អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តើ​ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុងអ៊ុន​បាន​ទៅ​ទស្សនកិច្ច​នៅ​ចិន​ដោយ​ស្ងាត់ៗ ឬ​?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​អង្គារ ទី២៧ មីនា​នេះ អ្នក​នាំពាក្យ​នៃ​ក្រសួង​ការបរទេស​ចិន​លោកស្រី​ហួរ ជុនយីង​បាន​ចេញ​មុខ​បដិសេធ​លើ​ព័ត៌មាន​ដែល​ថា ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុងអ៊ុន​ប្រហែល​ជា​បាន​ទៅ​បំពេញ​ទស្សនកិច្ច​ស្ងាត់ៗ​នៅ​ក្នុង​ប្រទេស​ចិន។ តែ​លោកស្រី​បាន​បន្ថែម​ថា លោកស្រី​នឹង​ផ្តល់​ព័ត៌មាន​ជុំវិញ​រឿងនេះ​ក្នុង​ពេល​ដ៏​សមស្រប​មួយ។ សូម​ជម្រាប​ជូន​ថា ដំណឹង​ទស្សនកិច្ច​ស្ងាត់ៗ​ជា​យថាហេតុ​របស់​លោក​គីម ជុងអ៊ុន​នៅ​ចិន​ពេល​នេះ​ត្រូវ​បាន​ទម្លាយ​ដោយ​កាសែត​ជប៉ុន​ក្យូដូ។ តាម​កាសែត​ក្យូដូ គេ​បាន​ឃើញ​រថភ្លើងពិសេស​មួយ​ខ្សែ​ធ្វើ​ដំណើរ​ចេញ​ពី​ទឹកដី​កូរ៉េខាងជើង​ឆ្លង​ព្រំដែន​ប្រទេស​ចិន​ចូល​ទៅ​ចត​នៅ​ស្ថានីយ៍​រថភ្លើង​ក្នុង​ទីក្រុង​ប៉េកាំង​នា​យប់​ថ្ងៃ​ចន្ទ ទី២៦ មីនា ហើយ​រថភ្លើងពិសេស​នោះ​បាន​ចាក​ចេញ​ពី​ទឹកដី​ចិន​នៅ​ថ្ងៃ​អង្គារ ទី២៧ មីនា។

ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុងអ៊ុន
ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុងអ៊ុន REUTERS/Damir Sagolj/File Photo
ផ្សាយពាណិជ្ជកម្ម

ក្រៅ​ពី​កាសែត​ជប៉ុន​ក្យូដូ ព័ត៌មាន​ស្តីពី​ទស្សនកិច្ច​ជា​យថាហេតុ​របស់​លោក​គីម ជុងអ៊ុន​នៅ​ចិន​ក៏​ត្រូវ​បាន​ចុះ​ផ្សាយ​ដោយ​ទូរទស្សន៍​ជប៉ុន​មួយ​ឈ្មោះ NNN។ ទូរទស្សន៍ NNN បាន​បញ្ចាំង​រូបភាព​រថភ្លើងពិសេស​មាន​ពណ៌បៃតង នង​មាន​បិទ​ទ្រេ​ពណ៌លឿង​មួយ​ខ្សែ​បាន​ឆ្លង​ព្រំប្រទល់ដែន​ខ័ណ្ឌចែក​ទឹកដី​កូរ៉េខាងជើង និង​ទឹកដី​ចិន​ចូល​ទៅ​ចត​នៅ​ក្នុង​ស្ថានីយ៍​រថភ្លើង​មួយ​ក្នុង​ទីក្រុង​ប៉េកាំង​នា​រសៀល​ថ្ងៃ​ចន្ទ ទី២៦ មីនា។ ក្រៅ​ពី​បង្ហាញ​រូបភាព​រថភ្លើងពិសេស​នោះ កាសែត​ជប៉ុន​ក្យូដូ និង​ទូរទស្សន៍​ជប៉ុន NNN ក៏​បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​រូបភាព​នៃ​វត្តមាន​ថ្នាក់ដឹកនាំជាន់ខ្ពស់​កូរ៉េខាងជើង​ម្នាក់​ដែល​ត្រូវ​បាន​ទទួល​យ៉ាង​រាក់ទាក់ និង​មាន​ការ ការពារ​សន្តិសុខ​យ៉ាង​រឹងមាំ​ពី​កម្លាំង​ប៉ូលិស និង​កងសន្តិសុខ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​មិន​ធ្លាប់​មាន​នៅ​ស្ថានីយ៍​រថភ្លើង​នោះ។

គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​ថ្នាក់ដឹកនាំជាន់ខ្ពស់​កូរ៉េខាងជើង​រូប​នោះ​ជា​នរណា​ពិត​ប្រាកដ​ទេ អ្វី​ដែល​គេ​ដឹង រថភ្លើងពិសេស​នោះ​មាន​រូបភាព​ដូច​គ្នា​បិះបិទ​នឹង​រថភ្លើង​ដែល​ធ្លាប់​បាន​ដឹក​លោក​គីម ជុងអ៊ីល អតីត​ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង និង​ជា​ឳពុក​របស់​លោក​គីម ជុងអ៊ុន​ទៅ​ទស្សនកិច្ច​នៅ​ចិន​ក្នុង​ឆ្នាំ ២០១០។ ព័ត៌មាន​ស្តីពី​ទស្សនកិច្ច​របស់​លោក​គីម ជុងអ៊ីល​កាលណោះ​ក៏​បាន​ត្រឹម​លេច​ឮ​ជា​ពាក្យ​ចចាមអារ៉ាម​ដូច​លោក​គីម ជុងអ៊ុន​ពេល​នេះ​ដែរ។

គេ​ត្រូវ​រង់ចាំ​ដល់​ការ​ត្រឡប់​ចូល​ប្រទេស​វិញ​របស់​លោក​គីម ជុងអ៊ីល​ទើប​ព័ត៌មាន​មួយ​នេះ​ត្រូវ​បាន​បញ្ជាក់​ជា​ផ្លូវការ​ពី​ចិន និង​កូរ៉េខាងជើង។ កាសែត​ជប៉ុន​កូដ្យូ​ចេញ​ផ្សាយ​ថ្ងៃ​អង្គារ ទី២៧ មីនា​ឲ្យ​ដឹង​ថា រថភ្លើងពិសេស​នោះ​បាន​ធ្វើ​ដំណើរ​ត្រឡប់​ចូល​ទឹកដី​កូរ៉េខាងជើង​វិញ​ហើយ​នៅ​ថ្ងៃ​អង្គារ ទី២៧ មីនា។ តែ​សំណួរ​កំពុង​ចោទ​ថា តើ​លោក​គីម ជុងអ៊ុន​មាន​បាន​ទៅ​ទស្សនកិច្ច​នៅ​ចិន ឬ​អត់?។ គ្មាន​នរណា​ម្នាក់​ហ៊ាន​ឆ្លើយ​ទេ សូម្បី​តែ​កូរ៉េខាងត្បូង​ដែល​ធ្លាប់​ទទួល​បាន​ព័ត៌មាន​ជាក់ច្បាស់​ពី​ខាងជើង​ក៏​បាន​ត្រឹម​បញ្ជាក់​ថា កំពុង​តាមដាន​ព័ត៌មាន​មួយ​នេះ។ អ្នក​ដែល​អាច​ឆ្លើយ​សំណួរ​នេះ​បាន មាន​តែ​ចិន និង​កូរ៉េខាងជើង។

បើ​លោក​គីម ជុងអ៊ុន​ទៅ​ចិន តើ​ទៅ​ក្នុង​គោលដៅ​អ្វី?

តាំង​ពី​ស្នង​តំណែង​ពី​ឳពុក​នា​ដំណាច់ឆ្នាំ ២០១១ មនុស្សខ្លាំង​កូរ៉េខាងជើង​វ័យ​៣០ឆ្នាំ​ប្លាយ​មិន​ដែល​បាន​ចាកចេញ​ពី​ប្រទេស​ទេ សូម្បី​តែ​ចិន​ដែល​ជា​ប្រទេស​ជិតខាង ជា​សម្ព័ន្ធមិត្ត​ចាក់​ទឹកមិន​លេចនិង​ជា​ខ្នងបង្អែក​សេដ្ឋកិច្ច​ដ៏​ធំ​ក៏​លោក​គីម ជុងអ៊ុន​មិន​ដែល​ដាក់​ជើង​ជាន់​ដែរ។ ខុស​ពី​លោក​គីម ជុងអ៊ីល​ដែល​ជា​ឳពុក​បាន​ធ្វើ​ដំណើ​ទៅ​កាន់​ប្រទេស​ចិន​ដល់​ទៅ​២ដង​ក្នុង​ឆ្នាំ ២០១០។ អ្វី​ដែល​បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​ឆ្ងល់​កាន់​តែ​ខ្លាំង​ទៀត​នោះ គឺ​អវត្តមាន​របស់​លោក​គីម ជុងអ៊ុន​នៅ​ក្នុង​ពិធី​ចូល​កាន់​តំណែង​ប្រធានាធិបតី​ចិន​អាណត្តិ​ទី១ របស់​លោក​ស៊ី ជីនពីង។

តែ​គេ​ត្រូវ​ហ៊ាន​ទទួល​ស្គាល់​ថា បរិបទ និង​កាលៈទេសៈ​ក្នុង​ជំនាន់​ឳពុក និង​កូន គឺ​មិន​ដូច​គ្នា​ទេ រួម​ទាំង​កិរិយាមាយាទ កាយវិការ និង​អកប្បកិរិយា​ផង។ ម្យ៉ាង​ទៀត គេ​ក៏​សង្កេត​ឃើញ​ជា​រួម​ថា ជំហរ​របស់​ចិន​ចំពោះ​កូរ៉េខាងជើង​ក្នុង​ជំនាន់​ឳពុក និង​កូន​ក៏​មិន​ដូច​គ្នា​ដែរ។ នៅ​ក្នុង​ជំនាន់​លោក​គីម ជុងអ៊ុន​សព្វថ្ងៃ ចិន​ហាក់​បាន​ដក​ខ្លួន​បន្តិច​ដោយ​មិន​សូវ​ការពារ​ផ្កាប់​មុខ​ដូច​ជំនាន់​លោក​គីម ជុងអ៊ីល។ ជាក់ស្តែង ទីក្រុង​ប៉េកាំង​បាន​គាំទ្រ​ទណ្ឌកម្ម​អន្តរជាតិ​ប្រឆាំង​ក្រុង​ព្យុងយ៉ាង​ក្នុង​រឿង​កម្មវិធី​នុយក្លេអ៊ែរ ក៏​ដូច​ជា​ការ​បាញ់​សាកល្បង​គ្រាប់មីស៊ីលបាលីស្ទិក។ លោក​គីម ជុងអ៊ុន​បាន​យល់​ច្បាស់​ណាស់​ចំពោះ​រឿង​នេះ តែ​លោក​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​បន្ត​ឱបជើង​ចិន​ទេ។

វត្តមាន​ជា​យថាហេតុ​របស់​លោក​គីម ជុងអ៊ុន​នៅ​ចិន​ពេល​នេះ​មិនមែន​ជា​រឿង​ចៃដន្យ​ទេ ព្រោះ​ទី១ ចំ​ពេល​ដែល​លោក​គីម ជុងអ៊ុន​មាន​គម្រោង​ជួប​ជាមួយ​លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង​មូន ចៃអ៊ីន​ក្នុង​ខែ​មេសា និង​ទី២ លោក​គីម ជុងអ៊ុន​ក៏​មាន​គម្រោង​ជួប​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​នា​ដំណាច់​ខែ​ឧសភា។ គម្រោង​ជំនួបកំពូល​ទាំង​ពីរ​នេះ គឺ​សំខាន់​ខ្លាំង​ណាស់​សម្រាប់​លោក​គីម ជុងអ៊ុន ព្រោះ​វា​អាច​ជា​ការ​កំណត់​វាសនា​អនាគត​នៅ​ឧបទ្វីបកូរ៉េ និង​ជា​ការ​កំណត់​អនាគត​នៃ​ទំនាក់ទំនង​រវាង​ក្រុង​ព្យុងយ៉ាង និង​ក្រុង​វ៉ាស៊ីនតោន។

លោក​គីម ជុងអ៊ុន​ពិត​ជា​យល់​មិន​ច្រឡំ​ទេ​ថា ដើម្បី​អាច​ឲ្យ​គម្រោង​ជំនួបកំពូល​ទាំង​ពីរ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន និង​ជោគជ័យ លោក​ត្រូវ​ការ​សួរ​យោបល់ និង​សុំដំបូលន្មាន​ពី​បងធំ​ចិន​ដោយ​មិន​អាច​មើល​រំលង​បាន។

ចិន​ត្រូវ​បាន​អូស​ចូល​ត្រឡប់​ក្នុង​ឆាក​ការទូត​ឡើង​វិញ

គេ​ត្រូវ​រង់​ចាំ​មើល​ថា តើ​លោក​គីម ជុងអ៊ុន​ពិត​ជា​បាន​ទៅ​ទស្សនកិច្ច​នោ​ចិន​ឬ​អត់ ហើយ​បើ​មាន​មែន តើ​លោក​បាន​ជួប​សន្ទនា​ជាមួយ​ឥស្សរជន​ចិន​ណា​ខ្លះ ពិសេស​តើ​មាន​បាន​ជួប​ពិភាក្សា​ជាមួយ​បុរសខ្លាំង​ចិន​លោក​ស៊ី ជីនពីង​ដែរ ឬ​ទេ។ ប្រសិន​បើ​ព័ត៌មាន​ចចាមអារ៉ាម​មួយ​នេះ​ត្រូវ​បាន​បញ្ជាក់​ជា​ផ្លូវការ​នា​ពេល​ខាង​មុខ នេះ​ពិត​ជា​រឿង​មួយ​ដែល​បាន​ធ្វើ​ឲ្យ​ចិន​សប្បាយ​ចិត្ត​រក​អ្វី​ប្រៀប​ពុំ​បាន។ ចូរ​កុំ​ភ្លេច​ថា គំនិត​ផ្តួចផ្តើម​ឲ្យ​មាន​គម្រោង​ជំនួបកំពូល​រវាង​លោក​គីម ជុងអ៊ុន​ជាមួយ​លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង​មូន ចៃអ៊ីន ឬ​មួយ​ក៏​ជាមួយ​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​នា​ពេល​ខាង​មុខ គឺ​ជា​ការ​សម្រេច​ចិត្ត​របស់​លោក​គីម ជុនអ៊ុន​តែ​ឯង​ដោយ​មិន​បាន​ពិភាក្សា សួរយោបល់ ឬ​មួយ​ក៏​ជូន​ដំណឹង​ជា​ផ្លូវការ​ដល់​បងធំ​ចិន​ទេ។

ចិន​ដែល​ជា​សម្ព័ន្ធមិត្ត ជា​អ្នក​ចេញ​មុខ​ការពារ និង​ជា​ខ្នង​បង្អែក​សេដ្ឋកិច្ច​របស់​កូរ៉េខាងជើង​បែរ​ជា​ត្រូវ​បាន​លោក​គីម ជុងអ៊ុន​ទុក​ចោល​មួយ​កន្លែង​ទៅ​វិញ។ អ្វី​ដែល​ចិន​បារម្ភ​ខ្លាំង គឺ​ខ្លាច​តែ​ខ្លួន​ត្រូវ​បាន​គេ​ដាក់​ឲ្យ​នៅ​ក្រៅ​ឆាក​ក្នុង​ពេល​ដែល​លោក​ដូណាល់ ត្រាំ និង​លោក​គីម ជុងអ៊ុន​ល្អូកល្អឺន​ដាក់​គ្នា។ ភាព​ល្អូកល្អឺន​ជា​យថាហេតុ​រវាង​ក្រុង​ព្យុងយ៉ាង និង​ក្រុង​វ៉ាស៊ីតោន​ដែល​អាច​ជះ​ឥទ្ធិពល​អាក្រក់ និង​ធ្វើ​ឲ្យ​ក្រុង​ប៉េកាំង​ខាត​ប្រយោជន៍​ធំធេង​ណាស់​នៅ​ក្នុង​តំបន់។ ដូច្នេះ​សម្រាប់​ចិន ការ​ដែល​លោក​គីម ជុងអ៊ុន​បាន​សុខចិត្ត​មក​រក​ខ្លួន​ពេល​នេះ ជា​សក្ខីកម្ម​មួយ​ដែល​បញ្ជាក់​ពី​វិល​ត្រឡប់​ចូល​ឆាក​ការទូត​របស់​ចិន​នៅ​ក្នុង​ដំណោះស្រាយ​ឲ្យ​វិបត្តិ​នៅ​ឧបទ្វីប​កូរ៉េ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ