក់​ថា នៅក្នុង​ទស្សនកិច្ច​រយៈពេល​២​ថ្ងៃ នៅ​ស៊ុយអែត ប្រមុខ​ការបរទេស​កូរ៉េខាងជើង នឹង​ជួប​សមភាគី​ស៊ុយអែត ដើម្បី​និយាយ​ពី​តួនាទី​របស់​ស៊ុយអែត ដែលមាន​ទូត នៅ​ក្រុង​ព្យុងយ៉ាង សម្រាប់​តំណាង​ឲ្យ​អាមេរិក កាណាដា និង​អូស្ត្រាលី។ 

រដ្ឋមន្រ្តី​ការបរទេស​កូរ៉េខាងជើងលោក​Ri Yong Ho ទៅដល់​ទីក្រុង​ប៉េកាំង នៅថ្ងៃទី​១៥​មីនា ២០១៨
រដ្ឋមន្រ្តី​ការបរទេស​កូរ៉េខាងជើងលោក​Ri Yong Ho ទៅដល់​ទីក្រុង​ប៉េកាំង នៅថ្ងៃទី​១៥​មីនា ២០១៨ © Mandatory credit Kyodo/via REUTERS
ផ្សាយពាណិជ្ជកម្ម

តាម​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងត្បូង យុនហាប់ នៅក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​ប្រទេស​ស៊ុយអែត ប្រមុខការបរទេស​កូរ៉េខាងជើង​មានអមដំណើរ​ដោយ​អនុប្រធាន​ការិយាល័យ ទទួលបន្ទុក​អាមេរិក​ខាងជើង របស់​ក្រសួង​ការបរទេស​កូរ៉េខាងជើង។ តាម​ប្រភព​ពី​ប៉េកាំង ដែល​ដកស្រង់​សំដី​ដោយ​ទីភ្នាក់ងារ​យុនហាប់ នៅ​ក្នុងទឹកដី ស៊ុយអែត ភាគី​កូរ៉េខាងជើង អាច​ទាក់ទង​គ្នា​ជាមួយ ភាគី​អាមេរិក។

សូមអាន៖អាមេរិក-កូរ៉េខាងជើង៖​ហេតុអ្វី​បាន​ជា​លោក​ដូណាល់ ត្រាំ និង​លោក​គីម ជុងអ៊ុន​យល់ព្រម​ជួប​គ្នា?

ក្រសួង​ការបរទេស​ស៊ុយអែត វិញ នៅថ្ងៃ​ព្រហស្បតិ៍​នេះបាន​ប្រកាសថា ប្រមុខ​ការបរទេស​ទាំង​ពីរស៊ុយអែត និង​កូរ៉េខាងជើង នឹង​ជជែក​គ្នា​ពី​ស្ថានភាព​វិវឌ្ឍន៍​ថ្មី នៅ​ឧបទ្វីប​កូរ៉េ ពោលគឺ​នៅក្នុង​បរិបទ​ដែល​អាច​កើតមាន​ជា​លើកទី១ ជាប្រវត្តិសាស្រ្ត នៃ​ជំនួប​កំពូល​អាមេរិក និង​កូរ៉េខាងជើង។

ស៊ុយអែត មាន​ស្ថានទូត​នៅ​ទីក្រុង​ព្យុងយ៉ាង​សម្រាប់​តំណាង​ឲ្យ​ផលប្រយោជន៍​របស់​អាមេរិក កាណាដា និង​អូស្ត្រាលី។ នៅ​ឆ្នាំ​មុន លោកដូណាល់ ត្រាំ​បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល​ស៊ុយអែត ដែល​បាន​ជួយ​ចរចា ជំរុញ​ឲ្យ​មាន​ការដោះលែង និង​បញ្ជូន​និស្សិត​អាមេរិកាំង Otto Warmbier ដែល​កូរ៉េខាងជើង​បាន​ចាប់ខ្លួន ក្នុងបទចោទប្រកាន់​លួច​ពាក្យស្លោក​ឃោសនា​របស់​បក្ស​កុម្មុយនិស្ត​កូរ៉េខាងជើង។

ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្រ្តីការបរទេស​កូរ៉េខាងជើង ទៅ​ប្រទេស​ស៊ុយអែត បាន​ស្តែង​កាន់តែច្បាស់​ពី​លទ្ធភាព​រៀបចំ​ជំនួបកំពូល​ជាប្រវត្តិសាស្រ្ត រវាង​មេដឹកនាំ​អាមេរិក ហើយ​និង​កូរ៉េខាងជើង។ នៅ​សប្តាហ៍មុន លោកប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ បាន​ប្រកាស​ទទួល​យល់ព្រម​បើកជំនួបកំពូល​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង លោក​គីម ជុងអ៊ុន នៅ​ចុងខែ​ឧសភា ដើម្បី និយាយ​ពី​អនាគត​កម្មវិធី​នុយក្លេអ៊ែរ និង​មីស៊ីល​របស់​កូរ៉េខាងជើង។ ប៉ុន្តែ មេដឹកនាំ​កូរ៉េខាងជើង​វិញ នៅ​មិនទាន់​បាន​ឆ្លើយតប​វិញ យ៉ាងណានោះទេ។ គេរំពឹងថា ប្រមុខ​ការបរទេស​កូរ៉េខាងជើង ទៅ​ស៊ុយអែត លើកនេះ នៅក្នុង​ក្របខ័ណ្ឌ​នៃ​ដំណើរ​រៀបចំ​ជំនួបកំពូល​អាមេរិក និង​កូរ៉េខាងជើង និង​នៅទីបំផុត អាច​បញ្ជាក់​ពី​ទីកន្លែង និង​ពេលវេលា នៃ​ជំនួប​លោកដូណាល់ត្រាំ និង​លោកគីម ជុងអ៊ុន ដែល​រហូតមកដល់​ពេលនេះ នៅតែ​អាថ៌កំបាំង​នៅឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ