អានតួអត្ថបទ
ចិន-ជប៉ុន

ប្រមុខការបរទេស​ចិន​ធ្វើដំណើរ​ទៅ​សម្របសម្រួល​ទំនាក់ទំនង​ជាមួយ​ជប៉ុន

រដ្ឋមន្រ្តីការបរទេស​ចិន លោក​វ៉ាង យី​នឹង​ចាប់ផ្តើម​ទស្សនកិច្ច​ផ្លូវរដ្ឋ នៅ​ប្រទេស​ជប៉ុន ពីថ្ងៃ​អាទិត្យ​ទី​១៥ រហូត​ដល់​ថ្ងៃទី ១៧​មេសា។ ក្រៅតែ​ពីកិច្ចពិភាក្សា​ស្តី​ការដោះដូរ​ពាណិជ្ជកម្ម​ទ្វេភាគី ចិន ជប៉ុន វត្តមាន​របស់​ប្រមុខការបរទេស​ចិន នៅ​ទីក្រុង​តូក្យូ​ធ្វើឡើង​ដើម្បី រៀបចំ​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់​រដ្ឋមន្រ្តី​ចិន លោក​លី ខឺឆាំង ដែល​ត្រូវ​ចូលរួម​ក្នុង​កិច្ចប្រជុំកំពូល ត្រីភាគី​ចិន ជប៉ុន និង​កូរ៉េខាងត្បូង ដែល​ត្រូវ​រៀបចំ​នៅប្រទេស​ជប៉ុន នៅ​ខែ ឧសភា​ខាងមុខ។ 

រដ្ឋមន្រ្តីការបរទេស​ចិន លោកវ៉ាងយី
រដ្ឋមន្រ្តីការបរទេស​ចិន លោកវ៉ាងយី REUTERS/Kham
ផ្សាយពាណិជ្ជកម្ម

នៅក្នុងទស្សនកិច្ច​ផ្លូវរដ្ឋ រយៈពេល​៣​ថ្ងៃ នៅទីក្រុង​តូក្យូ រដ្ឋមន្រ្តី​ការបរទេស​ចិន លោក​វ៉ាង យី នឹង​ជួប​ពិភាក្សា​ជាមួយ​សមភាគី​ជប៉ុន លោក​កូណូ តារ៉ូ ដែល​លោក​បាន​ជួប​ពិភាក្សា​នៅទីក្រុង​ប៉េកាំង កាលពី​ខែ​មករា ដើមឆ្នាំ។ តាម​អ្នកនាំពាក្យ​របស់​ក្រសួង​ការបរទេស​ចិន ទស្សនកិច្ច​របស់​វ៉ាង យី នៅ​ប្រទេស​ជប៉ុន សំខាន់​សម្រាប់​ពង្រឹង​ទំនាក់ទំនង ការដោះដូរ នៅ​ថ្នាក់​កំពូល​រវាង​ប្រទេស​ទាំងពីរ។

ដំណើរទស្សនកិច្ច​របស់​ប្រមុខការបរទេស​ចិន​ទៅ​ជប៉ុន ជាសញ្ញា​នៃ​ភាពធូរស្រាល​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​អាស៊ី​ទាំងពីរ ដែល​រហូត​មក បាន​តានតឹង ដំឡើង​សំឡេង​ដាក់គ្នា ដោយសារ​ជម្លោះ​ដណ្តើម​ដីកោះ ហើយ​និង​ស្នាមដិតដាម​ប្រវត្តិសាស្រ្ត។

នៅ​ខែ​មករា​ដើមឆ្នាំនេះ នៅក្នុង​ដំណើរទស្សនកិច្ច និងជំនួប​ជាមួយ​នាយករដ្ឋមន្រ្តី ចិន លី ខឺឆាំង ​នៅទីក្រុង​ប៉េកាំង រដ្ឋមន្រ្តីការបរទេស​ជប៉ុន លោក​កូណូ តារ៉ូ ធ្លាប់​បាន​អញ្ជើញ​នាយករដ្ឋមន្រ្តី​​ចិន ឲ្យ​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន។ នៅ​ក្នុង​កិច្ចប្រជុំ​សន្និបាត​របស់​បក្ស​កុម្មុយនិស្ត នា​ខែ​មីនា លោក​នាយករដ្ឋមន្រ្តី​ចិន ធ្លាប់​បាន​មាន​ប្រសាសន៍​ថា នឹង​ទៅ​ចូលរួម​ក្នុង​ជំនួបកំពូល​ត្រីភាគី ចិន ជប៉ុន និង​កូរ៉េខាងត្បូង ដែល​ត្រូវ​រៀបចំ​នៅ​ខែ​ក្រោយ នៅ​ប្រទេស​ជប៉ុន។

ជំនួបកំពូល​ត្រីភាគី ដែល​ចិន ជប៉ុន និង​កូរ៉េខាងត្បូង​បាន​រៀបចំ​ឡើង​ជា​ប្រចាំឆ្នាំ ត្រូវ​បាន​ផ្អាកព្យួរ តាំង​ពី​ឆ្នាំ ២០០៨ បន្ទាប់ពី​ចិន ប្រឆាំង​នឹង​ការតាំងទី ប្រព័ន្ធខែល​មីស៊ីល​របស់​អាមេរិក ក្នុង​ទឹកដី​កូរ៉េខាងត្បូង។ សម្រាប់អ្នកជំនាញ​ចិន ជប៉ុន​បាន​ត្រលប់​មក​ខិតចូល​ជិត​ក្រុង​ប៉េកាំង នៅបន្ទាប់ពីអាមេរិក សម្ព័ន្ធមិត្ត ​របស់​ជប៉ុន បាន​ប្រកាស​បើក​ជំនួបកំពូល​ជាមួយ​កូរ៉េខាងជើង ដោយ​គ្មាន​ការចូលរួម​របស់​ជប៉ុន។ ជប៉ុន​ដែល​រងការគំរាមកំហែង​ដោយ​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង ត្រូវការ ចិន​ដែល​ដើរតួ​សំខាន់ នៅក្នុង​សំណុំរឿង​នុយក្លេអ៊ែរ​កូរ៉េខាងជើង។ ផ្ទុយមកវិញ ចិន​ក៏​ត្រូវការ​ឲ្យ​ជប៉ុន​ទៅ​បញ្ចុះបញ្ចូល​បន្ទន់​ជំហរ​របស់​ប្រធានាធិបតី​អាមេរិក លោកដូណាល់ ត្រាំ ដែល​ត្រូវ​បើកជំនួបកំពូល​ជាមួយ​មេដឹកនាំកូរ៉េខាងជើងដែរ។ ពីថ្ងៃ​ទី​១៧ ដល់ថ្ងៃទី ២០​មេសា លោកនាយករដ្ឋមន្រ្តី​ជប៉ុន ស្ហ៊ីនហ្សូ អាបេ​នឹង​ធ្វើដំណើរទស្សនកិច្ច​ផ្លូវរដ្ឋ​ទៅ​អាមេរិក ទៅជជែក​ជាមួយ លោក​ដូណាល់ ត្រាំ ពី​លក្ខខណ្ឌ ដែល​គេ​អាច​លើកទៅ​ជជែក នៅក្នុង​ជំនួបកំពូល​អាមេរិក និង​កូរ៉េខាងជើង ដែលតាមគម្រោង​ត្រូវ​រៀបចំ​នៅ​ខែ​ឧសភា​ក្រោយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ