អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

New York Times៖​លោក​ដូណាល់ ត្រាំ​កំពុង​ពិចារណា​លើ​សេណារីយ៉ូ​ដើម្បី​កាត់​បន្ថយ​ទ័ពអាមេរិក​នៅ​កូរ៉េខាងត្បូង

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​សហរដ្ឋអាមេរិក ព័ត៌មាន​ចុះ​ផ្សាយ​ដោយ​កាសែត New York Times បាន​ឲ្យ​ដឹង​ថា លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ​បាន​ប្រាប់​ទៅ​ក្រសួង​ការពារជាតិ​ឲ្យ​ពិចារណា​លើ​សេណារីយ៉ូ​មួយ​ចំនួន​ដើម្បី​កាត់បន្ថយ​ចំនួន​ទ័ពអាមេរិក​ដែល​កំពុង​ឈរ​ជើង​ក្នុង​ទឹកដី​កូរ៉េខាងត្បូង។ តែ​សេតវិមាន និង​ក្រសួង​ការពារជាតិ​អាមេរិក​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​លើ​ព័ត៌មាន​នេះ​ទេ។ យ៉ាង​ណា​ក៏​ដោយ ព័ត៌មាន​មួយ​នេះ​បាន​ធ្លាក់​មក មុន​នឹង​លោក​ដូណាល់ ត្រាំ​គ្រោង​ជួប​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុងអ៊ុន​នា​ដំណាច់​ខែ​ឧសភា​នេះ។

លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​
លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​ REUTERS/Lee Jin-man/Pool/File Photo
ផ្សាយពាណិជ្ជកម្ម

បច្ចុប្បន្ន​នេះ មាន​ទាហាន​អាមេរិក​ចំនួន ២៣ ៥០០នាក់​កំពុង​ឈរ​ជើង​នៅ​ក្នុង​ទឹកដី​កូរ៉េខាងត្បូង ហើយ​វត្តមាន​របស់​ពួក​គេ​មាន​តាំង​ពី​ក្រោយ​ការ​បិទបញ្ចប់​សង្រ្គាម​កូរ៉េ​ក្នុង​ឆ្នាំ ១៩៥៣។ គួរ​រម្លឹក​ជូន​ថា ពិត​មែន​តែ​បងប្អូន​បង្កើត​គូសត្រូវ​ទាំង​ពីរ​កូរ៉េខាងត្បូង និង​កូរ៉េខាងជើង​ឈប់​ធ្វើ​សង្រ្គាម​នឹង​គ្នា​ជាង​កន្លះ​សតវត្ស​ក៏​ដោយ ក៏​ភាគី​ទាំង​ពីរ​នៅ​មិន​ទាន់​ចុះ​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​គ្នា​ទេ។ អ្វី​ដែល​ភាគី​ទាំង​ពីរ​បាន​ចុះ​ហត្ថលេខា​កាល​ពី ៦៥ឆ្នាំ​មុន គឺ​យុទ្ធសន្តិភាព​មាន​ន័យ​ថា​ជា​ផ្លូវការ កូរ៉េ​ទាំង​ពីរ​នៅ​តែ​មាន​សង្រ្គាម​រវាង​គ្នា។ នេះ​អាច​ជា​ហេតុផល​មួយ​ដែល​របប​ក្រុង​សេអ៊ូល​បាន​យល់​ព្រម​ឲ្យ​អាមេរិក​បន្ត​រក្សា​ទុក​វត្តមាន​ទ័ព​អាមេរិក​លើ​ទឹកដី​ខ្លួន​មក​ដល់​សព្វថ្ងៃ។

កាសែត​អាមេរិក New York Times ដែល​ស្រង់​ប្រភព​ពី​មន្រ្តីជាន់ខ្ពស់​អាមេរិក​ជា​ច្រើន​នាក់​បាន​អះអាង​ថា លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​បាន​ស្នើ​ទៅ​ក្រសួង​ការពារជាតិ​ឲ្យ​ពិចារណា​លើ​សេណារីយ៉ូ​មួយ​ចំនួន​ដើម្បី​កាត់បន្ថយ​ចំនួន​ទ័ព​អាមេរិក​នៅ​កូរ៉េខាងត្បូង។ តែ New York Times មិន​បាន​លំអិត​អ្វី​បន្ថែម​ឲ្យ​លើស​ពី​នេះ​ទេ។ ម្យ៉ាង​ទៀត ព័ត៌មាន​មួយ​នេះ​ក៏​នៅ​មិន​ទាន់​មាន​ការ​បញ្ជាក់​ពី​សេតវិមាន និង​ពី​ក្រសួង​ការពារជាតិ​អាមេរិក​ដែរ។ ទន្ទឹម​គ្នា​នេះ និង​បើ​តាម​វិមាន​ប្រធានាធិបតី​កូរ៉េខាងត្បូង អ្នក​ទទួល​ខុស​ត្រូវ​ម្នាក់​នៃ​ក្រុមប្រឹក្សា​សន្តិសុខជាតិ​អាមេរិក​បាន​និយាយ​ប្រាប់​អ្នក​ទទួល​ខុសត្រូវ​កូរ៉េខាងត្បូង​ម្នាក់​ដែល​កំពុង​មាន​វត្តមាន​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន​ថា ព័ត៌មាន​ដែល​ចុះ​ផ្សាយ​ដោយ​កាសែត New York Times ជា​ព័ត៌មាន​មិន​ពិត។

លោក​គីម និង​លោក​ត្រាំ​មិន​ដាក់​លក្ខខណ្ឌ​ឲ្យ​គ្នា​ទៅ​វិញ ទៅ​មក

រឿងរ៉ាវ​រវាង​អាមេរិក និង​កូរ៉េខាងជើង​មាន​ភាព​ស្មុគស្មាញ និង​សាំញុំា​ជាង​ការ​គិត​ទុក​ទៅ​ទៀត។ តាំង​ពី​ដើម​មក ទីក្រុង​ព្យុងយ៉ាង និង​ទីក្រុង​វ៉ាស៊ីតោន​បាន​ដាក់​លក្ខខណ្ឌ​ឲ្យ​គ្នា​ទៅ​វិញ ទៅ​មក​ដើម្បី​អាច​ជួប​ចរចា​គ្នា​មួយ​ទល់​មួយ​បាន។ កូរ៉េខាងជើង​ថា ខ្លួន​យល់ព្រម​ជួប​ជាមួយ​អាមេរិក បើ​ទីក្រុង​វ៉ាស៊ីនតោន​ដក​ទ័ព​របស់​ខ្លួន​ទាំង​អស់​ចេញ​ពី​ទឹកដី​កូរ៉េខាងត្បូង និង​ឈប់​គំរាម​លើ​ខ្លួន។ ចំណែក​អាមេរិក​ថា ខ្លួន​យល់ព្រម​ជួប​ជាមួយ​កូរ៉េខាងជើង បើ​ទីក្រុង​ព្យុងយ៉ាង​រំសាយ​ចោល​ទាំង​ស្រុង​នូវ​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន។ មិន​ត្រឹមតែ​ប៉ុណ្ណោះ លោក​គីម ជុងអ៊ុន និង​លោក​ដូណាល់ ត្រាំ​ថែម​ទាំង​បាន​គំរាម និង​ជេរប្រមាថ​ដាក់​គ្នា រួម​ទាំង​ចង់​ប្រើ​នុយក្លេអ៊ែរ​វាយប្រហារ​ដាក់​គ្នា។

ក៏​ប៉ុន្តែ ព្រឹត្តិការណ៍​ដែល​ទើប​បាន​កើត​មាន​ឡើង​ថ្មីៗ​កន្លង​ទៅ ពិសេស​ជំនួបកំពូល​រវាង​លោក​គីម ជុងអ៊ុន និង​លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង​មូន ចៃអ៊ីន​កាល​ពី​ថ្ងៃទី២៧ មេសា និង​គម្រោង​ជំនួប​រវាង​លោក​គីម ជុងអ៊ុន និង​លោក​ដូណាល់ ត្រាំ​នា​ចុង​ខែ​ឧសភា​នេះ​មិន​ត្រូវ​បាន​ភាគី​ណា​មួយ​ដាក់​លក្ខខណ្ឌ​ឲ្យ​គ្នា​ទៅ​វិញ ទៅ​មក​ឡើយ។ លើស​ពី​នេះ មនុស្ស​ខ្លាំង​កូរ៉េខាងជើង​ថែម​ទាំង​ប្រកាស​ដោយ​ស្ម័គ្រចិត្ត​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ពី​ការ​រំសាយ​ទីតាំង​សាកល្បង​នុយក្លេអ៊ែរ​ក្រោម​ដី​ក្នុង​ខែ​ឧសភា​នេះ​ទៀត។ ឥឡូវ​នេះ បើ​ព័ត៌មាន​ចុះ​ផ្សាយ​ដោយ​កាសែត​អាមេរិក New York Times ជា​រឿង​ពិតមែន នោះ​វា​នឹង​ធ្វើ​ឲ្យ​ជំនួបកំពូល​រវាង​គីម ជុងអ៊ុន និង​ដូណាល់ ត្រាំ​កាន់​តែ​មាន​ភាព​រលូន និង​អាច​ទទួល​បាន​ជោគជ័យ​គួរ​ឲ្យ​ភ្ញាក់ផ្អើល។

លោក​ប្រមុខការទូត​អាមេរិក Mike Pompeo ដែល​បាន​ជួប​សន្ទនា​ជាមួយ​លោក​គីម ជុងអ៊ុន​កាល​ពី​លោក​កាន់​តំណែង​ជា​ប្រមុខ CIA បាន​បញ្ជាក់​ថា លោក​គីម ជុងអ៊ុន​មិន​បាន​លើក​រឿង​ការ​ដក​ទ័ព​អាមេរិក​ចេញ​ពី​ទឹកដី​កូរ៉េខាងត្បូង​ជា​លក្ខខណ្ឌ​នៃ​ជំនួបកំពូល​ជាមួយ​លោក​ដូណាល់ ត្រាំ​ទេ។ ចំណែក​កូរ៉េខាងត្បូង​ក៏​បាន​ប្រកាស​នៅ ២ថ្ងៃ​មុន​ថា បញ្ហា​វត្តមាន​ទ័ព​អាមេរិក​នៅ​កូរ៉េខាងត្បូង​ជា​បញ្ហា​មួយ​ដាច់​ដោយឡែក​ដែល​មិន​ស្ថិត​ក្នុង​លក្ខខណ្ឌ​នៃ​ដំណើរ​ស្វែង​រក​អនាគត​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​កូរ៉េខាងជើង​ឡើយ។

ជំនួប​រវាង​លោក​គីម និង​លោក​ត្រាំ​ទទួល​បាន​កិច្ចព្រមព្រៀង?

គេ​អាច​និយាយ​បាន​ថា ជាមួយ​នឹង​កាយវិការ​សម្របសម្រប និង​ការ​ធ្វើ​សម្បទាន​មុន​រវាង​កូរ៉េខាងជើង និង​អាមេរិក​ពេល​នេះ​នឹង​ធ្វើ​ឲ្យ​ជំនួបកំពូល​រវាង​លោក​គីម ជុងអ៊ុន និង​លោក​ដូណាល់ ត្រាំ​ឈាន​ទៅ​ទទួល​បាន​កិច្ចព្រមព្រៀង​មួយ​ដែល​គ្រប់​គ្នា​សង្ឃឹម​ទុក និង​ចង់​បាន។ គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​ជំនួបកំពូល​រវាង​លោក​គីម ជុងអ៊ុន និង​លោក​ដូណាល់ ត្រាំ​នឹង​មាន​ដំណើរ​ការ​យ៉ាង​ម៉េច និង​អាច​សម្រេច​បាន​កិច្ចព្រមព្រៀង​អ្វី​ខ្លះ​ទេ។ តែ​យ៉ាង​ហោច​ណាស់ បើ​លោក​គីម និង​លោក​ត្រាំ​អាច​ចាប់ដៃ​គ្នា រួច​អង្គុយ​ជជែក​ទល់​មុខ​គ្នា គឺ​ជា​រឿង​មួយ​អស្ចារ្យ និង​មាន​អត្ថន័យ​ធំធេង​ខ្លាំង​ណាស់។

ចូរ​កុំ​ភ្លេច​ថា ជោគជ័យ​នៃ​ជំនួប​រវាង​លោក​គីម និង​លោក​ត្រាំ​មិនមែន​ជា​ជោគជ័យ និង​ហុច​ប្រយោជន៍​ឲ្យ​តែ​ភាគី​កូរ៉េខាងជើង និង​អាមេរិក​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​ជោគជ័យ និង​ហុច​ប្រយោជន៍​ដល់​អ្នក​ផ្សេង​ដែរ ពិសេស​ចិន និង​កូរ៉េខាងត្បូង។ ជា​ផលប្រយោជន៍​សម្រាប់​កូរ៉េខាងជើង ព្រោះ​ទីក្រុង​ព្យុងយ៉ាង​កំពុង​មាន​បញ្ហា​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​ដោយសារ​តែ​បាន​ជាប់​ទណ្ឌកម្ម​អន្តរជាតិ​អស់​ជា​ច្រើន​ឆ្នាំ។ ជា​ផលប្រយោជន៍​សម្រាប់​កូរ៉េខាងត្បូង ព្រោះ​ទីក្រុង​សេអ៊ូល​ចង់​បាន​សន្តិភាព និង​សន្តិសុខ។ ជា​ផលប្រយោជន៍​សម្រាប់​ប្រទេស​ចិន ព្រោះ​ទីក្រុង​ប៉េកាំង​តែង​ប្រឆាំង​នឹង​កូរ៉េខាងជើង​មាន​នុយក្លេអ៊ែរ និង​ចង់​បាន​ដៃគូ​កូរ៉េខាងជើង​មាន​សន្តិសុខ​រឹងមាំ​នៅ​ក្នុង​តំបន់។ ជា​ផលប្រយោជន៍​សម្រាប់​សហរដ្ឋអាមេរិក ព្រោះ​អាទិភាព​របស់​ទីក្រុង​វ៉ាស៊ីនតោន​តែង​ចង់​បាន​ឧបទ្វីប​កូរ៉េ​គ្មាន​អាវុធ​នុយក្លេអ៊ែរ។

តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ជោគជ័យ ឬ​បរាជ័យ​នៃ​ជំនួប​រវាង​លោក​គីម ជុងអ៊ុន និង​លោក​ដូណាល់ ត្រាំ​នា​ពេល​ខាង​មុខ មិនមែន​អាស្រ័យ​លើ​ចិន ឬ​កូរ៉េខាងត្បូង​ទេ តែ​វា​អាស្រ័យ​ទាំង​ស្រុង​លើ​ឆន្ទៈ​ពិតប្រាកដ​​របស់​លោក​គីម និង​ត្រាំ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ