វិបត្តិរ៉ូហ៊ីងយ៉ា៖ សមាជិកក្រុមប្រឹក្សាសន្តិសុខធ្វើទស្សនកិច្ចនៅបង់កា្លដែស និងភូមា
ប្រទេសសមាជិក ទាំង១៥របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នឹងទៅធ្វើដំណើរទស្សនកិច្ច នៅប្រទេសភូមា និងបង់ក្លាដែស ចាប់ពីថ្ងៃចន្ទសប្តាហ៍ក្រោយ ដើម្បី ទៅស្វែងយល់ ពីវិបត្តិជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ដែលបានរត់គេចអំពើហិង្សា នៅរដ្ឋរ៉ាឃីន ប្រទេសភូមា ទៅផ្តុំកកកុញ ក្នុងជំរំក្នុងទឹកដីបង់ក្លាដែស។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
បន្ទាប់ពីត្រូវលើកពេលជាច្រើនដង ដោយសារការជំទាស់របស់អាជ្ញាធរភូមា នៅទីបំផុត សមាជិកទាំង១៥របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នឹងអាចផ្តើមទស្សនកិច្ចនៅប្រទេសភូមា ចាប់ពីថ្ងៃចន្ទ ទី ៣០។ នៅក្នុងគណៈប្រតិភូរបស់ក្រុមប្រឹក្សាសន្តិសុខ មានឯកអគ្គរដ្ឋទូតរបស់ប្រទេសសមាជិករបស់ក្រុមប្រឹក្សា ឬអ្នកជំនួយការរបស់ឯកអគ្គរដ្ឋទូត ដូចក្នុងករណីរបស់ប្រទេសបារាំង អាមេរិក ហើយនិងរុស្ស៊ី ដែលទៅបំពេញទស្សនកិច្ចនៅប្រទេសភូមា។
ក្រុមគណៈប្រតិភូរបស់អង្គការសហប្រជាជាតិត្រូវទៅដល់ទីក្រុងណៃពីដោរ នៅថ្ងៃចន្ទ មុននឹងធ្វើដំណើរតាមឧទ្ធម្ភាគចក្រ ទៅពិនិត្យមើលពីលើដែនអាកាស លើតំបន់រ៉ាឃីន ជាទីដែលជនភៀសខ្លួនរ៉ូហ៊ីងយ៉ា បានរត់គេចភៀសខ្លួនពី អំពើហិង្សា។ បន្ទាប់មក គណៈប្រតិភូរបស់ក្រុមប្រឹក្សាសន្តិសុខនឹងទៅជួបរដ្ឋាភិបាលបង់ក្លាដែស ដែលបានផ្តល់ជំរកភៀសខ្លួន ដល់ជនជាតិរ៉ូហ៊ីងយ៉ា។
សូមអាន៖អង្គការសហប្រជាជាតិស្វែងរកថវិកា ១ពាន់លានដុល្លារ សម្រាប់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា
តាមមន្រ្តីទូតម្នាក់ នៅអង្គការសហប្រជាជាតិ ដែលសុំមិនបញ្ចេញឈ្មោះ ទស្សនកិច្ចរបស់ក្រុមប្រឹក្សាសន្តិសុខ មានគោលដៅ ជំរុញ ធ្វើប្រសើរឡើង លក្ខខណ្ឌរស់នៅរបស់ជនជាតិ រ៉ូហ៊ីងយ៉ា លុបបំបាត់អំពើការរំលោភសិទ្ធិមនុស្ស ហើយនិងជំរុញ ឲ្យរដ្ឋាភិបាលស៊ីវិលភូមា អនុវត្តគម្រោងផែនការរបស់លោកកូហ្វីអាណាន់ ដែលទាមទារឲ្យភូមាត្រូវតែផ្តល់សិទ្ធិ និងអត្តសញ្ញាណពិតប្រាកដ ដល់ជនជាតិភាគតិច រ៉ូហ៊ីងយ៉ា កាន់សាសនាអ៊ីស្លាម។
អង្គការការពារសិទ្ធិមនុស្សវិញ បង្ហាញថា គេសង្ឃឹមថា ដំណើរទស្សនកិច្ចរបស់ក្រុមប្រឹក្សាសន្តិសុខ ទៅភូមា និងបង់ក្លាដែស នឹងអាចធ្វើបញ្ហាជនជាតិរ៉ូហ៊ីងយ៉ាបានល្អប្រសើរជាងមុននោះទេ។ តាំងពីខែសីហា ឆ្នាំ ២០១៧ ជាទីដែលអំពើហិង្សាផ្ទុះ ឡើង នៅរដ្ឋរ៉ាឃីន ដែលបានជំរុញ ឲ្យជនជាតិរ៉ូហ៊ីងយ៉ា ជាង ៧សែននាក់ រត់ភៀសខ្លួនទៅប្រទេសបង់ក្លាដែស ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមិនបានចាត់វិធានការជាក់ស្តែង ណាមួយដាក់ទណ្ឌកម្មទៅលើក្រុមយោធាភូមា ដែលអង្គការសហប្រជាជាតិបានចោទប្រកាន់ថា កំពុងធ្វើនយោបាយបោសសម្អាត ជាតិពិន្ធុ នៅរដ្ឋរ៉ាឃីន។ ចាប់តាំងពីមានវិបត្តិ ជនភៀសខ្លួន រ៉ូហ៊ីងយ៉ា ក្រុមប្រឹក្សាសន្តិសុខ ដែលមានអំណាចមានកម្រិត ដោយសារតែសំឡេងជំទាស់របស់ចិន សមាជិកអចិន្រ្តៃយ៍ របស់ក្រុមប្រឹក្សាសន្តិសុខ ដែលចេញមុខ ការពាររដ្ឋាភិបាលភូមា។
ទស្សនកិច្ចរបស់ក្រុមប្រឹក្សាសន្តិសុខ ទៅប្រទេសភូមា លើកនេះ ធ្វើតាមការផ្តួចផ្តើមគំនិតរបស់ឯកអគ្គរដ្ឋទូតប្រទេសបី គឺ កូវ៉ែត អង់គ្លេស ហើយនិងពេរូ ដែលដើរតួជាប្រធានរបស់ក្រុមប្រឹក្សាសន្តិសុខ សម្រាប់ខែ មេសា។ តាមឯកអគ្គរាជទូតកូវ៉ែត Mansour Al Otaibi ដំណើរទស្សនកិច្ចទៅពិនិត្យមើលបញ្ហាជនភៀសខ្លួន នៅភូមា គ្មានគោលដៅ បំបាក់មុខរដ្ឋាភិបាលភូមា នោះទេ។ ផ្ទុយទៅវិញ ក្រុមប្រឹក្សាសន្តិសុខ ចង់បង្ហាញថា សហគមន៍អន្តរជាតិនៅតាមដានជាប់ជានិច្ចវិបត្តិរ៉ូហ៊ីងយ៉ា និងមានចេតនាចង់រកដំណោះស្រាយសម្រាប់វិបត្តិមួយនេះ។ “យើងធ្វើដំណើរទៅពិនិត្យមើលស្ថានភាពជាក់ស្តែង ដើម្បីដឹងថា តើយើងអាចជួយបានយ៉ាងម៉េច។ តើយើងអាចជំរុញឲ្យគេដោះស្រាយបញ្ហានេះ យ៉ាងម៉េច?” នេះជាប្រសាសន៍របស់ឯកអគ្គរាជទូតកូវ៉ែត។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ