អានតួអត្ថបទ

លោកស៊ីជីនពីង​បំពេញ​ទស្សនកិច្ច ដ៏​ភ្ញាក់ផ្អើល​ នៅ​សមុទ្ទ​ចិន​ខាងត្បូង

នៅ​ថ្ងៃព្រហស្បតិ៍​ទី ១២​មេសា ២០១៨​ លោក​ប្រធានាធិបតី​ចិន ស៊ីជីនពីង បាន​អញ្ជើញ​ទៅ​បំពេញទស្សនកិច្ច​ដ៏​ភ្ញាក់ផ្អើល​មួយ​ នៅ​សមុទ្ទ​ចិន​ខាង​ត្បូង។ នៅ​ចំពោះ​មុខ​កង​យោធា​ជើង​ទឹក​ចិន លោក​ស៊ីជីនពីង បាន​សង្កត់​ធ្ងន់​អំពី​ភាព​ចាំបាច់​និង​បន្ទាន់​របស់​ចិន ក្នុង​ការ​អភិវឌ្ឍកង​នាវា​ចរ​ដ៏​អំណាច។ ហើយ​ទន្ទឹម​គ្នា​នេះ​ ចិន​ក៏​បាន​ប្រកាស​ធ្វើ​សមយុទ្ធ​ដោយ​បាញ់​គ្រាប់​ពិត នៅ​ច្រក​​សមុទ្ទ​ក្បែរ​កោះ​តៃវ៉ាន់។

ប្រធានាធិបតី​ចិន​ទៅ​បំពេញ​ទស្សនកិច្ច​ឥតគ្រោង​ទុក​នៅ​សមុទ្ទ​ចិន​ខាង​ត្បូង
ប្រធានាធិបតី​ចិន​ទៅ​បំពេញ​ទស្សនកិច្ច​ឥតគ្រោង​ទុក​នៅ​សមុទ្ទ​ចិន​ខាង​ត្បូង © Reuters
ផ្សាយពាណិជ្ជកម្ម

រូបភាព​ដំណើរ​ទស្សនកិច្ច​ដ៏ភ្ញាក់ផ្អើល​របស់​លោក​ស៊ីជីនពីង នៅ​សមុទ្ទ​ខាង​ត្បូង ត្រូវ​បាន​ ​បង្ហាញ​តាមកញ្ចក់​ទូរទស្សន៍​ជាតិ។ ​លោក​ប្រធានាធិបតី​​បានអញ្ជើញ​ទៅ​ចូល​រួម​មើល​​សកម្មភាព​យន្តហោះ​​ហោះ​ចេញ​ពី​លើ​នាវា​ផ្ទុក​យន្តហោះ​តែ​មួយ​គត់​របស់​ប៉េកាំង ក្នុង​ក្របខ័ណ្ឌ​សមយុទ្ធ និង​បាន​អះអាងនៅចំពោះមុខ​ពលទាហាន​​អំពី​ភាព​បន្ទាន់​នៃ​ការ​កសាង​កង​នាវាចរ​ចិន​ដ៏​មាន​អំណាច​។ ​សមយុទ្ធ​ដែល​បើ​តាម​ប្រភព​យោធា​ចិន ​មាន​​​ការ​ចូល​រួម​ដោយ​នាវា​ចម្បាំង​ប្រមាណ​៤៨​គ្រឿង យន្តហោះ​៧៦​គ្រឿង និង​កងពល​ប្រមាណ​ជាង​១​ម៉ឺន​នាក់ ប្រព្រឹត្ត​ឡើង​តាំង​ពី​ដើម​ខែ​មីនា ក្នុង​​ទីតាំងសម្ងាត់​មួយ។

ដំណើរទស្សនកិច្ចឥតគ្រោង​ទុក​របស់​លោក​ស៊ីជីនពីង​​នេះ ប្រព្រឹត្ត​ទៅ​ក្នុង​ខណៈ​នាវា​ផ្ទុក​យន្តហោះ​អាមេរិក ទើប​បាន​បង្អួត​ខ្លួន​ជាមួយកង​ទ័ព​ហ្វីលីពីន ​ នា​ថ្ងៃ​ព្រហស្បតិ៍​​នេះ នៅ​ក្នុង​សមុទ្ទ​ចិនខាង​ត្បូង ដែល​ចិន​ចង់​ក្រសោប​គ្រប់គ្រង​តែ​ម្នាក់ឯង ដោយ​បាន​សាង​សង់​កោះសិប្បនិម្មិត​ ជា​កំពង់ផែ​យោធា​ផង ក្រោម​សម្រែក​ទាមទារ​ប្រឆាំង​របស់​​ប្រទេស​ជិត​ខាង​ មាន​ជាអាទិ៍​វៀតណាម ម៉ាឡេស៊ី ហ្វីលីពីន​។ល។

ទស្សនកិច្ច​​នេះ​ក៏​ធ្លាក់​មក​ជួន​​ចំពេល​ដែល​សារព័ត៌មាន​រដ្ឋ​ប្រកាស​ថា​ប៉េកាំង​នឹង​ធ្វើ​សមយុទ្ធ​ដោយ​បាញ់​គ្រាប់​ពិត​ផង នៅ​ច្រ​ក​សមុទ្ទ​ទល់​មុខកោះ​តៃវ៉ាន់ នៅ​ថ្ងៃ​ពុធ​ទី ១៨ មេសា រវាង​ពី​ម៉ោង ៨ព្រឹក​ដល់​កណ្តាល​អាធ្រាត្រ។ ប្រភព​ព័ត៌មាន​របស់​អាជ្ញាធរ​ចិន មិន​បាន​បញ្ជាក់​អំពី​​មធ្យោបាយ​​និង​កម្លាំង​ទ័ព​ដែល​ត្រូវ​មក​ចូ​ល​រួម​ធ្វើ​សមយុទ្ធ​នេះ​ទេ។

ប៉ុន្តែ​អ្វី​ដែល​ច្បាស់ គឺ​ប៉េកាំង​បាន​បង្កើន​ការ​ល្បាត​ តាម​ផ្លូវ​ទឹក​និង​ផ្លូវ​អាកាស​ តាំង​ពី​លោកស្រី សៃត៍ អ៊ីងវេន អ្នក​ឯករាជ្យ​និយម​ ឡើង​កាន់​អំណាច​មក។ សមយុទ្ធ​នៅ​មុខ​កោះ​តៃវ៉ាន់​នេះ ទំនង​ជា​ចម្លើយ​តប​ទៅ​នឹង​ច្បាប់​ថ្មី​របស់​អាមេរិក ដែល​លើក​ទឹក​ចិត្ត​ឱ្យ​​អ្នក​ទទួល​ខុស​ត្រូវអាមេរិក​ និង​តៃវ៉ាន់ ធ្វើ​ការ​​​ផ្តោះប្តូរ​ទស្សនកិច្ច​គ្នា​ទៅ​វិញ​ទៅ​មក។ ចិន​មិន​អនុញ្ញាត​ឱ្យ​អាជ្ញាធរ​តៃវ៉ាន់​មាន​ទំនាក់ទំនង​ជាប្រទេស​ផ្សេង​ទេ។ តៃវ៉ាន់​និង​ចិន ដឹកនាំ​ដោយ​របប​ពីរដាច់​ពី​គ្នា តាំង​ពី​ឆ្នាំ ១៩៤៩​មក ប៉ុន្តែ​​សម្រាប់​ប៉េកាំង តៃវ៉ាន់​ជា​ចំណែក​មួយ​របស់​ចិន។ លោកស៊ីជីនពីង បាន​បញ្ជាក់​ជា​ថ្មី​កាលពី​ខែមីនា ថា​គ្មាន​ថ្ងៃ​អនុញ្ញាត​ឱ្យ​តៃវ៉ាន់​ទាមទារ​ឯករាជ្យ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ