អានតួអត្ថបទ

មេ​ដឹក​នាំ​កូរ៉េ​ទាំង​ពីរ​សម្រេច​បង្កើត​ខ្សែ​ទូរសព្ទ​ពិសេសដើម្បី​ទាក់ទង​គ្នាមុន​ជំនួប​កំពូល

នៅ​ថ្ងៃ​សុក្រ ទី​២០​មេសា​នេះ មេ​ដឹក​នាំ​ប្រទេស​កូរ៉េ​ទាំង​ពីរបាន​សម្រេច​បង្កើត​ខ្សែ​ទូរសព្ទ​ពិសេស​មួយ ​ដើម្បី​ទាក់ទង​គ្នា​។ ការ​សម្រេច​នេះធ្វើ​ឡើង​តែមួយ​សប្ដាហ៍​ប៉ុន​ណោះ មុន​ពេល​​មេ​ដឹក​នាំ​កូរ៉េ​ទាំង​ពីរត្រូវ​ជួប​គ្នា​នៅ​តំបន់​គ្មាន​កង​ទ័ព ក្នុង​ស្រុក Panmumjum នាថ្ងៃ​សុក្រ​​សប្ដាហ៍​ក្រោយ​​។

យោធា​កូរ៉េ​ខាង​ត្បូង​ឈរ​យាម​នៅ​តំបន់​គ្មាន​កង​ទ័ព នៅ​ក្នុង​ស្រុក Panmumjum ជាទី​ដែល​មេដឹក​នាំ​កូរ៉េ​ទាំង​ពីរ​ត្រូវ​ជួប​គ្នា​នា​សប្ដាហ៍​ក្រោយ
យោធា​កូរ៉េ​ខាង​ត្បូង​ឈរ​យាម​នៅ​តំបន់​គ្មាន​កង​ទ័ព នៅ​ក្នុង​ស្រុក Panmumjum ជាទី​ដែល​មេដឹក​នាំ​កូរ៉េ​ទាំង​ពីរ​ត្រូវ​ជួប​គ្នា​នា​សប្ដាហ៍​ក្រោយ . REUTERS/Kim Hong-Ji
ផ្សាយពាណិជ្ជកម្ម

នៅ​ទី​បំផុត ការិយាល័យ​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូងនិង​ការិយាល័យ​គណៈកម្មការ​កិច្ចការ​រដ្ឋ​របស់​ប្រធានាធិបតី​កូរ៉េ​ខាង​ជើង ត្រូវ​ត​ភ្ជាប់​គ្នា​ដោយ​ខ្សែ​ទូរសព្ទ​ពិសេស​មួយ ដែល​ទើប​តែប្រសូត្រ​ឡើង​នៅ​ថ្ងៃ​សុក្រ ទី​២០​មេសា​នេះ។ មន្ដ្រី​ទទួល​បន្ទុកការងារ​​នេះបាន​​សាក​ល្បង​ហៅ​ទូរសព្ទ​ខ្សែ​ពិសេសអស់​រយៈ​ពេល​៤​នាទី និង​១៩​វិនាទី ហើយ​វា​ដំណើរការ​យ៉ាង​រលូន​។ នេះ​បើ​តាមអ្វី​ដែល​​មន្ដ្រី​ជាន់​ខ្ពស់​នៃ​ការិយាល័យ​ប្រធានាធិបតី មូន ចេអ៊ីន ប្រាប់​អ្នក​សារព័ត៌មាន​។

ជា​ការ​កត់​សម្គាល់ ដ្បិត​តែ​បង​ប្អូន​កូរ៉េ​ទាំង​ពីរ​មាន​ភូមិសាស្ត្រ​ជាប់​គ្នា​ក៏​ពិត​មែន ប៉ុន្តែ​ឧបទ្វីប​នេះ​បាន​បែង​ចែក​ទឹក​ដីគ្នា​ជា​ពីរ​​អស់រយៈ​ពេល​៧០​ឆ្នាំ​កន្លង​មក​ហើយ​។ ទាំងពលរដ្ឋ​កូរ៉េ​ខាង​ត្បូងនិង​ពលរដ្ឋ​កូរ៉េ​ខាង​ជើង គ្មាន​ការ​ទាក់ទង​គ្នា​ណា​មួយ​តាម​ខ្សែ​ទូរសព្ទឡើយ ចាប់​តាំង​ពី​សង្គ្រាម​ឧបទ្វីប​កូរ៉េ​បិទ​បញ្ចប់​នៅ​ឆ្នាំ​១៩៥៣​មក​ម្ល៉េះ​។

ចង់​ឬ​មិន​ចង់ ការ​បង្កើត​ខ្សែ​ទូរសព្ទ​ពិសេស​ដ៏​ថ្មី​ស្រឡាង​នេះ​ត្រូវ​គេ​ចាត់​ទុក​ថា ជា​ការ​វិវត្ត​ផ្នែក​ការទូត​ដ៏​សំខាន់​មួយ​នៅ​ឧបទ្វីប​កូរ៉េ បន្ទាប់​ពី​កូរ៉េ​ខាង​ជើង​បាន​ចូល​រួម​នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវ​រងា​នៅ​កូរ៉េ​ខាង​ត្បូង កាល​ពីខែ​កុម្ភៈ​ដើម្បី​ឆ្នាំ​២០១៨​នេះ​មក​។

មុន​ការ​បង្កើត​ខ្សែ​ទូរសព្ទ​ពិសេស​នេះ មេដឹក​នាំ​កូរ៉េខាង​ជើង គឺ​លោក គីម ជុងអ៊ុន និង​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង មូន ចេអ៊ីន បាន​ព្រម​ព្រៀង​ជួប​គ្នា​នៅ​ក្នុង​ជំនួប​កំពូល​​មួយ នា​ថ្ងៃ​សុក្រ​ទី​២៧មេសា​ខាង​មុខ​។ ជំនួប​នេះ នឹង​ត្រូវ​រៀបចំ​ធ្វើ​នៅ​​តំបន់​គ្មាន​កង​ទ័ព ក្នុង​ស្រុក Panmumjum​។ ជា​តំបន់ដែល​​ពុះ​ចែក​ទឹក​ដី​កូរ៉េ​ជា​ពីរ និង​ជា​ទី​ដែល​បង​ប្អូន​គូ​សត្រូវ​ទាំង​ពីរ បាន​ចុះ​ហត្ថលេខា​លើ​យុទ្ធ​សន្តិភាពក្រោយ​សង្គ្រាម ពី​ឆ្នាំ​១៩៥០ ដល់​ឆ្នាំ​១៩៥៣​។ នេះ​គឺ​ជា​ជំនួប​កំពូល​អន្ដរកូរ៉េ​លើក​ទី​៣​ហើយ ខណៈ​ជំនួប​កំពូល​លើក​ទី​១​ត្រូវ​បាន​រៀបចំ​ធ្វើ​នៅ​ឆ្នាំ​២០០០ និង​លើក​ទី​២ នៅ​ឆ្នាំ​២០០៧​។

សម្រាប់​មេ​ដឹក​នាំ​កូរ៉េ​ខាង​ត្បូង លោក មូន ចេអ៊ីន ជំនួប​កំពូល​ជាមួយ​សមភាគី​កូរ៉េ​ខាង​ជើង​នា​សប្ដាហ៍​ក្រោយ​នេះ មាន​គោលដៅ​សម្រេច​ឲ្យ​បាន​សន្ធិសញ្ញា​បញ្ចប់​សង្គ្រាម​នៅ​ឧបទ្វីប​កូរ៉េ។ ប្រធានាធិបតី​អាមេរិក ដែល​នឹង​ត្រូវ​ជួប​ជាមួយ​មេ​ដឹក​នាំ​កូរ៉េ​ខាង​ជើង​នៅ​ដំណាច់​ខែ​ឧសភា​ខាង​មុខ បាន​ជូនពរ​ឲ្យ​​​លោក​មូន ចេអ៊ីន ​សម្រេចបាន​គោលដៅ​ដែល​ប៉ង​ទុក​នេះ​។ ប៉ុន្តែ​សម្រាប់​លោក ដូណាល់ ត្រាំ បញ្ហា​​​សំខាន់​បំផុតដែល​ត្រូវ​ជជែក​ដោះ​ស្រាយ​ជាមួយ​កូរ៉េ​ខាង​ជើង​​នោះ គឺ​បញ្ហា​អាវុធ​នុយក្លេអ៊ែរ​​ទៅ​វិញ​ទេ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ