អានតួអត្ថបទ
ចិន-អាមេរិក

ចិន-អាមេរិក៖​កិច្ចចរចា​ពាណិជ្ជកម្ម​បាន​ចាប់​ផ្តើម តែ​គ្របដណ្តប់​ដោយ​ភាព​ប្រុងប្រយ័ត្ន​រវាង​គ្នា

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី៣ ឧសភា​នេះ ចិន និង​អាមេរិក​បាន​ចាប់​ផ្តើម​កិច្ចចរចា​ពាណិជ្ជកម្ម​រវាង​គ្នា​រយៈពេល ២ថ្ងៃ​ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន។ គោលដៅ​នៃ​កិច្ចចរចា​ពេល​នេះ គឺ​ដើម្បី​ព្យាយាម​កាត់បន្ថយ​ភាព​តានតឹង និង​បញ្ជៀស​សង្រ្គាម​ពាណិជ្ជកម្ម​រវាង​មហាអំណាច​សេដ្ឋកិច្ច​ទាំង​ពីរ​ក្នុង​លោក។ តែ​ទីក្រុង​វ៉ាស៊ីនតោន និង​ទីក្រុង​ប៉េកាំង​បាន​ព្រមាន​ទុក​ជា​មុន​ថា កិច្ចព្រមព្រៀង​ចុង​ក្រោយ​មួយ​ប្រហែល​ជា​ពិបាក​រក​បាន​ភ្លាមៗ​ណាស់។

លោក Robert Lighthizer អ្នកតំណាង​ពាណិជ្ជកម្ម​អាមេរិក​
លោក Robert Lighthizer អ្នកតំណាង​ពាណិជ្ជកម្ម​អាមេរិក​ REUTERS/Jason Lee
ផ្សាយពាណិជ្ជកម្ម

វត្តមាន​របស់​គណៈប្រតិភូ​ជាន់ខ្ពស់​អាមេរិក​ទទួល​បន្ទុក​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​ក្នុង​ប្រទេស​ចិន​ពេល​នេះ​បាន​ធ្វើ​ឡើង ក្នុង​ពេល​ដែល​ចិន​កំពុង​ទទួល​រង​ការ​គំរាមកំហែង​ដំឡើង​ពន្ធ​ពី​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ។ លោក​ត្រាំ​ដែល​នឹង​អាច​ដំឡើង​ពន្ធ​លើ​ទំនិញ​ចិន​នាំ​ចូល​ចូល​អាមេរិក​ក្នុង​ទឹកប្រាក់​សរុប​ប្រមាណ​ជា ៥០ ០០០លានដុល្លារ​ចាប់​ពី​ថ្ងៃទី២២ ឧសភា​ខាង​មុខ​ទៅ។ ក្រៅ​ពី​រឿង​ពន្ធដារ លោក​ដូណាល់ ត្រាំ​ក៏​បាន​លើក​ឡើង​ពី​ឱនភាព​ថវិកា​ដែល​អាមេរិក​មាន​ជាមួយ​ចិន​យ៉ាង​ច្រើន​សម្បើម រួម​ទាំង​បរិហារ​ចិន​ពី​ការ​អនុវត្ត​នយោបាយ​ពាណិជ្ជកម្ម​មិន​ស្មើ​ភាព។

ទាក់ទង​នឹង​ឱនភាព​ថវិកា​ដែល​អាមេរិក​មាន​ជាមួយ​ចិន​នៅ​ក្នុង​ការ​ដោះដូរ​ពាណិជ្ជកម្ម​រវាង​គ្នា ទីក្រុង​វ៉ាស៊ីនតោន​បាន​ទាមទារ​ឲ្យ​មាន​ការ​កាត់បន្ថយ​ចំនួន ១០០ ០០០លានដុល្លារ។ នៅ​ក្នុង​ន័យ​នេះ អាមេរិក​ចង់​ឲ្យ​ចិន​បើក​ទីផ្សារ​របស់​ខ្លួន​ឲ្យ​បាន​ទូលំទូលាយ​បន្ថែម​ទៀត​សម្រាប់​ទំនិញ​អាមេរិក។ បន្ទាប់​មក អាមេរិក​ក៏​បាន​ទាមទារ​ចិន​ឲ្យ​ពង្រឹង​លើ​ច្បាប់​កម្មសិទ្ធិបញ្ញា។ ទោះ​ជា​យ៉ាង​នេះ​ក្តី ភាគី​ទាំង​ពីរ​បាន​ទទួល​ស្គាល់​ថា គេ​ហាក់​មិន​សូវ​មាន​សុទិដ្ឋិនិយម​ប៉ុន្មាន​ទេ​ក្នុង​ការ​សម្រេច​បាន​នូវ​កិច្ចព្រមព្រៀង​ចុង​ក្រោយ​ភ្លាមៗ​នៅ​ក្រោយ​កិច្ចចរចា។

ចំណាប់​អារម្មណ៍​ស្រដៀង​គ្នា​នេះ​ក៏​មាន​ពី​លោក Robert Lighthizer អ្នកតំណាង​ពាណិជ្ជកម្ម​អាមេរិក​ដែល​រួម​ដំណើរ​ជាមួយ​គណៈប្រតិភូ​អាមេរិក។ « ខ្ញុំ​នៅ​តែ​មាន​សង្ឃឹម ប៉ុន្តែ​ខ្ញុំ​មិន​តែងតែ​មាន​សុទិដ្ឋិនិយម​គ្រប់​ពេល​ឡើយ ព្រោះ​នេះ​ជា​បញ្ហា​ប្រឈម​ដ៏​ធំ​មួយ » នេះ​ជា​ការ​ថ្លែង​របស់​លោក Robert Lighthizer។ ចំណែក​លោកស្រី​ហួរ ជុនយីង អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន​បាន​ព្រមាន​ត្រង់ៗ​ថា កិច្ចចរចា​តែ​មួយ​លើក​ពិត​ជា​មិន​អាច​ដោះស្រាយ​បញ្ហា​ប្រឈម​ជា​ច្រើន​ដែល​អាមេរិក និង​ចិន​កំពុង​មាន​ជាមួយ​គ្នា​ពេល​នេះ​ទេ។ តែ​យ៉ាង​ហោច​ណាស់ កិច្ចចរចា​នេះ​ជា​ជំហាន​មួយ​យ៉ាង​សំខាន់​ប្រកប​ដោយ​លក្ខណៈ​ស្ថាបនា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ