ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/10 12h00 GMT
អាស៊ី

រដ្ឋមន្ត្រី​ភូមា​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ជំរំ​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​នៅ​បង់ក្លាដែស

media  
លោក Win Myat Aye រដ្ឋមន្ត្រី​ក្រសួងកិច្ចការ​សង្គម​ នៅ​ជំរំ​ Cox’s Bazar ប្រទេស​បង់ក្លាដែស © Reuters

នៅ​ថ្ងៃពុធ​ទី ១១​មេសា២០១៨ រដ្ឋមន្ត្រី​ក្រសួងកិច្ចការ​សង្គម​ភូមា បាន​ចុះ​ទៅ​ទស្សនា​ជំរំ​ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា Cox’s Bazar នៅ​ប្រទេស​បង់ក្លាដែស ដែល​មាន​ជនជាតិ​ភាគ​តិច​កាន់​សាសនាអ៊ីស្លាម​ប្រមាណ​ជិត​១​លាន​នាក់​កំពុង​ជ្រក​កោន។ នេះ​ជា​លើក​ទីមួយ​ហើយ​ដែល​មាន​មន្ត្រី​រដ្ឋាភិបាល​ភូមា ​ទៅ​បំពេញ​ទស្សនកិច្ច​​ យ៉ាង​ដូច្នេះ គិត​ចាប់​តាំង​ពីជនជាតិ​ភាគ​តិច​រ៉ូហ៊ីយ៉ា​នាំ​គ្នា​ធ្វើ​នាំ​គ្នា​​​រត់​ភៀស​ខ្លួន​ចេញ​ពី​ទឹក​ដី​ភូមា​មក។

នៅ​ពេល​ទៅ​ដល់​ជំរំ​​ Cox’s Bazar នៅ​គូទូប៉ាឡុង ជំរំ​ជនភៀស​ខ្លួន​ដ៏​ធំ​ជាង​គេ​នៅ​លើ​ពិភពលោក ដែល​ស្ថិត​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​បង់ក្លាដែស ជាប់​ព្រំដែន​ជាមួយ​ភូមា លោក​រដ្ឋមន្ត្រី​ Win Myat Aye រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​សង្គម ​ បាន​ជួប​សន្ទនា​ជាមួយ​អ្នក​ទទួល​ខុស​ត្រូវ​សហគម​រ៉ូហ៊ីងយ៉ា ជាង​៣០​នាក់​។

នា​ឱកាស​នោះ ប្រមុខ​សហគម​​រ៉ូហ៊ីងយ៉ា បាន​ប្រគល់​ជូន​លោក​រដ្ឋមន្ត្រី នូវ​​​​​លិខិត​ថ្លែងការណ៍ ដែល​រៀប​រាប់​​ថា ភូមា​មិន​ទាន់​ស្ថិរភាព​ពិត​ប្រាកដ​សម្រាប់​​​ធ្វើ​មាតុភូមិ​និវត្តន៍​​ ! ស្រប​តាម​កិច្ចព្រមព្រៀង​រវាង​ភូមា​និង​បង់ក្លាដែស ដែល​បាន​ចុះ​ហត្ថលេខា​តាំង​ពី​ខែ​វិច្ឆិកា​ ប៉ុន្តែ​ហាក់​កំពុង​ជាប់​គាំង​ស្តូក​នៅ​ពេល​នេះទេ។ ចំណែក​យោធា​នៅ​តែ​បន្ត​ធ្វើ​ទុក្ខមុកម្នេញ​​ពលរដ្ឋ​រ៉ូហ៊ីងយ៉ា ដែល​មាន​និង​បន្ត​រស់​ច្រើន​នៅ​តំបន់​អារ៉ាកាន។ នេះបើ​តាម​លិខិត​របស់​សហគម​រ៉ូហ៊ីងយ៉ា​ដដែល ដែល​ទាមទារ​​ឱ្យ​រដ្ឋាភិបាល​ភូមា​ទទួល​ស្គាល់​សិទ្ធិ​រ៉ូហ៊ីងយ៉ា ​ជា​ពលរដ្ឋ​ជនជាតិ​ភាគតិច​មួយ​របស់​ប្រទេសផង និង​ធានា​រ៉ាប់​រង​ពី​រដ្ឋាភិបាល​ ថា​ពួក​គេ​អាច​ត្រលប់​ទៅ​កាន់​ភូមិដ្ឋាន​កំណើត​របស់​គេវិញ មិនមែន​ទៅជ្រក​កោន​ក្នុង​ជំរំ​បណ្តោះ​អាសន្ន​ទេ។

​​បើ​តាម​តំណាង​រ៉ូហ៊ីងយ៉ា​ម្នាក់ ពួក​គេ​មាន​អារម្មណ៍​រង​ការ​ប្រមាថ​ពី​​រដ្ឋាភិបាល​ភូមា ដោយ​លោក​រដ្ឋមន្ត្រី​បាន​ហៅ​ពួក​គេ​ថា​ជនជាតិ​បង់ក្លាដែស។ ​រ៉ូហ៊ីងយ៉ាជា​ជនជាតិ​ភាគ​តិច​រងគ្រោះ​ខ្លាំង​គេ​នៅ​លើ​ពិភពលោក ទោះ​បី​ជា​មាន​កំណើតកើត​ជា​​កូន​ចៅ​ជា​ច្រើន​តំណរ​ក៏​ដោយ ក៏​ភូមា​តែង​ចាត់​ទុក​ពួក​គេ​ជា​ជនជាតិបង់ក្លាដែស​រស់​នៅភូមា​ដោយ​ខុស​ច្បាប់។

ដើម្បី​គេច​ពី​អំពើ​ហិង្សារបស់​យោធា​ភូមា ដែល​អង្គការ​សហប្រជាជាតិ​ចាត់​ទុក​ថា​ប្រតិបត្តិការ​បោស​សម្អាត​ជាតិ​ពិន្ធុ កាលពី​ខែ​សីហា ២០១៧ ជន​រ៉ូហ៊ីងយ៉ា​ប្រមាណ​ជិត​៧​សែន​នាក់ បាននាំ​គ្នា​រត់​ភៀស​ខ្លួន​​ចេញ​ពី​ភូមា ទៅ​ជ្រក​កោន​នៅ​បង់ក្លាដែស បន្ថែម​ពី​លើ​​ជនភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​គេច​​​ពី​រលកមុន។ ស្ថានភាព​ក្នុង​ជំរំ​កាន់​តែ​ដុន​ដាបខ្លាំង​រក​អ្វីប្រៀបមិន​បាន។

បន្ទាប់​​ពី​ជំរំ​ជនភៀសខ្លួន លោក​រដ្ឋមន្ត្រី ដែល​ជា​អ្នក​ទទួល​បន្ទុក​គ្រប់គ្រង​ដំណើរ​ការ​ធ្វើ​មាតុភូមិនិវត្តន៍​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា នឹង​បន្តដំណើរ​​ទៅក្រុង​ដាកា ដើម្បី​ជួប​ពិភាក្សា​ជាមួយ​អ្នក​ទទួល​ខុស​ត្រូវ​ជាន់​ខ្ពស់​បង់ក្លាដែស។ ថ្វី​បើ​ភូមា​ព្រម​ទទួល​យក​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​វិញមែន ប៉ុន្តែ​ពុំ​ទាន់​មានជនជាតិ​ភាគ​តិច​កាន់​សាសនា​អ៊ីស្លាម​ណា​ម្នាក់​បាន​ឆ្លង​ព្រំដែន​ត្រលប់​ទៅភូមា​វិញ​ទេ៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ