កូវ៉ែតបណ្តេញឯកអគ្គរដ្ឋទូតហ្វីលីពីន ដោយសាររឿងស្រ្តីអ្នកបម្រើ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៧:៥៧
វិបត្តិការទូត ហ្វីលីពីន និងកូវ៉ែត បានរីកមុខកាន់តែធំទៅ បន្ទាប់ពីកូវ៉ែត នៅថ្ងៃពុធទី ២៥មេសា បានប្រកាសបណ្តេញឯកអគ្គរដ្ឋទូតហ្វីលីពីន ចេញពីទឹកដីកូវ៉ែត។ កូវ៉ែតបានចោទប្រកាន់មន្រ្តីទូតហ្វីលីពីនថា បានរំលោភអធិបតេយ្យភាព និងសន្តិសុខជាតិកូវ៉ែត នៅក្រោយមានបែកលេចធ្លាយវីដេអូ ដែលបង្ហាញ ថា ស្ត្រីហ្វីលីពីនដែលបម្រើនៅតាមផ្ទះ ត្រូវបានគេជួយរំដោះ យកចេញផ្ទះថៅកែ នៅកូវ៉ែត។ ក្រសួងការបរទេស ហ្វីលីពីននៅថ្ងៃព្រហស្បតិ៍នេះបានទាមទារការបកស្រាយពីកូវ៉ែត នៅក្រោយមន្រ្តីទូតរបស់ខ្លួន ត្រូវបានបណ្តេញចេញ យ៉ាងទាន់ហន់យ៉ាងដូច្នេះ។
កូវ៉ែត នៅថ្ងៃពុធម្សិលមិញ បានប្រកាសទុកពេល ១សប្តាហ៍ ឲ្យឯកអគ្គរដ្ឋទូតហ្វីលីពីន លោកRenato Villa ចាកចេញពីកូវ៉ែត នៅក្រោយមានរូបភាព វីដេអូ បង្ហាញរថយន្តរបស់ស្ថានទូតហ្វីលីពីន ចេញទៅដឹក ស្រ្តីហ្វីលីពីនម្នាក់ ដែលបម្រើការនៅតាមផ្ទះ នៅប្រទេសកូវ៉ែត។
រដ្ឋាភិបាលកូវ៉ែតនឹងប្រសាសន៍របស់ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំនៅកូវ៉ែត ដែលថ្មីៗនេះបាននិយាយថា ស្ថានទូតហ្វីលីពីននឹងចេញទៅជួយការពារពលករហ្វីលីពីន ពីការរំលោភបំពានរបស់ថៅកែ បើសិន ក្រសួងមហាផ្ទៃកូវ៉ែត មិនអន្តរាគមន៍ នៅក្នុងរយៈពេល២៤ម៉ោង។
សូមអាន៖ រងការបំពាន ឬអត់ការងារធ្វើ ជម្រើសដ៏អាក្រក់របស់ពលករហ្វីលីពីន
បុគ្គលដែលកូវ៉ែតមិនស្វាគមឲ្យចូលត្រលប់ចូលកូវ៉ែត
រដ្ឋាភិបាលកូវ៉ែតមិនត្រឹមតែបណ្តេញឯកអគ្គរដ្ឋទូត ហ្វីលីពីនតែប៉ុណ្ណោះទេ ប៉ុន្តែ នៅចាត់ទុកឯកអគ្គរដ្ឋទូតហ្វីលីពីន ថា ជាបុគ្គលដែលគេមិនស្វាគម ទទួលឲ្យចូលទឹកដីកូវ៉ែត។ នៅក្នុងភាពតានតឹងការទូតលើកនេះ កូវ៉ែតបានកោះហៅផងដែរ មន្រ្តីទូតរបស់ខ្លួន ប្រចាំនៅហ្វីលីពីន ឲ្យត្រលប់ចូលស្រុកវិញ។
តាមក្រសួងការបរទេសហ្វីលីពីន នៅមុនសម្រេចបណ្តេញឯកអគ្គរដ្ឋទូតហ្វីលីពីនចេញពីទឹកដីកូវ៉ែតលើកនេះ កូវ៉ែតធ្លាប់បានកោះហៅ ឯកអគ្គរដ្ឋទូត ហ្វីលីពីននៅកូវ៉ែត ឲ្យទៅឆ្លើយបំភ្លឺពីរដងរួចមកហើយ នៅក្រោយ ក្រសួងការបរទេសហ្វីលីពីន នៅសប្តាហ៍មុន បានបង្ហោះវីដេអូ ដែលនៅក្នុងនោះ គេឃើញ ស្រ្តីហ្វីលីពីនម្នាក់ត្រូវបានឡានមន្រ្តីទូត ហ្វីលីពីន នៅកូវ៉ែត ជួយដឹកចេញពីផ្ទះរបស់ថៅកែ និងពលករហ្វីលីពីនម្នាក់ទៀត បានរត់សំដៅឡានខ្មៅ ដែលរង់ចាំខ្លួន នៅក្រៅការដ្ឋានសំណង់មួយនៅកូវ៉ែត។
នៅថ្ងៃអង្គារ រដ្ឋមន្រ្តីការបរទេសហ្វីលីពីន លោកAlan Peter Cayetano បានចេញមុខការពារឯកអគ្គរដ្ឋទូតហ្វីលីពីន និងថា រដ្ឋាភិបាលហ្វីលីពីននៅត្រៀមចាំជួយ ពលកររបស់ខ្លួន នៅក្នុងទឹកដីបរទេស។ សម្រាប់ ក្រសួងការបរទេសហ្វីលីពីន ស្ថានទូតហ្វីលីពីន នៅកូវ៉ែត បានចេញទៅជួយដឹកស្រ្តីអ្នកបម្រើដែលបានរាយការណ៍ពីការរំលោភបំពានពីថៅកែ។ ប៉ុន្តែ សម្រាប់កូវ៉ែត ស្ថានទូតហ្វីលីពីនបានរំលោភយ៉ាងធ្ងន់ធ្ងរ អធិបតេយ្យភាព និងសន្តិសុខរបស់កូវ៉ែត។ នៅក្រោយមានបែកលេចធ្លាយវីដេអូ អាជ្ញាធរកូវ៉ែតបានចាប់ខ្លួនជនជាតិហ្វីលីពីនពីរនាក់ ដែលជាប់ពាក់ព័ន្ធក្នុងសកម្មភាពចាប់ពង្រត់ ខុសច្បាប់ អ្នកបម្រើហ្វីលីពីនពីថៅកែ របស់ខ្លួននៅកូវ៉ែត។ នេះបើតាមការបកស្រាយរបស់ក្រសួងមហាផ្ទៃកូវ៉ែត។
ហ្វីលីពីន និងកូវ៉ែតបានជួបភាពតានតឹងនឹងគ្នា តាំងពីពេលដែលប្រធានាធិបតីហ្វីលីពីនបានប្រកាសផ្អាក ឈប់ បញ្ជូនពលករ ហ្វីលីពីនទៅបម្រើការនៅកូវ៉ែត កាលពីដើមខែកុម្ភៈម្ល៉េះ។ នៅក្រោយ រឿងអាស្រូវ សម្លាប់ស្រ្តីអ្នកបម្រើតាមផ្ទះហ្វីលីពីនម្នាក់ លោកប្រធានាធិបតីហ្វីលីពីនបាននិយាយចោទថៅកែអារ៉ាប់ ថា ជាអ្នកបានរំលោភបំពានផ្លូវភេទ លើស្រ្តីអ្នកបម្រើហ្វីលីពីន បង្ខំឲ្យធ្វើការ ២១ម៉ោងក្នុងមួយថ្ងៃ និងបង្ខំឲ្យហូបអាហារសំណល់។ រដ្ឋាភិបាលកូវ៉ែត មិនសប្បាយចិត្តណាស់ណា នឹងវិធានការ និងការអត្ថាធិប្បាយ របស់លោកប្រធានាធិបតីឌុយទែរតេ នោះទេ។
រដ្ឋាភិបាលហ្វីលីពីនភ្ញាក់ផ្អើលនឹងការប្រកាសរបស់កូវ៉ែត
អ្នកនាំពាក្យ របស់វិមានប្រធានាធិបតីហ្វីលីពីន បានថ្លែងថា ហ្វីលីពីនស្លុត ភ្ញាក់ផ្អើល និងរំខានចិត្តខ្លាំងណាស់ នៅក្រោយ កូវ៉ែតប្រកាសបណ្តេញឯកអគ្គរដ្ឋទូតហ្វីលីពីន ព្រោះថា ទាំងឯកអគ្គរដ្ឋទូត និងរដ្ឋមន្រ្តីការបរទេសហ្វីលីពីន បានចេញមុខ ថ្លែងសុំទោសរួចហើយ ទៅកូវ៉ែត នៅក្រោយ ឧប្បត្តិហេតុ ចេញទៅដឹកស្រ្តីអ្នកបម្រើហ្វីលីពីនពីផ្ទះថៅកែ។ សម្រាប់ក្រសួងការបរទេស ហ្វីលីពីន ហ្វីលីពីនគ្មានចេតនាទៅល្មើសប្រឆាំងអាជ្ញាធរកូវ៉ែតនោះទេ ប៉ុន្តែ គ្រាន់តែចង់ចេញទៅជួយធានាសន្តិសុខឲ្យពលរដ្ឋហ្វីលីពីនដែលបម្រើការនៅទឹកដីបរទេសតែប៉ុណ្ណោះ។
នៅថ្ងៃព្រហស្បតិ៍នេះ អ្នកនាំពាក្យរបស់ប្រធានាធិបតីហ្វីលីពីនបាននិយាយថា រដ្ឋាភិបាលហ្វីលីពីនចង់ឲ្យមានការបកស្រាយបំភ្លឺពីកូវ៉ែត នៅជុំវិញ ការបណ្តេញឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំកូវ៉ែត។ ជាមួយគ្នានោះ រដ្ឋាភិបាលហ្វីលីពីនសង្ឃឹមថា វិបត្តិការទូតរវាងប្រទេសទាំងពីរនឹងមិនធ្លាក់ចុះកាន់តែអាក្រក់ រហូតដល់ទៅប៉ះពាល់ដល់ទំនាក់ទំនង និងកិច្ចព្រមព្រៀង ដែលប្រទេសទាំងពីរប្រុងនឹងចុះហត្ថលេខារួមគ្នានោះទេ។ តាមគម្រោង លោកប្រធានាធិបតីហ្វីលីពីនឌុយទែរតេ ត្រូវទៅប្រទេសកូវ៉ែតនាពេលខាងមុខ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលនៅក្នុងនោះ លោកបានទាមទារឲ្យអាជ្ញាធរកូវ៉ែតជួយធានាសុវត្ថិភាព ឲ្យពលករហ្វីលីពីន ប្រមាណ ជាង២សែន ៥ម៉ឺននាក់ ដែលកំពុងបម្រើការនៅកូវ៉ែត។ នៅក្នុងសេចក្តីព្រាងកិច្ចព្រមព្រៀង ដែលធ្វើឡើង នៅក្រោយរឿងអាស្រូវ សម្លាប់ស្រ្តីអ្នកបម្រើតាមផ្ទះ នៅកូវ៉ែត រដ្ឋាភិបាលហ្វីលីពីនបានទាមទារឲ្យស្រ្តីបម្រើហ្វីលីពីនរក្សាទុក លិខិតឆ្លងដែន និងទូរស័ព្ទ ដូចពលករហ្វីលីពីនផ្សេងទៀត ដែលចេញទៅធ្វើជាគ្រូបង្រៀន ឬ អ្នកធ្វើការនៅតាមការិយាល័យ នៅកូវ៉ែតជាដើម។ រហូតមកដល់ពេលនេះ អ្នកបម្រើការតាមផ្ទះ ត្រូវបានថៅកែដកហូតទូរស័ព្ទ និងលិខិតឆ្លងដែន។ ពួកគេត្រូវប្រឈមនឹងការផ្តន្ទាទោស ក្នុងបទឧក្រិដ្ឋ ប្រសិនបើហ៊ានរត់ចេញពីផ្ទះរបស់ថៅកែ។
គ្មានអ្នកចំណេញ ហើយក៏គ្មានអ្នកខាត
វិបត្តិការទូតហ្វីលីពីន និងកូវ៉ែត ផ្ទុះឡើងនៅពេលនេះ ភាគីទាំងពីរបង្ហាញថាខ្លួនខ្លាំង រៀងៗខ្លួន។ ហ្វីលីពីនមានប្រធានាធិបតីមាត់ឆៅ នឹងតឹងរ៉ឹងមិនចាញ់សំឡុតគំរាមពីខាងក្រៅ ចំណែកនៅខាងកូវ៉ែតឯណោះវិញ ជាប្រទេសមហាសេដ្ឋីប្រេង ដែលអាងទឹកលុយ មិនខ្លាច មិនចុះរណបអ្នកដទៃ។ ប៉ុន្តែ យ៉ាងណាក៏ដោយ ទោះបីជាប្រទេសទាំងពីរប្រកាន់ជំហររឹងទទឹងដាក់គ្នាក្តី ក៏ ហ្វីលីពីន និងកូវ៉ែតនៅតែត្រូវការគ្នាទៅវិញ ទៅមក និងអាចជានាគ្នានឹងវិញ នៅពេលដ៏ខ្លីខាងមុខ។
ឈ្លោះការទូត ជាមួយហ្វីលីពីន មិនចំណេញនោះទេ ព្រោះថា ហ្វីលីពីនជាប្រភព ផ្តល់កម្លាំងពលកម្មដ៏សំខាន់មួយ សម្រាប់អាណាចក្រកូវ៉ែត។ ពលរដ្ឋហ្វីលីពីនប្រមាណ ២សែន ៥ម៉ឺននាក់ កំពុងបម្រើការនៅក្នុងទឹកដីកូវ៉ែត។ ដូច្នេះ ផ្តាច់ទំនាក់ទំនងការទូតជាមួយ ហ្វីលីពីន នោះ កូវ៉ែតនឹងជួបវិបត្តិ គ្មានមនុស្សធ្វើការតាមផ្ទះ មិនខាន។ កូវ៉ែតទំនងជាមិនចង់ឲ្យវិបត្តិការទូតនេះ នៅបន្ត យូរនោះទេ ព្រោះថា ថៅកែអារ៉ាប់ នៅកូវ៉ែត ត្រូវការចាំបាច់ ស្រ្តីបម្រើតាមផ្ទះ ជាពិសេស នៅពេលបុណ្យតមអាហារអ៊ីស្លាម នៅខែឧសភាខាងមុខ ដែលនៅក្នុងនោះ គេត្រូវការ ស្រ្តីបម្រើហ្វីលីពីនសម្រាប់ចំអិនម្ហូបអាហារ ដោយសារតែថៅកែ អ៊ីស្លាម គ្មានសិទ្ធិប៉ះពាល់ទឹក និងមិនអាចរៀបចំអាហារដោយខ្លួនឯង ទៅតាមការចែងរបស់សាសនាអ៊ីស្លាម។
ផ្ទុយមកវិញ នៅភាគីហ្វីលីពីន រដ្ឋាភិបាលហ្វីលីពីនក៏មិនចង់ឲ្យជម្លោះការទូតធ្លាក់ធ្ងន់ធ្ងរដែរ ព្រោះថា ធ្វើដូច្នេះ ហ្វីលីពីននឹងបាត់បង់ប្រាក់ចំណូលដ៏សំខាន់ដែលបានមកពីពលកម្មរបស់ជនជាតិហ្វីលីពីននៅ បរទេស។ ប្រជាជនហ្វីលីពីនមានប្រជាជនរបស់ខ្លួន ១០០លាននាក់ដែលចេញទៅធ្វើការនៅបរទេស។ ប្រាក់ខែរបស់ពលករហ្វីលីពីន ដែលផ្ញើត្រលប់ចូលស្រុកហ្វីលីពីន មានប្រមាណ ២៥ពាន់លានដុល្លារនៅឆ្នាំ ២០១៧ ស្មើនឹង១០ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ហ្វីលីពីន។ នៅក្នុងចំណោមពលករហ្វីលីពីន២លាននាក់ដេលចេញទៅធ្វើការនៅដើមបូព៌ា ពលរដ្ឋហ្វីលីពីនប្រមាណ ២សែន ៥ម៉ឺន ៦ពាន់នាក់ កំពុងបម្រើការនៅកូវ៉ែត ដែលនៅក្នុងនោះ មាន ១សែន ៧ម៉ឺននាក់ ធ្វើការជាស្រ្តីបម្រើតាមផ្ទះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ