អានតួអត្ថបទ

ជប៉ុន​​​ប្រឹង​​ប្រែង​​ស្តារ​​ទំនាក់​​ទំនង​​ទ្វេ​​ភាគី​​ជាមួយ​​ចិន​

នៅ​ថ្ងៃ​ចន្ទ​នេះ ប្រទេស​បង​​ធំចំនួន​ពីរ​នៅ​អាស៊ី ដែល​ជា​គូរ​ស​ត្រូវ​នឹង​គ្នា​គឺ ចិន​និង​​​​ ជប៉ុន​ បាន​សន្យា​ចាប់​ផ្តើម​បើក​របត់​ថ្មី ដើម្បី​បង្កើន​ទំនាក់​ទំនង​ល្អ​រវាង​គ្នា​។ គេ​មើល​ឃើញ​ថា​ ទំនាក់​ទំនង​ល្អ​រវាង​គ្នា​នេះ កើត​មាន​ឡើង​វិញ ដោយ​សារ​មាន​ការ​ខ្នះ​ខ្នែង​ពី​ភាគី​ជប៉ុន​។ ជប៉ុន​ ព្យាយាម​ធ្វើ​ឲ្យ​ចំនង​ការ​ទូត​ជា​មួយ​ចិន វិល​មក​រក​ភាព​ល្អូក​ល្អឺន ដើម្បី​រួម​គ្នា​ជាមួយ​ចិន​ ដោះស្រាយ​វិបត្តិ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង​។

រដ្ឋមន្រ្តីការបរទេសចិន លោកវ៉ាង យី និងលោកកូណូ តារ៉ូ រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសជប៉ុន
រដ្ឋមន្រ្តីការបរទេសចិន លោកវ៉ាង យី និងលោកកូណូ តារ៉ូ រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសជប៉ុន Tomohiro Ohsumi/Pool via Reuters
ផ្សាយពាណិជ្ជកម្ម

ទំនាក់​ទំនង​រវាង​ចិន​និង​ជប៉ុន​ ដែល​ជា​ប្រទេស​ មហា​អំណាច​សេដ្ឋកិច្ច​ពិភព​លោក​ទី២​ និង​ ទី ៣​ បាន​វិល​មក​រក​ភាព​ធូរ​ស្រាល ​ស្រប​ពេល​ដែល ​កូរ៉េ​ខាង​ជើង​បន្ទន់​ឥរិយាបទ​របស់​ខ្លួន​នា​ពេល​ថ្មីៗ​នេះ​។ តាម​រយៈ​ កិច្ច​ប្រជុំ​ដ៏​កម្រ​ជាមួយ​គ្នា​ នៅ​ទី​ក្រុង​តូក្យូ​ប្រទេស​ជប៉ុន​ នា​ថ្ងៃ​នេះ​ រដ្ឋ​មន្ត្រី​ការ​បរទេស​ចិន​ បាន​ប្រាប់​ទៅ​សមភាគី​ជប៉ុន​ថា​ ទំនាក់​ទំនង​របស់​ប្រទេស​ទាំងពីរ​ពិត​ជា​ល្អ​ប្រសើរ​ឡើង​បាន​ ប្រសិន​បើ​ភាគី​ទាំង​ពីរ​ពិត​ជា​មាន​ឆន្ទៈ​ដូច្នេះ​មែន​។

គេ​មើល​ ឃើញ​ថា​ ជប៉ុន​ ប្រឹង​ស្តារ​ទំនាក់​ទំនង​ជាមួយ​ចិន​ណាស់​ ពីព្រោះ​ជប៉ុន​មើល​ឃើញ​ថា​ រដ្ឋា​ភិបាល​ទី​ក្រុង​ប៉េកាំង​ ទំនង​ជា​តួអង្គ​សំខាន់​ ក្នុង​ការ​ដោះស្រាយ​មហិច្ឆិតា​ផលិត​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង​។

មួយ​វិញ​ទៀត​ ជប៉ុន​បារម្ភ​ខ្លាច​គេ​ទុក​ឲ្យ​នៅ​ក្រៅ​ឆាក​ ទាក់​ទង​នឹង​សណុំ​រឿង​កូរ៉េ​ខាងជើង​នេះ​ ពីព្រោះ​ មេ​ដឹក​នាំ​កូរ៉េ​ខាងជើង​ លោក​គីម ជុងអ៊ុន​ ទើប​តែ​បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ទីក្រុង​បេកាំង​ កាល​ពី​ខែ​មុន​។ ក្រៅ​ពី​នេះ​ លោក​គីម ជុងអ៊ុន ក៏​នឹង​ជួប​ពិភាក្សា​ដាច់​ដោយ​ឡែក​ផង​ដែរ​ជាមួយ​ ប្រធា​នា​ធិបតី​អាមេរិក​ គឺ​លោក​ដូណាល់ត្រាំ ​ហើយ​និង​លោក​ មូន ចែអ៊ីន​ ប្រធា​នា​ធិបតី​ កូរ៉េ​ខាង​ត្បូង​ផង​ដែរ​ ដោយ​គ្មាន​ការ​ចូល​រួម​ណា​មួយ​របស់​ជប៉ុន​ឡើយ​។

ដោយ​មូល​ហេតុ​នេះ​ហើយ ​ជប៉ុន​បាន​ជំរុញ​ឲ្យ​មាន​កិច្ច​ប្រជុំ​ត្រី​ភាគី​រវាង ​ជប៉ុន ​ចិន​ និងកូរ៉េ​ខាង​ត្បូង​ ដើម្បី​បង្កើត​វត្តមាន​របស់​ខ្លួន​ ក្នុង​សំណុំ​រឿង​នុយ​ក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង​។ ​តាម​រយៈ​ការ​ជួប​ពិភាក្សា​រវាង​ប្រមុខ​ការ​ទូត​ចិន​-ជប៉ុន​ នៅ​ថ្ងៃ​ចន្ទ​នេះ​ ភាគី​ទាំង​ពីរ​បាន​សម្រេច​ឲ្យ​ជប៉ុន​ធ្វើជា​អ្នក​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ត្រី​ភាគី ​ដូច​ដែល​ខ្លួន​ចង់​បាន​។ ប៉ុន្តែ ​គេ​នៅ​មិន​ទាន់​កណត់​កាល​បរិច្ឆេទ​ នៃ​កិច្ច​ប្រជុំ​នេះ​នៅ​ឡើយ​ទេ​។

ក្រៅ​ពី​នោះ​ រដ្ឋ​មន្ត្រី​ការ​បរទេស​ជប៉ុន​ លោក ​កូណូ​ សង្ឈឹម​ថា ​នឹង​មាន​មាន​ផ្លាស់​ប្តូរ​ដំណើរ​ទស្សន​កិច្ច​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​លោក​នាយក​រដ្ឋ​មន្ត្រី​ជប៉ុន​ ស្ហ៊ីន​ហ្សូ ​អាបេ​ និង​ ប្រធានា​ធិបតី​ចិន ​លោក​ ស៊ី ជីនពីង​ នា​ពេល​ខាង​មុខ​ផង​ដែរ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ