ចិនបង្កើតគេហទំព័រ ដើម្បីឲ្យប្រជាជនអាចរាយការណ៍ពីចារកិច្ចបរទេស
ចិនបានបង្កើនយុទ្ធនាការរបស់ខ្លួនប្រឆាំងនឹង ចារកិច្ចបរទេស ដោយបង្កើតឲ្យមានគេហទំព័រថ្មីមួយ មានទាំងភាសាចិនកុកងឺ និង អង់គ្លេស។ រដ្ឋាភិបាលទីក្រុងប៉េកំាង ថែមទាំងបានប្រកាសផ្តល់ប្រាក់រង្វាន់ដល់ជនណាដែល រាយការណ៏ព័ត៌មាននានា ទាក់ទងនឹងការគំរាមកំហែងផ្នែកសន្តិសុខជាតិ តាមរយៈគេហទំព័រនេះ ទៀតផង។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០១:៥០
ថ្មីៗនេះ ប្រទេសចិន បានជំរុញឲ្យប្រជាពលរដ្ឋរបស់ខ្លួន រាយការណ៍អំពីព័ត៌មានស្តីពីផែនការផ្សេងៗរៀបចំដោយបរទេសដើម្បី ផ្ដួលរំលំរបបសង្គមនិយមចិន។ ការរាយការណ៍គឺអាចធ្វើបាន តាមរយៈគេហទំព័រថ្មីមួយ ដែលទើបតែបង្កើតឡើងដោយ ក្រសួងសន្តិសុខជាតិ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ។
ក្រោយពីបើកឲ្យដំណើរការគេហទំព័រនេះភ្លាម ក្រសួងសន្តិសុខជាតិចិន បានលើកទឹកចិត្ត ពលរដ្ឋរបស់ខ្លួន ឲ្យរាយការណ៍ដំណឹងដែលពួកគេដឹង ពីការសូកប៉ាន់ណាមួយរបស់ជនជាតិចិន ឫ ពួកបរទេស ទៅឲ្យមន្ត្រី ឬ យោធា ព្រមទាំងការញុះញង់ឲ្យមានកុបកម្ម ឬក៏ញុះញង់ ឲ្យមានការបំបែកខ្លួនណាមួយ កើតមានឡើង។
មិនតែប៉ុណ្ណោះ អ្នកដែលបញ្ជូនព័ត៌មានសម្ងាត់ ដែលរដ្ឋចង់បាន នឹងទទួលបានប្រាក់រង្វាន់។ ហើយបើតាម ការិយាល័យសន្តិសុខជាតិក្រុងប៉េកាំង អ្នកដែលរាយការណ៍ព័ត៌មានណាមួយអំពីចារកម្មនឹងទទួលបានប្រាក់រង្វាន់ចន្លោះពី ១៥០០ ទៅ ៧៣០០០ ដុល្លារសហរដ្ឋអាមេរិក។
គួរជម្រាបជូនថា នាពេលកន្លងទៅថ្មីៗនេះ ក្រសួងសន្តិសុខជាតិរបស់ចិន ទើបតែបានចេញផ្សាយនូវ គំនូរជីវចល មួយមានចំណងជើងថា “មិត្តភ័ក្ដិម្នាក់ពាក់របាំងមុខ” ដើម្បីបង្ហាញពីចេតនារបស់ខ្លួនប្រឆាំងនឹងអំពើចារកម្ម នៅថ្ងៃរៀបចំទិវាសន្តិសុខជាតិរបស់ប្រទេសចិននាថ្ងៃទី ១៥ ខែមេសា។
គំនូរជីវចលនោះ បានបង្ហាញពី ជនបរទេសម្នាក់ មកពីអង្គការអន្ដរជាតិក្រៅស្រុក ហើយបានសូកប៉ាន់ ពលរដ្ឋចិនមួយចំនួន ឲ្យរៀបចំសិក្ខាសាលានិង ប្រមូលកម្មករ ដើម្បីធ្វើការតវ៉ាទាមទារសិទ្ធិរបស់ពួកគេ។ ការតវ៉ាបែបនេះ គឺខុសទៅនឹងច្បាប់ប្រទេសចិន។
មិនតែប៉ុណ្ណោះកាលពីឆ្នាំ២០១៦ ក្រសួងសន្តិសុខជាតិចិន បានបោះពុម្ភផ្សាយរឿង គំនូរជីវចល ដែលក្រើនរឮក កុំឲ្យពលរដ្ឋចិន មានទំនាក់ទំនងសេ្នហាជាមួយជនបរទេស ដោយ រដ្ឋាភិបាលចិនគិតថា ទំនាក់ទំនងនេះ អាចបណ្តាលឲ្យធ្លាយអាថ៌កំបាំងរបស់រដ្ឋចិនបាន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ