អានតួអត្ថបទ
ហ្វីលីពីន

ហ្វីលីពីន៖​ប្រធាន​តុលាការកំពូល​កំពុង​ប្រឈម​នឹង​ការ​ទម្លាក់​ពី​តំណែង

នៅ​ក្នុង​ប្រទេស​ហ្វីលីពីន លោកស្រី​ប្រធាន​តុលាការកំពូល Maria Lourdes Sereno កំពុង​ប្រឈម​នឹង​នីតិវិធី​ទម្លាក់​ពី​តំណែង។ នីតិវិធី​នេះ​បាន​រៀបចំ​ឡើង​ដោយ​ក្រុម​អ្នកតំណាងរាស្រ្ត​ស្និទ្ធ​នឹង​លោក​ប្រធានាធិបតី​ឌុយទែរតេ។ ប្រធាន​តុលាការកំពូល​រូប​នេះ​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​អ្នក​ដែល​ហ៊ាន​ចេញ​មុខ​រិះគន់​លោក​ឌុយទែរតេ​ក្នុង​រឿង​នយោបាយ​ប្រឆាំង​គ្រឿងញៀន។ តែ​លោក​ឌុយទែរតេ​បាន​បញ្ជាក់​ថា លោក​មិន​មាន​ជាប់​ពាក់ព័ន្ធ​នឹង​នីតិវិធី​ទម្លាក់​លោកស្រី Maria Lourdes Sereno នា​ពេល​នេះ​ទេ។

លោកស្រី Maria Lourdes Sereno ប្រធាន​តុលាការកំពូល​ហ្វីលីពីន
លោកស្រី Maria Lourdes Sereno ប្រធាន​តុលាការកំពូល​ហ្វីលីពីន REUTERS/Dondi Tawatao
ផ្សាយពាណិជ្ជកម្ម

ជា​ផ្លូវការ លោកស្រី Maria Lourdes Sereno បាន​ជាប់​ចោទ​ពី​បទ​លួច​ពន្ធ តែ​នរណា​ក៏​ដឹង​ដែរ​ថា ប្រធាន​តុលាការ​កំពូល​រូប​នេះ​ធ្លាប់​បាន​រិះគន់ ទិតៀន​លើ​នយោបាយ​ប្រឆាំង​គ្រឿងញៀន​របស់​លោក​ឌុយទែរតេ​មិន​សំចៃមាត់។ គឺ​ហេតុផល​មួយ​នេះ​ហើយ​ដែល​បាន​ធ្វើ​ឲ្យ​លោកស្រី Maria កំពុង​ប្រឈម​នឹង​នីតិវិធី​ទម្លាក់​ពី​តំណែង​ដែល​រៀបចំ​ដោយ​ក្រុមជំនិត​របស់​លោក​ឌុយទែរតេ​នៅ​ក្នុង​សភា។ គួរ​ជម្រាប​ជូន​ថា លោកស្រី Maria ជា​ឥស្សរជន​ម្នាក់​ដែល​ទទួល​បាន​ការ​គោរព​ខ្លាំង​ណាស់​នៅ​ក្នុង​ស្រុក តែ​គេ​ក៏​ហ៊ាន​ទទួល​ស្គាល់​ថា លោក​ឌុយទែរតេ​មិន​ញញើត​នឹង​កំចាត់​នរណា​ដែល​ហ៊ាន​រិះគន់ វាយប្រហារ​លើ​លោក​ទេ។

ទោះ​បី​ជា​លោក​ឌុយទែរតេ​បាន​បញ្ជាក់​ពី​ការ​មិន​លូក​ដៃ​ចូល​ក្នុង​នីតិវិធី​ទម្លាក់​លោកស្រី Maria ពេល​នេះ​ក៏​ដោយ ក៏​គេ​ដឹង​ថា លោក​ឌុយទែរតេ​ធ្លាប់​បាន​ថ្លែង​គំរាម​លោកស្រី Maria ជា​ច្រើន​ដង​ចំពោះ​ពាក្យ​សម្តី​រិះគន់​របស់​លោកស្រី។ តាម​ធម្មតា ព្រឹទ្ធសភា​នឹង​ត្រូវ​ពិនិត្យ​សម្រេច​លើ​នីតិវិធី​ទម្លាក់​លោកស្រី Maria នៅ​ក្រោយ​ខែ​កក្កដា​ខាង​មុខ តែ​ក្នុង​ពេល​រង់ចាំ​នេះ លោកស្រី​ក៏​មិន​អាច​បន្ត​អង្គុយ​លើ​កៅអី​ប្រធាន​តុលាការកំពូល​បាន​ដែរ។ កន្លង​មក លោកស្រី Leila de Lima ដែល​ជា​សមាជិក​ព្រឹទ្ធសភា និង​ជា​អ្នកប្រឆាំង​នឹង​នយោបាយ​របស់​លោក​ឌុយទែរតេ​ត្រូវ​បាន​គេ​ចាប់​ដាក់​គុក។

ក្រុម​អ្នកប្រឆាំង​នឹង​លោក​ឌុយទែរតេ​បាន​បរិហារ​លើ​ចំណាត់ការ​ចំពោះ​លោកស្រី​ប្រធាន​តុលាការកំពូល និង​ចាត់​ទុក​ទង្វើ​នេះ​ថា​ជា​ការ​គំរាមកំហែង​ដល់​ឯករាជ្យភាព​របស់​ប្រព័ន្ធ​តុលាការ។ សូម​ជម្រាប​ជូន​ថា នយោបាយ​ប្រឆាំង​គ្រឿងញៀន​របស់​លោក​ឌុយទែរតេ​មិន​ត្រឹម​ទទួល​ការ​រិះគន់​ក្នុង​ស្រុក​ប៉ុណ្ណោះ​ទេ តែ​ក៏​ទទួល​ការ​រិះគន់​ពី​ក្រុម​ប្រទេសបស្ចិម​ជា​ច្រើន​ដែរ។ ចំណែក​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ក្រុង​ឡាអេ​ក៏​បាន​ចាប់​ផ្តើម​ពិនិត្យ​លើ​ករណី​របស់​លោក​ឌុយទែរតេ​ដែរ ទោះ​បី​ជា​លោក​ឌុយទែរទេ​បាន​ប្រកាស​ដក​ហ្វីលីពីន​ចេញ​ពី​សមាជិក​របស់​តុលាការ​អន្តរជាតិ​មួយ​នេះ​ក៏​ដោយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ