អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

គ្រុនចាញ់ នៅតែបន្តសម្លាប់មនុស្ស ភាពស៊ាំកាន់​តែ​រីករាលដាល

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃទី ២៥​មេសា នេះ ជាទិវា​ពិភពលោក​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​គ្រុន​ចាញ់។ “ត្រៀម​យក​ឈ្នះ​ជំងឺ​គ្រុនចាញ់" ជា​ប្រធានបទ​ដែល​អង្គការ​សុខភាព​ពិភពលោក​ជ្រើសរើស សម្រាប់ទិវា​​ឆ្នាំ​២០១៨។ ប៉ុន្តែ​ជំងឺ​គ្រុន​ចាញ់​នៅ​បន្ត​សម្លាប់​ជីវិត​មនុស្ស ហើយ​ភាព​ស៊ាំ​នឹង​ថ្នាំ​​មា​នកាន់​ច្រើន​ឡើង ឯការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​គ្រុន​ចាញ់​ ហាក់​លែង​សូវ​មាន​ភាព​ជឿន​លឿន។

មូសដែកគោល anopheles ភ្នាក់ងារ​ចម្លង​ជំងឺ​គ្រុន​ចាញ់
មូសដែកគោល anopheles ភ្នាក់ងារ​ចម្លង​ជំងឺ​គ្រុន​ចាញ់ GETTY/DEA PICTURE LIBRARY
ផ្សាយពាណិជ្ជកម្ម

គ្រុន​ចាញ់ ជាជំងឺដែល​ចម្លង​ដោយ​មូស​ដែក​គោលញី​ខាំ និង​ដែល​អាច​ធ្វើ​ឱ្យ​អ្នក​ជំងឺ​ស្លាប់​បាន។ ​បើ​តាម​របាយការណ៍​អង្គការ​សហប្រជាជាតិ ចេញ​ផ្សាយ​នៅ​ខែ​វិច្ឆិកា ២០១៧ បន្ទាប់​ពី​មាន​ជោគជ័យ​ខ្លាំងក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹងជំងឺ​គ្រុនចាញ់ កាលពី​ប៉ុន្មាន​ឆ្នាំ​មុន ពេល​នេះ​សកម្មភាព​របស់ពិភពលោក​ហាក់​លែង​សូវ​មាន​ភាព​ជឿនលឿន។

នៅ​ឆ្នាំ​២០១៦ មាន​ប្រជាពលរដ្ឋ​រស់​នៅលើ​ភពផែន​ដី​ប្រមាណ​ជិត​ពាក់កណ្តាល​រស់​ប្រឈម​នឹង​គ្រោះ​ឆ្លង​ជំងឺ​គ្រុន​ចាញ់។ គេ​ប៉ាន់​ប្រមាណ​ថា​មាន​ករណី​កើត​ជំងឺ​គ្រុន​ចាញ់​ចំនួន ២១៦​លាន​នាក់ នៅ​ក្នុង​ប្រទេស​ចំនួន​៩១ ពោល​គឺ​មាន​ការកើន​ឡើង​៥​លាន​នាក់​បើ​ប្រៀប​ទៅ​នឹង​ឆ្នាំ​២០១៥។​ ចំណែក​ចំនួន​មនុស្ស​ស្លាប់​ដោយ​គ្រុន​ចាញ់ នៅ​ក្នុង​ឆ្នាំ​២០១៦ ក៏មាន​ចំនួនប្រហាក់​ប្រហែល​នឹង​ឆ្នាំ​២០១៥ដែរ ​(​៤៤៥០០០​នាក់)។ តំបន់​អាស៊ី​អាគ្នេយ៍ អាមេរិក​ មេទីទែរ៉ាណេខាង​កើត សុទ្ធ​សឹង​ជា​តំបន់​ដែល​រង​គ្រោះ​នឹង​ជំងឺ​គ្រុន​ចាញ់​ដែរ ប៉ុន្តែករណី​មាន​ជំងឺ​ (៩០%) និង​ស្លាប់​ដោយ​គ្រុន​ចាញ់ (៩១%)មាន​កើត​ច្រើន​ខ្លាំង ផ្តុំ​តែ​នៅ​តំបន់​ទ្វីប​អាហ្វ្រិក។ នៅ​ក្នុង​តំបន់​ដែល​មាន​ជំងឺ​គ្រុន​ចាញ់​ខ្លាំង កុមារ​ក្រោម​អាយុ​៥ឆ្នាំ ជា​ជន​រងគ្រោះ​ខ្លាំង​គេ ដោយងាយ​ឆ្លង ងាយ​ឈឺ ងាយ​ស្លាប់​ដោយ​សារ​ជំងឺ​គ្រុន​ចាញ់​ណាស់។ មរណភាព​ព្រោះ​ជំងឺ​គ្រុន​ចាញ់ មាន​កើត​ជា​រៀង​រាល់​ពីរនាទី​ម្នាក់។

​តួលេខចុងក្រោយ​​​របស់​អង្គការ​សហប្រជាជាតិ​នេះ បាន​បង្ហាញ​ឱ្យ​ឃើញ​ថា ពិភពលោក​ទំនង​ជា​​មិន​អាច​សម្រេច​កម្មវត្ថុ​​និងយុទ្ធសាស្ត្រ​កាត់​បន្ថយ​មរណភាព​ព្រោះជំងឺ​គ្រុនចាញ់ ៤០% នៅ​ឆ្នាំ​២០២០​ទេ។ បញ្ហា​ហិរញ្ញវត្ថុ​ថ្នាក់ជាតិ​និង​អន្តរជាតិ ជា​ឧបសគ្គ​ចំបង​ជាងគេក្នុង​ធានារ៉ាប់​រង​សុខភាព ដូច​ជា​ផ្តល់​​ការ​ផ្គត់​ផ្គង់​មុង​ប្រឆាំង​មូស​​ ថ្នាំសង្កូវ និង​សម្ភារៈ​ចាំបាច់​ផ្សេងៗ​មិន​បានគ្រប់គ្រប់​។ ជាង​នេះ​ទៅ​ទៀត ពិភពលោក​កំពុង​ប្រឈមនឹង​គ្រោះ​ស៊ាំ​នឹង​ថ្នាំ​​ប្រឆាំង​គ្រុន​ចាញ់។

ភាព​ស៊ាំថ្នាំ​ត្រូវ​បាន​រក​ឃើញ​ជា​ដំបូង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ នៅ​ឆ្នាំ​២០០៧។ ភាព​​ស៊ាំ​ថ្នាំ​ជា​ហេតុការណ៍ដែល​ក្រុម​អ្នក​ជំនាញ​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ ព្រោះ​វា​អាច​នាំ​ដល់​ភាព​មហន្តរាយ​ខ្លាំង និង​ខ្លាច​ឆ្លង​រាល​ដាល​ដល់​ឧបទ្វីប​ឥណ្ឌា និង​ដល់​អាហ្វ្រិក ដែល​កុមារ​ប្រមាណ​ពី​៦០ទៅ៨០%​មាន​ផ្ទុក​មេរោគ​ប៉ារ៉ាស៊ីត​គ្រុន​ចាញ់​ក្នុង​ខ្លួន តែ​ពុំ​មែន​ជា​អ្នក​មាន​ជំងឺ​គ្រុន​ចាញ់។

ជំងឺ​គ្រុន​ចាញ់​អាច​ធ្វើ​ឱ្យអ្នក​ជំងឺ​ស្លាប់ ប្រសិន​បើ​គ្មាន​ការ​ព្យាបាល​ត្រឹម​ត្រូវ​និង​ទាន់​ពេល​វេលា។ វិធីការពារ​ដ៏​ប្រសើរ​ជាងគេ​ដែល​អង្គការ​សហប្រជាជាតិ​បាន​ផ្តល់​អនុសាសន៍​ឱ្យអាជ្ញាធរ​អនុវត្ត​ដើម្បីកាត់​បន្ថយ​ការ​ចម្លង​ តាម​រយៈ​ទម្រង់​ពីរដែល​មាន​ប្រសិទ្ធិភាព​ខ្លាំង ស្ទើរ​គ្រប់​ស្ថានការណ៍៖ ប្រើ​មុង​ជ្រលក់​ថ្នាំ​ប្រឆាំង​មូស និង​ការ​បាញ់​ថ្នាំ​សម្លាប់​មូស​​នៅ​តាម​គេ​ហដ្ឋាន​របស់​ប្រជាពលរដ្ឋ។ ទន្ទឹម​គ្នា​នោះ អង្គការ​បាន​អំពាវនាវ​និង​បំផុសឱ្យ​ប្រជាជន​រស់​នៅ​ក្នុង​តំបន់​ប្រឈម​នឹង​ជំងឺ​គ្រុន​ចាញ់​ដេក​ក្នុង​មុង​ជា​និច្ច​នៅ​ពេល​យប់។

​ជំងឺ​គ្រុន​ចាញ់​ អាច​លេច​​និង​ផ្តល់​សញ្ញា​រោគ​នៅ​រវាង​ពី​១០​ទៅ​១៥​ថ្ងៃ​ ក្រោយ​ការ​ខាំ​របស់​មូស​ដែក​គោលអាណាហ្វែល​ញី។ រោគ​សញ្ញា​ដំបូង គឺ​ ក្តៅ​ខ្លួន ឈឺក្បាល​ ព្រឺ​រងារ​ ហើយជូន​ខ្លាំង ជួន​ល្មមៗ ដែល​ពិបាក​នឹង​សង្ស័យ​ថា​ជា​ជំងឺ​គ្រុន​ចាញ់។ ប៉ុន្តែ​បើ​មិនបាន​ទទួល​ការ​ព្យាបាល​ក្នុង​រយៈ​ពេល២៤​ទេ មេរោគ​គ្រុន​ចាញ់​អាច​នឹង​ធ្វើ​ការ​វិវឌ្ឍន៍​ជា​ជំងឺ​ធ្ងន់ធ្ងរ​ខ្លាំង ដល់​ស្លាប់។ ចំពោះ​កុមារ ដែល​ឆ្លង​មេរោគ​គ្រុនចាញ់​ខ្លាំង​អាចស្តែង​ជា​រោគសញ្ញា​មួយ​ឬ​ច្រើន​ដូច​ជា ស្លេក​ខ្វះ​ឈាម ពិបាក​ដក​ដង្ហើម​ ហើយ​គ្រុនចាញ់​អាច​វាយលុក​ទៅ​ដល់​ខួរ​ក្បាលទៀត។ មនុស្ស​ធំ​ពេញ​វ័យ​ មេរោគ​គ្រុន​ចាញ់​អាច​វាយលុក​ប៉ះពាល់​សរីរច្រើន។ ហើយ​ចំពោះ​ប្រជាជន​ដែល​រស់​នៅ​ក្នុង​តំបន់​គ្រុន​ចាញ់ ភាគ​ច្រើន​មូស​ខាំ​ហើយ​តែ​គ្មាន​​បង្ហាញ​រោគ​សញ្ញា​ទេ។

ការ​វិភាគ​រក​សញ្ញា​រោគ និង​ផ្តល់​ការ​ព្យាបាល​បាន​លឿន​និង​ទាន់ពេលវេលា អា​ច​កាត់​បន្ថយភាព​ធ្ងន់​ធ្ងរ​នៃ​ជំងឺ​ផង និង​បញ្ចៀស​ការ​ស្លាប់បាន​ផង។ ការ​វិភាគ​ដោយ​ភ្នែក និង​ការ​សង្ស័យ ត្រូវ​តែ​បញ្ជាក់​ដោយ​ការ​វិភាគ​ឈាម និង​មិន​ត្រូវ​ផ្តល់​ថ្នាំ​ព្យាបាល​​ដោយ​គ្រាន់​តែ​វិភាគ​រោគ​សញ្ញា​​ខាង​ក្រៅ​ទេ​ លើក​លែង​តែ​នៅ​ក្នុង​ករណី​គ្មាន​លទ្ធភាព​វិភាគ​ឈាម​សោះ។ នេះ​បើ​តាម​ការ​ដាស់​តឿន​របស់​អង្គការ​សហប្រជាជាតិ ព្រោះ​ ការវិភាគឈាម​វែក​រក​ជំងឺ​គ្រុន​ចាញ់​ ផ្តល់​​លទ្ធផល​យ៉ាង​ឆាប់​រហ័ស តែ​​កន្លះ​ម៉ោង​ ឬ​តិច​ជាង​កន្លះ​ម៉ោង​ផង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ