កូរ៉េខាងជើង-ចិន៖លោកគីម ជុងអ៊ុនពិតជាបានទៅជួបលោកស៊ី ជីនពីងនៅក្រុងប៉េកាំងមែន
ចុះផ្សាយនៅថ្ងៃ៖
នៅថ្ងៃពុធ ទី២៨ មីនានេះ កាសែតផ្លូវការចិនស៊ីនហួរ និងកាសែតផ្លូវការកូរ៉េខាងជើង KCNA បានបញ្ជាក់ជាផ្លូវការពីទស្សនកិច្ចរបស់ប្រមុខដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុននៅចិន និងថា លោកគីម ជុងអ៊ុនបានជួបសន្ទនាជាមួយលោកប្រធានាធិបតីចិនស៊ី ជីនពីងនៅវិមានប្រជាជនក្នុងទីក្រុងប៉េកាំង។ បន្ទាប់មក ឥស្សរជនកំពូលទាំងពីរក៏បានស្រស់ស្រូបអាហារពេលល្ងាចរួមគ្នាដោយមានវត្តមានភរិយារៀងៗខ្លួនផង។ ទស្សនកិច្ចរបស់លោកគីម ជុងអ៊ុននៅចិនបានផ្តើមពីថ្ងៃអាទិត្យ ទី២៥ ដល់ថ្ងៃពុធ ទី២៨ មីនានេះ។
គេត្រូវរង់ចាំលោកគីម ជុងអ៊ុនត្រឡប់ចូលដល់ប្រទេសវិញទើបព័ត៌មាននៃដំណើរទស្សនកិច្ចនេះត្រូវបានផ្សព្វផ្សាយជាផ្លូវការ ព្រមទាំងមានរូបថតនៃការចាប់ដៃគ្នាយ៉ាងរលាក់វាងលោកគីម ជុងអ៊ុន និងលោកប្រធានាធិបតីចិនស៊ី ជីនពីងផង។ នៅក្នុងទីក្រុងប៉េកាំង មនុស្សខ្លាំងកូរ៉េខាងជើងរូបនេះត្រូវបានលោកស៊ី ជីនពីងទទួលយ៉ាងអធិកអធមដូចប្រមុខរដ្ឋ ឬប្រមុខរដ្ឋាភិបាលនៃប្រទេសផ្សេងដែរ។ គួរបញ្ជាក់ជូនថា ក្រុងព្យុងយ៉ាង និងក្រុងប៉េកាំងបានក្លាយជាសម្ព័ន្ធមិត្តប្រពៃណីតាំងពីបានចូលប្រឡូកក្នុងសមរភូមិរួមគ្នានៅក្នុងសម័យសង្រ្គាមកូរ៉េពីឆ្នាំ ១៩៥០ ដល់ឆ្នាំ ១៩៥៣។
តាំងពីជំនាន់លោកគីម អ៊ីលស៊ុងដែលជាជីតារបស់លោកគីម ជុងអ៊ុនរហូតដល់ជំនាន់លោកគីម ជុងអ៊ីលដែលជាឳពុក កូរ៉េខាងជើង និងចិនបានបន្តរក្សាទំនាក់ទំនងគ្នាយ៉ាងស្អិតរមួត ហើយចិនជាជម្រើសប្រទេសទី១ នៃទស្សនកិច្ចរបស់ប្រមុខដឹកនាំកូរ៉េខាងជើងតាំងពីជំនាន់ជីតារហូតដល់ជំនាន់ចៅ។ អ៊ីចឹងហើយបានជានៅក្នុងកិច្ចសន្ទនាជាមួយលោកស៊ី ជីនពីង លោកគីម ជុងអ៊ុនបានថ្លែងច្បាស់ៗថា ដំណើរមកកាន់ប្រទេសចិនពេលនេះ ជា « កាតព្វកិច្ចដ៏ឳឡារិក » ដែលលោកបានដើរតាមគន្លងផ្លូវដែលត្រួសត្រាយដោយជីតា និងឳពុក។
បន្ទាប់មក លោកគីម ជុងអ៊ុនបានអញ្ជើញលោកស៊ី ជីនពីងឲ្យទៅទស្សនកិច្ចនៅកូរ៉េខាងជើងវិញ។ ជាការឆ្លើយតប លោកស៊ី ជីនពីងបានយល់ព្រមតាមការអញ្ជើញរបស់លោកគីម ជុងអ៊ុន និងបានចាត់ទុកដំណើរមកកាន់ចិនរបស់មនុស្សខ្លាំងកូរ៉េខាងជើងរូបនេះថា ជាជម្រើសយុទ្ធសាស្រ្ត និងជាជម្រើសល្អមួយដោយផ្អែកលើមូលដ្ឋានប្រវត្តិសាស្រ្ត និងការពិត។ សូមជម្រាបជូនថាតាំងពីបានស្នងតំណែងពីឳពុកលោកគីម ជុងអ៊ីលនាដំណាច់ឆ្នាំ ២០១១ មក នេះជាលើកទី១ ដែលលោកគីម ជុងអ៊ុនបានទៅទស្សនកិច្ចនៅចិន និងបានជួបសន្ទនាជាមួយលោកស៊ី ជីនពីង។
លោកគីម ជុងអ៊ុនបញ្ជាក់ពីគម្រោងជួបលោកដូណាល់ ត្រាំ និងសន្យាបញ្ឈប់កម្មវិធីនុយក្លេអ៊ែរ
វត្តមានរបស់មេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុនពេលនេះបានកើតមានឡើងនៅក្នុងបរិបទសំខាន់ចំនួនពីរ ទី១ ចំពេលដែលលោកគីម ជុងអ៊ុនមានគម្រោងជួបជាមួយលោកប្រធានាធិបតីកូរ៉េខាងត្បូងមូន ចៃអ៊ីនក្នុងខែមេសា និងទី២ ចំពេលដែលលោកគីម ជុងអ៊ុនក៏គ្រោងជួបលោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំនាដំណាច់ខែឧសភាដែរ។ គឺនៅមុនគម្រោងជំនួបទាំងពីរនេះហើយដែលលោកគីម ជុងអ៊ុនត្រូវការមតិយោបល់ ការណែនាំ ដំបូលន្មាន និងការគាំទ្រពីបងធំចិនលោកស៊ី ជីនពីង។
លោកស៊ី ជីនពីងដែលមកទល់ពេលនេះត្រូវបានប្អូនតូចលោកគីម ជុងអ៊ុនធីបចោលមួយកន្លែង។ ចូរកុំភ្លេចថា អ្នកដែលបានផ្តួចផ្តើមគំនិតឲ្យមានគម្រោងជំនួបរវាងលោកគីម ជុងអ៊ុន និងលោកដូណាល់ ត្រាំមិនមែនចិនទេ តែកូរ៉េខាងត្បូង។ ដូច្នេះសម្រាប់លោកស៊ី ជីនពីង វត្តមានរបស់លោកគីម ជុងអ៊ុននៅចិនពេលនេះមិនត្រឹមតែបានឲ្យតម្លៃ និងលើកកិត្តិយសចិនដែលជាបងធំប៉ុណ្ណោះទេ តែបានអូសចិនឲ្យត្រឡប់ចូលឆាកការទូតឡើងវិញដើម្បីចូលរួមដោះស្រាយបញ្ហានៅឧបទ្វីបកូរ៉េ។ ក្រៅពីបញ្ជាក់ពីការត្រៀមខ្លួនជួបលោកដូណាល់ ត្រាំ លោកគីម ជុងអ៊ុនក៏បានសន្យាជាមួយលោកស៊ី ជីនពីងពីការបញ្ឈប់កម្មវិធីនុយក្លេអ៊ែរ និងចង់បានឧបទ្វីបកូរ៉េគ្មាននុយក្លេអ៊ែរ។
សូមជម្រាបជូនថានារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងរវាងចិន និងកូរ៉េខាងជើងក្នុងជំនាន់លោកគីម ជុងអ៊ុនបានឡើងតានតឹងខ្លាំង។ តានតឹងក៏ដោយសារតែចិនដែលជាប្រទេសជិតខាង ជាសម្ព័ន្ធមិត្តប្រពៃណីនិងជាខ្នងបង្អែកសេដ្ឋកិច្ចដ៏ធំបានចេញមុខគាំទ្រទណ្ឌកម្មអន្តរជាតិប្រឆាំងកូរ៉េខាងជើងក្នុងសំណុំរឿងគ្រាប់មីស៊ីលបាលីស្ទិក និងកម្មវិធីនុយក្លេអ៊ែរ។ ក្រុងប៉េកាំងមានការទើសទាល់ចិត្តខ្លាំងណាស់ចំពោះទង្វើផ្គើនសហគមន៍អន្តរជាតិរបស់ក្រុងព្យុងយ៉ាងនៅក្នុងសំណុំរឿងដ៏រស៊ើបទាំងពីរនេះ។
ចិនចង់បានឧបទ្វីបកូរ៉េគ្មាននុយក្លេអ៊ែរ តែមិនចង់ឃើញកូរ៉េរួបរួមគ្នា
អ្វីដែលមេដឹកនាំកូរ៉េខាងជើងវ័យ ៣០ឆ្នាំប្លាយត្រូវការជាអាទិភាព គឺការធានាសន្តិសុខពីចិនចំពោះរបបកុម្មុយនិស្តរបស់ខ្លួន។ លោកគីម ជុងអ៊ុនយល់មិនច្រឡំទេថា បើជំនួបរវាងលោក និងលោកដូណាល់ ត្រាំមានដំណើរដោយរលូន និងស្មោះស្រង់ វាពិតរឿងត្រេកត្រអាលមួយ។ តែបើជំនួបនោះបែរជាបានបញ្ចប់ដោយភាពតានតឹង និងការគំរាមគ្នា វាពិតជារឿងមួយគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់រូបលោកផ្ទាល់ ក៏ដូចជារបបរបស់លោក។
ក្តីបារម្ភ ឬមួយក៏ថា ការបង្ការរបស់លោកគីម ជុងអ៊ុនមិនសូវជាខុសទេ ព្រោះលោកដូណាល់ ត្រាំទើបបានតែងតាំងលោកចន បុលតុនជាទីប្រឹក្សាសន្តិសុខជាតិ។ លោកចន បុលតុនដែលជាឥស្សរជនម្នាក់មាននិន្នាការប្រើកម្លាំងបាយជាងកម្លាំងការទូតនៅក្នុងដំណោះស្រាយបញ្ហាអន្តរជាតិ។ ដូច្នេះបើកិច្ចចរចារវាងលោកគីម ជុងអ៊ុន និងលោកដូណាល់ ត្រាំបញ្ចប់ដោយការដំឡើងសាច់ដុំដាក់គ្នា លោកបុលតុនអាចនឹងជំរុញលោកត្រាំឲ្យវាយប្រហារកូរ៉េខាងជើង។ នៅពេលនោះ លោកគីម ជុងអ៊ុនមានខ្នងបង្អែកពីលោកស៊ី ជីនពីងរួចជាស្រេច។
ជំហរ និងការចង់បានរបស់ចិននៅក្នុងឧបទ្វីបកូរ៉េពេលនេះក៏មិនខុសគ្នានឹងជំហរ និងការចង់បានរបស់សហគមន៍អន្តរជាតិដែរ គឺឧបទ្វីបកូរ៉េគ្មាននុយក្លេអ៊ែរ។ តែទន្ទឹមគ្នានេះ ចិនក៏ចង់បន្តរក្សាស្ថានភាពនៅឧបទ្វីបកូរ៉េឲ្យនៅដដែលដោយមិនចង់ឃើញការរួបរួមកូរ៉េតែមួយទេ។ អ្វីដែលក្រុងប៉េកាំងបារម្ភខ្លាំងមានពីរ ទី១ ការដួលរលំរបបកុម្មុយនិស្តនៅក្រុងព្យុងយ៉ាងដែលអាចបង្កឲ្យមានជនភៀសខ្លួនហូរចូលក្នុងទឹកដីខ្លួន និងទី២ ការរួបរួមកូរ៉េតែមួយនឹងអនុញ្ញាតឲ្យទ័ពអាមេរិកដែលកំពុងឈរជើងក្នុងទឹកដីកូរ៉េខាងត្បូងស្រាប់លើកទៅបោះទីតាំងនៅក្បែរព្រំដែនចិន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ