បង់ក្លាដែស៖៥ឆ្នាំក្រោយសោកនាដកម្មនៅរ៉ាណា ប្លាហ្សា នៅមានការងារជាច្រើនទៀតដែលត្រូវធ្វើ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៤:៥៥
ថ្ងៃទី២៤ មេសា ឆ្នាំ ២០១៨ ជាខួបគម្រប់ ៥ឆ្នាំនៃសោកនាដកម្មបាក់រលំអាគារកាត់ដេរនៅតំបន់រ៉ាណា ប្លាហ្សាស្ថិតជាយក្រុងដាកា ប្រទេសបង់ក្លាដែស។ ព្រឹត្តិការណ៍កាលណោះបានបណ្តាលឲ្យស្លាប់កម្មករ កម្មការនីកាត់ដេរចំនួន ១ ១៣៥នាក់ និងរបួសធ្ងន់ ស្រាលជាង ២ ០០០នាក់ផ្សេងទៀត។ ៥ឆ្នាំក្រោយមក លក្ខខណ្ឌការងារ រួមទាំងសន្តិសុខនៅតាមអាគារកាត់ដេរមានការចម្រើនទៅមុខគួរឲ្យកត់សម្គាល់។ ក៏ប៉ុន្តែ និតិវីធីផ្លូវតុលាការក្នុងរឿងមួយនេះហាក់កំពុងបន្តអូសបន្លាយ។ ម្យ៉ាងទៀត នៅមានកិច្ចការជាច្រើនដែលត្រូវធ្វើដើម្បីគោរពសិទ្ធិរបស់កម្មករ និងបុគ្គលិកនៅក្នុងវិស័យឧស្សាហកម្មកាត់ដេរ។
កាលពី ៥ឆ្នាំមុន ពោលក្នុងថ្ងៃទី២៤ មេសា ឆ្នាំ ២០១៣ អាគារកាត់ដេរមួយកម្ពស់ ៨ជាន់ធ្វើពីថ្មស្ថិតក្នុងតំបន់រ៉ាណា ប្លាហ្សាជាយទីក្រុងដាកា ប្រទេសបង់ក្លាដែសបានបាក់រលំជាមួយនឹងវត្តមានកម្មករ កម្មការនីប្រមាណជា ៥ ០០០នាក់។ គ្រាន់តែមួយប៉ប្រិចភ្នែក ព្រឹត្តិការណ៍មួយនេះបានផ្តាច់ជីវិតកម្មករ កម្មការនីជាង ១ ០០០នាក់ និងរបួសធ្ងន់ ស្រាលជាង ២ ០០០នាក់ផ្សេងទៀត។ សោនាដកម្មនៅរ៉ាណា ប្លាហ្សាកាលណោះត្រូវបានគេចាត់ទុកជាមហាសោកនាដកម្មក្នុងវិស័យឧស្សាហកម្មវាយនភ័ណ្ឌនៃប្រវត្តិសម័យទំនើប។ ចំណែកតំបន់រ៉ាណា ប្លាហ្សាទៀតសោតក៏បានក្លាយជានិមិត្តរូបនៃការកេងប្រវ័ញ្ចកម្លាំងពលកម្មក្នុងតម្លៃថោកពីសំណាក់ក្រុមហ៊ុន សហគ្រាសបរទេសគ្រាក់ៗ ពិសេសក្រុមហ៊ុនលក់សម្លៀកបំពាក់ម៉ាកល្បីៗ។
អ្វីដែលក្រុមហ៊ុន សហគ្រាសបរទេសចង់បាន គឺតម្លៃពលកម្មថោកដោយមិនខ្វល់ពីលក្ខខណ្ឌ និងសន្តិសុខការងាររបស់កម្មករ កម្មការនីឡើយ។ កម្មវត្ថុរបស់ក្រុមហ៊ុន សហគ្រាសបរទេស គឺលក់ក្នុងតម្លៃថោកដើម្បីលក់បានច្រើន ហើយដើម្បីអាចធ្វើយ៉ាងនេះបាន ពួកគេត្រូវស្វែងរកទីកន្លែងផលិតដែលមានតម្លៃពលកម្មថោក។ សូមជម្រាបជូនថា បង់ក្លាដែសដែលជាប្រទេសអាស៊ីក្រីក្រមួយមានពលរដ្ឋរស់នៅប្រមាណជា ១៦០លាននាក់បានក្លាយជាប្រទេសនាំចេញសម្លៀកបំពាក់ទី២ បន្ទាប់ពីប្រទេសចិន។ ជាមួយនឹងប្រាក់ខែទាបចាប់ពី ៦៥ដុល្លារឡើងទៅក្នុងមួយខែ បង់ក្លាដែសបានក្លាយជាគោលដៅអាទិភាពក្នុងវិស័យឧស្សាហកម្មវាយនភ័ណ្ឌរបស់ក្រុមហ៊ុនម៉ាកល្បីៗនៅបរទេស។
គឺសោកនាដកម្មនៅរ៉ាណា ប្លាហ្សាកាលពី ៥ឆ្នាំ នោះឯងដែលបានដាស់ស្មារតីមជ្ឈដ្ឋានសាធារណៈនៃក្រុមប្រទេសអភិវឌ្ឍន៍ និងបានជំរុញអង្គការអន្តរជាតិនានា រដ្ឋាភិបាល រួមទាំងមិនមែនរដ្ឋាភិបាលឲ្យគិតគូរ យកចិត្តទុកដាក់លើលក្ខខណ្ឌ និងសន្តិសុខការងាររបស់កម្មករ កម្មការនីក្នុងវិស័យវាយនភ័ណ្ឌ។ ព្រឹត្តិការណ៍នៅរ៉ាណា ប្លាហ្សាបានជំរុញឲ្យមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយស្តីពីសន្តិសុខនៃកន្លែងធ្វើការរបស់កម្មករ កម្មការនីកាត់ដេរនៅបង់ក្លាដែសដោយមានការជួយឧបត្ថម្ភពីអង្គការពលកម្មអន្តរជាតិ។
សព្វថ្ងៃនេះ មានក្រុមហ៊ុនបរទេសធំៗចំនួន ២២២ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនោះ ដូចយ៉ាងក្រុមហ៊ុន Adidas H&M ឬមួយ Uniqlo។ នៅបង់ក្លាដែស កិច្ចព្រមព្រៀងនោះបានទទួលយកដោយរោងចក្រដេរខោ អាវចំនួន ១ ៦០០រោងចក្រ ក្នុងនោះ មានរោងចក្រចំនួន ៧៦៧រោងចក្របានកែតម្រូវ រៀបចំសន្តិសុខទៅតាមស្តង់ដារអន្តរជាតិ។ ទន្ទឹមគ្នានេះ កិច្ចព្រមព្រៀងក៏បានអនុញ្ញាតឲ្យក្រុមសហជីពការពារកម្មករ កម្មការនីអាចប្តឹងថៅកែរោងចក្រទៅតុលាការពីបទបដិសេធចាត់វិធានការសន្តិសុខនៅក្នុងរោងចក្ររបស់ខ្លួន។ ជាក់ស្តែងថ្មីៗនេះ សហគ្រាសបរទេសមួយដែលតុលាការយល់ព្រមលាក់ឈ្មោះត្រូវបានតុលាការអាជ្ញាកណ្តាលក្រុងឡាអេកាត់ទោសឲ្យបង់លុយចំនួន ២លាន ៣សែនដុល្លារទៅក្រុមសហជីពតំណាងឲ្យកម្មករ កម្មការនីបង់ក្លាដែស។
៥ឆ្នាំក្រោយសោកនាដកម្មនៅរ៉ាណា ប្លាហ្សា លក្ខខណ្ឌ និងសន្តិសុខការងារនៅតាមរោងកចក្រកាត់ដេរក្នុងប្រទេសបង់ក្លាដែសមានភាពប្រសើរគួរឲ្យកត់សម្គាល់។ តែគេត្រូវហ៊ានទទួលស្គាល់ថា នៅមានការងារជាច្រើនទៀតដែលត្រូវធ្វើ ព្រោះនៅសល់រោងចក្រជាច្រើនរយពាន់ទៀតក្នុងប្រទេសបង់ក្លាដែសហាក់មិនទាន់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនោះនៅឡើយទេ។ កិច្ចព្រមព្រៀងដែលនឹងអស់សុពលភាពនៅថ្ងៃទី១ ឧសភាខាងមុខ និងដែលអត្ថបទពង្រាងមួយកំពុងចរចាដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងថ្មីមានសុពលភាពដល់ឆ្នាំ ២០២១។ ក្រៅពីបន្តអំពាវនាវរោងចក្រដែលនៅសេសសល់ឲ្យចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការពង្រឹងសន្តិសុខ និងលក្ខខណ្ឌការងារបុគ្គលិក និងកម្មករ បញ្ហាធំមួយទៀតដែលត្រូវដោះស្រាយនៅបង់ក្លាដែស គឺទាក់ទងនឹងពលកម្មកុមារ។
ពិតណាស់ថា ការពង្រឹងលក្ខខណ្ឌ និងសន្តិសុខការងារនៅតាមបណ្តារោងចក្រកាត់ដេរជារឿងមួយចាំបាច់ មិនអាចខ្វះបាន។ តែទន្ទឹមគ្នានេះ ក្រុមហ៊ុន និងសហគ្រាសបរទេសក៏មានចំណែកចូលរួម និងទទួលខុសត្រូវដែរ។ ក្រុមហ៊ុន និងរោងចក្របរទេសត្រូវពិនិត្យមើលឡើងវិញនូវគំរូសេដ្ឋកិច្ចរបស់ខ្លួនដែលបន្តអនុវត្តតាមទ្រឹស្តី « លក់ក្នុងតម្លៃថោកជានិច្ចដើម្បីលក់បានច្រើន » ហើយដែលទ្រឹស្តីនេះបានបង្ខំឲ្យពួកគេស្វែងរកទីកន្លែងផលិតមានតម្លៃពលកម្មថោក។ បន្ទាប់មកទៀត អ្នកប្រើប្រាស់ក៏មានចំណែកទទួលខុសត្រូវដែរ ព្រោះជានិច្ចកាល ពួកគេចង់ទិញសំលៀកបំពាក់ល្អក្នុងតម្លៃថោកដោយមិនបានគិតពីតម្លៃញើសឈាមរបស់កម្មករ កម្មការនីឡើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ