អានតួអត្ថបទ
អូស្រ្តាលី-អាស៊ាន

អាស៊ាន និងអូស្រ្តាលី​និយាយ​ពី​វិបត្តិ​រ៉ូហ៊ីងយ៉ា កម្មវីធី​គ្រាប់មីស៊ីល​កូរ៉េខាងជើង និង​ភាព​គ្មាន​កងទ័ព​នៅ​សមុទ្រចិន​ខាងត្បូង

នៅ​ថ្ងៃ​អាទិត្យ ទី១៨ មីនា​នេះ ជំនួបកំពូល​អាស៊ាន និង​អូស្រ្តាលី​ក្នុង​ប្រទេស​អូស្រ្តាលី​បាន​និយាយ​ពី​វិបត្តិ​រ៉ូហ៊ីងយ៉ា​នៅ​ក្នុង​ប្រទេស​ភូមា សម្តែង​ក្តីបារម្ភ​ជុំវិញ​ភាព​តានតឹង​បង្ក​ឡើង​ដោយ​កម្មវីធី​គ្រាប់មីស៊ីលបាលីស្ទិក​របស់​កូរ៉េខាងជើង និង​ពី​ភាព​ចាំ​បាច់​គ្មាន​កងទ័ព​នៅ​ក្នុង​សមុទ្រចិន​ខាង​ត្បូង។ ទាក់ទង​នឹង​វិបត្តិ​រ៉ូហ៊ីងយ៉ា​ត្រូវ​បាន​អាស៊ាន​បាន​គូសបញ្ជាក់​ថា មិន​អាច​ចូលខ្លួន​អន្តរាគមន៍​បាន​ទេ​ដោយ​លើក​ឡើង​ពី​គោលការណ៍​មិន​លូកដៃ​ចូល​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​សមាជិក។

លោក​​ Malcolm Turnbull (រូបស្តាំ) នាយករដ្ឋមន្រ្តី​អូស្រា្តលី និង​សមភាគី​សិង្ហបុរី​លោក Lee Hsien Loong ក្នុង​ជំនួបកំពូល​អាស៊ាន អូស្រ្តាលី ថ្ងៃទី១៨ មីនា ២០១៨
លោក​​ Malcolm Turnbull (រូបស្តាំ) នាយករដ្ឋមន្រ្តី​អូស្រា្តលី និង​សមភាគី​សិង្ហបុរី​លោក Lee Hsien Loong ក្នុង​ជំនួបកំពូល​អាស៊ាន អូស្រ្តាលី ថ្ងៃទី១៨ មីនា ២០១៨ Reuters
ផ្សាយពាណិជ្ជកម្ម

លោក​នាយករដ្ឋមន្រ្តី​អូស្រ្តាលី Malcolm Turnbull បាន​ថ្លែង​ឲ្យ​ដឹង​ថា ជំនួបកំពូល​អាស៊ាន និង​អូស្រ្តាលី​នា​ថ្ងៃ​អាទិត្យ ទី១៨ មីនា​នេះ​បាន​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​លើ​ស្ថានការណ៍​នៅ​ក្នុង​រដ្ឋ​រ៉ាក់ឃីន ហើយ​គឺ​លោកស្រី​រដ្ឋមន្រ្តី​ការបរទេស​ភូមា​អ៊ុង សានស៊ូជី​ជា​អ្នក​ដែល​បាន​លើក​ឡើង​នូវ​បញ្ហា​មួយ​នេះ​យ៉ាង​ពេញ​លេញ។ ប្រមុខ​រដ្ឋាភិបាល​អូស្រ្តាលី​បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា ប្រធានបទ​ក្តៅ​មួយ​នេះ​ត្រូវ​បាន​ភាគី​ក្នុង​ជំនួបកំពូល​លើក​យក​ទៅ​ជជែក​ប្រកប​ដោយ​លក្ខណៈ​ស្ថាបនា និង​គ្មាន​ភាព​តានតឹង​អ្វី​ទេ។

ចំណែក​លោក​នាយករដ្ឋមន្រ្តី​សិង្ហបុរី Lee Hsien Loong ដែល​ធ្វើ​ជា​ប្រធាន​ផ្លាស់វេន​អាស៊ាន​ឆ្នាំ​នេះ​បាន​បញ្ជាក់​ថា ប្រទេស​ជិតខាង​ភូមា​ពិត​ជា​កំពុង​ព្រួយបារម្ភ​លើ​ស្ថានការណ៍​ក្នុង​រដ្ឋ​រ៉ាក់ឃីន តែ​ថា អាស៊ាន​មិន​អាច​ចូល​ខ្លួន​អន្តរាគមន៍​បាន​ទេ។ មិន​អាច​ចូល​អន្តរាគមន៍​បាន​ដោយ​លោក Lee Hsien Loong បាន​លើក​ឡើង​ពី​គោលការណ៍​មិន​ចូល​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​សមាជិក​អាស៊ាន។ គួរ​រម្លឹក​ជូន​ថា តាំង​ពី​ទ័ព​ភូមា​បាន​បើក​ប្រតិបត្តិការ​ប្រឆាំង​ពួក​ឧទ្ទាម​អ៊ីស្លាម​ក្នុង​រដ្ឋ​រ៉ាក់ឃីន​នា​ខែ​សីហា ឆ្នាំ ២០១៧ មក មាន​ពលរដ្ឋ​រ៉ូហ៊ីងយ៉ា​ជិត ៧០០ ០០០នាក់​បាន​ភៀសខ្លួន​ទៅ​ជ្រកកោណ​ក្នុង​ប្រទេស​បង់ក្លាដែស​ក្បែរ​ខាង។

រូប​លោកស្រី​អ៊ុង សានស៊ូជី​បាន​ទទួល​ការ​រិះគន់​របស់​អន្តរជាតិ​ពី​បទ​បិទមាត់ មិន​ដោះស្រាយ​បញ្ហា ហើយ​រដ្ឋាភិបាល​ភូមា​ក៏​ត្រូវ​បាន​អង្គការ​សហប្រជាជាតិ​ចោទ​ប្រកាន់​ពី​បទ​បោសសំអាត​ជនជាតិ​ភាគ​តិច​លើ​ទឹកដី​របស់​ខ្លួន។ ធ្ងន់ធ្ងរ​ជាង​នេះ អង្គការ​សហប្រជាជាតិ​ថែម​ទាំង​ចាត់​ទុក​ទង្វើ​របស់​ទ័ព​ភូមា​ជា​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍។ ក្រៅ​ពី​ជជែក​រឿង​វិបត្តិ​រ៉ូហ៊ីងយ៉ា ជំនួបកំពូល​អាស៊ាន អូស្រ្តាលី​ក៏​បាន​សម្តែង​ក្តីបារម្ភ​ពី​កំណើន​ភាព​តានតឹង​បង្ក​ឡើង​ដោយ​កម្មវិធី​គ្រាប់មីស៊ីលបាលីស្ទិក​របស់​កូរ៉េខាងជើង និង​ភាព​ចាំបាច់​ពី​ការ​គ្មាន​កងទ័ព​នៅ​ក្នុង​សមុទ្រចិន​ខាងត្បូង​ដែល​ប្រទេស​អាស៊ាន​មួយ​ចំនួន​កំពុង​មាន​ជម្លោះ​ជាមួយ​ចិន។

នៅ​ត្រង់​ចំណុច​នេះ អាស៊ាន និង​អូស្រ្តាលី​មិន​បាន​និយាយ​ចំៗ​ពី​ប្រទេស​ចិន​ទេ តែ​បាន​លើក​ឡើង​ពី​ការ​ប្តេជ្ញាចិត្ត​ធ្វើ​ការ​រួម​គ្នា​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ការ​គំរាមកំហែង​ជ្រុលនិយម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ