គ្រុនចាញ់ នៅតែបន្តសម្លាប់មនុស្ស ភាពស៊ាំកាន់តែរីករាលដាល
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៨:២០
នៅថ្ងៃទី ២៥មេសា នេះ ជាទិវាពិភពលោកប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់។ “ត្រៀមយកឈ្នះជំងឺគ្រុនចាញ់" ជាប្រធានបទដែលអង្គការសុខភាពពិភពលោកជ្រើសរើស សម្រាប់ទិវាឆ្នាំ២០១៨។ ប៉ុន្តែជំងឺគ្រុនចាញ់នៅបន្តសម្លាប់ជីវិតមនុស្ស ហើយភាពស៊ាំនឹងថ្នាំមានកាន់ច្រើនឡើង ឯការប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់ ហាក់លែងសូវមានភាពជឿនលឿន។
គ្រុនចាញ់ ជាជំងឺដែលចម្លងដោយមូសដែកគោលញីខាំ និងដែលអាចធ្វើឱ្យអ្នកជំងឺស្លាប់បាន។ បើតាមរបាយការណ៍អង្គការសហប្រជាជាតិ ចេញផ្សាយនៅខែវិច្ឆិកា ២០១៧ បន្ទាប់ពីមានជោគជ័យខ្លាំងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់ កាលពីប៉ុន្មានឆ្នាំមុន ពេលនេះសកម្មភាពរបស់ពិភពលោកហាក់លែងសូវមានភាពជឿនលឿន។
នៅឆ្នាំ២០១៦ មានប្រជាពលរដ្ឋរស់នៅលើភពផែនដីប្រមាណជិតពាក់កណ្តាលរស់ប្រឈមនឹងគ្រោះឆ្លងជំងឺគ្រុនចាញ់។ គេប៉ាន់ប្រមាណថាមានករណីកើតជំងឺគ្រុនចាញ់ចំនួន ២១៦លាននាក់ នៅក្នុងប្រទេសចំនួន៩១ ពោលគឺមានការកើនឡើង៥លាននាក់បើប្រៀបទៅនឹងឆ្នាំ២០១៥។ ចំណែកចំនួនមនុស្សស្លាប់ដោយគ្រុនចាញ់ នៅក្នុងឆ្នាំ២០១៦ ក៏មានចំនួនប្រហាក់ប្រហែលនឹងឆ្នាំ២០១៥ដែរ (៤៤៥០០០នាក់)។ តំបន់អាស៊ីអាគ្នេយ៍ អាមេរិក មេទីទែរ៉ាណេខាងកើត សុទ្ធសឹងជាតំបន់ដែលរងគ្រោះនឹងជំងឺគ្រុនចាញ់ដែរ ប៉ុន្តែករណីមានជំងឺ (៩០%) និងស្លាប់ដោយគ្រុនចាញ់ (៩១%)មានកើតច្រើនខ្លាំង ផ្តុំតែនៅតំបន់ទ្វីបអាហ្វ្រិក។ នៅក្នុងតំបន់ដែលមានជំងឺគ្រុនចាញ់ខ្លាំង កុមារក្រោមអាយុ៥ឆ្នាំ ជាជនរងគ្រោះខ្លាំងគេ ដោយងាយឆ្លង ងាយឈឺ ងាយស្លាប់ដោយសារជំងឺគ្រុនចាញ់ណាស់។ មរណភាពព្រោះជំងឺគ្រុនចាញ់ មានកើតជារៀងរាល់ពីរនាទីម្នាក់។
តួលេខចុងក្រោយរបស់អង្គការសហប្រជាជាតិនេះ បានបង្ហាញឱ្យឃើញថា ពិភពលោកទំនងជាមិនអាចសម្រេចកម្មវត្ថុនិងយុទ្ធសាស្ត្រកាត់បន្ថយមរណភាពព្រោះជំងឺគ្រុនចាញ់ ៤០% នៅឆ្នាំ២០២០ទេ។ បញ្ហាហិរញ្ញវត្ថុថ្នាក់ជាតិនិងអន្តរជាតិ ជាឧបសគ្គចំបងជាងគេក្នុងធានារ៉ាប់រងសុខភាព ដូចជាផ្តល់ការផ្គត់ផ្គង់មុងប្រឆាំងមូស ថ្នាំសង្កូវ និងសម្ភារៈចាំបាច់ផ្សេងៗមិនបានគ្រប់គ្រប់។ ជាងនេះទៅទៀត ពិភពលោកកំពុងប្រឈមនឹងគ្រោះស៊ាំនឹងថ្នាំប្រឆាំងគ្រុនចាញ់។
ភាពស៊ាំថ្នាំត្រូវបានរកឃើញជាដំបូងនៅក្នុងប្រទេសកម្ពុជា នៅឆ្នាំ២០០៧។ ភាពស៊ាំថ្នាំជាហេតុការណ៍ដែលក្រុមអ្នកជំនាញមានការព្រួយបារម្ភយ៉ាងខ្លាំង ព្រោះវាអាចនាំដល់ភាពមហន្តរាយខ្លាំង និងខ្លាចឆ្លងរាលដាលដល់ឧបទ្វីបឥណ្ឌា និងដល់អាហ្វ្រិក ដែលកុមារប្រមាណពី៦០ទៅ៨០%មានផ្ទុកមេរោគប៉ារ៉ាស៊ីតគ្រុនចាញ់ក្នុងខ្លួន តែពុំមែនជាអ្នកមានជំងឺគ្រុនចាញ់។
ជំងឺគ្រុនចាញ់អាចធ្វើឱ្យអ្នកជំងឺស្លាប់ ប្រសិនបើគ្មានការព្យាបាលត្រឹមត្រូវនិងទាន់ពេលវេលា។ វិធីការពារដ៏ប្រសើរជាងគេដែលអង្គការសហប្រជាជាតិបានផ្តល់អនុសាសន៍ឱ្យអាជ្ញាធរអនុវត្តដើម្បីកាត់បន្ថយការចម្លង តាមរយៈទម្រង់ពីរដែលមានប្រសិទ្ធិភាពខ្លាំង ស្ទើរគ្រប់ស្ថានការណ៍៖ ប្រើមុងជ្រលក់ថ្នាំប្រឆាំងមូស និងការបាញ់ថ្នាំសម្លាប់មូសនៅតាមគេហដ្ឋានរបស់ប្រជាពលរដ្ឋ។ ទន្ទឹមគ្នានោះ អង្គការបានអំពាវនាវនិងបំផុសឱ្យប្រជាជនរស់នៅក្នុងតំបន់ប្រឈមនឹងជំងឺគ្រុនចាញ់ដេកក្នុងមុងជានិច្ចនៅពេលយប់។
ជំងឺគ្រុនចាញ់ អាចលេចនិងផ្តល់សញ្ញារោគនៅរវាងពី១០ទៅ១៥ថ្ងៃ ក្រោយការខាំរបស់មូសដែកគោលអាណាហ្វែលញី។ រោគសញ្ញាដំបូង គឺ ក្តៅខ្លួន ឈឺក្បាល ព្រឺរងារ ហើយជូនខ្លាំង ជួនល្មមៗ ដែលពិបាកនឹងសង្ស័យថាជាជំងឺគ្រុនចាញ់។ ប៉ុន្តែបើមិនបានទទួលការព្យាបាលក្នុងរយៈពេល២៤ទេ មេរោគគ្រុនចាញ់អាចនឹងធ្វើការវិវឌ្ឍន៍ជាជំងឺធ្ងន់ធ្ងរខ្លាំង ដល់ស្លាប់។ ចំពោះកុមារ ដែលឆ្លងមេរោគគ្រុនចាញ់ខ្លាំងអាចស្តែងជារោគសញ្ញាមួយឬច្រើនដូចជា ស្លេកខ្វះឈាម ពិបាកដកដង្ហើម ហើយគ្រុនចាញ់អាចវាយលុកទៅដល់ខួរក្បាលទៀត។ មនុស្សធំពេញវ័យ មេរោគគ្រុនចាញ់អាចវាយលុកប៉ះពាល់សរីរច្រើន។ ហើយចំពោះប្រជាជនដែលរស់នៅក្នុងតំបន់គ្រុនចាញ់ ភាគច្រើនមូសខាំហើយតែគ្មានបង្ហាញរោគសញ្ញាទេ។
ការវិភាគរកសញ្ញារោគ និងផ្តល់ការព្យាបាលបានលឿននិងទាន់ពេលវេលា អាចកាត់បន្ថយភាពធ្ងន់ធ្ងរនៃជំងឺផង និងបញ្ចៀសការស្លាប់បានផង។ ការវិភាគដោយភ្នែក និងការសង្ស័យ ត្រូវតែបញ្ជាក់ដោយការវិភាគឈាម និងមិនត្រូវផ្តល់ថ្នាំព្យាបាលដោយគ្រាន់តែវិភាគរោគសញ្ញាខាងក្រៅទេ លើកលែងតែនៅក្នុងករណីគ្មានលទ្ធភាពវិភាគឈាមសោះ។ នេះបើតាមការដាស់តឿនរបស់អង្គការសហប្រជាជាតិ ព្រោះ ការវិភាគឈាមវែករកជំងឺគ្រុនចាញ់ ផ្តល់លទ្ធផលយ៉ាងឆាប់រហ័ស តែកន្លះម៉ោង ឬតិចជាងកន្លះម៉ោងផង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ