អានតួអត្ថបទ

ការបញ្ចេញ​ឧស្ម័ន​កាបូនិក​កើន​ឡើង​ជា​ថ្មី​នៅ​ឆ្នាំ​២០១៧

បរិមាណ​នៃ​ការ​បញ្ចេញ​ឧស្ម័ន​កាបូនិក CO2 ដើម្បី​ថាមពល នៅលើ​ពិភពលោក បាន​កើន​ឡើង​ជា​ថ្មី នៅ​ឆ្នាំ ២០១៧ បន្ទាប់​ពី​នៅ​ថេរ​​អស់​រយៈ​ពេល​បី​ឆ្នាំ​​ជាប់​គ្នា។ មូល​ហេតុ​នៃ​កំណើន​នេះ គឺបណ្តាល​មក​ពី​តម្រូវការ​ផ្នែក​ថាមពល​ បាន​កើន​ឡើង​។ នេះ​បើ​តាម​ការ​គូស​បញ្ជាក់​របស់​ភ្នាក់ងារ​ថាមពល​អន្តរជាតិ ហៅ​កាត់​ថា AIE នៅ​ថ្ងៃព្រហស្បតិ៍​ទី ២២​មីនា ២០១៨។

ចំហាយ​ផ្សែង​បញ្ចេញ​ពី​រោងចក្រ​កម្ទេច​សម្រាម ក្បែរ​ទីក្រុងប៉ារីស
ចំហាយ​ផ្សែង​បញ្ចេញ​ពី​រោងចក្រ​កម្ទេច​សម្រាម ក្បែរ​ទីក្រុងប៉ារីស REUTERS
ផ្សាយពាណិជ្ជកម្ម

ការ​បញ្ចេញ​ឧស្ម័ន​ពុល​កាបូនិក ក្នុង​វិស័យ​អគ្គិសនី ដោយ​មធ្យោបាយ​ដឹកជញ្ជូន ឬ​ដោយ​វិស័យ​សំណង់ បាន​កើន​ឡើង​ ១,៤% នៅ​ឆ្នាំ​២០១៧​កន្លង​ទៅ ! នេះ​បើ​ទិន្នន័យ​ផ្តល់​ដោយ​ភ្នាក់ងារ​ថាមពល​អន្តរជាតិ​ ដែ​លមាន​ទីស្នាក់ការ​នៅ​ទីក្រុង​ប៉ារីស។

កំណើន​នេះ​ជា​លទ្ធផល​នៃ​កំណើន​សេដ្ឋកិច្ចដ៏​ខ្លាំងក្លា​របស់​​ពិភពលោក (៣,៧%)ផង ដោយ​សារ​តែ​តម្លៃ​គ្រឿង​ចំហេះ​ធ្យូងថ្ម​ធ្លាក់​ចុះ​ផង និង​ដោយ​ពិភពលោក​ភ្លេច​ខ្លួន​​លែង​សូវ​កំរិត​ប្រសិទ្ធិភាព​ផ្នែក​ថាមពល​ផង។ មាន​ន័យ​ថា​ក្នុង​មួយ​ឆ្នាំ​២០១៧​កន្លង​ទៅ​នេះ ​កត្តាដដែល​​ខាង​លើ បាន​ជំរុញ​ឱ្យ​ពិភពលោក​ដំឡើង​តម្រូវ​ការ​ផ្នែក​ថាមពល ​​ដល់​ទៅ​២,១%។

បើ​តាម​របាយការណ៍​របស់​ភ្នាក់ងារ​ថាមពល​អន្តរជាតិ​ចេញ​ផ្សាយ​នៅ​ព្រហស្បតិ៍​ទី ២២​មីនា ២០១៨​នេះ ដដែល កំណើន​នៃ​ការ​បញ្ចេញ​ឧស្ម័ន​កាបូនិកពាក់​ព័ន្ធ​នឹង​ថាមពល​​នៅ​​ឆ្នាំ​២០១៧ បាន​បង្ហាញ​ឱ្យ​ឃើញ​ថា កិច្ចខិត​ខំ​ប្រឹង​ប្រែង​របស់​ពិភពលោក​នា​ពេល​បច្ចុប្បន្ន ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​មិន​គ្រប់គ្រាន់​ទាល់​តែ​សោះ !

បន្ទាប់​ពី​មានលំនឹង​ជាប់​គ្នា​អស់​រយៈ​ពេល​បី​ឆ្នាំ​ជាប់​គ្នា ហើយ​មួយ​ឆ្នាំក្រោយ​មក កំរិត​នៃ​ការ​បញ្ចេញ​ឧស្ម័ន​ពុល​ស្រាប់​តែ​ស្ទុះ​ឡើង​វិញ ដូច្នេះ គឺ​បញ្ច្រាស​ទាំង​ស្រុង​នឹង កម្មវត្ថុ​នៃ​កិច្ចព្រមព្រៀង​​អាកាស​ធាតុ​ក្រុង​ប៉ារីស ​ឆ្នាំ ២០១៥ ​​ដែល​តម្រូវ​ឱ្យ​​ពិភពលោកបញ្ចេញ​សកម្មភាព​​​កាត់​បន្ថយ​ ជា​ចាំ​បាច់​​ការ​បញ្ចេញ​ឧស្ម័ន​ពុល បើ​ចង់​កំរិត​ការ​ឡើង​កំដៅ​នៃ​ភព​ផែនដី​ក្រោម​ពីរអង្សារ ឬ​ត្រឹម១,៥អង្សារ។

​ការ​បញ្ចេញ​ឧស្ម័ន​CO2 ឆ្នាំ​២០១៧ មាន​ការ​កើន​ឡើង​នៅ​ក្នុង​ប្រទេស​ធំៗ​មាន​​សេដ្ឋកិច្ច​​​ខ្លាំង​មួយភាគ​ធំ តែ​បាន​​ថយ​ចុះ នៅ​​​អង់គ្លេស ម៉ិចស៊ិក ជប៉ុន និង​សហរដ្ឋ​អាមេរិក។ ជា​ការ​ថយចុះ​ក្នុង​កំរិត (-០,៥%) ពីរ​បី​ឆ្នាំ​ជាប់​គ្នា និង​ដោយ​សារ​តែ​បាន​ជំនួយ​ពី​ថាមពល​មិន​ចេះ​រីងស្ងួត។

អាស៊ី​ជា​អ្នក​ទទួល​ខុស​ត្រូវ តំណាង​ឱ្យ​១ភាគ​បី​​នៃ​កំណើន​ឧស្ម័ន​កាបូនិក​ខ្លាំង​ជាងគេ នៅ​ឆ្នាំ​២០១៧។ នេះ​បើ​តាម​ភ្នាក់ងារ​ដដែល ដែល​បាន​បញ្ជាក់​ថា ចិនមហា​អំណាច​សេដ្ឋកិច្ច​ពិភពលោក និង​ដែល​មាន​កំណើន​សេដ្ឋកិច្ច​ដល់​ទៅ​៧% បាន​បញ្ចេញ​ឧស្ម័ន​CO2 តែ​១,៧%​ទេ ព្រោះ​ចិន​ងាក​មក​ប្រើ​ថាមពល​ស្អាត​ ហើយ​កំពុង​ពន្លឿន​ការ​ផ្ទេរ​ពី​ប្រើ​ថាមពលធ្យូងថ្ម​ទៅ​ប្រើ​ឧស្ម័ន​វិញ។

ផ្ទុយ​ទៅ​វិញ​អឺរ៉ុប ដែល​ធ្លាប់​ជា​សិស្ស​ល្អ នា​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ បែរ​បង្កើន​ការ​បញ្ចេញ​CO2​ដល់​ទី​១,៥%​ទៅ​វិញ។ មូល​ហេតុ​ធំ គឺ​ការ​វិល​មក​ប្រើ​ថាមពល​ប្រេង​និង​ឧស្ម័ន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ