អានតួអត្ថបទ
ចិន

CNBS៖​ចិន​បាន​ដាក់​ពង្រាយ​គ្រាប់មីស៊ីល​នៅ​លើ​កោះ​ចំនួន ៣ ក្នុង​សមុទ្រចិន​ខាងត្បូង

ទូរទស្សន៍ CNBC បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ពុធ ទី២ ឧសភា​ថា ចិន​បាន​ដាក់​ពង្រាយ​គ្រាប់មីស៊ីល​ប្រឆាំង​នាវាមុជទឹក និង​គ្រាប់មីស៊ីល​ប្រឆាំង​យន្តហោះ​នៅ​លើ​កោះ​ចំនួន ៣ ក្នុង​សមុទ្រ​ចិនខាងត្បូង។ ក្រសួង​ការពារជាតិ​ចិន​មិន​បាន​បញ្ចេញ​ប្រតិកម្ម​អ្វី​លើ​ព័ត៌មាន​ផ្សព្វផ្សាយ​ដោយ​ទូរទស្សន៍ CNBC ពេល​នេះ​ទេ តែ​CNBC បាន​បញ្ជាក់​ថា ខ្លួន​ទទួល​បាន​ព័ត៌មាន​មួយ​នេះ​ពី​ប្រភព​មួយ​ចំនួន​ដែល​បាន​អាន​របាយការណ៍​របស់​ក្រសួង​ស៊ើបការណ៍​សម្ងាត់​អាមេរិក។

CNBS៖​ចិន​បាន​ដាក់​ពង្រាយ​គ្រាប់មីស៊ីល​នៅ​លើ​កោះ​ចំនួន ៣ ក្នុង​សមុទ្រចិន​ខាងត្បូង
CNBS៖​ចិន​បាន​ដាក់​ពង្រាយ​គ្រាប់មីស៊ីល​នៅ​លើ​កោះ​ចំនួន ៣ ក្នុង​សមុទ្រចិន​ខាងត្បូង REUTERS/CSIS's Asia Maritime Transparency
ផ្សាយពាណិជ្ជកម្ម

យោង​តាម​ទូរទស្សន៍ CNBC ដែល​បាន​ដកស្រង់​ប្រភព​ចេញ​ពី​សេចក្តីសន្និដ្ឋាន​នៃ​ក្រសួង​ស៊ើបការណ៍​សម្ងាត់​អាមេរិក ចិន​បាន​ដាក់​ពង្រាយ​គ្រាប់មីស៊ីល​ប្រឆាំង​នាវាមុជទឹក និង​គ្រាប់មីស៊ីល​ប្រឆាំង​យន្តហោះ​នៅ​លើ​កោះ​ចំនួន ៣ ក្នុង​សមុទ្រ​ចិនខាងត្បូង​នា​រយៈពេល ៣០ថ្ងៃ​ចុង​ក្រោយ​នេះ។ ក៏​ប៉ុន្តែ ក្រសួង​ការពារជាតិ​អាមេរិក​ដែល​តែង​ប្រឆាំង​នឹង​មហិច្ឆិតា​យោធា​របស់​ចិន​នៅ​លើ​កោះ​ក្នុង​សមុទ្រចិនខាងត្បូង​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ទាំង​អស់​លើ​ព័ត៌មាន​មួយ​នេះ។ « យើង​មិន​ដែល​ធ្វើ​អត្ថាធិប្បាយ​លើ​ព័ត៌មាន​ណា​ដែល​ពាក់ព័ន្ធ​នឹង​ការ​ស៊ើបអង្កេត​ទេ » នេះ​ជា​ការ​ថ្លែង​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​ការពារជាតិ​អាមេរិក។

ចំណែក​ក្រសួង​ការពារជាតិ​ចិន​ក៏​មិន​ព្រម​បញ្ចេញ​ប្រតិកម្ម​អ្វី​លើ​ព័ត៌មាន​ដែល​ទើប​ផ្សព្វផ្សាយ​ដោយ​ទូរទស្សន៍ CNBC នេះ​ដែរ។ សូម​ជម្រាប​ជូន​ថា ចិន​ហាក់​មិន​សូវ​និយាយ​ពី​រឿង​គ្រាប់មីស៊ីល​មួយ ឬ​ពីរ​ទេ តែ​ចង់​ផ្តោត​ជា​លក្ខណៈ​ទូទៅ​ថា ការ​ដាក់​តាំង​មូលដ្ឋាន​យោធា​នៅ​តាម​ទីប្រជុំកោះ Spratlys មាន​គោលដៅ​ការពារ​ខ្លួន​សុទ្ធសាធ និង​ថា អ្វី​ដែល​ចិន​បាន​ធ្វើ​ជា​ឆន្ទៈ​របស់​ចិន​ដើម្បី​ដែនដី​របស់​ខ្លួន​នៅ​សមុទ្រចិន​ខាង​ត្បូង។ សមុទ្រ​ចិន​ខាងត្បូង​ដែល​ចិន​បាន​ទាមទារ​ជា​កម្មសិទ្ធិផ្តាច់មុខ​ប្រឈម​ទល់​នឹង​ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​តំបន់ រួម​មាន ហ្វីលីពីន ព្រុយណេ ម៉ាឡេស៊ី តែវ៉ាន់ និង​ប្រទេស​វៀតណាម។

ប្រសិន​បើ​ព័ត៌មាន​ផ្សព្វផ្សាយ​ដោយ​ទូរទស្សន៍ CNBC ត្រូវ​បាន​បញ្ជាក់​ជា​ផ្លូវការ​មែន នេះ​ការ​ដាក់​ពង្រាយ​គ្រាប់មីស៊ីល​លើក​ដំបូង​នៅ​ទីប្រជុំកោះ Spratlys ដែល​ចិន​ទើប​បាន​បញ្ចប់​ក្នុង​ឆ្នាំ ២០១៧ នូវ​ការ​សង់​ជម្រក​សម្រាប់​ដាក់​តាំង​គ្រាប់មីស៊ីល។ លោក Greg Poling អ្នក​ជំនាញ​ផ្នែក​សមុទ្រចិន​ខាងត្បូង​នៃ​មជ្ឈមណ្ឌល​យុទ្ធសាស្រ្ត និង​ការ​សិក្សា​អន្តរជាតិ​ដែល​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​វ៉ាស៊ីតោន​បាន​ផ្តល់​ចំណាប់​អារម្មណ៍​ថា ការ​ដែល​ចិន​បាន​ដាក់​ពង្រាយ​គ្រាប់មីស៊ីល​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ពេល​នេះ គឺ​ជា​ការ​បោះ​មួយ​ជំហាន​យ៉ាង​សំខាន់​នៃ​ឆន្ទៈ​របស់​ចិន​ក្នុង​ការ​គ្រប់គ្រង​តំបន់​ទាំងមូល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ