ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 20/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 19/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 19/11 12h00 GMT

កូវ៉ែត​បណ្តេញឯកអគ្គរដ្ឋទូត​ហ្វីលីពីន ដោយសារ​រឿងស្រ្តីអ្នកបម្រើ

កូវ៉ែត​បណ្តេញឯកអគ្គរដ្ឋទូត​ហ្វីលីពីន ដោយសារ​រឿងស្រ្តីអ្នកបម្រើ
 
ឯកអគ្គរដ្ឋទូត​ហ្វីលីពីនប្រចាំ​កូវ៉ែត លោក​Renato PO Villa នៅក្នុង​សន្និសីទ​នៅថ្ងៃទី ២១​មេសា ២០១៨​ ©YASSER AL-ZAYYAT / AFP

វិបត្តិ​ការទូត ហ្វីលីពីន និង​កូវ៉ែត បាន​រីកមុខ​កាន់តែ​ធំទៅ បន្ទាប់ពី​កូវ៉ែត នៅ​ថ្ងៃ​ពុធ​ទី ២៥​មេសា បាន​ប្រកាស​បណ្តេញ​ឯកអគ្គរដ្ឋទូត​ហ្វីលីពីន ចេញពី​ទឹកដី​កូវ៉ែត។ កូវ៉ែត​បាន​ចោទប្រកាន់​មន្រ្តីទូត​ហ្វីលីពីន​ថា បាន​រំលោភ​អធិបតេយ្យភាព និង​សន្តិសុខ​ជាតិ​កូវ៉ែត នៅក្រោយ​មាន​បែកលេចធ្លាយ​វីដេអូ ដែល​បង្ហាញ ថា ស្ត្រីហ្វីលីពីន​ដែល​បម្រើ​នៅតាម​ផ្ទះ ត្រូវ​បាន​គេ​ជួយ​រំដោះ យក​ចេញ​ផ្ទះថៅកែ នៅ​កូវ៉ែត។ ក្រសួង​ការបរទេស ហ្វីលីពីន​នៅថ្ងៃ​ព្រហស្បតិ៍​នេះ​បាន​ទាមទារ​ការបកស្រាយ​ពី​កូវ៉ែត នៅក្រោយ​មន្រ្តីទូត​របស់ខ្លួន ត្រូវ​បាន​បណ្តេញចេញ យ៉ាង​ទាន់ហន់​យ៉ាងដូច្នេះ។

 

កូវ៉ែត នៅ​ថ្ងៃ​ពុធ​ម្សិលមិញ បាន​ប្រកាស​ទុក​ពេល ១សប្តាហ៍ ឲ្យ​ឯកអគ្គរដ្ឋទូត​ហ្វីលីពីន លោក​Renato Villa ចាកចេញពី​កូវ៉ែត នៅក្រោយ​មាន​រូបភាព វីដេអូ បង្ហាញ​រថយន្ត​របស់​ស្ថានទូត​ហ្វីលីពីន ចេញ​ទៅ​ដឹក ស្រ្តី​ហ្វីលីពីន​ម្នាក់ ដែល​បម្រើការ​នៅ​តាមផ្ទះ នៅ​ប្រទេស​កូវ៉ែត។

រដ្ឋាភិបាល​កូវ៉ែត​នឹង​ប្រសាសន៍​របស់​ឯកអគ្គរដ្ឋទូត​ហ្វីលីពីន​ប្រចាំ​នៅ​កូវ៉ែត ដែល​ថ្មីៗនេះ​បាន​និយាយ​ថា ស្ថានទូត​ហ្វីលីពីន​នឹង​ចេញ​ទៅ​ជួយ​ការពារ​ពលករ​ហ្វីលីពីន ពីការរំលោភ​បំពាន​របស់​ថៅកែ បើសិន ក្រសួងមហាផ្ទៃ​កូវ៉ែត មិន​អន្តរាគមន៍ នៅក្នុង​រយៈពេល​២៤​ម៉ោង។

សូមអាន៖ រងការបំពាន ឬ​អត់​ការងារ​ធ្វើ ​ជម្រើស​ដ៏​អាក្រក់របស់ពលករ​ហ្វីលីពីន

បុគ្គល​ដែល​កូវ៉ែត​មិន​ស្វាគម​ឲ្យ​ចូល​ត្រលប់​ចូល​កូវ៉ែត

រដ្ឋាភិបាល​កូវ៉ែត​មិនត្រឹម​តែ​បណ្តេញ​ឯកអគ្គរដ្ឋទូត ហ្វីលីពីន​តែប៉ុណ្ណោះ​ទេ ប៉ុន្តែ នៅ​ចាត់ទុក​ឯកអគ្គរដ្ឋទូត​ហ្វីលីពីន ថា ជា​បុគ្គល​ដែល​គេ​មិន​ស្វាគម ទទួល​ឲ្យ​ចូលទឹកដី​កូវ៉ែត។ នៅក្នុង​ភាពតានតឹង​ការទូត​លើកនេះ កូវ៉ែត​បានកោះហៅ​ផងដែរ មន្រ្តីទូត​របស់​ខ្លួន ប្រចាំ​នៅ​ហ្វីលីពីន ឲ្យ​ត្រលប់​ចូលស្រុក​វិញ។

តាម​ក្រសួង​ការបរទេស​ហ្វីលីពីន នៅ​មុន​សម្រេច​បណ្តេញ​ឯកអគ្គរដ្ឋទូត​ហ្វីលីពីន​ចេញពី​ទឹកដី​កូវ៉ែត​លើកនេះ កូវ៉ែត​ធ្លាប់​បាន​កោះហៅ ឯកអគ្គរដ្ឋទូត ហ្វីលីពីន​នៅ​កូវ៉ែត ឲ្យ​ទៅ​ឆ្លើយ​បំភ្លឺ​ពីរដង​រួច​មកហើយ នៅ​ក្រោយ ក្រសួងការបរទេស​ហ្វីលីពីន នៅ​សប្តាហ៍មុន បាន​បង្ហោះ​វីដេអូ ដែលនៅក្នុង​នោះ គេ​ឃើញ ស្រ្តី​ហ្វីលីពីន​ម្នាក់​ត្រូវ​បាន​ឡាន​មន្រ្តី​ទូត ហ្វីលីពីន នៅ​កូវ៉ែត ជួយ​ដឹក​ចេញ​ពី​ផ្ទះ​របស់ថៅកែ និង​ពលករ​ហ្វីលីពីន​ម្នាក់ទៀត បាន​រត់​សំដៅ​ឡានខ្មៅ ដែល​រង់ចាំ​ខ្លួន នៅ​ក្រៅ​ការដ្ឋានសំណង់​មួយ​នៅ​កូវ៉ែត។

នៅថ្ងៃ​អង្គារ រដ្ឋមន្រ្តី​ការបរទេស​ហ្វីលីពីន លោក​Alan Peter Cayetano បាន​ចេញមុខ​ការពារ​ឯកអគ្គរដ្ឋទូត​ហ្វីលីពីន និង​ថា រដ្ឋាភិបាល​ហ្វីលីពីន​នៅត្រៀម​ចាំជួយ ពលករ​របស់ខ្លួន នៅក្នុង​ទឹកដី​បរទេស។ សម្រាប់ ក្រសួងការបរទេស​ហ្វីលីពីន ស្ថានទូត​ហ្វីលីពីន នៅ​កូវ៉ែត បាន​ចេញ​ទៅ​ជួយ​ដឹក​ស្រ្តីអ្នកបម្រើ​ដែល​បាន​រាយការណ៍​ពីការរំលោភ​បំពាន​ពីថៅកែ។ ប៉ុន្តែ សម្រាប់​កូវ៉ែត ស្ថានទូត​ហ្វីលីពីន​បាន​រំលោភ​យ៉ាងធ្ងន់ធ្ងរ អធិបតេយ្យភាព និង​សន្តិសុខ​របស់​កូវ៉ែត។ នៅក្រោយ​មាន​បែកលេចធ្លាយ​វីដេអូ អាជ្ញាធរ​កូវ៉ែត​បាន​ចាប់ខ្លួន​ជនជាតិ​ហ្វីលីពីន​ពីរនាក់ ដែល​ជាប់ពាក់ព័ន្ធ​ក្នុង​សកម្មភាព​ចាប់​ពង្រត់ ខុសច្បាប់ អ្នកបម្រើ​ហ្វីលីពីន​ពី​ថៅកែ របស់ខ្លួន​នៅកូវ៉ែត។ នេះ​បើតាម​ការបកស្រាយ​របស់​ក្រសួងមហាផ្ទៃ​កូវ៉ែត។

ហ្វីលីពីន និង​កូវ៉ែត​បាន​ជួបភាពតានតឹង​នឹងគ្នា តាំង​ពី​ពេល​ដែល​ប្រធានាធិបតី​ហ្វីលីពីន​បាន​ប្រកាស​ផ្អាក ឈប់ បញ្ជូន​ពលករ ហ្វីលីពីន​ទៅ​បម្រើការ​នៅ​កូវ៉ែត កាលពីដើម​ខែ​កុម្ភៈ​ម្ល៉េះ។ នៅក្រោយ រឿង​អាស្រូវ សម្លាប់​ស្រ្តីអ្នកបម្រើ​តាមផ្ទះ​ហ្វីលីពីន​ម្នាក់ លោក​ប្រធានាធិបតី​ហ្វីលីពីន​បាន​និយាយ​ចោទ​ថៅកែ​អារ៉ាប់ ថា ជាអ្នកបាន​រំលោភបំពាន​ផ្លូវភេទ លើ​ស្រ្តីអ្នកបម្រើ​ហ្វីលីពីន បង្ខំ​ឲ្យ​ធ្វើការ ២១​ម៉ោង​ក្នុង​មួយថ្ងៃ និង​បង្ខំ​ឲ្យ​ហូប​អាហារ​សំណល់។ រដ្ឋាភិបាល​កូវ៉ែត មិន​សប្បាយចិត្ត​ណាស់ណា នឹង​វិធានការ និង​ការអត្ថាធិប្បាយ របស់​លោក​ប្រធានាធិបតី​ឌុយទែរតេ នោះទេ។

 

រដ្ឋាភិបាល​ហ្វីលីពីន​ភ្ញាក់ផ្អើល​នឹង​ការប្រកាស​របស់​កូវ៉ែត

អ្នកនាំពាក្យ របស់​វិមាន​ប្រធានាធិបតី​ហ្វីលីពីន បាន​ថ្លែងថា ហ្វីលីពីន​ស្លុត ​ភ្ញាក់ផ្អើល និង​រំខាន​ចិត្ត​ខ្លាំងណាស់ នៅក្រោយ កូវ៉ែត​ប្រកាស​បណ្តេញ​ឯកអគ្គរដ្ឋទូត​ហ្វីលីពីន ព្រោះថា ទាំងឯកអគ្គរដ្ឋទូត និង​រដ្ឋមន្រ្តី​ការបរទេស​ហ្វីលីពីន បាន​ចេញមុខ ថ្លែង​សុំទោស​រួចហើយ ទៅ​កូវ៉ែត នៅក្រោយ ឧប្បត្តិហេតុ ចេញ​ទៅ​ដឹក​ស្រ្តីអ្នកបម្រើ​ហ្វីលីពីន​ពី​ផ្ទះថៅកែ។ សម្រាប់​ក្រសួងការបរទេស ហ្វីលីពីន ហ្វីលីពីន​គ្មាន​ចេតនា​ទៅល្មើស​ប្រឆាំង​អាជ្ញាធរ​កូវ៉ែត​នោះទេ ប៉ុន្តែ គ្រាន់តែ​ចង់​ចេញ​ទៅ​ជួយ​ធានា​សន្តិសុខ​ឲ្យ​ពលរដ្ឋហ្វីលីពីន​ដែល​បម្រើការ​នៅ​ទឹកដី​បរទេស​តែប៉ុណ្ណោះ។

នៅថ្ងៃ​ព្រហស្បតិ៍នេះ អ្នកនាំពាក្យ​របស់​ប្រធានាធិបតី​ហ្វីលីពីន​បាន​និយាយ​ថា រដ្ឋាភិបាល​ហ្វីលីពីន​ចង់​ឲ្យ​មាន​ការបកស្រាយ​បំភ្លឺ​ពី​កូវ៉ែត នៅជុំវិញ ការបណ្តេញ​ឯកអគ្គរដ្ឋទូត​ហ្វីលីពីន​ប្រចាំកូវ៉ែត។ ជាមួយ​គ្នានោះ រដ្ឋាភិបាល​ហ្វីលីពីន​សង្ឃឹមថា វិបត្តិការទូត​រវាង​ប្រទេស​ទាំងពីរ​នឹង​មិន​ធ្លាក់​ចុះ​កាន់តែអាក្រក់ រហូត​ដល់​ទៅ​ប៉ះពាល់​ដល់​ទំនាក់ទំនង និង​កិច្ចព្រមព្រៀង ដែល​ប្រទេសទាំងពីរ​ប្រុង​នឹង​ចុះ​ហត្ថលេខា​រួមគ្នា​នោះទេ។ តាមគម្រោង លោក​ប្រធានាធិបតី​ហ្វីលីពីន​ឌុយទែរតេ ត្រូវ​​ទៅ​ប្រទេស​កូវ៉ែត​នាពេលខាងមុខ ដើម្បី​ចុះ​ហត្ថលេខា​លើកិច្ចព្រមព្រៀង​ដែល​នៅក្នុង​នោះ លោក​បាន​ទាមទារ​ឲ្យ​អាជ្ញាធរ​កូវ៉ែត​ជួយ​ធានា​សុវត្ថិភាព ឲ្យ​ពលករ​ហ្វីលីពីន ប្រមាណ ជាង​២សែន ៥ម៉ឺននាក់ ដែល​កំពុង​បម្រើការ​នៅ​កូវ៉ែត។ នៅក្នុង​សេចក្តីព្រាង​កិច្ចព្រមព្រៀង ដែល​ធ្វើឡើង នៅក្រោយ​រឿងអាស្រូវ សម្លាប់​ស្រ្តីអ្នកបម្រើតាមផ្ទះ នៅ​កូវ៉ែត រដ្ឋាភិបាល​ហ្វីលីពីន​បាន​ទាមទារ​ឲ្យ​ស្រ្តីបម្រើហ្វីលីពីន​រក្សា​ទុក លិខិត​ឆ្លងដែន និង​ទូរស័ព្ទ ដូច​ពលករ​ហ្វីលីពីន​ផ្សេងទៀត ដែល​ចេញ​ទៅ​ធ្វើ​ជា​គ្រូបង្រៀន ឬ អ្នកធ្វើការ​នៅ​តាម​ការិយាល័យ នៅកូវ៉ែតជាដើម។ រហូតមកដល់ពេលនេះ អ្នកបម្រើការ​តាមផ្ទះ ត្រូវ​បាន​ថៅកែ​ដកហូត​ទូរស័ព្ទ និង​លិខិត​ឆ្លងដែន។ ពួកគេ​ត្រូវ​ប្រឈម​នឹង​ការផ្តន្ទាទោស ក្នុង​បទឧក្រិដ្ឋ ប្រសិន​បើ​ហ៊ាន​រត់ចេញពី​ផ្ទះ​របស់​ថៅកែ។

 

គ្មានអ្នកចំណេញ ហើយ​ក៏​គ្មានអ្នកខាត

វិបត្តិការទូត​ហ្វីលីពីន និង​កូវ៉ែត ផ្ទុះឡើង​នៅពេលនេះ ភាគីទាំងពីរ​បង្ហាញ​ថា​ខ្លួន​ខ្លាំង រៀងៗខ្លួន។ ហ្វីលីពីន​មាន​ប្រធានាធិបតី​មាត់ឆៅ នឹង​តឹងរ៉ឹង​មិនចាញ់​សំឡុត​គំរាម​ពីខាងក្រៅ ចំណែក​នៅ​ខាង​កូវ៉ែត​ឯណោះវិញ ជា​ប្រទេស​មហាសេដ្ឋីប្រេង ដែល​អាង​ទឹកលុយ មិនខ្លាច មិនចុះរណប​អ្នកដទៃ។ ប៉ុន្តែ យ៉ាងណាក៏ដោយ ទោះបី​ជា​ប្រទេស​ទាំងពីរ​ប្រកាន់ជំហរ​រឹងទទឹង​ដាក់គ្នាក្តី ក៏ ហ្វីលីពីន និង​កូវ៉ែត​នៅតែ​ត្រូវការ​គ្នា​ទៅវិញ ទៅមក និង​អាច​ជានាគ្នា​នឹងវិញ នៅពេល​ដ៏ខ្លី​ខាងមុខ។

ឈ្លោះ​ការទូត ជាមួយ​ហ្វីលីពីន មិន​ចំណេញនោះទេ ព្រោះ​ថា ហ្វីលីពីន​ជា​ប្រភព ផ្តល់​កម្លាំង​ពលកម្ម​ដ៏​សំខាន់​មួយ សម្រាប់​អាណាចក្រ​កូវ៉ែត។ ពលរដ្ឋ​ហ្វីលីពីន​ប្រមាណ ២សែន ៥ម៉ឺននាក់ កំពុងបម្រើការ​នៅ​ក្នុង​ទឹកដីកូវ៉ែត។ ដូច្នេះ ផ្តាច់ទំនាក់ទំនង​ការទូត​ជាមួយ ហ្វីលីពីន នោះ កូវ៉ែត​នឹង​ជួប​វិបត្តិ គ្មាន​មនុស្សធ្វើការ​តាមផ្ទះ មិនខាន។ កូវ៉ែត​ទំនង​ជា​មិន​ចង់​ឲ្យ​វិបត្តិការទូតនេះ នៅ​បន្ត យូរ​នោះទេ ព្រោះថា ថៅកែ​អារ៉ាប់ នៅ​កូវ៉ែត ត្រូវការ​ចាំបាច់ ស្រ្តីបម្រើ​តាមផ្ទះ ជាពិសេស នៅ​ពេល​បុណ្យ​តមអាហារ​អ៊ីស្លាម នៅ​ខែ​ឧសភា​ខាងមុខ ដែលនៅក្នុងនោះ គេ​ត្រូវការ ស្រ្តីបម្រើ​ហ្វីលីពីន​សម្រាប់​ចំអិន​ម្ហូបអាហារ ដោយសារ​តែថៅកែ អ៊ីស្លាម គ្មាន​សិទ្ធិ​ប៉ះពាល់​ទឹក និងមិនអាច​រៀបចំ​អាហារ​ដោយ​ខ្លួន​ឯង ទៅតាម​ការចែង​របស់​សាសនាអ៊ីស្លាម។

ផ្ទុយមកវិញ នៅភាគី​ហ្វីលីពីន រដ្ឋាភិបាល​ហ្វីលីពីន​ក៏​មិន​ចង់ឲ្យ​ជម្លោះ​ការទូតធ្លាក់ធ្ងន់ធ្ងរ​ដែរ ព្រោះថា ធ្វើ​ដូច្នេះ ហ្វីលីពីន​នឹង​បាត់បង់​ប្រាក់ចំណូល​ដ៏សំខាន់​ដែល​បាន​មក​ពី​ពលកម្ម​របស់​ជនជាតិ​ហ្វីលីពីន​នៅ បរទេស។ ប្រជាជន​ហ្វីលីពីន​មាន​ប្រជាជន​របស់​ខ្លួន ១០០​លាននាក់​ដែល​ចេញ​ទៅ​ធ្វើការ​នៅ​បរទេស។ ប្រាក់ខែ​របស់​ពលករ​ហ្វីលីពីន ដែល​ផ្ញើ​ត្រលប់​ចូល​ស្រុក​ហ្វីលីពីន មាន​ប្រមាណ ២៥​ពាន់​លាន​ដុល្លារនៅ​ឆ្នាំ ២០១៧ ស្មើ​នឹង​១០ភាគរយ​នៃផលិតផល​ក្នុង​ស្រុក​សរុប​របស់​ហ្វីលីពីន។ នៅក្នុង​ចំណោម​ពលករ​ហ្វីលីពីន​២លាន​នាក់​ដេល​ចេញ​ទៅ​ធ្វើការ​នៅ​ដើមបូព៌ា ពលរដ្ឋ​ហ្វីលីពីន​ប្រមាណ ២សែន ៥ម៉ឺន ៦ពាន់នាក់ កំពុង​បម្រើការ​នៅ​កូវ៉ែត ដែលនៅក្នុងនោះ មាន ១សែន ៧ម៉ឺននាក់ ធ្វើការ​ជា​ស្រ្តីបម្រើតាមផ្ទះ៕

 


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • ហ្វីលីពីន-អារ៉ាប៊ី សាអូឌីត

    ហ្វីលីពីន​ថា ថៅកែស្រី​អារ៉ាប៊ី សាអូឌីត​ចាប់បង្ខំ​ឲ្យ​ស្រ្តីអ្នកបម្រើ​ហ្វីលីពីន​ផឹក​ទឹក​ហ្សាវែល

    ស្វែងយល់បន្ថែម

  • ហ្វីលីពីន​និងកូវ៉ែត​កំពុង​ស្វែង​រក​ការស្រុះស្រួលគ្នា​លើការ​ធានា​សុវត្តិភាព​​ពលករ

    ស្វែងយល់បន្ថែម

  • ការទាមទាររកយុត្តិធម៌បន្ទាប់ពីការបញ្ជូនសាកសពអ្នកបម្រើស្រីហ្វីលីពីនមកពីកូវ៉ែត

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ