អានតួអត្ថបទ

អ.ស.ប ដាក់​ទណ្ឌ​កម្ម​ កប៉ាល់​ និង​ ក្រុមហ៊ុន​ មួយ​ចំនួន​ ដោយ​សារលបលួច​​ធ្វើ​ជំនួញ​ជាមួយ​កូរ៉េ​ខាង​ជើង​

កាល​ពី​ថ្ងៃ​សុក្រ​ម្សិលមិញ​ ក្រុម​ប្រឹក្សា​សន្តិសុខ​ នៃ​អង្គការ​សហ​ប្រជាជាតិ​ បាន​ដាក់​ទណ្ឌ​កម្ម ​កប៉ាល់​ដឹក​ទំនិញ​ចំនួន​២៧​ គ្រឿង ​និង ​ក្រុម​ហ៊ុន​ចំនួន​ ២១​ ចូល​ក្នុង​បញ្ជី​ខ្មៅ​របស់​ខ្លួន​ ដោយ​ហេតុ​ថា​ ពួក​គេ​បាន​លួច​រក​ស៊ី​ជាមួយ​កូរ៉េ​ខាង​ជើង​ បំពាន​នឹង​ការ​ដាក់​ទណ្ឌ​កម្ម​របស់​អ.ស.ប​។ គួរ​ជម្រាប​ថា​ អ.ស.ប​ នៅ​តែ​បន្ត​ដាក់​សម្ពាធ​ទៅ​លើ​កូរ៉េ​ខាង​ជើង​ បើ​ទោះ​ជា​ប្រទេស​នេះ​ បាន​បន្ទន់​ឥរិយាបទ​ ចង់​វិល​រក​ការ​ចរ​ចារ​ក៏​ដោយ​។

រូបថតបង្ហាញដោយទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េ (KCNA)  ដែលចេញផ្សាយកាលពីថ្ងៃទី 10 ខែឧសភាឆ្នាំ 2016 ។
រូបថតបង្ហាញដោយទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េ (KCNA) ដែលចេញផ្សាយកាលពីថ្ងៃទី 10 ខែឧសភាឆ្នាំ 2016 ។ REUTERS
ផ្សាយពាណិជ្ជកម្ម

ខណៈ​ពេល​ដែល​ ជំនួប​រវាង​ មេ​ដឹក​នាំ​កូរ៉េ​ខាង​ជើង​ លោក​ គឹម ជុងអ៊ុន​ និង​លោក​ប្រធានាធិបតី​អាមេរិក​ ដូណាល់​ ត្រាំ ​កាន់​តែ​ខិត​ជិត​ដល់​ សហរដ្ឋ​អាមេរិក​ នៅ​តែ​មិន​ភ្លេច​បន្ត​ការ​ដាក់​សម្ពាធ​ ទៅ​លើ​ទី​ក្រុង​ព្យុង​យ៉ាង​ទេ​។ តួយ៉ាង​ កាល​ពី​ម្សិលមិញ​នេះ​ ឆ្លើយ​តប​នឹង​ការ​ស្នើ​របស់​អាមេរិក​ អ.ស.ប​  បាន​ដាក់​ចូល​ក្នុង​បញ្ជី​ខ្មៅ​របស់​ខ្លួន​នូវ​ឈ្មោះ ​កប៉ាល់ ​ដឹក​ទំនិញ​ ចំនួន​ ២៧​ គ្រឿង​ ក្រុម​ហ៊ុន​ចំនួន​២១ ​ព្រម​ទាំង​អ្នក​ជំនួញ​ម្នាក់​ផង​ ដែល​នៅ​តែ​បន្ត​លួច​រក​ស៊ី​ជាមួយ​ប្រទេស​កូរ៉េ​ខាង​ជើង​។

ឯក​អគ្គ​រដ្ឋ​ទូត​ សហរដ្ឋ​អាមេរិក​ ប្រចាំ​ អ.ស.ប  លោក​ស្រី​ Nikki​ Haley ​បាន​ធ្វើ​ការ​ស្វាគមន៍​ភ្លាមៗ​ ចំពោះ​ការ​ដាក់​ ទណ្ឌ​កម្ម​ ទៅ​លើ​ប្រទេស​មាន​មហិច្ឆតា​ផលិត​អាវុធ​នុយក្លេអ៊ែរ ​ដូច​ជា​ កូរ៉េ​ខាង​ជើង​។ សម្រាប់​ អាមេរិក​ ការ​បន្ត ​ដាក់​ទណ្ឌកម្ម ​នេះ​ គឺ​ជា​សញ្ញា​ប្រាប់​ថា​ សហគមន៍​អន្តរជាតិ​រួម​កម្លាំង​គ្នា​ដាក់​សម្ពាធ​លើ​រដ្ឋា​ភិបាល​ក្រុង​ព្យុងយ៉ាង​។

គួរ​បញ្ជាក់​ថា​ តាម​ពិត​ទៅ​ សហរដ្ឋ​អាមេរិក​បាន​ស្នើ​ឲ្យ​ អ.ស.ប  ​ហាម​ឃាត់​ កប៉ាល់​ចំនួន​៣៣​ និង​ ក្រុម​ហ៊ុន​ចំនួន​ ២៧​ ឯណោះ​ ទាក់ទង​នឹងការ​លួច​រត់ពន្ធ​ជាមួយ​កូរ៉េ​ខាងជើង​ តែ​ចិន​ បាន​សុំ​ពិនិត្យ​មើល​ បញ្ជី​ស្នើ​សុំ ​របស់​អាមេរិក​ជា​មុន​សិន​ មុន​មាន​ការ​សម្រេច​ណា​មួយ​កើត​ឡើង​។

មួយ​វិញ​ទៀត ​បើ​តាម​ របាយរាយណ៏​មួយ ​ចេញ​ផ្សាយ​ដោយ​ អ.ស.ប​  នា​ពេល​ថ្មីៗ​នេះ​បាន​បង្ហាញ​ កាល​ពី​ឆ្នាំ​កន្លង​ទៅ​ កូរ៉េ​ខាង​ជើង​ អាច​រក​ប្រាក់​ចំនូល​បាន​រហូត​ដល់ ​២០០​ លាន ដូលា្លរ​ សហរដ្ឋ​អាមេរិក​ តាមរយៈ​ការ​នាំ​ចេញ​ធ្យូង​ថ្ម​ ដែកថែប​ និង​ទំនិញ​ផ្សេងៗ​ ដែល​ត្រូវ​បាន​ហាម​ឃាត់​។

ដោយ​សារ​តែ​មាន​ការ​ឈុប​ឈិត​ រក​ស៊ី​ជាមួយ​គ្នា​ ក្នុង​កំឡុង​ឆ្នាំ​ ២០១៦​-២០១៧​ ក្រុម​ហ៊ុន​ កូរ៉េ​ជើង​ចំនួន​ ១២​ ត្រូវ​បាន​ដាក់​ចូល​ក្នុង​បញ្ជី​ខ្មៅ​ ។ ក្រៅ​ពី​នេះ​ ក៏​មាន​ក្រុមហ៊ុន​របស់​ចិន​ សំាងហ្គាពួរ​ ប៉ាណាម៉ា​ សាម៉ូអា​ និង​ ប្រទេស​ប្រជុំ​កោះ​ Marshall ​មួយ​ចំនួន​ផង​ដែរ​ ត្រូវ​បាន​គេ​បញ្ចូល​ក្នុង​បញ្ជី​ខ្មៅ​របស់​អ.ស.ប ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ