អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ហេតុអ្វី​លោកត្រាំ ចង់​វិល​មក​រកកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ប៉ាស៊ីហ្វិក​វិញ ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

មិន​មែន​​ជា​សេចក្តី​ប្រកាស​ផ្លូវការ​ទេ តែ​អាច​ថា​​ជា​​ដំណឹង​ផ្លូវ​ការបាន​ ! លោក​ដូណាល់​ត្រាំ​ បានបង្ហោះ​សារ​ទ្វីត​ នៅ​យប់​មិញ​ ​ថា សហរដ្ឋ​អាមេរិក​​កំពុង​ពិចារណា​វិល​ត្រឡប់​ទៅ​ចូល​ក្នុង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អន្តប៉ាស៊ីហ្វិក​​វិញ។ មួយ​ឆ្នាំ​ក្រោយ​ពី​បាន​ប្រកាស​ដក​ខ្លួន​ចេញ​ ដោយ​គ្មាន​ហេតុផល លោក​ដូណាល់​ត្រាំ ទម្លាក់​បន្ទុក​​ទៅ​ឱ្យ​សហការី និង​ទីប្រឹក្សា​សេដ្ឋកិច្ច​ថ្មី​របស់​លោក សិក្សា​អំពី​លទ្ធភាព​ត្រឡប់​ចូល​ក្រុម​វិញ តែ​ដោយ​មាន​លក្ខខណ្ឌ​ផង។

អាមេរិក​ចង់​ត្រលប់​មក​ចូល​ក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្ម​អន្តរប៉ាស៊ីហ្វិក
អាមេរិក​ចង់​ត្រលប់​មក​ចូល​ក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្ម​អន្តរប៉ាស៊ីហ្វិក 网络照片
ផ្សាយពាណិជ្ជកម្ម

កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អន្តរប៉ាស៊ីហ្វិក ជា​អាទិភាព​នយោបាយ​លំដាប់​ទីមួយ​ដែល​លោក​ត្រាំ ប្រឆាំង​​តាំង​ពី​នៅ​ក្នុង​ពេល​ឃោសនា និង​ ​បានប្រកាស​ដក​អាមេរិក​ចេញ បី​ថ្ងៃ​ក្រោយ​ពេល​បាន​ឡើង​កាន់​អំណាច​។ ប៉ុន្តែ​នៅ​ថ្ងៃ​នេះ ​លោកដូណាល់ ​ត្រាំ កំពុង​ពិចារណា​​ចង់​ត្រលប់​ចូល​វិញ និង​ដោយ​បញ្ជាក់ថា ជា​ការ​ត្រលប់​ចូល​ដោយ​មាន​លក្ខខណ្ឌ !

ហេតុ​អ្វី​ចង់​ត្រលប់​វិល​វិញ?

​អាមេរិក​របស់​លោក​ត្រាំ​បាន​ដក​ខ្លួន​ចេញ​ពី​ស្ទើរ​ពី​គ្រប់កិច្ចព្រមព្រៀង ដែល​បាន​ធ្វើ​អាមេរិក​ ​ឯកា​ខ្លាំង ! លោក​ ​ត្រាំ វាយប្រហារ​ចិន​គ្រប់​វិស័យ ចោទ​ចិន​ថា​បាន​លួច​កម្មសិទ្ធិ​បញ្ញាអាមេរិក និង​កំពុង​តែមិន​ចុះ​សម្រុង​ពាណិជ្ជកម្ម​ខ្លាំង​ជាមួយ​ចិន ស្ទើរ​ក្លាយ​ជា​សង្គ្រាម​ ដោយ​ការ​ដំឡើង​ពន្ធ​នាំចូល​លើ​ផលិតផល​មក​ពីចិន។ ប៉ុន្តែបើ​ទោះ​បី​ជា​ដៃ​គូ​បស្ចឹម​លោក​ក៏កំពុង​លា​ក្រញាំ​ដាក់​ចិន​ដែរ​ក៏​ដោយ ក៏​សង្គ្រាម​ ដែល​អាមេរិក​​​កំពុង​ប្រឈមដោយ​ចំ​ជាមួយ​​​ប៉េកាំង ហាក់​​គ្មាន​ផ្លូវ​ឈ្នះ​សោះ។ ចិន​​បាន​គំរាមបក​​វិញ​ស្មើ​ចុង​ស្មើ​ដើម ខ្លាំង​ឡើងៗ ដែល​ចង់​មិន​ចង់​អាមេរិក​ត្រូវ​តែ​បន្ទន់​ជំហរ ងាក​មក​​ដៃគូ និង​សម្ព័ន្ធមិត្ត​ចាស់។ នេះ​មួយ​ !

ម្យ៉ាង​ទៀត អាមេរិកក៏​បាន​សើ​រើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​​កាណាដា និង​ម៉ិចស៊ិក។ ​ប្រទេស​ទាំង​ពីរ​ ខឹង​សម្បារ​ខ្លាំង​ ​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក OMC ​ប្រឆាំង​នឹង​អាមេរិកកាល​ពី​ខែ​មករា និង​បាន​ងាក​មក​រួម​ដៃ​ជាមួយ​បណ្តា​ក្រុម​ប្រទេស​​នៅ​ជាប់​មហា​សមុទ្ទ​​ប៉ាស៊ីហ្វិក និង​បាន​ក្លាយ​ជា​សមាជិក​ក្រុម​​TPP នៃកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អន្តរប៉ាស៊ីហ្វិក។ កិច្ចព្រមព្រៀង​ដែល​គេ​យល់​ថា​ស្លាប់​ នៅ​ពេល​អាមេរិក​ប្រកាស​ដក​ខ្លួន​ចេញ តែត្រូវ​បាន​ជប៉ុន​ស្តារ​ឱ្យ​រស់​ឡើង​វិញ​ ៖ ក្រុម​១១ប្រទេស​នៅ​តាម​មហា​សមុទ្ទ​ប៉ាស៊ីហ្វិក បាន​សម្រេច​បន្ត​កិច្ចព្រមព្រៀង​ដោយ​គ្មាន​អាមេរិក កាលពី​ថ្ងៃទី ៨​មីនា ២០១៨ ដោយ​ប្តូរ​ឈ្មោះ​ទៅ​ជា កិច្ចព្រមព្រៀង CPTPP ទើប​អាមេរិក​ភ្លឺ​ភ្នែក​​យល់​ថា​ខ្លួន​ជា​មហាអំណាច​មែន ប៉ុន្តែ​គ្មាន​មហិទ្ធិរិទ្ធ​ទេ។​ ​

សូម​អាន​ ៖ កិច្ចព្រមព្រៀងពាណិជ្ជកម្ម​សេរី​អន្តរប៉ាស៊ីហ្វិក ចុះ​ហត្ថលេខា​ដោយគ្មាន​អាមេរិក

កំណើត​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​អន្តរប៉ាស៊ីហ្វិក

កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អន្តរប៉ាស៊ីហ្វិក ហៅ​កាត់​ថា TPP ត្រូវ​បាន​ចរចា​បង្កើត​ឡើង​នៅក្នុង​សម័យ​លោក​អូបាម៉ា។ ការ​ចរចា​បាន​ប្រើ​ពេល​ជា​ច្រើន​ឆ្នាំ ទម្រាំសម្រេច​បាន​ជា​​កិច្ចព្រមព្រៀង​ ទទួល​យក​បាន​ដោយ​សមាជិក​១២​ប្រទេស នៅ​ជាប់​មហា​សមុទ្ទ​ប៉ាស៊ីហ្វិក គឺ​សហរដ្ឋ​អាមេរិក កាណដា ម៉ិចស៊ិក ឈីលី ប៉េរ៉ូ អូស្ត្រាលី នូវែលសេឡង់ ជប៉ុន សិង្ហបុរី ព្រុយណេ ម៉ាឡេស៊ី និង​វៀតណាម និង​ ចុះ​ហត្ថលេខា​នៅ​ខែ​កុម្ភៈ​ឆ្នាំ​២០១៦។ គម្រោង​កិច្ចព្រមព្រៀង​នេះ ជា​តំណាង​​នៃ​ផលិត​ផល​សរុប​ពិភពលោក​ប្រមាណ​៤០% និង​ស្ទើរ​ស្មើមួយ​ភាគ​បួន​នៃ​ពាណិជ្ជកម្មអន្តរជាតិ លើ​ភពផែនដី តែ​ជា​សំណាង​អាក្រក់​ ​រដ្ឋបាល​លោក​អូបាម៉ា មិន​អាច​ផ្តល់​សច្ចាប័ន​បាន​ ដោយ​គ្មាន​សំឡេង​គាំទ្រ​គ្រប់គ្រាន់​នៅ​សភា។ គំនិត​ផ្តួច​ផ្តើម​បង្កើត​​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​នេះ ស្ថិត​នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​​​យុទ្ធសាស្ត្រ​ពង្រឹង​នយោបាយ​អាមេរិក​នៅ​អាស៊ី និង​ជា​បង្រួបបង្រួម​​​គ្នា​​ជា​ក្រុម​ ដើម្បី​មាន​កម្លាំង​ប្រឈម​នឹង​ចិន។ ប្រឈម​នឹង​ចិន គឺ​ជា​អ្វី​ដែល​លោក​ត្រាំ​កំពុង​ប្រឹង​ធ្វើ​រាល់​ថ្ងៃ​ទេតើ ?!

ដូច្នេះ​ ហេតុ​អ្វី​អាមេរិក​ត្រូវ​នៅ​​ឯកា ! ​​អាមេរិកមាន​តែ​​ត្រលប់មកប្រើ​យុទ្ធសាស្ត្រ​របស់​ប្រធានាធិបតី​មុន​ យុទ្ធសាស្ត្រ​ដែល​រួម​គ្នា​ព័ទ្ធ​ចិន តាម​រយៈ​ការ​ត្រលប់​​ចូល​ក្នុង​កិច្ចព្រមព្រៀងTPP​វិញ។ ម្យ៉ាង​វិញ​ទៀត កិច្ចព្រមព្រៀង​TPP មាន​បង្កប់​ខ​ច្រើនដែល​​ជា​ប្រយោជន៍​សេដ្ឋកិច្ច​​អាមេរិក​ផង និង​សម្រួល​ឱ្យ​រដ្ឋបាល​លោក​ត្រាំ មួយ​ភាគ​ក្នុង​កិច្ចចរចា​ពាណិជ្ជកម្ម​ឡើង​វិញ​ជាមួយ​ ម៉ិចស៊ិក និង​កាណាដា។

ជប៉ុន​មិន​ចង់​ចរចា​ឡើង​វិញ

​ឱ្យ​អាមេរិកចូល​ជា​សមាជិក​នៃកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​អន្តរប៉ាស៊ីហ្វិក​ ជា​ប្រការ​ល្អ​ទេ ប៉ុន្តែ​តើជា​ការ​ចូល​ដោយ​វិធី​ណា ?! នេះ​ទើប​ជា​បញ្ហា ! អាមេរិក​ចង់​ចូល​ដោយ​សុំ​ចរចា​ឡើង​វិញ ដើម្បីឱ្យ​កិច្ចព្រមព្រៀង​TPP ក្លាយ​ជា​កិច្ចព្រមព្រៀង​ដ៏​ល្អ​ប្រសើរ​បំផុត​សម្រាប់​អាមេរិក និង​ចរចា​ជា​លក្ខណៈ​ទ្វេ​ភាគី។ បើ​តាម​ប្រសាសន៍​លោក​ត្រាំ មាន​ប្រទេស​ចំនួន​៦​ក្នុង​ចំណោម​១១​ប្រទេសនៃ​ក្រុម​TPP បាន​ចុះ​​កិច្ចព្រមព្រៀង​ទ្វេភាគី​ជាមួយ​អាមេរិក​ហើយ ហើយ​អាមេរិក​កំពុង​តម្រង់​ទិស​ទៅ​ចរចា​ជាមួយជប៉ុន​​មេកើយ​ក្រុម ដែល​ជា​ប្រជាជាតិ​ដ៏​ធំ​ជាងគេ និង​ដែល​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក​អាក្រក់​ក្រៃ​តាំ​ងពី​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ នេះ​ជា​ភាសា​របស់​អាមេរិក។

​ជប៉ុន​​ស្វាគមន៍​និង​អប​អរ​ដំណឹង​​ចង់​វិល​ត្រលប់​អាមេរិក​មកក្នុង​ក្រុម និង​កំពុង​រង់ចាំ​​ចេតនា​លម្អិត​របស់​អាមេរិក។ ប៉ុន្តែ​ ជប៉ុន​ដែល​ប្រឹង​ស្តារ​កិច្ចព្រមព្រៀង​TPP បាន​ព្រមាន​ដោយ​ចំៗ​ថា ការ​ចរចាឡើង​វិញ ដើម្បី​បាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​អន្តរប៉ាស៊ីហ្វិក​ថ្មី ជា​កិច្ចការ​ដ៏​លំបាក​ខ្លាំងណាស់ ! នៅ​ក្នុង​​ធ្វើ​សន្និសីទ​កាសែតជា​ចម្លើយ​តប​ទៅ​លោក​ត្រាំ ​ នា​​ព្រឹក​ថ្ងៃ​សុក្រ​នេះ អ្នក​នាំពាក្យ​រដ្ឋាភិបាល​ជប៉ុន ​​បាន​​ប្រៀប​ប្រដូច​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ប៉ាស៊ីហ្វិក​ ទៅ​នឹង​រូបចម្លាក់ធ្វើ​ពី​​កែវ មាន​ន័យ​ថា​​មិន​អាច​រុះ​រើ​ចរចា​តែ​មួយ​ផ្នែក​ណា​មួយ​បានទេ។

សម្រាប់​ពេល​នេះបើ​តាម​អ្នក​វិភាគ​ស្ថានការណ៍​ អាមេរិក​របស់​លោក​ត្រាំ ដែល​មាន​និន្នាការ​ប្រឆាំង​នឹង​សកលភាវូបនីយកម្ម កំពុង​ត្រូវ​ជាន់​កែង​ឯង​ គ្មាន​នរណា​ចង់​ចរចា​ពាណិជ្ជកម្ម​ទ្វេភាគីជាមួយ​អាមេរិក​ទេ លោកត្រាំ​ក៏​គ្មាន​ផ្លូវ​ស្រគួរ​ណាផ្សេង​​សម្រាប់​ដើរ​ដែរ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ