អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

រដ្ឋាភិបាលចិន​ថ្មី ​ផ្តល់​អាទិភាព​ដល់​មន្ត្រី​ជំនាញ​សេដ្ឋកិច្ច

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​ចន្ទ​នេះ​ ចិន​បានប្រកាស​បង្ហាញ​សមាសភាព​​រដ្ឋាភិបាលថ្មី​ តាម​ទម្លាប់​ដែល​របប​កុម្មុយនិស្ត​ចិន​តែង​តែ​ធ្វើ​ជា​រៀង​រាល់​៥​ឆ្នាំម្តង។ នៅ​លើក​នេះ រដ្ឋាភិបាល​អាណត្តិទីពីរ​របស់​លោក​ ស៊ីជីនពីង ជ្រើសរើស​ផ្លូវ​ដឹកនាំ​បន្ត​ពី​រដ្ឋាភិបាល​អាណត្តិ​មុន​ ដោយ​មាន​រក្សា​ជា​អាទិ៍​រដ្ឋមន្ត្រីការបរទេស​នៅ​ដដែល​។ ប៉ុន្តែ​ក្រុមខណៈ​ដែល​ចិន​កំពុង​ប្រឈម​នឹង​វិបត្តិ​បំណុល​ដ៏ធ្ងន់ធ្ងរ ការ​រៀប​ចំ​រដ្ឋាភិបាល​ថ្មី​ផ្តោត​ខ្លាំង​ទៅ​លើ​តែ​ក្រុម​​ការងារជំនាញ​​ផ្នែក​សេដ្ឋកិច្ច​ ដោយ​មាន​ការ​ប្តូរ​ផ្លាស់គួរ​ឱ្យ​កត់​សម្គាល់​​ ៖ ​ទីប្រឹក្សា​សេដ្ឋកិច្ច​ ដែល​ជាជំនិត​លោក​ប្រធានាធិបតី ត្រូវ​បាន​តែង​តាំង​ ឱ្យក្លាយ​ជា​ឧបនាយក​រដ្ឋមន្ត្រី និង​ការ​តែង​តាំង​ប្រធាន​ធនាគារ​កណ្តាល​ចិន​ថ្មី។

ឧបនាយក​រដ្ឋមន្ត្រី​ថ្មី​ បួន​រូប​ដែល​សភា​ចិន​ទើប​ផ្តល់​ទំនុកចិត្ត ថ្ងៃ១៩ មីនា ២០១៨
ឧបនាយក​រដ្ឋមន្ត្រី​ថ្មី​ បួន​រូប​ដែល​សភា​ចិន​ទើប​ផ្តល់​ទំនុកចិត្ត ថ្ងៃ១៩ មីនា ២០១៨ © Reuters
ផ្សាយពាណិជ្ជកម្ម

​លោក ​វ៉ាង យី Wang Yi ដែល​ពិភពលោក​ធ្លាប់​ស្គាល់​មុខ​យ៉ាង​ច្បាស់ ក្នុង​ដឹកនាំ​នយោបាយ​ការ​ទូត​​ក្នុងសំណុំ​រឿង​ក្តៅៗ ដូច​ជា កូរ៉េខាង​ជើង ទំនាក់ទំនង​ចិន-អាមេរិក ... ត្រូវ​បាន​បន្ថែម​តំណែង​ឱ្យ​ក្រោយ​ទីប្រឹក្សា​ការទូត​រដ្ឋ​ទៀត ! ជា​តំណែង​នយោបាយ​ការ​បរទេស​ដ៏​ខ្ពស់​ខ្ពស់​បំផុត​។

​រដ្ឋមន្ត្រីក្រសួងការពារ​ជាតិ ​ត្រូវ​ប្រគល់​ទៅ​ឱ្យ​ឧត្តមសេនីយ៍​ វៃ ហ្វេងហេ Wei Fenghe ដ៏​មាន​បទ​ពិសោធន៍​បំផុត​អាយុ​៦៤​ឆ្នាំ (ចូល​បំរើ​យោធា​ជើងគោក​តាំង​ពី​អាយុ​១៦​ឆ្នាំ) ជំនួស​រដ្ឋមន្ត្រីចាស់ចូល​និវត្តន៍។ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ ត្រូវ​រក្សា​ទុក​នៅ​ដដែល​។

ទីប្រឹក្សា​សេដ្ឋកិច្ច​ឡើង​ជា​ឧបនាយករដ្ឋមន្ត្រី​

ប៉ុន្តែ​ការ​ប្តូរ​ផ្លាស់សមាសភាព​រដ្ឋាភិបាល​លើក​នេះ មាន​បង្កប់​ទៅ​ដោយ​​អាទិភាព​ ដ៏​គួរ​ឱ្យ​កត់​សម្គាល់​ជាង​គេមួយ គឺ​ការ​ដោះដូរ​មន្ត្រី​ជំនាញ​សេដ្ឋកិច្ច។ នៅក្នុង​ចំណោម​ឧបនាយក​រដ្ឋមន្ត្រី​ថ្មី​ទាំង​បួន ​បី​រូប​មានបន្ទុក​ផ្នែក​នយោបាយ​សេដ្ឋកិច្ច។ មនុស្ស​ជំនិត​​របស់​លោក​ស៊ីជីនពីង ដែល​ជា​ទីប្រឹក្សា​សេដ្ឋកិច្ច​របស់​ប្រធានាធិបតី និង​ដែល​គេ​ចាត់ទុក​ថា​សេ្តច​សេដ្ឋកិច្ច​ចិន លោក លីវ ហេ Liu He ត្រូវ​បាន​តែង​តាំង​ជា​ឧបនាយក​រដ្ឋមន្ត្រី​ និង​លោក​ Yi Gang ត្រូវ​បាន​តែង​តាំង​ជាង​ប្រធាន​ធនាគារ​កណ្តាលចិន។

ក្នុង​វ័យ ៦៦​ឆ្នាំ លោក លីវ ហេ Liu He ជាទីប្រឹក្សា​សេដ្ឋកិច្ច​រដ្ឋ​​ដ៏​មាន​ឥទ្ធិពល ! ការ​តែង​តាំង​រូប​លោក ជា​ឧបនាយក​រដ្ឋមន្ត្រី​ មិន​មែន​ជា​ការ​ភ្ញាក់​ផ្អើល​ទេ ! លោក​មិន​សូវ​ចេញ​មុខ​មាត់​ឡើយ តែ​ជា​មេ​គំនិត​ខាង​ធ្វើ​កំណែទម្រង់​សេដ្ឋកិច្ចចិន ឱ្យ​មាន​លំនឹង​ ដោយ​បាន​តម្រង់​ទិស​សេដ្ឋកិច្ច​មក​ពឹង​លើ​តម្រូវ​ការ​ចាយវាយ​​ក្នុង​ស្រុក​ លើ​ផ្នែក​សេវាកម្ម ទំនើប​កម្ម​ និង​ទប់កំណើន​បំណុល​ជាតិ។

លោក លីវ ហេ មាន​សញ្ញាប័ត្រ​​សេដ្ឋកិច្ច​ចេញ​ពី​សាកលវិទ្យាល័យ​អាមេរិក​ហាវ៉ាដ ដ៏​ល្បីល្បាញ​ និង​ទើប​បង្ហាញ​មុខ​ខ្លាំង នារយៈ​ពេល​ប៉ុន្មាន​ខែ​នេះ ដើម្បី​ដោះស្រាយ​វិវាទ​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក។

ចំណែក​លោក​ យី កាង​ Yi Gang អាយុ​៦០​ឆ្នាំ ដែល​និយាយ​ភាសា​អង់គ្លេស​យ៉ាង​រអិល​មាត់ ​ក៏​​ធ្លាប់​បាន​រស់​នៅអាមេរិក​ប្រមាណ​១៥​ឆ្នាំ រៀន​​សេដ្ឋកិច្ច​នៅ​មហាវិទ្យាល័យ​អាមេរិក ពី​ឆ្នាំ​១៩៨០-១៩៨៦ រហូត​ក្លាយ​ជា​បណ្ឌិតសេដ្ឋកិច្ច និង​ធ្វើ​ជា​សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ Indiana ដល់​ឆ្នាំ​១៩៩៤ មុន​នឹង​ត្រលប់​មក​ទទួល​តួនាទី​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ធនាគារ​កណ្តាល​ចិន នៅ​ឆ្នាំ​១៩៩៧ និង​ក្លាយ​ជា​អភិបាល​រង​​របស់​​ធនាគារ​កណ្តាល​នៅ​ឆ្នាំ​២០០៨។ មាន​ន័យ​ថា​លោក ស្គាល់​ស្ថាប័ន​​នេះ​ ជិត​ពីរ​ទសវត្សរ៍។

លោក យី ហ្កាង ត្រូវ​បាន​តែង​តាំង​ជា​ប្រធាន​ធនាគារ​កណ្តាលចិន ដើម្បី​ជំនួស​​ លោក ជូ សៀវជួន Shou Xiaochuan អាយុ​៧០​ឆ្នាំ ដែលច្បាប់​តម្រូវឱ្យ​​ចូល​និវត្តន៍។ លោក ជូ ជាអ្នក​កំណែទម្រង់​និយម​ខ្លាំងណាស់ ! ​​ ធ្លាប់​បានរួម​ចំណែក​ធ្វើ​កំណែទម្រង់​ជាមួយ​យ៉ាង​សកម្មបំផុត លោក យី ហ្កាង ត្រូវ​​​អ្នក​បន្ត​មរតក​នៃ​កំណែទម្រង់នេះ។

លោក Yi Gang អភិបាល​ធនាគារ​កណ្តាល​ចិន
លោក Yi Gang អភិបាល​ធនាគារ​កណ្តាល​ចិន REUTERS/Mike Theiler

កំណែទម្រង់និង​តុល្យភាព​និយម

លោក យី ហ្កាង បាន​​គូស​បញ្ជាក់ យ៉ាង​ច្បាស់​​ នៅ​ចំពោះ​មុខ​អ្នក​​​កាសែត កាលពី​ពេល​​ព្រឹក​មិញថា បេសកកម្ម​របស់​លោក​គឺ​បន្ត​នយោបាយ​រូបិយបណ្ណ គាំទ្រ​បន្ត​​កំណែទម្រង់ និង​បើក​ចំហ​វិស័យ​ហិរញ្ញវត្ថុ ដោយ​ប្រុង​ប្រយ័ត្ន​ដើម្បី​រក្សា​ស្ថិរភាព​។ ​កំណែទម្រង់​ថ្មី​ និង​ការ​បើក​ចំហ​នឹង​ត្រូវ​ចាត់​ចេញ​ជា​វិធានការ​នៅ​ឆាប់ៗ​ពេល​ខាង​មុខនេះ។

បើ​តាម​ទស្សនាវដ្តី​សេដ្ឋកិច្ច​ចិន លោក​ យី ហ្កាង បាន​អំពាវនាវ​ឱ្យ​មាន​ការ​ បន្ទន់​នយោបាយ​​រូបិយបណ្ណ​ប្រាក់​យ័ន ដែល​រដ្ឋ​ចិន​ឃុំ​គ្រង​ខ្លាំង​ណាស់ ដើម្បី​​ពង្រឹង​ឥទ្ធិពល​លើ​ទីផ្សារ​​ លើ​​អត្រាប្តូរ​ប្រាក់​។

ចំណុច​មួយ​ទៀត​ដែល​ជា​ទិសដៅ​​កំណែទម្រង់​សំខាន់​ដែរ គឺ​ការ​ផ្តល់​ឱកាស​ដល់​វិនិយោគ​បរទេស​​ក្នុង​ទីផ្សារ​ហិរញ្ញវត្ថុ​ចិន ​ដោយ​សន្យា​ថា​នឹង​បាន​ទទួល​ការ​ស្វាគមន៍​ស្មើ​ភាព​គ្នា​។ នេះ​បើ​អ្វី​ដែល​លោក​ធ្លាប់​បាន​ចេញ មុខ​ការពារ​កាលពី​ដើម​ខែ​មីនា។

ធនាគារ​កណ្តាល​​ចិន ដែល​កំពុង​ចាប់​ផ្តើម​មាន​អំណាច​និង​បន្ទុក​កាន់​តែ​សំខាន់​ឡើងៗ​ ​មាន​អំណាច​គ្រប់គ្រង​វិស័យ​ទីផ្សារ​ហិរញ្ញវត្ថុ កាន់​តែ​ខ្លាំង ទំនង​ជា​នឹងត្រូវ​ធ្វើ​កំណែទម្រង់​ផ្នែក​កម្ចី​ធនាគារ ដើម្បី​​វាយលុក​លើ​អ្វី​ដែល​គេ​ហៅ​ថា ហិរញ្ញវត្ថុ​ស្រមោល គ្មាន​ចំណាត់​ការ ​អ្នក​កម្ចី​​គួរ​ឱ្យ​សង្ស័យ​ និង​ក្នុង​ទីផ្សារ​ដែលឥណទាន​ខ្នាត​តូច​កំពុង​លូត​លាស់​ខ្លាំង។ ប៉ុន្តែ រាល់​គំនិត​​កំណែទម្រង់​នេះ ត្រូវ​ធ្វើ​យ៉ាង​ណា​កុំ​ឱ្យ​ប៉ះពាល់​ដល់​ទីផ្សារ​ការងារ​ និង​កុំ​ឱ្យ​ប៉ះពាល់​ដល់ស​កម្មភាព​កំណើន​សេដ្ឋកិច្ច​​ដែល​ផុយ​ស្រួយ។

មាន​ន័យ​ថា​លោក យី កាង កំពុង​ទទួល​បន្ទុកកិច្ចការដ៏​លំបាក រវាងការ​បន្ត​​​​កំណែទម្រង់​ផងនិង​រក្សា​លំនឹង​សេដ្ឋកិច្ច។ ហើយ​ម្យ៉ាង​ទៀត ការ​តែង​តាំង​លោក​ជា​អភិបាល​ធនាគារ ប្រព្រឹត្ត​ទៅ​ ក្នុង​ខណៈ​ដែលធនាគារ​កណ្តាល​ ត្រូវ​តាក់​តែង​ច្បាប់​​ តែ​បំណុល​សាធារណៈ​និង​ឯកជន​បាន​ឡើង​ដល់​កំរិត​​ខ្ពស់​ ​ជាង​២៥០% ​នៃ​ផលិត​ផល​សរុប​ក្នុង​ស្រុក​ PIB ដែល​ចិន​អាច​ខ្លាច​បំផុត​ព្រោះ​វា​អាច​បង្ក​អស្ថិរភាព​ហិរញ្ញវត្ថុ។

ស្ថិរភាព​ហិរញ្ញវត្ថុ​ជា​អាទិភាព​របស់​ប៉េកាំង ដែល​ប្រមុខ​ដឹកនាំ​ថ្មី​ពីរ​រូប​នេះ​ត្រូវ​​សម្រេច​។ ប៉ុន្តែ​បើ​តាម​អ្នក​វិភាគ លោក យី កាង ទំនង​ជា​មាន​លទ្ធភាព​តិច​តួច​ណាស់ ​ព្រោះ មិន​​ដូច​ធនាគារ​កណ្តាល​អឺរ៉ុប ឬ​អាមេរិក​ទេ ​ធនាគារ​កណ្តាល​ចិនមិន​ឯករាជ្យ​ឡើយ ហើយ​ត្រូវ​ស្ថិត​នៅ​ក្រោម​គំនាប​នយោបាយ​របស់​រដ្ឋាភិបាល ជា​មួយ​​​តួនាទី​ត្រឹម​តែ​ផ្តល់​ប្រឹក្សា​និង​ជា​និយ័តករ​ប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ