ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 21/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 20/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 20/08 12h00 GMT
អាស៊ី

ភូមា​ថាតុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​គ្មានសិទ្ធិ​អង្កេត​វិបត្តិ​រ៉ូហ៊ីងយ៉ា​ទេ

media  
តុលាការ​ព្រហ្មទណ្ឌអន្តរជាតិ​ ក្រុង​ឡាអេ REUTERS/Jerry Lampen

ភូមាបាន​សម្តែង​ក្តីព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ចំពោះ​ការ​ប៉ុន​ប៉ង​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ដែល​ចង់​បើក​អង្កេត​​វិបត្តិ​ភៀស​ខ្លួន​របស់​ជនជាតិ​ភាគ​តិច​កាន់​សាសនា​អ៊ីស្លាម រ៉ូហ៊ីងយ៉ា។ សម្រាប់​ភូមា តុលាការ​អន្តរជាតិ​ក្រុង​ឡាអេ គ្មាន​ដែន​សមត្ថកិច្ច​​ធ្វើអង្កេត​សំណុំ​រឿងនេះ​ទេ ព្រោះ​ភូមា​មិន​មែន​ជាសមាជិក​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ទេ។

នៅ​ថ្ងៃ​សុក្រ​នេះ ភូមាបាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​​គូសបញ្ជាក់​អំពី​​ភាព​ស្រប​ច្បាប់​ដ៏​ស្តួច​ស្តើង​របស់​​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​​ក្រុង​ឡាអេ ដែល​ចង់​បើក​អង្កេត​​លើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​ជនជាតិ​​រ៉ូហ៊ីងយ៉ានៅ​ភូមា។ តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ ដែល​មានទីស្នាក់ការ​នៅ​ក្រុង​ឡាអេ ត្រូវ​បាន​បង្កើត​ឡើ​ង​នៅ​ឆ្នាំ​២០០២ ដើម្បីកាត់ទោស​អំពើ​ប្រល័យ​ពូជសាសន៍ ឧក្រិដ្ឋកម្ម​សង្គ្រាម និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ នៅ​ក្នុង​ប្រទេស​ដែល​តុលាការ​ជាតិ​គ្មាន​ឆន្ទៈ ឬ​មិន​អាច​ដំណើរការ​បាន ក៏​ប៉ុន្តែ​​ សម្រាប់​ភូមា​តុលាការ​ក្រុង​ឡាអេ គ្មាន​ដែនសមត្ថកិច្ចអ្វី​មក​​លើ​ភូមា​ទេ ព្រោះ​ភូមា​មិន​មែន​ជា​ភាគី​ហត្ថលេខី​នៃ​សន្ធិសញ្ញា​ក្រុង​រ៉ូម បង្កើត​តុលាការ​ព្រហ្មទណ្ឌអន្តរជាតិ​ឡើយ។ ការ​ដែល​តុលាការ​​ចង់បើក​អង្កេត​លើ​ភូមា គឺ​ប្រៀប​ដូច​ជា​បដិសេធ​អធិប្បតេយ្យភាព​ភូមា។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​ដដែល។

ជាការពិត​ភូមា​មិន​មែន​ជា​សមាជិក​តុលាការព្រហ្មទណ្ឌ​ក្រុង​ឡាអេមែន ប៉ុន្តែ​បង់ក្លាដែស​ដែល​កំពុង​ទទួល​ជនជាតិ​រ៉ូហ៊ីងយ៉ាជិត​១​លាន​នាក់​ឱ្យ​ជ្រក​កោន​ក្នុង​ជំរំ​ជាប់​ព្រំដែន​ភូមា ជា​សមាជិក​របស់​តុលាការ។ ហេតុ​ដូច្នេះហើយ​បាន​ជា​រដ្ឋ​អាជ្ញា​យល់​ថា​តុលាការ​អាច​​សិទ្ធិ​បើកស៊ើប​អង្កេត និង​បាន​​ធ្វើ​ការ​ស្នើ​សុំជា​ផ្លូវការ​ កាលពី​ថ្ងៃចន្ទ​​ឱ្យ​ចៅក្រម​វិនិច្ឆ័យ​ថា​តើ​តុលាការ​ពិត​មាន​ដែន​សមត្ថកិច្ច​​បើក​ការ​ស៊ើប​អង្កេត​​លើ​សំណុំ​រឿង​រ៉ូហ៊ីងយ៉ា​ឬអត់។ អង្គចៅក្រម កំពុង​សិក្សា​សំណើ​នេះ​ហើយ ហើយ​នឹង​អាច​ផ្តល់សេចក្តី​សម្រេច​នៅពេល​ខាង​មុខ។

សូម​បញ្ជាក់​ថា កាលពី​ចុង​ខែ​សីហា ២០១៧ ជនជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ា​ប្រមាណ​ ៧​សែន​នាក់​បាន​នាំ​គ្នា​រត់​ភៀស​ខ្លួន​ពីអំពើ​ហិង្សា​នៅ​​ប្រទេស​ភូមា ទៅ​ជ្រក​កោន​ក្នុង​ជំរំ​​នៅ​ប្រទេស​បង់ក្លាដែស។ អំពើ​ហិង្សា​របស់​ពួក​យោធា​ភូមា ដែ​ល​អង្គការ​សហប្រជាជាតិ​យល់​ថា​ជា​សកម្មភាព​បោសសម្អាត​ជាតិ​ពន្ធុ​រ៉ូហ៊ីងយ៉ា។ ប៉ុន្តែ​សម្រាប់​អាជ្ញាធរភូមា ប្រតិបត្តិការ​យោធា​ដ៏​ហិង្សា​នោះ​គ្រាន់​តែ​ជាចម្លើយ​តប​នឹង​ក្រុម​ឧទ្ទាម​ប្រដាប់​អាវុធ​រ៉ូហ៊ីងយ៉ាទេ។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍របស់​រដ្ឋាភិបាល​ភូមា​​ដដែល ភូមា​បាន​ច្រាន​ចោល​ជា​ថ្មី​​ការ​​ចោទ​ប្រកាន់​ថា​មាន​អំពើកាប់​សម្លាប់​ជនជាតិ​រ៉ូហ៊ីងយ៉ា​ជា​លក្ខណៈ​បោស​សម្អាត​ជាតិ​ពិន្ធុ​ និង​បាន​អះអាង​ថា​កំពុង​សហការ​ជាមួយ​បង់ក្លាដែស​ ដើម្បី​ធ្វើ​មាតុភូមិ​និវត្តន៍​ជនជាតិ​រ៉ូហ៊ីងយ៉ា​នេះ​ហើយ៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ