តើប្រមុខដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុនបានទៅទស្សនកិច្ចនៅចិនដោយស្ងាត់ៗ ឬ?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៧:០១
នៅថ្ងៃអង្គារ ទី២៧ មីនានេះ អ្នកនាំពាក្យនៃក្រសួងការបរទេសចិនលោកស្រីហួរ ជុនយីងបានចេញមុខបដិសេធលើព័ត៌មានដែលថា ប្រមុខដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុនប្រហែលជាបានទៅបំពេញទស្សនកិច្ចស្ងាត់ៗនៅក្នុងប្រទេសចិន។ តែលោកស្រីបានបន្ថែមថា លោកស្រីនឹងផ្តល់ព័ត៌មានជុំវិញរឿងនេះក្នុងពេលដ៏សមស្របមួយ។ សូមជម្រាបជូនថា ដំណឹងទស្សនកិច្ចស្ងាត់ៗជាយថាហេតុរបស់លោកគីម ជុងអ៊ុននៅចិនពេលនេះត្រូវបានទម្លាយដោយកាសែតជប៉ុនក្យូដូ។ តាមកាសែតក្យូដូ គេបានឃើញរថភ្លើងពិសេសមួយខ្សែធ្វើដំណើរចេញពីទឹកដីកូរ៉េខាងជើងឆ្លងព្រំដែនប្រទេសចិនចូលទៅចតនៅស្ថានីយ៍រថភ្លើងក្នុងទីក្រុងប៉េកាំងនាយប់ថ្ងៃចន្ទ ទី២៦ មីនា ហើយរថភ្លើងពិសេសនោះបានចាកចេញពីទឹកដីចិននៅថ្ងៃអង្គារ ទី២៧ មីនា។
ក្រៅពីកាសែតជប៉ុនក្យូដូ ព័ត៌មានស្តីពីទស្សនកិច្ចជាយថាហេតុរបស់លោកគីម ជុងអ៊ុននៅចិនក៏ត្រូវបានចុះផ្សាយដោយទូរទស្សន៍ជប៉ុនមួយឈ្មោះ NNN។ ទូរទស្សន៍ NNN បានបញ្ចាំងរូបភាពរថភ្លើងពិសេសមានពណ៌បៃតង នងមានបិទទ្រេពណ៌លឿងមួយខ្សែបានឆ្លងព្រំប្រទល់ដែនខ័ណ្ឌចែកទឹកដីកូរ៉េខាងជើង និងទឹកដីចិនចូលទៅចតនៅក្នុងស្ថានីយ៍រថភ្លើងមួយក្នុងទីក្រុងប៉េកាំងនារសៀលថ្ងៃចន្ទ ទី២៦ មីនា។ ក្រៅពីបង្ហាញរូបភាពរថភ្លើងពិសេសនោះ កាសែតជប៉ុនក្យូដូ និងទូរទស្សន៍ជប៉ុន NNN ក៏បានបង្ហាញឲ្យឃើញនូវរូបភាពនៃវត្តមានថ្នាក់ដឹកនាំជាន់ខ្ពស់កូរ៉េខាងជើងម្នាក់ដែលត្រូវបានទទួលយ៉ាងរាក់ទាក់ និងមានការ ការពារសន្តិសុខយ៉ាងរឹងមាំពីកម្លាំងប៉ូលិស និងកងសន្តិសុខដ៏ច្រើនសន្ធឹកសន្ធាប់មិនធ្លាប់មាននៅស្ថានីយ៍រថភ្លើងនោះ។
គេនៅមិនទាន់ដឹងថា តើថ្នាក់ដឹកនាំជាន់ខ្ពស់កូរ៉េខាងជើងរូបនោះជានរណាពិតប្រាកដទេ អ្វីដែលគេដឹង រថភ្លើងពិសេសនោះមានរូបភាពដូចគ្នាបិះបិទនឹងរថភ្លើងដែលធ្លាប់បានដឹកលោកគីម ជុងអ៊ីល អតីតប្រមុខដឹកនាំកូរ៉េខាងជើង និងជាឳពុករបស់លោកគីម ជុងអ៊ុនទៅទស្សនកិច្ចនៅចិនក្នុងឆ្នាំ ២០១០។ ព័ត៌មានស្តីពីទស្សនកិច្ចរបស់លោកគីម ជុងអ៊ីលកាលណោះក៏បានត្រឹមលេចឮជាពាក្យចចាមអារ៉ាមដូចលោកគីម ជុងអ៊ុនពេលនេះដែរ។
គេត្រូវរង់ចាំដល់ការត្រឡប់ចូលប្រទេសវិញរបស់លោកគីម ជុងអ៊ីលទើបព័ត៌មានមួយនេះត្រូវបានបញ្ជាក់ជាផ្លូវការពីចិន និងកូរ៉េខាងជើង។ កាសែតជប៉ុនកូដ្យូចេញផ្សាយថ្ងៃអង្គារ ទី២៧ មីនាឲ្យដឹងថា រថភ្លើងពិសេសនោះបានធ្វើដំណើរត្រឡប់ចូលទឹកដីកូរ៉េខាងជើងវិញហើយនៅថ្ងៃអង្គារ ទី២៧ មីនា។ តែសំណួរកំពុងចោទថា តើលោកគីម ជុងអ៊ុនមានបានទៅទស្សនកិច្ចនៅចិន ឬអត់?។ គ្មាននរណាម្នាក់ហ៊ានឆ្លើយទេ សូម្បីតែកូរ៉េខាងត្បូងដែលធ្លាប់ទទួលបានព័ត៌មានជាក់ច្បាស់ពីខាងជើងក៏បានត្រឹមបញ្ជាក់ថា កំពុងតាមដានព័ត៌មានមួយនេះ។ អ្នកដែលអាចឆ្លើយសំណួរនេះបាន មានតែចិន និងកូរ៉េខាងជើង។
បើលោកគីម ជុងអ៊ុនទៅចិន តើទៅក្នុងគោលដៅអ្វី?
តាំងពីស្នងតំណែងពីឳពុកនាដំណាច់ឆ្នាំ ២០១១ មនុស្សខ្លាំងកូរ៉េខាងជើងវ័យ៣០ឆ្នាំប្លាយមិនដែលបានចាកចេញពីប្រទេសទេ សូម្បីតែចិនដែលជាប្រទេសជិតខាង ជាសម្ព័ន្ធមិត្តចាក់ទឹកមិនលេចនិងជាខ្នងបង្អែកសេដ្ឋកិច្ចដ៏ធំក៏លោកគីម ជុងអ៊ុនមិនដែលដាក់ជើងជាន់ដែរ។ ខុសពីលោកគីម ជុងអ៊ីលដែលជាឳពុកបានធ្វើដំណើទៅកាន់ប្រទេសចិនដល់ទៅ២ដងក្នុងឆ្នាំ ២០១០។ អ្វីដែលបានធ្វើឲ្យគ្រប់គ្នាឆ្ងល់កាន់តែខ្លាំងទៀតនោះ គឺអវត្តមានរបស់លោកគីម ជុងអ៊ុននៅក្នុងពិធីចូលកាន់តំណែងប្រធានាធិបតីចិនអាណត្តិទី១ របស់លោកស៊ី ជីនពីង។
តែគេត្រូវហ៊ានទទួលស្គាល់ថា បរិបទ និងកាលៈទេសៈក្នុងជំនាន់ឳពុក និងកូន គឺមិនដូចគ្នាទេ រួមទាំងកិរិយាមាយាទ កាយវិការ និងអកប្បកិរិយាផង។ ម្យ៉ាងទៀត គេក៏សង្កេតឃើញជារួមថា ជំហររបស់ចិនចំពោះកូរ៉េខាងជើងក្នុងជំនាន់ឳពុក និងកូនក៏មិនដូចគ្នាដែរ។ នៅក្នុងជំនាន់លោកគីម ជុងអ៊ុនសព្វថ្ងៃ ចិនហាក់បានដកខ្លួនបន្តិចដោយមិនសូវការពារផ្កាប់មុខដូចជំនាន់លោកគីម ជុងអ៊ីល។ ជាក់ស្តែង ទីក្រុងប៉េកាំងបានគាំទ្រទណ្ឌកម្មអន្តរជាតិប្រឆាំងក្រុងព្យុងយ៉ាងក្នុងរឿងកម្មវិធីនុយក្លេអ៊ែរ ក៏ដូចជាការបាញ់សាកល្បងគ្រាប់មីស៊ីលបាលីស្ទិក។ លោកគីម ជុងអ៊ុនបានយល់ច្បាស់ណាស់ចំពោះរឿងនេះ តែលោកគ្មានជម្រើសអ្វីក្រៅពីបន្តឱបជើងចិនទេ។
វត្តមានជាយថាហេតុរបស់លោកគីម ជុងអ៊ុននៅចិនពេលនេះមិនមែនជារឿងចៃដន្យទេ ព្រោះទី១ ចំពេលដែលលោកគីម ជុងអ៊ុនមានគម្រោងជួបជាមួយលោកប្រធានាធិបតីកូរ៉េខាងត្បូងមូន ចៃអ៊ីនក្នុងខែមេសា និងទី២ លោកគីម ជុងអ៊ុនក៏មានគម្រោងជួបលោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំនាដំណាច់ខែឧសភា។ គម្រោងជំនួបកំពូលទាំងពីរនេះ គឺសំខាន់ខ្លាំងណាស់សម្រាប់លោកគីម ជុងអ៊ុន ព្រោះវាអាចជាការកំណត់វាសនាអនាគតនៅឧបទ្វីបកូរ៉េ និងជាការកំណត់អនាគតនៃទំនាក់ទំនងរវាងក្រុងព្យុងយ៉ាង និងក្រុងវ៉ាស៊ីនតោន។
លោកគីម ជុងអ៊ុនពិតជាយល់មិនច្រឡំទេថា ដើម្បីអាចឲ្យគម្រោងជំនួបកំពូលទាំងពីរប្រព្រឹត្តទៅដោយរលូន និងជោគជ័យ លោកត្រូវការសួរយោបល់ និងសុំដំបូលន្មានពីបងធំចិនដោយមិនអាចមើលរំលងបាន។
ចិនត្រូវបានអូសចូលត្រឡប់ក្នុងឆាកការទូតឡើងវិញ
គេត្រូវរង់ចាំមើលថា តើលោកគីម ជុងអ៊ុនពិតជាបានទៅទស្សនកិច្ចនោចិនឬអត់ ហើយបើមានមែន តើលោកបានជួបសន្ទនាជាមួយឥស្សរជនចិនណាខ្លះ ពិសេសតើមានបានជួបពិភាក្សាជាមួយបុរសខ្លាំងចិនលោកស៊ី ជីនពីងដែរ ឬទេ។ ប្រសិនបើព័ត៌មានចចាមអារ៉ាមមួយនេះត្រូវបានបញ្ជាក់ជាផ្លូវការនាពេលខាងមុខ នេះពិតជារឿងមួយដែលបានធ្វើឲ្យចិនសប្បាយចិត្តរកអ្វីប្រៀបពុំបាន។ ចូរកុំភ្លេចថា គំនិតផ្តួចផ្តើមឲ្យមានគម្រោងជំនួបកំពូលរវាងលោកគីម ជុងអ៊ុនជាមួយលោកប្រធានាធិបតីកូរ៉េខាងត្បូងមូន ចៃអ៊ីន ឬមួយក៏ជាមួយលោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំនាពេលខាងមុខ គឺជាការសម្រេចចិត្តរបស់លោកគីម ជុនអ៊ុនតែឯងដោយមិនបានពិភាក្សា សួរយោបល់ ឬមួយក៏ជូនដំណឹងជាផ្លូវការដល់បងធំចិនទេ។
ចិនដែលជាសម្ព័ន្ធមិត្ត ជាអ្នកចេញមុខការពារ និងជាខ្នងបង្អែកសេដ្ឋកិច្ចរបស់កូរ៉េខាងជើងបែរជាត្រូវបានលោកគីម ជុងអ៊ុនទុកចោលមួយកន្លែងទៅវិញ។ អ្វីដែលចិនបារម្ភខ្លាំង គឺខ្លាចតែខ្លួនត្រូវបានគេដាក់ឲ្យនៅក្រៅឆាកក្នុងពេលដែលលោកដូណាល់ ត្រាំ និងលោកគីម ជុងអ៊ុនល្អូកល្អឺនដាក់គ្នា។ ភាពល្អូកល្អឺនជាយថាហេតុរវាងក្រុងព្យុងយ៉ាង និងក្រុងវ៉ាស៊ីតោនដែលអាចជះឥទ្ធិពលអាក្រក់ និងធ្វើឲ្យក្រុងប៉េកាំងខាតប្រយោជន៍ធំធេងណាស់នៅក្នុងតំបន់។ ដូច្នេះសម្រាប់ចិន ការដែលលោកគីម ជុងអ៊ុនបានសុខចិត្តមករកខ្លួនពេលនេះ ជាសក្ខីកម្មមួយដែលបញ្ជាក់ពីវិលត្រឡប់ចូលឆាកការទូតរបស់ចិននៅក្នុងដំណោះស្រាយឲ្យវិបត្តិនៅឧបទ្វីបកូរ៉េ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ