អានតួអត្ថបទ
អាមេរិក-កូរ៉េខាងជើង

ប្រមុខ​ការទូត​អាមេរិក​សម្លឹង​ឃើញ​ពី​ឱកាស​ពិត​នៃ​ភាព​រីកចម្រើន​ជាមួយ​កូរ៉េខាងជើង

លោក​ប្រមុខ​ការទូត​អាមេរិក​ថ្មី Mike Pompeo ដែល​កំពុង​បំពេញ​ទស្សនកិច្ច​មួយ​ជុំ​តំបន់​ឈូងសមុទ្រពែក្ស​បាន​បញ្ជាក់​នៅ​ថ្ងៃ​អាទិត្យ ទី២៩ មេសា​ថា លោក​បាន​សម្លឹង​ឃើញ​ពី​ឱកាស​ពិត​នៃ​ភាព​រីកចម្រើន​ជាមួយ​កូរ៉េខាងជើង បន្ទាប់​ពី​លោក​បាន​ជួប​សន្ទនា​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុងអ៊ុន។ លោក Pompeo ដែល​ជា​ប្រមុខ​ការទូត​អាមេរិក​លើកទី៧០ និង​ដែល​ទើប​ចូល​កាន់​តំណែង​ជា​ផ្លូវការ​ក្នុង​ថ្ងៃទី២៦ មេសា​បាន​បន្ថែម​ថា ដំណោះស្រាយ​មួយ​ជាមួយ​កូរ៉េខាងជើង​នឹង​ត្រូវ​ឆ្លង​កាត់​តាម​ផ្លូវ​ការទូត ពោល​មិនមែន​ផ្លូវយោធា​ទេ។

លោក​ប្រមុខ​ការទូត​អាមេរិក​ថ្មី Mike Pompeo
លោក​ប្រមុខ​ការទូត​អាមេរិក​ថ្មី Mike Pompeo © Reuters
ផ្សាយពាណិជ្ជកម្ម

គេ​ត្រូវ​រង់ចាំ​ដល់​ទៅ​ជិត ១ខែ​ទើប​លោក Mike Pompeo ទម្លាយ​ឲ្យ​ដឹង​នូវ​ចំណាប់​អារម្មណ៍​របស់​លោក​នៅ​ក្នុង​ជំនួប​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុងអ៊ុន​នា​ដើម​ខែ​មេសា​កន្លង​ទៅ។ តែ​កាល​ណោះ លោក Pompeo នៅ​កាន់​តំណែង​ជា​នាយក​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អាមេរិក CIA នៅ​ឡើយ។ ការ​ទម្លាយ​របស់​លោក Pompeo នា​ថ្ងៃ​អាទិត្យ ទី២៩ មេសា​បាន​ធ្វើ​ឡើង​នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍ ABC News។

« គោលដៅ​នៃ​ជំនួប​របស់​ខ្ញុំ​ជាមួយ​លោក​គីម ជុងអ៊ុន​គឺ​ដើម្បី​ចង់​ដឹង​ថា តើ​អាច​នឹង​មាន​ឱកាស​ពិត ឬ​អត់?។ ខ្ញុំ​គិត​ថា មាន​ឱកាស​មួយ​ពិតប្រាក។ តើ​មាន​នរណា​ម្នាក់​ដឹង​មុន​ទេ​ថា កិច្ចចរចា​ចុងក្រោយ​នឹង​មាន​ដំណើរការ​យ៉ាង​ដូចម្តេច?។ មាន​កិច្ចការ​ច្រើន​ណាស់​ដែល​ត្រូវ​ធ្វើ តែ​ខ្ញុំ​មាន​សង្ឃឹម​ថា លក្ខខណ្ឌ​ដែល​កំណត់​ដោយ​លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ​នឹង​ផ្តល់​ឲ្យ​យើង​នូវ​ឱកាស​នេះ » នេះ​ជា​ការ​ថ្លែង​របស់​លោក Pompeo។ សម្រាប់​ប្រមុខ​ការទូត​អាមេរិក​រូប​នេះ​ដដែល ការទូត​ជា​មធ្យោបាយ​ដើម្បី​សម្រេច​បាន​នូវ​ដំណោះស្រាយ​មួយ​ជាមួយ​របប​ក្រុង​ព្យុងយ៉ាង។

លោក Pompeo ក៏​បាន​ទម្លាយ​ឲ្យ​ដឹង​ផង​ដែរ​ពី​ប្រធានបទ​ដែល​លោក​បាន​ជជែក​ជាមួយ​លោក​គីម ជុងអ៊ុន គឺ​យន្តការ​ពេញលេញ​សម្រាប់​ការ​រំសាយ​នុយក្លេអ៊ែរ។ យ៉ាង​ណា​ក៏​ដោយ ព័ត៌មាន​លំអិត និង​សេចក្តីសម្រេច​ទាក់ទង​នឹង​រឿង​នេះ​ត្រូវ​បាន​លោក Pompeo ទុក​ឲ្យ​លោក​ដូណាល់ ត្រាំ និង​លោក​គីម ជុងអ៊ុន​ជា​អ្នក​សម្រេច​នា​ឱកាស​ជួប​គ្នា​នា​ពេល​ខាង​មុខ។ ទន្ទឹម​គ្នា​នេះ លោក Pompeo មិន​ភ្លេច​និយាយ​ពី​ភាព​ប្រុងប្រយ័ត្ន​របស់​ភាគី​អាមេរិក​ក្នុង​ការ​ចរចា​ជាមួយ​កូរ៉េខាងជើង​ដែល​លោក​អះអាង​ថា អាមេរិក​នឹង​មិន​សន្យា ហើយ​ក៏​មិន​ជឿ​តែ​លើ​ពាក្យសម្តី​ប៉ុណ្ណោះ​ទេ តែ​ត្រូវ​ការ ការ​អនុវត្តន៍​ជាក់ស្តែង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ